សាលាខេត្តពោធិ៍សាត់ ដែលជាខេត្តជាប់បឹងទន្លេសាប បានជូនដំណឹងឱ្យកសិករផ្អាកធ្វើស្រែប្រាំងលើកទី២ ដើម្បីបញ្ចៀសការខាតបង់ទាំងសម្ភារ ថវិកា ដោយសំអាង ពីមូលហេតុខ្វះទឹក។
នេះបើតាមសេចក្តីជូនដំណឹង របស់រដ្ឋបាលខេត្តពោធិ៍សាត់ ចុះថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៤នេះ។
ខេត្តបានបញ្ជាក់ថា ការស្នើឱ្យកសិករផ្អាកការបង្កបង្កើនផលស្រូវនៅរដូវប្រាំងលើកទី២ ខ្លួនយោងតាមផែនការសក្តានុពលទឹក និងការបង្កបង្កើនផលរបស់កសិករ លើសផែនការ ប្រើប្រាស់ទឹកជាច្រើន។
ក្នុងន័យនេះ រដ្ឋបាលខេត្ត សូមជូនដំណឹងដល់បងប្អូនប្រជាកសិករទាំងអស់ក្នុងខេត្ត ដែលកំពុងបង្កបង្កើនផល ស្រូវរដូវប្រាំងឆ្នាំ២០២៥។ ខេត្តបានបញ្ជាក់ថា សម្រាប់បងប្អូន ដែលរស់នៅតំបន់គ្មានប្រភពទឹក ត្រូវត្រៀមលក្ខណៈស្តុកទឹក ក្នុងស្រះ អណ្តូង ក្នុងករណី នៅតែបន្តការបង្កបង្កើនផលស្រូវរដូវប្រាំងលើកទី២ ទៀតនោះ អាចនឹងជួបប្រទះការខ្វះខាតទឹក ប្រើប្រាស់ប្រចាំថ្ងៃ ខ្វះទឹកសម្រាប់សត្វពាហនៈ ខាតសម្ភារៈ និងថវិការជាដើម៕