អ្នកនាំពាក្យបក្សកាន់អំណាចគ្រួសារហ៊ុន លោក សុខ ឥសាន អះអាងថា មកដល់ពេលនេះ គ្មានមេដឹកនាំខ្មែរណាប្តឹងទាមទារកោះគុតទេ ចំពេលដែលគណបក្សប្រឆាំងអាវលឿងថៃ ធ្វើបាតុកម្មគំរាមទម្លាក់គ្រួសារថាក់ស៊ីនពីអំណាច បើមិនអាចការពារកោះគុតបាន។
ការគំរាមរបស់បក្សប្រឆាំងថៃ បានធ្វើឡើងស្របពេលពលរដ្ឋខ្មែរក្រៅប្រទេស និងអ្នកឃ្លាំមើលព្រំដែនមិនចំនុះឱ្យរដ្ឋាភិបាល បានបន្តធ្វើយុទ្ធនាការដាក់សម្ពាធ ឱ្យមេដឹកនាំគ្រួសារហ៊ុន ប្តឹងថៃទៅតុលាការអន្តរជាតិ ( ICJ ) ដើម្បីទាមទារចំណែកកោះគុតដែលថៃកំពុងគ្រប់គ្រង។
នៅថ្ងៃទី២៤ ខែធ្នូនេះ ក្រុមគណបក្សប្រឆាំងអាវលឿងថៃ បានប្រមូលផ្តុំគ្នាមុខវិមានរដ្ឋាភិបាល នៅទីក្រុងបាងកក ដោយផ្ញើសារបែបដាក់សម្ពាធ ទៅមេដឹកនាំថៃគ្រួសារថាក់ស៊ីន ដែលកំពុងគ្រប់គ្រងអំណាច ឱ្យការពារកោះគុត។
ជុំវិញបញ្ហានេះ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន និយាយប្រាប់ វីអូឌី នៅថ្ងៃទី២៤ ខែធ្នូនេះថា បញ្ហាបូរណភាពទឹកដីកោះគុតនេះ គ្មានមេដឹកនាំកម្ពុជារូបណាហ៊ានទាមទារនោះទេ។
លោករៀបរាប់ថា តាំងពីសម័យក្រោយអាណានិគមនិយមបារាំងមក គ្មានស្តេចអង្គណា ឬមេដឹកនាំកម្ពុជារូបណាអើពើប្តឹងទាមទារករណីកោះគុត ដែលភាគីថៃអះអាងថាជាកម្មសិទ្ធរបស់គេនោះទេ។
ការណ៍នេះ មន្រ្តីនាំពាក្យបក្សកាន់អំណាចរូបនេះយល់ថាកុំយកកម្តៅកោះគុតដាក់សម្ពាធរដ្ឋាភិបាលក្នុងគោលបំណងបញ្ឆេះកំហឹង ដុតកម្តៅសង្រ្គាមជាមួយប្រទេសជិតខាង និងពលរដ្ឋខ្មែរជុំវិញទឹកដីនេះ។
លោកថា៖ «តាំងពីខ្ញុំកើតមក ខ្ញុំមិនដែលឮថាមានមេដឹកនាំខ្មែរណាទាមទារយកកោះគុតទេ វាអត់ឃើញ ខ្ញុំអាយុ៨០ហើយ ខ្ញុំមិនឮមិនដឹងតែម្ដង ស៊ីសុវត្ថិ លោកសោយរាជឆ្នាំ ១៩០៤ រហូតដល់១៩២៧ ហើយក្រោយមកទៀត ស៊ីសុវត្ថិមុន្នីវង្សពីឆ្នាំ១៩៣០ប្លាយ រហូតមកដល់ឆ្នាំ១៩៤១ មិនដែលឮព្រះអង្គទាមទារយកកោះគុតណាវាអត់ដែលឮ»។
ការលើកឡើងរបស់លោក សុខ ឥសាន ហាក់ស៊ីគ្នានឹងការចោទប្រកាន់របស់អ្នកមានបទពិសោធព្រំដែនដែលមិនចំណុះរដ្ឋាភិបាលថា មេដឹកនាំបក្សកាន់អំណាចអំឡុងឆ្នាំ២០០១ តាមរយៈលោក សុខ អាន បានចុះហត្ថលេខាកាត់កោះគុតឱ្យទៅថៃ ដែលបច្ចុប្បន្នពួកគេបានក្លាយជាបងប្អូនធម៌ រវាងគ្រួសារហ៊ុន និងគ្រួសារថាក់ស៊ីន។
បន្ថែមពីនេះ តំណាងរាស្រ្តបក្សសង្គ្រោះជាតិ លោក អ៊ុំ សំអាន ចាត់ទុកការលើកឡើង របស់មន្រ្តីបក្សកាន់អំណាចថា ជាការវង្វេងប្រវត្តិសាស្រ្ត ងប់ងុលនឹងអំណាច លែងខ្វល់ពីការបាត់បង់ទឹកដី។
លោកសំអាងថា សម័យសង្គមរាស្រ្តនិយម សម្តេចសីហនុ ធ្លាប់កាន់កាប់កោះគុតទាំងស្រុងជាមួយបារាំងដែលលោកថា កោះគុតជារបស់ខ្មែរ។
