ខណៈយុត្តិធម៌ជនរងគ្រោះជាង៨ពាន់គ្រួសារ ត្រូវបានរដ្ឋាភិបាលកប់ចោលច្រើនខែ វាហាក់បានលើកទឹកចិត្ត ពួកឧក្រិដ្ឋជនឆបោក នៅក្រុមហ៊ុនពិភពដីមាស របស់អតីតឧកញ៉ា ហ៊ី គឹមហុង ប្តឹងតំណាងជនរងគ្រោះទៅតុលាការចោទពីបទញុះញង់។
ដែលការណ៍នេះជំរុញឱ្យជនរងគ្រោះព្រមានតវ៉ាទ្រង់ទ្រាយធំ នៅមុខសាលជំនុំជម្រះ ចំថ្ងៃដែលតំណាងពួកគេចូលបំភ្លឺ តាមពាក្យបណ្តឹងរបស់ក្រុមជនឆបោក ដែលជាការឆ្លើយតបទៅនឹងអំពើអយុត្តិធម៌ផ្ទួនៗលើពួកគេក្រោយប្រព័ន្ធច្បាប់មិនបានធានាយុត្តិធម៌ជនរងគ្រោះពិតប្រាកដបែបនេះ។
តំណាងជនរងគ្រោះ លោក មុត ពិសី ប្រាប់ វីអូឌី ថា លោកនឹងត្រូវចូលទៅបំភ្លឺតាមដីការកោះហៅរបស់តុលាការ តាមបណ្តឹងរបស់លោក ហ៊ែល ស៊ីធីន នៅថ្ងៃទី២ ខែមករា ឆ្នាំ២០២៥ ខាងមុខនេះ។
លោក មុត ពិសី បញ្ជាក់ថា លោក ហ៊ែល ស៊ីធីន គឺជាបក្សពួកអតីឧកញ៉ា ហ៊ី គឹមហុង ហើយថាបុគ្គលនេះ ក៏ធ្លាប់ប្តឹងលោកទៅ កងរាជអាវុធហត្ថរាជធានីភ្នំពេញពីបទញុះញង់ដែរ តែដោយសារមានការសម្របសម្រួលពីមន្រ្តីរាជអាវុធហត្ថ ក៏រឿងនេះត្រូវបានបញ្ចប់។ ក្រោយមកលោក ហ៊ែល ស៊ីធីន បានដាក់ពាក្យបណ្តឹងលោកតាមផ្លូវតុលាការវិញម្តង ដោយចោទប្រកាន់ពីបទញុះញង់ និងបរិហាកេរ្តិ៍ជាសាធារណៈ។
បើតាម លោក មុត ពិសី ចំពេលកំណត់ដែលលោកត្រូវចូលខ្លួនបំភ្លឺនៅតុលាការក្រុងភ្នំពេញនោះនៅខែមករា ខាងមុខ។ មានជនរងគ្រោះប្រមាណ១ពាន់នាក់ នឹងជួបជុំនៅមុខតុលាការ ដើម្បីសម្តែងមតិប្រឆាំងទៅនឹងពាក្យបណ្តឹងនេះ និងទាមទារឱ្យចាប់ខ្លួនលោក ហ៊ី គឹមហុង ដាក់ពន្ធនាគារវិញ។
លោកថា៖ «បុគ្គលនេះកាលពីដើមឡើយ គឹជាតំណាងប្រជាពលរដ្ឋ ក្នុងការប្តឹងចាប់ ហ៊ី គឹមហុង ឱ្យចួលគុក ទីបំផុតបែរជាទៅគប់គិតជាមួយនឹងប្រពន្ធរបស់ ហ៊ី គឹមហុង ឈ្មោះ សាន សុទ្ធាវិន ស្នើឱ្យពលរដ្ឋចូលរួមផ្តិតមេដៃ ដោះលែង ហ៊ី គឹមហុង ឱ្យនៅក្រៅឃុំ ដោយសន្យាថា សង (លុយ) តែទីបំផុតចេញមក ហ៊ី គឹមហុង អត់បានសងទេ។ បងប្អូនប្រជាពលរដ្ឋគាត់មានការឈឺចាប់ ហើយនិងមានកំហឹងទៅលើបុគ្គលរូបហ្នឹង។ (នៅថ្ងៃចូលបំភ្លឺ) ចង់ប្តឹងបុគ្គលរូបហ្នឹងនៅក្នុងថ្ងៃនឹងផងដែរ ឱ្យចាប់ឃាត់ខ្លួនបុគ្គលហ្នឹងតែម្តង ព្រោះថា បុគ្គលនេះគ្មានអាជ្ញាបណ្ណ ប័ណ្ណប៉ាតង់អីទេ តែចេញមុខមកពាំង រារាំងប្រជាពលរដ្ឋគ្រប់បែបយ៉ាងរយៈពេលជាងមួយឆ្នាំ»។
បើតាម តំណាងជនរងគ្រោះរូបនេះ លោករងបណ្តឹងសរុប ៤ដង ហើយ ដែលក្បាលម៉ាស៊ីនដឹកនាំក្រុមហ៊ុនពិភពដីមាស មានទាំងភរិយាលោក ហ៊ី គឹមហុង គឺអ្នកស្រី សាន សុទ្ធាវិន ផង បានប្តឹងលោក និងទារសំណង១០ម៉ឺនដុល្លារ។
ការប្រើវិធានការប្តឹងនេះ ក្រោយលោកសកម្មទាមទារយុត្តិធម៌ឱ្យអ្នករងគ្រោះរាប់ពាន់គ្រួសារ តែតុលាការបានច្រានចោលបណ្តឹងរបស់បក្សពួកលោក ហ៊ី គឹមហុង ដោយមិនបានដំណើរការក្តីនោះទេ។
បើតាម លោក មុត ពិសី បច្ចុប្បលោកបានចំណាកស្រុកមកធ្វើជាសន្តិសុខនៅរាជធានីភ្នំពេញ ក្រោយចាញ់បោកអតីតឧកញ៉ា ហ៊ី គឹមហុង ជិត៥ម៉ឺនដុល្លារ ជាលុយខ្ចីពីធនាគារ ធ្វើឱ្យលោកជួបវិបត្តិបំណុលវ័ន្តករ។
វីអូឌី មិនទាន់អាចរកការឆ្លើយតបពីលោក ហ៊ែល ស៊ីធីន និងអតីតឧកញ៉ា ហ៊ី គឹមហុង បាននៅឡើយទេគិតត្រឹមម៉ោងផ្សាយនេះ។
ជនរងគ្រោះម្នាក់លោក ប៊ុន ធឿន ប្រាប់ វីអូឌី ថា បច្ចុប្បន្នមានអ្នកស្លាប់កើនដល់ ១៦នាក់ ក្រោយចាញ់បោកការអូសទាញរបស់អតីតឧកញ៉ា ហ៊ី គឹមហុង ក្រោមរូបភាពដាក់លុយវិនិយោគនេះ បានការប្រាក់ ៤% ក្នុងមួយខែ។
លោកបញ្ជាក់់ថា នៅថ្ងៃដែលតំណាងរបស់លោកគឺ លោក មុត ពិសី ចូលខ្លួនបំភ្លឺនៅតុលាការ លោកនឹងត្រៀមខ្លួនចូលរួមតវ៉ាជាមួយក្រុមជនរងគ្រោះផ្សេងទៀត ដើម្បីរកយុត្តិធម៌ឱ្យតំណាងរបស់ខ្លួន។
លោកថា៖ «រឿងនេះ បើថាសម្តេចពុក គាត់មិនជួយអន្តរាគមន៍ទេ ប្រជាពលរដ្ឋខ្មែរងាប់អស់ហើយ ពីមួយខែទៅមួយខែ។ ប្រជាពលរដ្ឋប្តឹងក្រុមហ៊ុន ២ឆ្នាំអត់មានដំណោះស្រាយទេ ហើយបើបរិវា ក្រុមហ៊ុនប្តឹងអតិថិជន កន្លះខែ ទៅ មួយខែ មានដីការកោះហៅ ចេញពីតុលាការមក ចុះក៏សំបូរប្តឹងម៉េស»។
