អ្នក​បាត់​បង់​ដី​ធ្លី​នៅ​ខេត្ត​ក្រចេះ​គំរាម​ប្តូរ​ស្លាប់​ដើម្បី​ទាមទារ​ដី​ដែលក្រុម​ហ៊ុនវៀតណាម​រំលោភ​យក

តំណាង​អ្នក​បាត់បង់​ដីធ្លី​ ជិត ៣០០គ្រួសារ នៅខេត្តក្រចេះ បានអះអាងមកថា ពួកគេ​នឹង​តស៊ូ​រហូត​ស្លាប់ ដើម្បី​ទាមទារ​ដី​ទំហំជាង ១ពាន់ហិកតា ពី​ក្រុម​ហ៊ុន​វៀតណាមមក​អាស្រ័យ​ផល​ឡើង​​វិញ ដើម្បី​រើ​ខ្លួន​ពី​ការ​ដា​ច់​បា​យ​ស្លាប់ ខណៈ​ការ​រក​កិច្ចអន្តរាគមន៍ ពីមេ​ដឹកនាំ​កំពូល​នៅ​បន្ត​ជាប់គាំង។

តំណាង​​ពលរដ្ឋ​​នៅ​ឃុំ​កោះ​ខ្ញែរ លោក​ស្រី អែល រ៉ូហ្សា និយាយ​ប្រាប់​ វីអូឌី នៅថ្ងៃ​ទី​២៥ ធ្នូនេះថា ពួក​គេ​២៥២គ្រួសារ កំពុង​ជួប​វិបត្តិ​បំ​ណុល និង​ជីវភាព​ធ្ងន់​ធ្ងរ ក្រោយ​ក្រុម​ហ៊ុនវៀតណាម​រំលោភ​យក​ដី​ពួក​គេ​ច្រើន​ខែទៅ​នេះ។

អ្នក​ស្រី​​​​​បន្តថា ដី​ដែល​ក្រុមហ៊ុន​វៀតណាម រំលោភយ​កនោះ ​​ពួក​គេ​បាន​អាស្រ័យផល តពីឳពុកម្តាយ ដែលខ្លួនជាង៤០ឆ្នាំ ដែលក្រុមវៀតណាមនោះបានរំលោភយកទាំងស្រុង ចាប់ពីអំឡុងខែឧសភា  ពោលគឺជិត ១ឆ្នាំទៅនេះ។

អ្នកស្រីថា៖ «ពល​រដ្ឋ​​នៅ​ភ្នំកោះ​ខ្ញែរហ្នឹង គាត់​ជំពាក់​បំណុល​គេ​ក៏ច្រើន ណាមួយ​ក្រីក្រ​ទៀត ចឹង​ហើយ​សូម​ឱ្យ​ថ្នាក់ដឹ​កនាំទាំងអស់ជួយប្រជាពលរដ្ឋ ហើយ​និង​ពិនិត្យ​មើល​ឱ្យ​ច្បាស់លាស់​ថា​ដីហ្នឹង ដីពួក​គាត់​មែន​ ឬអត់ ? នឹង​ហើយ​ខ្ញុំ​គ្រាន់​តែចង់​ឱ្យ​ពួក​គាត់​ហ្នឹង​គ្រលេក​​មក​មើល​ប្រជាពលរដ្ឋ​ផង»

សម្រាប់​អ្នក​ស្រី អ៊ែល រ៉ូហ្សា អះ​អាង​ថា អ្នក​ស្រី នឹង​តស៊ូ​ទាមទារ​ដី​នោះមក​វិញ បើ​ទោះបី​ត្រូវ​ប្រឈម និងការ​បាត់បង់​ជីវិត យ៉ាង​ណា​ក៏​ដោយ ដោយ​អះ​អាង​ថា សម្រាប់​កសិករ ការ​បាត់បង់ដី ប្រៀប​បាន​នឹង​បា​ត់​បង់​ជីវិត​ដូច​គ្នា។

អ្នកស្រី​គូស​បញ្ជាក់​ថា ការ​អូស​បន្លាយ​រក​ដំណោះ​ស្រាយ គ្រួសារ​អ្នកស្រី និងពលរដ្ឋផ្សេងទៀតបានប្រ​ឈ​មដាច់បាយស្លាប់និងប្រឈមវិបត្តិបំណុល។

