តុលាការផ្តន្ទាទោសខ្មាន់កាំភ្លើង អតីតឧកញ៉ា លោក ស្រី ស៊ីណា ដាក់ពន្ធនាគារ៣១ឆ្នាំ ពាក់ព័ន្ធនឹងការបើកការបាញ់សម្លាប់មនុស្សដ៏ឃោរឃៅ កាលពីជិត៧ខែមុន នៅបុរីប៉េងហួតបឹងស្នោ រាធានានីភំ្នពេញ។
ព្រឹត្តិការណ៍បាញ់ប្រហារនោះ បង្កឱ្យមនុស្ស២នាក់ស្លាប់ជាគូរដណ្តឹងនឹងគ្នា និង២នាក់ផ្សេងទៀត បានរងរបួល ដែលសមត្ថកិច្ចអះអាងថា មកពីទំនាស់ពាក្យសម្តី។
សេចក្តីប្រកាសព័ត៌មាន របស់អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ ឱ្យដឹងថា កាលពីថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២៤នេះ ក្រុមប្រឹក្សាជំនុំជម្រះនៃសាលាដំបូងរាជធានីភ្នំពេញ បានបើកសវនាការជំនុំជម្រះលើសំណុំរឿងព្រហ្មទណ្ឌចំនួន៣ ពាក់ព័ន្ធនឹងជនជាប់ចោទឈ្មោះ ស្រី ស៊ីណា ក្នុងនោះសំណុំរឿងទី១ ពាក់ព័ន្ធនឹងបទ ឃាតកម្ម និងប្រើប្រាស់អាវុធដោយគ្មានច្បាប់អនុញ្ញាត សំណុំរឿងទី២ ពីបទប៉ុនប៉ងឃាតកម្ម និងប្រើប្រាស់អាវុធដោយគ្មានការអនុញ្ញាត និងសំណុំរឿងទី៣ រំលោភលើលំនៅឋាន។
ប្រភពដដែលបន្តថា ក្រោយបើកសវនាការរួច នៅថ្ងៃទី២៣ ខែធ្នូនេះ ក្រុមប្រឹក្សាជំនុំជម្រះ បានប្រកាសសាលក្រមដោយសម្រេចផ្តន្ទាទោសជនជាប់ចោទ ស្រី ស៊ីណា ក្នុងសំណុំរឿងទាំង៣នេះ ដាក់ពន្ធនាគាររយះពេលសរុបចំនួន ៣១ឆ្នាំ និងបង្គាប់អោយសងសំណងជាប្រាក់ចំនួន ២លានដុល្លារ ជូនដល់គ្រួសារជនរងគ្រោះជាគូរដណ្តឹងដែលត្រូវបានជនជាប់ចោទបាញ់ស្លាប់ចំនួន ២នាក់ និងសំណងចំនួន ៥០ម៉ឺនដុល្លារទៀតសម្រាប់អ្នករងរបួសចំនួន២នាក់ក្នុងការបាញ់ប្រហារនោះ។
អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ បានគូសបញ្ជាក់ថា ការផ្តន្ទាទោសរបស់ក្រុមប្រឹក្សាជំនុំជម្រះលើជនជាប់ចោទឈ្មោះ ស្រី ស៊ីណា ក្នុងសំណុំរឿងទាំង៣នេះ គឺជាការផ្តន្ទាទោសក្នុងកម្រិតអតិបរមានៃទោស។ អតីតឧកញ៉ា ស្រី ស៊ីណា ត្រូវបានសមត្ថកិច្ចចាប់ខ្លួន កាលពីថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៤ បន្ទាប់ពីជនជាប់ចោទរូបនេះ បានរត់គេចខ្លួនពីកន្លែងប្រព្រឹត្តឃាតកម្ម ក្រោយពីបានបាញ់ទៅលើជនរងគ្រោះឈ្មោះ ឡុង លីសុង អាយុ២៧ឆ្នាំ និងគូរដណ្តឹងរបស់គាត់ឈ្មោះ ឃិន កញ្ចនា អាយុ២៦ឆ្នាំ បណ្តាលអោយស្លាប់ និងមនុស្ស២នាក់ផ្សេងទៀតរងរបួស នៅខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។ បីថ្ងៃក្រោយពីរងការចោទប្រកាន់ថា បានបាញ់សម្លាប់ជនរងគ្រោះ ព្រះមហាក្សត្រ បានត្រាស់បង្គាប់បញ្ចប់គោរមងារឧកញ៉ា ពីលោក ស្រី ស៊ីណា ខណៈរដ្ឋមន្ត្រីក្រសួងយុត្តិធម៌លោក កើត រិទ្ធ ធ្លាប់បានអះអាងជាចំហថា នឹងដើរចេញពីតំណែងរដ្ឋមន្ត្រី ប្រសិនបើបុគ្គលឈ្មោះ ស្រី ស៊ីណា ជាប់គុកតែ២ ឬ៣ឆ្នាំ៕