លោក ចាន់ ធឿន ប្រាប់ថា លោកចាញ់បោកក្រុមហ៊ុនពិភពដីមាសចំនួន ២ម៉ឺនដុល្លារ ដែលបានមកពីយកប្លង់ដីទៅបញ្ជាំនៅធនាគារ ហើយបច្ចុប្បន្នលោកត្រូវបង់ធនាគារជាង ៥០០ដុល្លារក្នុងមួយខែ តែដោយសារគ្មានលុយបង់ទៅធនាគារ ធ្វើឱ្យលោកត្រូវភាគីធនាគារប្តឹងទៅអាជ្ញាធរពីរឿងបំណុលនេះផងដែរ។
ចំពេលដែលការទាមទារយុត្តិធម៌ របស់ក្រុមជនរងគ្រោះនៅជាប់គាំងនោះ ពួកគេក៏បានធ្វើយុទ្ធនាការលើបណ្តាញសង្គមបង្ហាញរូបភាពអតីតឧកញ៉ា ហ៊ី គឹមហុង រួមទាំងភរិយា គឺលោកស្រី សាន សុទ្ធាវិន បានឈរថតជាមួយអនុប្រធានគណបក្សប្រជាជនកម្ពុជា លោកស្រី ម៉ែន សំអន និងប្រធានកិត្តិយសគណបក្សប្រជាជនកម្ពុជា លោក ហេង សំរិន។
យុទ្ធនាការនេះបង្ហាញមុខមន្ត្រីពាក់ព័ន្ធក្នុងជួរគណបក្សកាន់អំណាចនេះ គឺដើម្បីជំរុញយុត្តិធម៌ ដោយពួកគេថា អតីតឧកញ៉ា ហ៊ី គឹមហុង បានប្រើរូបភាពទាំងនោះមកបោកប្រាស់ពលរដ្ឋ ប្រមូលលុយចូលក្រុមហ៊ុនឆបោករបស់ខ្លួន។
អនុក្រឹតចុះថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៣ បញ្ជាក់ថា លោក ហ៊ី គឹមហុង គឺជាទីប្រឹក្សារបស់លោក ហេង សំរិន កាលលោក ហេង សំរិន កាន់តំណែងជាប្រធានរដ្ឋសភា។
ឆ្លើយតបរឿងនេះ អ្នកនាំពាក្យគណបក្សកាន់អំណាច លោក សុខ ឥសាន បញ្ជាក់ថា ក្បាលម៉ាស៊ីនដឹកនាំគណបក្សកាន់អំណាចមិនមានជាប់ពាក់ព័ន្ធជាមួយក្រុមហ៊ុនឆបោកពិភពដីមាសនេះទេ។ លោកស្តីបន្ទោសជនរងគ្រោះថា ជាក្រុមមនុស្សគិតមិនបានគ្រប់ជ្រុងជ្រោយ ទើបផុងខ្លួនចាញ់បោកក្រុមជនឆបោកដោយខ្លួនឯង បែបនេះ។
លោកថា៖ «ហើយថ្នាក់ដឹកនាំលោក មានសណ្តានចិត្តល្អណាស់ ដែលកូនចៅចង់សុំជួបថតជាមួយ ដើម្បីអនុស្សវរីយ៍អី អាហ្នឹងជារូបធម្មតា ជាមនោសញ្ជេតនា គោរព រាប់អានគ្នាមិនមែនឱ្យថតដើម្បីថា យកអារូបថតហ្នឹង ទៅប្រើប្រាស់ដោយវិធីផ្សេងៗខុសច្បាប់ អត់ទេ។ អ៊ីចឹង កុំយករឿងហ្នឹងមកនិយាយ ខ្លះហ្នឹងគ្រាន់តែស្គាល់ ខ្ញុំស្គាល់សម្តេចនេះ សម្តេចនោះ ហើយអាងគេថត អាហ្នឹងយើងភ្លើ អាអ្នកចាញ់បោកគេហ្នឹងភ្លើទេ យកសំអាងអ៊ីចឹងយើងទៅជឿគេឱ្យគេបោក អាហ្នឹងយើងភ្លើទេ»។
