អ្នក​ចាញ់​បោក​អតីត​ឧកញ៉ា ហ៊ី គឹមហុង  ថា​សម្តី​មន្រ្តី​បក្ស​កាន់​អំណាច​ម៉ាក់​ងាយ​ជន​រងគ្រោះ

ក្រុម​ជន​រងគ្រោះ​ចាញ់បោក​អតីត​ឧកញ៉ា ហ៊ី គឹមហុង ចាត់​ទុក​ការ​ថ្លែង​របស់​អ្នក​នាំពាក្យ​គណបក្ស​កាន់​អំណាច លោក សុខ ឥសាន ដែល​ហៅ​ពួកគេ​ថា​មនុស្ស «ភ្លើ» គឺ​ជាការ​ម៉ាក់​ងាយ​ធ្ងន់​ធ្ងរ ចំពោះ​ជន​រង​គ្រោះ ដែល​ឆ្លុះ​បញ្ចាំង​​ថា បក្ស​កាន់​អំណាច​នៅ​ពីក្រោយ​ឧក្រិដ្ឋជន​ឆបោក​ ដែល​នឹង​ធ្វើ​ឱ្យ​ពួកគេ​ជាង​ ៨ពាន់គ្រួសារ បន្ត​រងគ្រោះ​ច្រើន​ឆ្នាំ​ទៀត ដោយសារ​វិបត្តិ​បំណុល។

ការ​លើក​ឡើង​របស់​ជន​រងគ្រោះ​នេះ ក្រោយ​សមាជិក​ព្រឹទ្ធសភា និងជា អ្នក​នាំពាក្យ​គណបក្ស​ប្រជាជនកម្ពុជា លោក សុខ ឥសាន បាន​ផ្តល់​បទ​សម្ភាសន៍​ឱ្យ វីអូឌី ថា ក្រុម​ពលរដ្ឋ​ចាញ់បោក​ក្រុមហ៊ុន​ដែល​គ្រាន់​តែ​គេ​បង្ហាញ​រូបថត​ថ្នាក់​ដឹកនាំ​ថត​ជា​មួយ​ឧកញ៉ា​ឆបោក​នោះ​ជា​មនុស្ស «ភ្លើ»។

ក្នុង​ន័យ​នេះ​មន្រ្តី​រូបនេះ បញ្ជាក់​ថា ថ្នាក់​ដឹកនាំ​គណបក្ស​កាន់​អំណាច​មិនមាន​ជាប់​ពាក់ព័ន្ធ​ជាមួយ​ក្រុម​ហ៊ុន​ឆបោក​ពិភពដីមាស​នេះទេ ហើយ​ការ​បង្ហាញខ្លួន​ថតរូប​ជាមួយ​បុគ្កល​ណា​ម្នាក់​នោះ គឺគ្រាន់​តែ​ការ​ថត​រូប​អនុស្សាវរីយ៍​តែ​ប៉ុណ្ណោះ។

លោកថា៖ «ហើយ​ថ្នាក់ដឹក​នាំ​លោក មាន​សណ្តាន​ចិត្ត​ល្អ​ណាស់ ដែល​កូនចៅ​ចង់​សុំ​ជួប​ថត​ជា​មួយ ដើម្បី​អនុស្សវរីយ៍​អី អាហ្នឹង​ជា​រូប​ធម្មតា ជា​មនោសញ្ចេតនា គោ​រព រាប់​អាន​គ្នា​មិន​មែន​ឱ្យថត​ដើម្បី​ថា យក​អា​រូបថត​ហ្នឹង ទៅ​ប្រើ​ប្រាស់​ដោយ​វិ​ធីផ្សេងៗ​ខុស​ច្បាប់ អត់​ទេ។ អ៊ី​ចឹង កុំ​យក​រឿង​ហ្នឹង​មក​និយាយ ខ្លះ​ហ្នឹង​គ្រាន់​តែ​ស្គាល់  ខ្ញុំ​ស្គាល់​សម្តេច​នេះ សម្តេច​នោះ ហើយ​អាង​គេ​ថត អាហ្នឹង​យើង​ភ្លើ អ្នក​ចាញ់​បោក​គេ​ហ្នឹង​ភ្លើទេ យក​សំអាង​អ៊ី​ចឹង​យើង​ទៅ​ជឿ​គេ​ឱ្យ​គេ​បោក​អាហ្នឹង​យើង​ភ្លើ​ទេ»

