លោក អ៊ុំ សំអាន ថា​ថៃ​ធ្វើ​អាជីវកម្ម​ប្រេង​នៅ​តំបន់​ត្រួត​ស៊ី​គ្នា​ចំ​ពេល​មេដឹកនាំ​ខ្មែរ​រក្សា​ភាព​ចាស់ទុំ​មិន​តវ៉ា

អ្នកមាន​បទពិសោធ​កិច្ចការ​ព្រំដែន មិន​ចំណុះ​ឱ្យ​រដ្ឋាភិបាល លោក អ៊ុំ សំអាន បាន​និយាយ​ថា ចំពេល​ដែល​មេ​​ដឹកនាំ​ខ្មែរ​គ្រួសារ​ហ៊ុន រក្សា​ភាពចាស់​ទុំ​មិន​ប្រើ​យន្ត​ការ​អន្តរ​ជាតិ ដើម្បី​ទាមទារ​ភាព​ជា​ម្ចាស់​កម្ម​សិទ្ធិ​លើ​កោះគុត​នោះ ភាគី​ថៃ​កំពុង​សម្រុក​ធ្វើអាជីវកម្ម​នៅ​តំបន់​សមុទ្រ​ត្រួត​ស៊ីគ្នា ដែល​ការណ៍​នេះ​លោក​ថា កោះ​នេះ​នឹង​បាត់បង់​ទៅ​ជា​រៀង​រហូត ក្រោម​ដៃ​គ្រួសារ​ហ៊ុន។

លោក អ៊ុំ សំអាន បាន​និយាយ​នៅ​លើ​ហ្វេសប៊ុក​របស់​លោក​នៅថ្ងៃទី២៥ ខែធ្នូ នេះ​ថា​ថៃ​កំពុង​រុក​រក និង​ធ្វើ​អាជីវកម្ម​ប្រេង​នៅ​តំបន់​ត្រួត​ស៊ី​គ្នា។ ប៉ុន្តែ​លោក​ថា នាយក​រដ្ឋមន្ត្រី​កម្ពុជា លោក  ហ៊ុន ម៉ាណែត បែរ​ជា​និយាយ​ថា កំពុង​​ចរចា​គ្នា នៅ​​ដែន​​សមុទ្រ​​ត្រួត​​ស៊ី​គ្នា​​ទៅវិញ។

លោក​គូស​បញ្ជាក់​ថា នេះ​សរ​បញ្ជាក់​ឱ្យ​ឃើញថា ថៃ​កំពុង​កាន់កាប់​កោះ​គុត និង​តំបន់​ត្រួត​ស៊ីគ្នា​ទំហំ ៣០ ០០០ គីឡូម៉ែត្រ​ការ៉េ​ទាំងស្រុង ដោយ​កម្ពុជា​មិនបាន​គ្រប់គ្រង​រួម​ជា​មួយ​ថៃ​នោះ​ទេ តែ​ផ្ទុយ​ទៅ​វិញ ថៃ​កំពុង​គ្រប់គ្រង​កោះគុត និង​តំបន់​ត្រួត​ស៊ីគ្នា​ផ្តាច់​មុខ។

លោក អ៊ុំ សំអាន សង្កត់​ធ្ងន់​ថា ហេតុនេះ​កម្ពុជា​គ្មាន​សង្ឃឹម​ថា​នឹង​បាន​កោះគុត​មក​វិញ​នោះ​ទេ ហើយ​តំបន់​ត្រួត​ស៊ីគ្នា​ ក៏​ពិបាក​ទទួល​បាន​ពាក់​កណ្តាល​មក​វិញ​ដែរ​បើ​ឪកូន​នៅ​​កម្ពុជា​នៅ​រក្សា​នយោបាយ​ចាស់ទុំ​ មិន​ហ៊ាន​ហា​ស្តី​​នោះ។

យ៉ាង​ណា​លោករំឭក​ថា ជម្រើស​មាន​តែ​មួយ​គត់ ដើម្បី​បាន​ជា​ម្ចាស់​កម្មសិទ្ធិ​ក្នុង​ដែន​សមុទ្រ​នេះ​ឡើង​វិញ គឺ​កម្ពុជា​ត្រូវ​ប្តឹង​ថៃ​ទៅ​កាន់​តុលាការ​អន្តរជាតិ ទើប​កម្ពុជា​ទទួល​បាន​យ៉ាង​ហោច​ពាក់​កណ្តាល នៃ​កោះគុត និង​តំបន់​ត្រួត​ស៊ីគ្នា​ទំហំ ៣០ ០០០ គីឡូម៉ែត្រការ៉េ​មក​វិញ។

