ការ​បន្ត​ឃុំខ្លួន​សកម្មជន​២៣​តុលា​ ជា​ការ​អនុវត្ត​ផែន​ការ ហូ ជីមិញ លេប​ទឹក​ដី

អ្នកឃ្លាំមើលនិយាយថា ការបន្ត​ឃុំខ្លួន​សកម្មជន ២៣តុលា និង​ពលរដ្ឋ​ផ្សេងទៀត​ជុំវិញ​សំណុំរឿង (CLV) ជា​ការ​អនុវត្ត​ផែនការ លោក ហូ ជីមិញ ដែល​មាន​មហិច្ឆតា​លេប​ទឹក​ដី​ខ្មែរ ក្រោម​ដៃ​គ្រួសារហ៊ុន បើ​កម្ពុជា​គ្មាន​មេ​ដឹកនាំ កើត​ចេញ​ពី​ការ​បោះឆ្នោត​ត្រឹម​ត្រូវ​ សេរី និងយុត្តិធម៌​ទេនោះ។

តំណាង​រាស្រ្ត​បក្ស​សង្រ្គោះ​ជាតិ លោក អ៊ុំ សំអាន និយាយ​ប្រាប់​ វីអូឌី នៅថ្ងៃទី​២៦ ខែធ្នូ​នេះ​ថា ការ​មិនព្រម​ដោះលែង​អ្នក​បារម្ភ​ពី​បូរណភាព​ទឹក​ដី ដែល​បាន​រិះគន់ គម្រោង​អភិវឌ្ឍន៍ (CLV) នោះ​ថា ជា​ការ​ដើរ​លើ​បន្ទាត់​នយោបាយ ហូ ជីមិញ លេប​ទឹក​ដី​ខ្មែរ។

ក្នុង​ន័យ​នេះ លោក​ពន្យល់​ថា វិធាន​ឃុំ​ខ្លួន​នេះ ក៏​ឆ្លុះបញ្ចាំង​ផង​ដែរ ពី​ចេតនា​បិទ​មាត់ កុំ​ឱ្យ​លាត​ប្រដាង ពី​កុំហុស​ដែល​មេ​ដឹកនាំ ធ្វើ​ឱ្យ​បាត់​បង់​ទឹក​ដី និង​កុំ​ឱ្យ​កូនខ្មែរ​យល់​ដឹង ពី​បម្រើ​មហិច្ឆតា​លេប​ទឹក​ដី​ខ្មែរ ដែល​វៀតណាម​កំពុង​ប្រើ​ដៃ​គ្រួសារ​ហ៊ុន ដើម្បី​សម្រេច​មហិច្ឆតា​ហូជីមិញ។

លោកថា៖ «គម្រោង​របស់​ ហូ ជីមិញ គេ​ចង់​លេប​យក ត្របាក់​យក​ទឹកដី​ខ្មែរ ដូច្នេះ​ត្រកូល​ហ៊ុន​ គេ​ព្យាយាម​ធ្វើ​ម៉េច​បំពេញ​មហិច្ចតា​របស់ ហូ ជីមិញ ក្នុង​ការ​លេប​ត្របាក់​យក​ទឹកដី​ខ្មែរ ចឹង​គេ​មិន​ដោះ​លែង​អ្នក​ ដែល​ប្រឆាំង​នឹង​គំនិត​របស់ ហូ ជីមិញ នោះទេ»

សម្រាប់​លោក អ៊ុំ សំអាន អះ​អាង​ថា លោក ហ៊ុន សែន មិន​ដោះលែង​ពលរដ្ឋ​ទាម​ទារ​ឱ្យ​លុប​គម្រោង CLV ទេ ដរាបណា​ពួកគេ​មិន​សុំទោស​ទទួល​កំហុស ហើយ​សារភាព​ថា​មាន​ក្រុម​ប្រឆាំង​បញ្ជា​ពី​ក្រោយ។

លោក​ថា​ ការបន្តឃុំខ្លួ​ន​ពលរដ្ឋ​ជាង ៦០នាក់ រឿង CLV នេះ ជាទង្វើ​ទុច្ចរិត​ផ្តាច់​ការ របស់​គ្រួសារ​ហ៊ុន ដើម្បី​សម្ញើញ​អំណាច​ថា​ពលរដ្ឋ​ណា​ហ៊ាន​ប្រឆាំង​នឹង​ផែន​ការ​កាត់​ដីឱ្យ​បរទេស និង​ត្រូវ​ទទួល​ទោស​បែប​នេះ។