ជនរងគ្រោះម្នាក់ លោក មុត ពិសី បង្ហាញការហួស​ ចិត្ត​ចំពោះ​ការលើក​ឡើង​របស់​អ្នក​នាំពាក្យ​គណបក្ស​កាន់​អំណាច​រូប​នេះ។ ហួស​ចិត្ត​នៅ​ត្រង់​ថា លោក​កំពុង​រងភាព​អយុត្តិធម៌​គ្មាន​ដំណោះ​ស្រាយ តែ​បែរ​ជា​រង​ការ​ម៉ាក់ងាយ​ពី​មន្រ្តី​បែប​នេះ​ទៅ​វិញ។

ជាង​នេះ​ទៀត​សម្រាប់ លោក ពិសី អ្វី​ដែល​លោក សុខ សាន ថ្លែង​នេះ ឆ្លុះ​បញ្ចាំង​ថា​មន្រ្តី​រដ្ឋាភិបាល​រូប​នេះ កំពុង​តែ​គាំទ្រ​ក្រុម​ជនឆបោក​ ធ្វើ​ឱ្យ​ពលរដ្ឋ​នឹង​កាន់​តែ​រង​គ្រោះ​ថែម​ទៀត។

លោក​ថា៖ «គឺ​មាន​ការ​ហួសចិត្ត​យ៉ាង​ខ្លាំង ហាក់​បី​ដូច​ជា​គាត់​កាន់​ជើង​ជន​ឆបោក​ប្រជា​ពលរដ្ឋ​ ដែល​ជា​ម្ចាស់​សន្លឹក​ឆ្នោត​ចឹង។ ហើយ​ខ្ញុំ​ស្នើ​សុំ​ឱ្យ​សម្តេច​បវធិបតី សម្តេច​នាយក​រដ្ឋមន្រ្តី នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ព្រម​ទាំង​ស្នើ​សុំ​ឱ្យ​សម្តេច​ពុក​ ប្រធាន​​ព្រឺទ្ធសភា ហ៊ុន សែន ឱ្យ​លោក​រក​យុត្តិធម៌​ជួយ​ដល់​បងប្អូន​ប្រជាពលរដ្ឋ រងគ្រោះ​ចំនួន ៨ពាន់គ្រួសារ នេះផង»

ចំណែក ជនរងគ្រោះម្នាក់​លោក ចាន់ ធឿន ដែល​ចាញ់​បោក​ក្រុមហ៊ុន​ពិភព​ដីមាសចំនួន ២ម៉ឺនដុល្លារ ចាត់​ទុក​ការ​លើក​ឡើង​របស់ លោក សុខ ឥសាន គឺ​ជាការ​ប្រមាថ​ធ្ងន់ធ្ងរ ចំពោះ​ពលរដ្ឋ ដែល​លោក​មិន​អាច​ទទួល​យក​បាន​ទេ។

លោកថា៖ «ចាត់​ទុកថា​ប្រជាពលរដ្ឋ​ល្ងង់​ ប្រជាពលរដ្ឋ​មិនដឹង! មានន័យ​ថា​គាត់​មើលងាយ​ប្រជាពលរដ្ឋ ​គាត់​ប្រមាថ​ប្រជាពលរដ្ឋ ថា​ជា​ការ​អត់​ប្រយោជន៍​ បាន​គេ​បោក​បាន។ គាត់​វាយ​តម្លៃ​ពលរដ្ឋ អតិថិជន​អ្នក​រង​គ្រោះ។ អ៊ីចឹង គាត់​អត់​មាន​ជួយ​ស្ទួយ​ខាង​ប្រជាពលរដ្ឋ​ឱ្យ​បាន​រស់ ដក​ដង្ហើម​ឡើង​វិញ​ទេ គាត់​ជិះ​រំលិច​ប្រជាពលរដ្ឋ​រឹត​តែ​ថែម​ទៀត គាត់​មើល​ងាយ គាត់​មិន​ឱ្យ​តម្លៃ​ពលរដ្ឋ ខ្ញុំ​អត់​ទទួល​ទេ​សម្តី​ហ្នឹង »