បន្ថែម​ពី​នេះ លោក អ៊ុំ សំអាន បាន​បង្ហាញ​ភស្តុតាង​រឹង​ ដែល​ជា​លទ្ធភាព​ឈ្នះ​ថៃ​នៅ​តុលាការ​អន្តរជាតិ គឺ​យោង​ទៅ​លើ​ផែន​ទី ឧបសម្ព័ន្ធ​ភ្ជាប់​សន្ធិសញ្ញាបារាំង-សៀម ឆ្នាំ១៩០៧ ដែល​បាន​បញ្ជាក់​ថា យ៉ាង​ហោច​ពាក់​កណ្តាល នៃ​កោះ​គុត​ជា​របស់​កម្ពុជា និង​ឯកសារ​មួយ​ចំនួន​ទៀត។

លើស​ពីនេះ​លោកថា ក្រុម​អាវលឿង​ថៃ និង​ក្រុម​ប្រឆាំងថៃ​ទាមទារ​អោយ​រដ្ឋាភិបាល​ថៃ លុប​អនុសារណៈ​យោគ​យល់​ ឆ្នាំ២០០១ ដើម្បី​ទាមទារ​ឱ្យ​រដ្ឋាភិបាល​ថៃ ច្បាម​យក​តំបន់​ត្រួត​ស៊ី​គ្នា​ទំហំ​ ៣០ ០០០ គីឡូម៉ែត្រការ៉េ និង​កោះ​គុត ព្រម​ទាំង​ប្រេង និងឧស្ម័ន តម្លៃ ៣០០ពាន់​លាន​ដុល្លារ មក​គ្រប់គ្រង​ផ្តាច់​មុខ​តាមរយៈ​ការ​ដាក់​សម្ពាធ​ផ្នែក​យោធា នយោបាយ និង​សេដ្ឋកិច្ច​លើ​រដ្ឋាភិបាល​កម្ពុជា។

យ៉ាង​ណា​នាយក​រដ្ឋមន្ត្រី​កម្ពុជា​លោក ហ៊ុន ម៉ាណែត ធ្លាប់​បាន​ច្រាន​ចោល ការ​លើក​ឡើង​របស់​ភាគី​គណបក្ស​ប្រឆាំង​ ជុំវិញ​បញ្ហា​នេះ។

លោកថា៖«ដោយ​ឡែក​ ព្រំ​ដែន​សមុទ្រ​យើង​មាន​ទាន់​មាន​ដែល​ឯកភាពគ្នា​ពី​កាល? នៅ​ចរចា​គ្នា​ច្រើន​ដង​ហើយ​មិនទាន់​មាន​ការ​ឯកភាព​ បើ​មិនទាន់​មាន​ការឯកភាព​ថា​តើ​យើង​បាត់​អី? ខ្ញុំ​សួរ​ចេះ​តែ​ថា​ក្បត់​ជាតិ​ បាត់កោះ បាត់អី បើ​មិន​ទាន់​មាន​ការ​ឯកភាព​ផង​នឹង»

បន្ទរ​ពី​ក្រោយ​នេះ អ្នក​នាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​លោក សុខ ឥសាន ក៏​បាន​ការពារ​ជំហរ​មិន​ទាម​ទារ​កោះ​គុត​ពី​ថៃនេះដូចគ្នា។

លោកថា៖ «ខ្ញុំតាំង​ពី​កើត​មក​ ខ្ញុំ​មិន​ដែល​ឮថា​មេដឹក​នាំ​ខ្មែរ​ដែល​ទាម​ទារ​យក​កោះ​គុត វា​អត់​ឃើញ​ខ្ញុំ​អាយុ​៨០ហើយ ខ្ញុំមិន​ដែល​ឮ​មិន​ដឹង​តា​ម៉ង ស៊ី​សុវត្ថិ​លោក​សោយរាជ្យ​ឆ្នាំ១៩០៤  ហើយ​រហូត​ដល់១៩២៧ ហើយ​ក្រោយ​មកទៀត​សុវត្ថិ មុនីវង្សពីឆ្នាំ១៩៣០ ប្លាយ និងរហូត​ដល់​ឆ្នាំ ៤១ មាន​ដែល​ឮ​ណា​ព្រះអង្គ ដែល​ទាមទារ​យក​កោះគុត​ណា​វាអត់ដែលឮ»