អ្នកស្រីថា៖ «ពួក​ខ្ញុំ​នៅតែ​តស៊ូ​ទាមទារ​ពី​រឿង​ដីធ្លី​ហ្នឹង ទោះ​មិន​បាន ឬ​ក៏​បាន​ ព្រោះ​អត់​ដី​ក៏​ស្លាប់ ​មិន​បាន​ដី​ក៏ស្លាប់ ហើយ​ទាមទារ​បាន ឬ​ក៏​មិន​បាន​ខ្ញុំ​ចង់​ដឹង​ឱ្យច្បាស់​ថា​តើ​យុត្តិធម៌​មាន​ឬ​អត់? សូម​បញ្ជាក់​ប្រាប់​ថា​ពួក​ខ្ញុំ​នឹង​តាម​ទាមទារ​ រហូត​ទាល់​តែ​ដំណោះ​ស្រាយ​នឹង​មាន​ពិត​ប្រាក​ដណា»

ជុំ​វិញ​បញ្ហា​នេះ ស្ថាបនិក​គណបក្ស​កែ​ទម្រង់​កម្ពុជា លោក អ៊ូ ច័ន្ទរ័ត្ន និយាយ​ថា បើ​ដូច​ពលរដ្ឋ​លើក​ឡើង​មែន ការ​ពន្យា​ពេល​រក​ដំណោះ​ស្រាយ ប្រៀប​បាននឹង​ការ​គំរាម​កំហែង​អាយុជីវិត​ពលរដ្ឋ ដែល​ការណ៍​នេះ លោ​ក​ចង់​ឃើញ រដ្ឋាភិបាល​ពន្លឿន​ដំណោះស្រាយ ដើម្បី​កុំឱ្យ​ម្ចាស់ដី​ក្លាយ​ជា​ជន​រង​គ្រោះ។

លោកថា៖ «ជា​ការ​ពិត​កាលណា​អូស​បន្លាយ​ដំណោះ​ស្រាយ​អី​យូរ វា​ប៉ះពាល់​ដល់​ជីវភាព​ប្រជាពលរដ្ឋ​ដោយ​ខ្លួនឯង​ហ្នឹង ​ព្រោះ​ថា​បច្ចុប្បន្ន​នេះយើង​ដឹងហើយ​បញ្ហា​សេដ្ឋកិច្ច​ហ្នឹង​វា​មិន​សូវ​ល្អ​ប្រសើរ​ ហើយ​ប្រជាពលរដ្ឋ​ភាគច្រើន​សុទ្ធតែ​មាន​បំណុល​មាន​អី​អញ្ចឹង​ ណា​ជំពាក់​បំណុល​អី​ចឹង​ ដូច្នេះ​ការ​អូសបន្លាយ​ណា​មួយ​វាធ្វើ​ឱ្យ​មាន​បញ្ហា​ប៉ះ​ពាល់​ជីវភាព​ប្រជាពលរដ្ឋ​ហ្នឹង​កាន់​តែ​ខ្លាំង​ហើយ»

ជុំវិញបញ្ហានេះ វីអូឌី នៅ​មិនទាន់​អាច​សុំការ​បកស្រាយ​ពី​តំណាង​ក្រុមហ៊ុន​​កសិកម្ម​​យុវជន​ស្វាយរៀង (ខូ​អិល​ធីឌី) ដែល​ពលរដ្ឋ​អះ​អាង​ថា ជា​ក្រុមហ៊ុន​​វៀតណាម​ ដែល​រង​ការចោទ​នេះ បាន​នៅ​ឡើយ​ទេ​គិត​ត្រឹម​ម៉ោង​ផ្សាយ​នេះ។

ចំណែក អភិបាល​ខេត្ត​ក្រចេះ លោក វ៉ា ថន និង​អ្នក​នាំពាក្យ​ក្រសួង​មហាផ្ទៃ លោក ទូច សុខៈ ក៏ វីអូឌី មិន​ទាន់​អាច​សុំការ​អត្ថាធិប្បាយ ជុំវិញ​រឿង​នេះ ខណៈ​តំណាង​ពលរដ្ឋ ធ្លាប់​បាន​ដាក់​ញត្តិ​រក​កិច្ច​អន្តរាគមន៍ ពី​ក្រសួង​សាមី​មួយ​នេះ​ផង​ដែរ។