លោក ប៊ុន ធឿន ប្រាប់ វីអូឌី ថា​បច្ចុប្បន្ន​លោក​ត្រូវ​បង់​ធនាគារ​ជាង ៥០០ដុល្លារ​ក្នុង​មួយខែ តែ​ដោយ​សារ​គ្មាន​លុយ​បង់ ធ្វើ​ឱ្យ​លោក​កំពុង​ជាប់​បណ្តឹង​របស់​ធនាគារ​ផង​ដែរ ក្រោយ​លោក​ខ្ចី​លុយ​ធនាគារ​យក​ទៅ​វិនិយោក​ តាម​ការ​អូសទាញ​របស់​អតីត​ឧកញ៉ា ហ៊ី គឹមហុង។

ក្រុម​ជន​រងគ្រោះ​បញ្ជាក់​ប្រាប់ វីអូឌី ថា មូល​ហេតុ​ដែល​ពួកគេ​ជឿជាក់​លើ​ក្រុមហ៊ុន​ឆបោក​ពិភពដីមាស​នេះ ដោយ​សារ​តែ​អតី​ឧកញ៉ា ហ៊ី គឹមហុង ជាម្ចាស់​ក្រុមហ៊ុន​បាន​យក​រូបថត​ថ្នាក់​ដឹក​នាំ​មក​អូសទាញ​ពួក​គេ ឱ្យដាក់​លុយ​វិនិយោគ​ក្នុង​គម្រោង​បោក​ប្រាស់​របស់​ខ្លួន។

បើ​តាម​អតិថជន អំពើ​បោកប្រាក់​នោះ គឺក្រុម​ហ៊ុន​សន្យាថា ពលរដ្ឋ​នឹង​ទទួល​បាន​ការ​ប្រាប់ ៣ ឬ៤% នៃ​ទំហំ​ទឹក​ប្រាក់​ដើម​ជា​រៀង​រាល់​ខែ រយៈ​ពេល ២ឆ្នាំ ប៉ុន្តែ​ជាក់ស្តែង​ពួក​គេ​បើក​បាន​តែ​ប៉ុន្មាន​ខែ​ដំបូង ក៏​ជាប់​គាំង​លែង​ទទួល​បាន​បន្ត​ទៀត។

ខណៈ​​យុត្តិធម៌​​កំពុង​​ជាប់​​គាំង​​ច្រើន​ឆ្នាំ​​ទៅ​នេះ ក្រុមជន​រងគ្រោះ​ក៏​បាន​ធ្វើ​យុទ្ធនាការ​លើ​បណ្តាញ​​សង្គម​បង្ហាញរូបភាព​អតីត​ឧកញ៉ា ហ៊ី គឹមហុង រួមទាំង​ភរិយា គឺលោក​ស្រី សាន សុទ្ធាវិន ឈរ​ថត​ជាមួយ​អនុប្រធាន​គណបក្ស​ប្រជាជនកម្ពុជា លោកស្រី ម៉ែន សំអន និងប្រធាន​កិត្តិយស​គណបក្សប្រជាជនកម្ពុជា លោក ហេង សំរិន។

សកម្មភាព​នេះ ដើម្បី​ជំរុញ​យុត្តិធម៌​សម្រាប់​ពួក​គេ ៨ពាន់គ្រួសារ ដោយ​ក្រុម​ជន​រង​គ្រោះ​អះ​អាង​ថា​វិបត្តិ​បំណុល​កំពុង​សម្លាប់​ពួក​គេ​ជា​បន្ត​បន្ទាប់ កើន​ដល់​ ១៦នាក់ គិត​ត្រឹម​ថ្ងៃ​ទី២៥ ខែធ្នូនេះ។

ជន​រងគ្រោះ​ម្នាក់​ទៀត លោក មម ម៉េត ប្រាប់ វីអូឌី ថា ជនរង​គ្រោះ​សរុប​មាន ៨០០០គ្រួសារ ដែល​បាត់​បង់​ថវិកា​ ប្រមាណ​ ៤០០លានដុល្លារ​អាមេរិក ហើយ​ការ​ផុង​ខ្លួន​ជឿជាក់​ក្រុមហ៊ុន​របស់​លោក ហ៊ី គឹមហុង នេះ ដោយ​សារ​តែ​អតី​ឧកញ៉ា​រូប​នេះ​ បាន​យក​រូបភាព​ថ្នាក់​ដឹក​នាំ​បក្ស​កាន់​អំណាច​មក​ដើរ​ឃោសនា​អូស​ទាញពលរដ្ឋ។