លោកថា៖ «គ្រួសាហ៊ុន​កាត់​ទឹក​ដី​ឱ្យ​បរទេស ដើម្បី​រក្សា​អំណាច ដូច្នេះ​អ្នក​ណា​ហ៊ាន​រិះគន់​ខ្លួន​កាត់​ទឹក​ដី​ឱ្យ​បរទេស គាត់​ត្រូវ​ចាប់​ដាក់​គុក​ហើយ ដើម្បី​បំបិទ​មាត់​អ្នក​ទាំង​នោះ​មិន​ឱ្យ​រិះ​គន់​ការ​ដឹក​នាំ​របស់​ខ្លួន ហើយ​​គិត​ថា​ខ្លួន​ឯង​ដឹក​នាំ​ប្រទេសចង់កាត់​ដី​​ឱ្យ​នរណា​សម្រេចចិត្ត»

ប្រធាន​ក្រុម​ឃ្លាំមើល​កម្ពុជា​​លោក ម៉ែន ណាត លើក​ឡើង​ថា ការ​ដែល​មេ​ដឹកនាំ​គ្រួសារ​ហ៊ុន លុប​ចោល​គម្រោង (CLV) តែ​មិន​ដោះលែង​សកម្មជន ២៣តុលា និង​ពលរដ្ឋ​ផ្សេង​ទៀត​ ដែល​លាត​ត្រដាង​រឿង​នេះ ជា​ចេតនា​បំបាក់​ស្មារតី​ពលរដ្ឋ​ ដែល​នៅ​ក្រៅ​ឃុំ កុំ​ឱ្យ​និយាយ​រឿង​ទឹក​ដី ដើម្បី​បើក​ផ្លូវ​ឱ្យ​វៀតណាម​សម្រេច​មហិច្ឆតា​លេប​ទឹកដី​ខ្មែរ ដូច​ពី​អតីកាល។

លោក​ថា គ្រួសារ​ហ៊ុន ហ៊ាន​ធ្វើ​អ្វី​គ្រប់​យ៉ាង​ មិន​ថា​ចាប់​ចង​ពលរដ្ឋ ធ្វើ​ទុក្ខ​បុក​ម្នេញ គំរាម​សម្លាប់ ឬ​រំលោភ​រដ្ឋ​ធម្មនុញ្ញ ក៏​ពួកគាត់​ធ្វើ​ដែរ ដើម្បី​ផ្គាប់​ចិត្តចៅហ្វាយនាយ គឺ​វៀតណាម​ដែល​បាន​លើក​បន្តុប​ខ្លួន។

លោកថា៖ «ករណីនេះ​ឆ្លុះ​បញ្ចាំង​ ថា​គ្រួសារ​ហ៊ុន​អនុវត្ត​នយោបាយ​ទុច្ចរិត ដើម្បី​ធ្វើបាប​ប្រជា​ពលរដ្ឋ​របស់​ខ្លួន​ឯង ចឹង​ក្នុង​ន័យ​នឹង​ ចង់​រំឮក​ដល់​បង​ប្អូន​ប្រជា​ពលរដ្ឋ​ទាំង​អស់​ថា ក្រៅ​ពី​ក្រុម​គ្រួសារ​ហ៊ុន សែន​ ហ្នឹង​គឺ​នរណា​ក៏​រង​គ្រោះ​ដែរ ឱ្យ​តែ​ហ៊ាន​ធ្វើ​ឱ្យ​លោក ហ៊ុន សែន គ្នើស​ចិត្ត ព្រោះ លោក ហ៊ុន សែន មិន​មែន​ជា​មនុស្ស​សុច្ចរិត​ បើ​គាត់​ជា​មនុស្ស​សុច្ចរិត​ គាត់​មិន​ធ្វើ​បាប​ប្រជារាស្រ្ត​ទេ»

ឆ្លើយ​តប​នឹង​រឿង​នេះ អ្ន​ក​នាំពាក្យ​គណបក្ស​ប្រជាជនកម្ពុជា​ លោក សុខ ឥសាន ប្រាប់ វីអូឌី ថា ករណី​បន្ត​ឃុំ​ខ្លួន​សកម្មជន​សង្គម​​រួម​ទាំង​លោក ស្រ៊ុន ស្រ៊ន ក្នុងរឿង CLV ជាការ​សម្រេច​របស់​តុលាការ។

មន្រ្តី​នាំ​ពាក្យ​រូប​នេះ បដិសេធ​ថា ករណី​ដោះលែង​ ឬ​មិនដោះលែងសកម្មជនទាំងនោះ ​ជា​ការ​សម្រេច​ចិត្ត​តាម​អង្គហេតុ​ របស់តុលាការ រដ្ឋាភិបាល ឬ​បក្ស​ប្រជាជនកម្ពុជា​មិន​សម្រេចចិត្តជំនួស​តុលាការ​នោះ​ទេ។