យ៉ាងណា​ប្រធាន​ក្រុម​ប្រឹក្សា​ឃ្លាំ​មើល​កម្ពុជា​ដែលមាន​បទ​ពិសោធាន​ខាង​កិច្ចការ​ព្រំដែន​មិន​ចំណុះ​ឱ្យ​រដ្ឋាភិបាលដែរនោះ គឺលោក ម៉ែន ណាត បង្ហាញ​ការ​យល់​ឃើញ​ខុស​ពី​មន្ត្រី​បក្ស​កាន់​អំណាច ជុំវិញ​ភាព​ចម្រូង​ចម្រាស់ នៃ​បញ្ហា​កោះគត់​ដែល​ថៃ​កំពុង​គ្រប់គ្រងនេះ។

លោកថា៖«គ្មាន​មេ​ដឹកនាំ​ខ្មែរ​ណាម្នា​ក់ហ៊ាន​បោះ​បង់​ចោល​កោះគុត​ទេ តាំង​ពីដើម​មក​ លើក​លែង​តែ​គ្រួសារ​ហ៊ុន ទាំង ហ៊ុន សែន ទាំង ហ៊ុន ម៉ាណែត នឹងហ៊ានបោះបង់ តែ​មេ​ដឹកនាំ​មុនៗ​គេ​អត់​ដែល​បោះ​បង់​ចោល​កោះគុត​ទេ ពីព្រោះ​អាហ្នឹង​វា​ជា​ខ្សែ​បន្ទាត់​មូលដ្ឋាន​នៃការ​កំណត់​ព្រំដែន​សមុទ្រ​រវាង​កម្ពុជា-ថៃ»

សម្រាប់​លោក អ៊ុំ សំអាន បក្សប្រឆាំង​ថៃ មិន​ឱ្យ​រដ្ឋាភិបាល​ថៃ ប្តឹង​ករណី​កោះ​គុត ទៅ​តុលាការ​អន្តរជាតិ​នោះ​ទេ​ព្រោះ​ខ្លាច​ចាញ់​ក្តី​ ដូច​ករណី​ប្រាសាទព្រះវិហារ​ឆ្នាំ១៩៦២ ហើយ​ពួក​គេ​យល់​ថា បើ​ឡើង​ទៅ​តុលាការ​អន្តរជាតិ ដោយ​យោង​តាម​ផែនទី​ឧបសម្ព័ន្ធ​ភ្ជាប់​សន្ធិសញ្ញា​បារាំង-សៀម ឆ្នាំ១៩០៧ ថៃ​នឹង​ចាញ់​ក្តី​ ហើយ​ថៃ​នឹង​​បាត់​បង់​កោះគុត​ យ៉ាង​ហោច​ពាក់​កណ្តាល និង​តំបន់​ត្រួត​ស៊ីគ្នា​ទំហំ ៣០ ០០០ គីឡូម៉ែត្រការ៉េ ព្រម​ទាំង​ប្រេង និង​ឧស្ម័ន​តម្លៃ ៣០០ពាន់លានដុល្លា ទៅ​ភាគី​កម្ពុជា។

លោកថា ហេតុនេះ ជម្រើស​មាន​តែ​មួយ​គត់ របស់​បក្ស​ប្រឆាំង​ថៃ គឺ​ការ​ដាក់​សម្ពាធ​ផ្នែក​យោធា នយោ​បាយ និង​សេដ្ឋកិច្ច​លើ​រដ្ឋាភិ​បាល​កម្ពុជា។

កោះ​គុត​ស្ថិត​នៅ​ខេត្ត​កោះកុង មានផ្ទៃ​ក្រឡា​ប្រមាណ ១០៥គីឡូម៉ែត្រការ៉េ មាន​បណ្តោយ​ប្រវែង ២៥គីឡូម៉ែត្រ និងទទឹង ៩គីឡូម៉ែត្រ។ ដោយ​ឡែក ក្រម​ព្រហ្មទណ្ឌ​មាត្រា ៤៤០ ចែងថា «អំពើ​ប្រគល់​ឱ្យ​រដ្ឋ​បរទេស ឬ​ភ្នាក់​ងា​រ​បរទេស នូវ​ដែន​ដី​ជាតិ​ទាំង​ស្រុង ឬ​មួយ​ផ្នែក ជា​អំ​ពើ​ក្បត់​ជាតិ ត្រូវ​ផ្តន្ទា​ទោស​ដាក់​ពន្ធនាគារ​អស់​មួយជីវិត»៕

ដោយ៖ កញ្ញា កែវ មរកត

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