ចំពោះ​មុខ​នេះ​សម្រាប់ អ្វី​ដែល​លោក​ចង់​បាន​នោះ គឺ​ថ្នាក់ដឹក​នាំ​ចេញ​មុខ​ការពារ​ជន​រង​គ្រោះ មិនមែន​ប្រើ​ពាក្យ​ប្រមាថ​លើ​ពួកគាត់​ ដូច​ការ​ថ្លែង​របស់អ្នក​នាំ​ពាក្យ​បក្ស​កាន់​អំណាច លោក សុខ ឥសាន នោះទេ។

លោកថា៖ «សំឡេង​របស់​លោក ពូ សុខ ឥសាន គាត់​និយាយ​មក​ក៏​មិន​សមរម្ស​ដែរ។ ជា​ថ្នាក់​ដឹក​នាំ​ គួរ​ណាស់​តែ​គាត់​ជួយ​ប្រាប់​សម្តេច​ ហ៊ុន សែន សម្តេច​បវរ​ធិប​តី ហ៊ុន ម៉ាណែត ឱ្យ​គាត់​ជួយ​រក​យុត្តិធម៌។ ដោយ​សារ​គាត់​ល្ងង់ ហ្នឹង​ហើយ​បាន​ជា​គាត់​ចាញ់​បោក​ក្រុម​ឧកញ៉ា មួយ​ចំនួន ប្រជាពលរដ្ឋគាត់ដឹងថា គាត់ឧកញ៉ា ដូចថា​ជួយ​ប្រជា​ពលរដ្ឋ ល្អណាស់ឧកញ៉ា តែគាត់​មិន​​ដឹង​​ថា ឧកញ៉ា ខ្លះស្មោគគ្រោគ ដូច​ឧកញ៉ា ហ៊ី គឹមហុង នេះ ជាដើម។ ដោយ​សារ​គាត់​ឃើញ​រូបភាព​ទាំង​ប៉ុន្មាន​សន្លឹក​នេះ ឃើញ​បណ្ណប៉ាតង់​របស់​លោក ហ៊ី គឹមហុង បាន​ជា​គាត់​ផុង​ខ្លួន​ជឿ។ រៀប​ចំ​ធនាគារ​ឱ្យទាំងអស់​ខាង​ទីផ្សារ ខាង​បរិវា ខាង​ប្រធាន​ទីផ្សារ​ហ្នឹង គេ​រៀបចំ​ធនាគារ​ឱ្យ​ទាំងអស់​ តាម​ពិត​ទៅ​សមត្ថភាព​របស់​បង​ប្អូន​ ដែល​រកស៊ី​គ្មាន​សមត្ថភាព​ទៅ​ខ្ចី​ធនាគារ​រាប់ម៉ឺន​ដុល្លារ​ទេ​ម្នាក់ៗ»

ជុំវិញ​រឿង​នេះ អ្នក​ប្រឹក្សា​យោបល់​ផ្នែក​អភិវឌ្ឍន៍​ផ្នត់​គំនិត និង​ការ​ស្រាវ​ជ្រាវ លោក សេក សុជាតិ យល់​ថា ឥរិយាបទ​របស់ លោក សុខ ឥសាន នេះ​គឺ​ជាការ​មើល​ងាយ​ពលរដ្ឋ​ជា​ម្ចាស់​ឆ្នោទ​ធ្ងន់​ធ្ងរ ដែល​មន្រ្តី​រូប​នេះ​គួរ​ចេញ​មុខ​សុំទោស​ពលរដ្ឋ​ជា​សាធារណៈ ហើយ​ថា​កាតព្វ​កិច្ច​របស់ មន្រ្តី​ដែលជា​អ្នក​បំរើ​រាស្រ្ត គឺ​ដោះ​ស្រាយ​ឱ្យ​ពលរដ្ឋ មិនមែន​ដាក់​បន្ទុក​ដល់​រាស្រ្ត​បែប​នេះ​ទេ។