យ៉ាង​ណា​នាយករដ្ឋមន្ត្រី​លោក ហ៊ុន ម៉ាណែត ធ្លាប់​ជំរុញ​ឱ្យ​អាជ្ញាធរ​ពាក់ព័ន្ធ​ឱ្យ​បង្កើន​ប្រសិទ្ធភាព​ដោះ​ស្រាយ​បញ្ហា​ដី​ធ្លី​ ដែល​បាន​កើត​ឡើង​នៅ​ក្នុង​មូលដ្ឋាន​របស់​ខ្លួន ដើម្បី​បង្ហាញ​ពី​ការ​ទទួល​ខុសត្រូវ និង ការ​ពា​រ​មុខ​មាត់​រដ្ឋាភិបាល។

លោកថា៖ «ពាក់ព័ន្ធ​នឹង​រឿង​ដី​កន្លែង​ណា ទំនាស់​វិវាទ​អី​កន្លែង​ណា ដែល​មាន​ភាព​មិន​ត្រឹមត្រូវ​តាម​ច្បាប់ បញ្ជូន​ទៅ​ឱ្យ​ខេត្ត ខេត្ត​ពិនិត្យ​មើល​ភ្លាម និងដោះ​ស្រាយ​ភ្លាម​ដើម្បី​ពន្លត់​រឿង​កុំឱ្យ​វា​រីក​ទៅជា​រឿង​ធំ ហើ​យ​ខ្ញុំ​​សូម​ឱ្យ​អភិបាល​ខេត្ត អភិបាល​រាជធានីខេត្ត ក៏​ដូច​ជា​ប្រធាន​ស្ថាប័ន​ទាំងអស់ គឺ​ត្រូវ​ប្រើ​វិធាន​ហ្នឹង​ឱ្យ​ច្រើន ហើយ​ជា​ពិសេស​អ្វី​ដែល​ពាក់ព័ន្ធ​នឹង​អធិបតេយ្យ ដែន​សមត្ថកិច្ច​របស់​ខ្លួន​ចាត់​ចែង»

ដោយឡែក អនុប្រធាន​​ផ្នែក​​សិទ្ធិ​​មនុស្ស ដីធ្លី និង​​ធនធាន​​ធម្មជាតិ នៃ​សមាគម​​ការពារ​​សិទ្ធិ​មនុស្ស​អាដហុក លោក យិន ម៉េងលី មាន​ប្រសាសន៍​ថា ការ​ពន្យាពេល​មិន​ស្វែង​រក​ដំណោះ​ស្រាយ​ជូន​ពលរដ្ឋ ហាក់​ជា​ការ​មិន​អើពើ​ចំពោះ​កាតព្វ​កិច្ច​អាជ្ញាធរ​ក្នុង​ការ​បម្រើ​រាស្រ្ត។

លោក​បន្ត​ថា សេចក្តី​ត្រូវ​ការ និងទុក្ខ​លំបាក​ពលរដ្ឋ​ជា​ទំនួល​ខុស​ត្រូវ​របស់​អាជ្ញាធរ​មាន​សមត្ថ​កិច្ច ជា​ពិសេស​ប្រមុខ​រដ្ឋាភិបាល​ ត្រូវ​ចេញ​មុខ​ដោះស្រាយ​ដើម្បី​បង្ហាញ​ពីការ​យកចិត្ត​ទុកដាក់​បម្រើ​ប្រជា​រាស្រ្ត។

លោកថា៖ «រដ្ឋាភិបាល​ក៏ដូច​អាជ្ញាធរ ឬក៏​ក្រសួង​ពាក់ព័ន្ធ​នឹង​ចុះ​ពិនិត្យ​ជាក់​ស្តែង​ទៅ​លើ​បញ្ហា​ដីធ្លី​ហ្នឹង​ ហើយ​ទៅ​ដល់​ទីតាំង​នៃ​ទំ​​នាស់​តែ​ម្តង ឱ្យ​ប្រជាពលរដ្ឋ​គាត់​ចង្អុល​មើល​ប្រសិន​បើ​ជា​ដី​របស់​ប្រជាពលរដ្ឋ​គាត់​ធ្លាប់​គ្រប់​គ្រង គាត់​ធ្លាប់​ធ្វើ​មក​ គាត់​ស្គាល់​ហើយ​លិច​ កើត ត្បូង ជើង ព្រំប្រទល់​របស់​គាត់​ជាប់​នរណា ហើយ​ពិនិត្យ​មើល​តាម​ជាក់​ស្តែង ហើយ​សុំ​គោលការណ៍​រដ្ឋាភិបាល​ឆ្វៀល​ចេញ​ពី​ក្រុមហ៊ុន​នឹង​ទៅ»