សម្រាប់ លោក ចាន់ ធឿន ដែលចាញ់បោកក្រុមហ៊ុនពិភពដីមាសចំនួន ២ម៉ឺនដុល្លារ នោះ ប្រាប់ថា ដោយសារលោក ហ៊ី គឹមហុង យកអំណាចរបស់មន្រ្តីជាន់ខ្ពស់ក្នុងជួរបក្សកាន់អំណាចមកបង្ហាញពលរដ្ឋ ទើបធ្វើឱ្យមានការជឿជាក់យកលុយទៅវិនិយោគក្នុងក្រុមហ៊ុនឆបោកពិភពដីមាសនេះ។
លោកថា៖ «ក៏មានរូបភាពថតជាមួយអ្នកធំ ដើម្បីយកមកបោកប្រជាពលរដ្ឋ អ៊ីចឹងក៏សុំសំណូមពរសម្តេចពុកគាត់ឃើញហើយ គាត់ដឹងហើយគាត់ជួយអន្តរាគមន៍រឿងនេះ។ ដោយសារក្រុមហ៊ុនបោកប្រាស់ ហ៊ី គឹមហុង បោកប្រាស់ប្រជាពលរដ្ឋ។ ខ្ញុំស្នើឱ្យសុំឱ្យតុលាការចាប់ឃាត់ខ្លួន ហើយបើតុលាការបណ្តែតបណ្តោយ គឺងាប់អស់ហើយ កូនចៅខាងក្រោមនេះងាប់អស់។ ស្លាប់កើនឡើងតែរហូត ឈឺ ស្រ្តេស អ្នកខ្លះ ឆ្កួត សសៃប្រសាទ សតិអារម្មណ៍ ដោយសារអាក្រុមហ៊ុនបោកគាត់ បរិវា បក្សពួកគាត់ បោកប្រជាពលរដ្ឋ»។
មាត្រា៣៥ នៃរដ្ឋធម្មនុញ្ញ ចែងថាសេចក្ដីស្នើទាំងឡាយរបស់ប្រជាពលរដ្ឋ ត្រូវបានទទួលការពិនិត្យ និងដោះស្រាយយ៉ាងហ្មត់ចត់ពីអង្គការរដ្ឋ។ រីឯ មាត្រា ៥២ បញ្ញត្តិថា រដ្ឋយកចិត្តទុកដាក់ជាអាទិភាពចំពោះជីវភាពរស់នៅ និងសុខុមាលភាពរបស់ប្រជាពលរដ្ឋ។
នាយកទទួលបន្ទុកកិច្ចការទូទៅ នៃអង្គការការពារសិទ្ធិមនុស្សលីកាដូ ជំរុញឱ្យតុលាការពន្លឿនបើកការស៊ើបអង្កេត លើករណីបោកប្រាស់នេះឡើងវិញដើម្បីកាត់ទោសឧក្រិដ្ឋជន និងរឹបអូសទ្រព្យមកសងជនរងគ្រោះវិញផងដែរ។
លោកចាត់ទុក ការដែលក្រុមបក្សពួកក្រុមហ៊ុន ហ៊ី គឹមហុង ប្តឹងជនរងគ្រោះនេះ វាជាភាពអយុត្តិធម៌ធ្ងន់ធ្ងរ ដែលពួកគេមិនទាន់បានទទួលយុត្តិធម៌ផង តែបែរជារងបណ្តឹង ខណៈ វិបត្តិបំណុលក៏កំពុងគំរាមកំហែងដល់ជីវិតថែមទៀតនោះ។