ជាង​នេះ​ទៅ​ទៀត សម្រាប់​លោក សុជាតិ អ្វីដែលត្រូវបន្ទោស គឺ​មន្រ្តី​ជាន់​ខ្ពស់​ដែលបាន​ផ្តល់​លទ្ធភាព​ឱ្យ​ក្រុម​ជនទុច្ចរិត​យក​រូបថត​រូបខ្លួន​ដើរ​បោកព​លរដ្ឋ ហើយ​បើ​គិត​តាមផ្លូវ​ច្បាប់​មន្រ្តី​ពាក់ព័ន្ធ​ទាំង​នោះ ក៏គួរ​មាន​ការ​បើក​ការ​ស៊ើប​អង្កេត ដើម្បី​បង្ហាញ​ពី​តម្លាភាព​ផង​ដែរ។

លោកថា៖ «ខ្ញុំ​គិត​ថា លោក សុខ ឥសាន គួរ​ពិចារណា​នៅ​ក្នុង​ការ​សុំ​ទោស​ទៅ​បង​ប្អូន​ប្រជា​ពលរដ្ឋ​ឡើងវិញពីព្រោះវាមិនសមទេហើយវាមិនល្អទេសម្រាប់យើង​ដែល​ជា​បុគ្គល​ដែល​មាន​កិត្តិយស​និង​សេចក្ដី​ថ្លៃថ្នូរ​នៅក្នុង​សង្គម​ហើយ​អ្នក​ដែល​ធ្វើ​ការងារ​រាជការ​ អ្នក​ដែល​ធ្វើ​កិច្ចការ ទាំង​អស់​ដើម្បី​ផលប្រយោជន៍​រួម​របស់​សង្គម និង​ប្រទេសជាតិ​ជា​ពិសេស គឺ​ដោះស្រាយ​បញ្ហា​ជូន​ប្រជាពលរដ្ឋ​ មិន​មែន​ជា​ការ​ស្ដី​បន្ទោស​ប្រជា​ពលរដ្ឋ​នោះ​ឡើយ​ ហើយ​បើ​សិន​ជា​មិន​មាន​សមត្ថភាព​​នៅ​ក្នុង​ការ​ដោះស្រាយ​ ជូនបង​ប្អូន​ប្រជាពលរដ្ឋ​មិនគួរ​ធ្វើ​ជា​តំណាង​របស់​ពួក​គាត់​នៅ​ក្នុង​តួនាទី​ដ៏​សំខាន់​ដែល​ប្រជា​ពលរដ្ឋ​គ្រប់​គ្នា ការ​ផ្តល់​ទំនុក​ចិត្ត​នោះឡើយ»

ព្រះ​មហាក្សត្រ​បាន​ចេញ​រាជក្រឹត្យ​នៅខែមេសា ឆ្នាំ២០២៤ បញ្ចប់​គោរមងារ​អ្នក​ឧកញ៉ាពី​លោក ហ៊ី គឹមហុង តាម​ការ​ស្នើ​ពី​លោក ហ៊ុន ម៉ាណែត នាយក​រដ្ឋមន្រ្តី​កម្ពុជា ក្រោយ​បែក​ធ្លាយ​អំពើ​ឆបោកពលរដ្ឋ។

អតីត​ឧកញ៉ា ហ៊ី គឹមហុង ត្រូវ​បាន​ចាប់​ខ្លួន​កាលពី​ខែសីហា ឆ្នាំ២០២៣ ពី​បទ​ឆបោក​ពលរដ្ឋ តែ​ប្រមាណ ៤ខែ ក្រោយ​មក ​ពោល​គឺ​នៅខែ​វិច្ឆិកា ឆ្នាំ២០២៣ តុលាការ​ដោះលែង​វិញ ក្រោយ​ជន​រងគ្រោះ​ព្រម​ព្រៀង​ជា​មួយ​អតីតឧកញ៉ា ហ៊ី គឹមហុង ផ្តិត​មេដៃ​ដើម្បី​នៅ​ក្រៅ​ឃុំ​រក​លុយ​សង​លុយ​ជន​រងគ្រោះ តែ​ជាង​មូយ​ឆ្នាំទៅ​នេះ លោក​មិន​បាន​គោរព​សន្យា​នោះ​ទេ។