លោកបន្តថា ការធ្វើនយោបាយចាស់ទុំរក្សាភាពស្ងៀមស្ងាត់ របស់គ្រួសារហ៊ុន មិនប្តឹងករណីកោះគុតទៅតុលាការអន្តរជាតិ គឺជាចេតនាកាត់កោះគុតឱ្យថៃ ដើម្បីឱ្យគេជួយបង្រ្កាបក្រុមបក្សប្រឆាំងខ្មែរនៅថៃ។
លោកថា៖ «លោកសុខ ឥសាន ថាអត់មានសម័យកាលណាទាមទារកោះគុត គាត់គឺគាត់កំពុងវង្វេងប្រវត្តិសាស្រ្តហើយ គាត់អត់ដែលអានប្រវត្តិសាស្ត្រ អត់ដែលអានសៀវភៅទេមើលទៅ ព្រោះសម័យរាស្រ្តនិយមទាមទារអធិបតេយ្យភាពនៅលើចំនុចខ្ពស់បំផុត នៃកោះគុតច្រើនដងហើយ ឆ្នាំ៥៧ ម្ដងមានព្រះរាជក្រឹត្សរបស់ព្រះមហាក្សត្រខ្មែរ អះអាងថាកោះគុតជារបស់កម្ពុជា »។
ប្រធានក្រុមឃ្លាំមើលកម្ពុជា លោក ម៉ែន ណាត ហាក់ស្តីបន្ទោសថា ការអះអាងរបស់មន្រ្តីបក្សកាន់អំណាច ជាគំនិតទុច្ចរិត ក្បត់ឆន្ទៈបុព្វបុរសខ្មែរ ដែលខំលះបង់សាច់ស្រស់ ឈាមស្រស់ ដើម្បីបុព្វហេតុទឹកដី។ លោកសង្កត់ធ្ងន់ថា រឿងបូរណភាពទឹកដី គឺជាអាយុជីវិតជាតិ ដែលមេដឹកនាំបក្សកាន់អំណាច ត្រូវហ៊ានប្រកាសជំហរការពារទឹកដីដូនតា តាមរយៈប្រើយន្តការអន្តរជាតិ ដើម្បីបុព្វហេតុជាតិ ទឹកដី។
លោកថា៖ «គ្មានមេដឹកនាំខ្មែរណាម្នាក់ហ៊ានបោះបង់ចោលកោះគុតទេ តាំងពីដើមមក គឺលើកលេងតែគ្រួសារហ៊ុន ទាំងលោក ហ៊ុន សែន ទាំង ហ៊ុន ម៉ាណែត ហ្នឹងហ៊ានបោះបង់កោះគុត តែមេដឹកនាំមុនៗ គេអត់ដែលបោះបង់ចោលកោះគុតទេ ព្រោះអាហ្នឹងវាជាខ្សែបន្ទាត់មូលដ្ធាន នៃការកំណត់ព្រំដែនសមុទ្ររវាងកម្ពុជាថៃ»។
កោះគុតស្ថិតនៅខេត្តកោះកុង មានផ្ទៃក្រឡាប្រមាណ ១០៥គីឡូម៉ែត្រការ៉េ មានបណ្តោយប្រវែង ២៥គីឡូម៉ែត្រ និងទទឹង ៩គីឡូម៉ែត្រ។
បើតាមឯកសារនានាដែលលោក អ៊ុំ សំអាន បានបង្ហោះលើហ្វេសប៊ុក កោះគុតមួយភាគធំជារបស់ខ្មែរ តែបច្ចុប្បន្នកោះនេះ ត្រូវបានថៃគ្រប់គ្រងទាំងស្រុង និងបានកសាងសំណង់រឹងនៅទីនោះ ដោយមិនមានវត្តមានអាជ្ញាធរខ្មែរ និងគ្មានសញ្ញាទាមទារណាមួយពីរដ្ឋាភិបាលខ្មែរ ដែលដឹកនាំដោយគ្រួសារហ៊ុនទេ ទោះមេដឹកនាំថៃ បានអះអាងថា កោះនេះជារបស់គេ១០០ភាគរយក្តី។
ដែលការណ៍នេះ អ្នកមើលបារម្ភថា កោះគុតនឹងធ្លាក់លើថៃគ្រប់គ្រងជារៀងរហូត ដូចករណីកោះត្រល់ និងចង្កោមកោះក្រចកសេះ ដែលធ្លាក់ក្នុងដៃវៀតណាមគ្រប់គ្រងនាសម័យនេះ បើពលរដ្ឋខ្មែរ មិនហ៊ានធ្វើពលិកម្ម បន្លឺសំឡេង ដើម្បីដាក់សម្ពាធគ្រួសារហ៊ុន ឱ្យប្តឹងករណីនេះទៅតុលាការអន្តរជាតិទេនោះ។ មាត្រា ៥៥ ចែងថា សន្ធិសញ្ញា និងកិច្ចព្រមព្រៀងទាំងឡាយណា ដែលមិនស្របនឹងឯករាជ្យ អធិបតេយ្យ បូរណភាពទឹកដី អព្យាក្រឹតភាព និងឯកភាពជាតិរបស់កម្ពុជា ត្រូវលុបចោល។ ដោយឡែក ក្រមព្រហ្មទណ្ឌមាត្រា ៤៤០ ចែងថា «អំពើប្រគល់ឱ្យរដ្ឋបរទេស ឬភ្នាក់ងារបរទេស នូវដែនដីជាតិទាំងស្រុង ឬមួយផ្នែក ជាអំពើក្បត់ជាតិ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារអស់មួយជីវិត»៕
ដោយ៖ លោក ប៉ុល សម្បត្តិ