លោកថា៖ «ក្រៅតែអំពី រងគ្រោះក្រុមហ៊ុនពិភពដីមាសហ្នឹង ហើយ គាត់មានការជំពាក់បំណុលច្រើនដែលធ្វើឱ្យបំណុលហ្នឹងក្លាយជាវ័ន្តក ហើយប៉ះពាល់រហូតទៅដល់សេដ្ឋកិច្ចគាត់ទៅទៀត អ្នកខ្លះអាចនឹងបាត់បង់ដីធ្លី ផ្ទះសំបែង ឬក៏ទ្រព្យជាបន្តទៅទៀត ហើយអ្នកខ្លះក៏អាចសម្រេចចិត្តគិតខ្លី ផ្សេងៗ ដែលអាចប៉ះពាល់ទៅដល់ រាងកាយ ឬក៏អ្នកខ្លះ ធ្លាក់ខ្លួនមានជំងឺអីជាដើម ការប៉ះពាល់ ប៉ះទង្កិចផ្លូវចិត្តធ្ងន់ធ្ងរ អីជាដើម។ អ៊ីចឹង វាដល់ពេលដែល តុលាការលោក ត្រូវតែ អនុវត្តវិធានការផ្លូវច្បាប់ ដើម្បីរកយុត្តិធម៌ ឱ្យជនរងគ្រោះ»។
អតីតឧកញ៉ា ហ៊ី គឹមហុង ត្រូវបានចាប់ខ្លួនកាលពីខែសីហា ឆ្នាំ២០២៣ ពីបទឆបោកពលរដ្ឋ តែប្រមាណ ៤ខែ ក្រោយមកពោលគឺនៅ ខែវិច្ឆិកា ឆ្នាំ២០២៣ តុលាការដោះលែងវិញ ក្រោយជនរងគ្រោះព្រមព្រៀងជាមួយអតីតឧកញ៉ា ហ៊ី គឹមហុង ផ្តិតមេដៃដើម្បីនៅក្រៅឃុំរកលុយសងលុយជនរងគ្រោះ តែជាងមួយឆ្នាំទៅនេះលោកមិនបានគោរពសន្យានោះទេ។
បើតាមអតិថិជន អំពើបោកប្រាក់របស់ក្រុមហ៊ុនពិភពដីមាសនេះ គឺក្រុមហ៊ុនសន្យាថា អ្នកវិនិយោគនឹងទទួលបានការប្រាក់ ៣% ទៅ % នៃទំហំទឹកប្រាក់ដើម ជារៀងរាល់ខែ រយៈពេល ២ឆ្នាំ តែពួកគេបើកបានតែប៉ុន្មានខែដំបូងក៏លែងបានបន្តទៀត។
ក្រុមជនរងគ្រោះឱ្យដឹងថា ក្បាលម៉ាស៊ីនដឹកនាំក្រុមហ៊ុនឆបោកពិភពដីមាស ក្រៅពីអតីតឧកញ៉ា ហ៊ី គឹមហុង នៅមានបក្សពួកមានងារជាឧកញ៉ា ៣រូប ទៀតដែលបានបោកពលរដ្ឋដែលរួមមាន ឧកញ៉ា ចេង សង្ហាក់ ឧកញ៉ា ហ៊ី វាសនា និងឧកញ៉ា ថូ វុទ្ធី ដែលឧកញ៉ាទាំងនោះកំពុងរស់នៅក្រៅសំណាញ់ច្បាប់នៅឡើយ។ ព្រះមហាក្សត្របានចេញរាជក្រឹត្យនៅ ខែមេសា ឆ្នាំ២០២៤ បញ្ចប់គោរមងារអ្នកឧកញ៉ា ពីលោក ហ៊ី គឹមហុង តាមស្នើពីលោក ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា ក្រោយមានអ្នកចាញ់បោកលោក ហ៊ី គឹមហុង មានសរុប ៨០០០នាក់ គិតជាថវិកាប្រមាណ ៤០០លានដុល្លារអាមេរិក។
ដោយ៖ លោក សែន សច្ចៈ