អនុក្រឹត​ចុះ​ថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៣ បញ្ជាក់​ថា លោក ហ៊ី គឹមហុង គឺ​ជា​ទី​ប្រឹក្សា​របស់​លោក ហេង សំរិន កាល​លោក ហេង សំរិន កាន់​តំណែង​ជាប្រធាន​រដ្ឋសភា។

បើ​គេ​គណនា​ត្រួសៗ លើ​ចំនួន​ពលរដ្ឋ​ចាញ់​បោក​ក្រុម​ឧកញ៉ា​ខិល​ខូច ក្នុង​រយៈពេល​ចុង​ក្រោយ​នេះ មាន​ពលរដ្ឋ​រងគ្រោះ​យ៉ាង​ហោច​ណាស់​ មិន​ក្រោម​៣ម៉ឹន​នាក់​នោះ​ទេ​ដែល​ចាញ់​បោក។

ក្នុងនោះ​រួម​មា ដូចជា​រងគ្រោះ​ដោយការ​បោក​ប្រាស់​ពី អតីឧកញ៉ា ហ៊ី គឹមហុង អតីតឧកញ៉ា ជា សារ៉ន អតីតឧកញ៉ា ឡេង ចាន់ណា ក្រុម​ហ៊ុន​ភូមិ​ខ្មែរ​គ្រុប​របស់​លោ​ក សោម សុធា  ក្រុមហ៊ុន CIC របស់​​បណ្តុំ​គ្រូ​ជោគជ័យ និង​គម្រោង​អចលនទ្រព្យ​មួយ​ចំនួន​ទៀត។

ក្រុម​ជន​រងគ្រោះ​ទម្លាយ​ថា ក្រុម​ហ៊ុន​ទុច្ចរិ​តទាំង​នោះ តែងតែ​មាន​ជាប់​ពាក់ព័ន្ធ​ជា​មួយ​មន្រ្តី​មាន​អំ​ណាច និង​ជ្រក​ក្រោម​អាវ​គណបក្ស​ប្រជាជន​កម្ពុជា ទើប​ពួក​គេ​ផុង​ខ្លួន​ជឿ​ជាក់ ដូច​ជា​ក្រុម​ហ៊ុន អ្នកស្រី ឡេងចាន់ណា មានលោក ស៊ាន បូរ៉ាត់ មន្រ្តី​នៅ​អង្គភាព​អំពើ​ពុក​រលួយ​នៅ​ពី​ក្រោយ និងក្រុមហ៊ុន​ភូមិ​ខ្មែរ​គ្រុប​របស់​លោក សោម សុធា មានជំនួយ​ការ​លោក ហ៊ុន សែន ធ្លាប់​ចេញ​មុខ​អះ​អាង​ថា ជា​ក្រុម​ហ៊ុន​ស្អាត​ស្អំ​ជា​ដើម។ អ្នក​ឃ្លាំ​មើល​សង្គម ព្រមាន​ថា បើ​ពលរដ្ឋ​ទប់​កំហឹង​លែង​បាន​ ពួក​គេ​អាច​នឹង​ផ្ទុះ​ការ​តវ៉ា​ព្រមគ្នាដើម្បី​ប្តូរ​យក​យុត្តិធម៌​ ដែល​ជា​ផ្នែក​មួយ​អាច​ធ្វើ​ឱ្យ​ចលាចល​សង្គម​ផ្ទុះឡើង គំ​រាម​គំហែង​ដល់​អំណាច​មេ​ដឹក​នាំ​ផង​ដែរ បើ​រដ្ឋាភិបាល​មិន​អើពើ​ដោះ​ស្រាយ​ឱ្យ​ជន​រងគ្រោះ​រាប់​ម៉ឹន​នាក់ ផ្ទុយ​ទៅវិញ​បែរ​ជា​រង​ការ​ស្តី​បន្ទោស​ថា ជា​មនុស្ស «ភ្លើ» ដូច​ការ​ថ្លែង​របស់​លោក​ សុខ ឥសាន អ្នក​នាំ​ពាក្យ​បក្ស​កាន់​អំណាច​បែប​នេះ​ទៅ​វិញ៕

ដោយ៖ លោក សែន សច្ចៈ

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