បើ​តាមពាក្យ​បណ្តឹង​មួយ​ច្បាប់ ចុះថ្ងៃទី៧ ខែវិច្ឆកា ឆ្នាំ២០២៤ ដែល​តំណាង​ពលរដ្ឋ ដាក់​ជូន​ទៅ​ក្រសួង​រៀបចំដែន​ដី បាន​ឱ្យ​ដឹង​ថា ពួក​គេ​ធ្លាប់​អាស្រ័យ​ផល​លើដី​នោះ​ ចន្លោះ​ពី ១៦ឆ្នាំ ទៅ ៤៤ឆ្នាំ។

ប៉ុន្តែថា នៅឆ្នាំ២០១២ ទើប​ចាប់​ផ្តើម​មាន​វិវាទ​ជាមួយ​ក្រុមហ៊ុន​នេះ ដោយ​អះអាង​ថា ក្រុម​ហ៊ុន​ទទួល​បាន​ដី​សម្បទាន​ពីរដ្ឋាភិបាល។

វត្តមាន ក្រុមហ៊ុន​រំលោភ​យក​ដី​នេះ ក៏​មាន​វត្ត​មាន លោក ចេង គឺមជប់ អភិបាលរង​ស្រុក​សំបូរ និង​មេការ​រ​បស់​ក្រុមហ៊ុន ឈ្មោះ ដូរ ជា​ជនជាតិ​វៀតណាម ជាអ្នក​ដឹកនាំ​បញ្ជារ​គ្រឿង​ចក្រ​ ឱ្យ​ឈូស​បំផ្លាញ​ផល​ដំ​ណាំ​ និង​ផ្ទះ​ពលរដ្ឋ​ចំនួន ៥ខ្នង និង​បង្ខំ​ឱ្យពលរដ្ឋ​ប្រគល់​ដី​ឱ្យ​ក្រុមហ៊ុន និង​ទទួល​យក​សំណង​ក្នុង​ ១គ្រួ​សា​រ ​១០ ទៅ ២០ម៉ឺន​រៀល តាម​ទំហំ​ដី។

បើ​តាម​ពាក្យ​បណ្តឹង​ដដែល បាន​ឱ្យ​ដឹងទៀត​ថា នៅ​កំឡុង​​ឆ្នាំ២០២១ មាន​មន្ត្រី​ពាក់ព័ន្ធ​ខេត្ត​ក្រចេះ ចុះ វា​ស់​វែង​ដី​ឱ្យ ដោយ​ ១ហិកតា ត្រូវ​បង់​លុយ ៧៥ ដុល្លារ និង​បាន​ចេញ​សាលាកបត្រ​ព័ត៌មាន កាន់​កាប់​ដី និង ធានា​អះ​អាងថា មិន​មាន​ផល​ប៉ះពាល់​ជា​មួយ​ក្រុមហ៊ុន និង​ដី​របស់​បរិស្ថាន​នោះ​ទេ។

ប៉ុន្តែ​ថា នៅថ្ងៃ​ទី៣០ ខែឧសភា ឆ្នាំ២០២៤ ពេល​ក្រុមហ៊ុន​វៀតណាម​នោះ​ដាក់​គ្រឿង​ចក្រ មក​ធ្វើការ​កាយ​ក្រ​វ៉ាត់​ហ៊ុំព័ទ្ធ​យក​ដី​ពួក​គេ តែ​បែរ​ជា​លេច​មុខ​មន្ត្រី​នគរបាល ទៅ​គំរាម​ចាប់​ខ្លួន​ពួក​គេ ដែល​តវ៉ា​ប្រ​ឆាំ​ង​នឹង​ការ​រំលោភ​បំពាន​យក​ដី​ ពី​សំណាក់​ក្រុម​ហ៊ុន​វៀតណាម​នេះ​ទៅ​វិញ។

បញ្ហា​នេះ ធ្វើឱ្យ​ជីវភាព​ពួក​គេ​ច្រើន​រយគ្រួសារ​នោះ កំពុង​ប្រឈម​នឹង​ការ​ដាច់​បាយ និង​រួម​រឹត​ដោយ​បញ្ហា​បំណុ​ល ដែល​ពួកគេ​បន្តទាម​ទារ​ឱ្យ​មេដឹក​នាំ​កំពូល​ជួយ​ពន្លឿន​បញ្ហា​នេះ​ដើម្បី​បាន​ដី​អាស្រ័យ​ផល​វិញ៕

ដោយ៖ លោក ប៉ុល សម្បត្តិ

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