លោកថា៖ «ការ​ឃុំខ្លួន​មិន​មែន អ្នក​នាំពាក្យ​ឃុំ​ខ្លួន​ទេ តុលាការ​អ្នកឃុំខ្លួន ទៅ​សួរ​តុលាការ​បាន​ដឹង ថា​មូលហេតុ​អ្វី​បាន​ឃុំ​ខ្លួន វា​មាន​ពិរុទ្ធភាព​អ្វី វានឹង​សួរ​ឱ្យ​ចាំ​មុខ​សញ្ញា កុំ​សួរ​អ្នក​នាំពាក្យ​ ហើយ​យក​ទៅ​ប្រលាត់ អត់​បាន​ទេ»

ករីណ​ចាប់​ខ្លួន​សកម្មជន​សង្គម និង​សកម្មជន​នយោបាយ​យ៉ាង​គំហុកនេះ​ ហាក់​ស៊ី​គ្នា​ទៅ​នឹង​សារ​បែក​ធ្លាយ​របស់​អតីត​នាយក​រដ្ឋមន្រ្តី លោក ហ៊ុន សែន ដែល​មាន​មហិច្ឆតា ចង់​ម្ទេច​ក្រុម​អ្នកមាន​និន្នាការ​ប្រជា​ធិបតេយ្យ ដើម្បី​បើក​ផ្លូវ​ឱ្យ​លោក ហ៊ុន ម៉ាណែត ឈ្នះ​ឆ្នោត​នៅ​ឆ្នាំ២០២៧ និង​២០២៨។

លោកថា៖ «បំបែក​មុខ​ពី​ឥឡូវ​ទៅ​តែ​ម្ដង ដើម្បី​កុំ​ឲ្យ​ពួក​វា​មាន​មូលដ្ឋាន​កសាង​កម្លាំង​ យក​មក​ធ្វើ​ជា​សមាជិក​ក្រុម​ប្រឹក្សា​ ឃុំសង្កាត់ នៅ​ការ​របោះ​ឆ្នោតឆ្នាំ២០២៧ និយាយ​រួម គឺ​គ្រប់​គ្រង​កសាង​កម្លាំង​ពី​ឥឡូវ បំផ្លាញ​កម្លាំង​ពួក​ប្រឆាំង កុំ​ឲ្យ​ពួក​ប្រឆាំង​មាន​កម្លាំង​ប្រើ បើ​ហែង​ប្រឆាំង​ងើប​មួយ​វ៉ៃមួ​យ​»

ដោយ​ឡែក ប្រធាន​សមាគម​ការពារ​សិទ្ធិ​មនុស្ស អាដហុក លោក នី សុខា យល់​ថា បើ​គម្រោង CLV ត្រូវ​បាន​រដ្ឋាភិបាល​ប្រកាស​លុបចោល​ជា​ស្ថាពរ​ហើយ គួរ​តែ​ដោះ​លែង​ពលរដ្ឋ ឱ្យ​មាន​សេរីភាព​ឡើង​វិញ។

លោក​បន្តថា សង្គម​ប្រជាធិបតេយ្យ​គួរ​តែមាន​ការ​លើក​ទឹក​ចិត្ត​ពលរដ្ឋ ឱ្យ​ចូលរួម​ឈឺ​ឆ្អាល​រឿង​ជាតិ មាតុភូមិ មិន​គួរ​រងការ​ធ្វើ​ទុក្ខ​បុក​ម្នេញ គំរាម​កំហែង និង​ចាប់​ឃុំខ្លួន​ដាក់​ពន្ធនាគារ​ទាំង​អយុត្តិធម៌​បែប​នេះ​ទេ។

លោកថា៖ «រដ្ឋាភិបាល​គួរ​ណាស់​តែ​បង្ហាញ​ នូវ​ឥរិយាបទ​នៅ​ក្នុង​ការ​ដោះ​លែង​ក្រុម​អ្នក​ដែល​ជាប់​ឃុំ ដោយ​សារ​តែ​ការ​ប្រើប្រាស់​មនសិការ ក្រុម​អ្នក​ជាប់ឃុំ​ដោយ​សារ​តែ​បញ្ហា​ការ​បញ្ចេញ​មតិ ឬ​ក៏​ការ​មនសិការ​ខាង​នយោបាយ​ ខាង​អី​ផ្សេងៗ​ហ្នឹង ពិសេស​គេ​ហៅ​ថា​ ​ក្រុម​អ្នក​ដែល​ជាប់​ឃុំ​ដោយ​មនសិការ»

កាល​ពីថ្ងៃ​ទី​២៣ ខែ​កក្កដា ឆ្នាំ២០២៤ លោក ហ៊ុន សែន បញ្ជា​ផ្ទាល់​មាត់​ឱ្យ​ចាប់​ខ្លួន​ក្រុមអ្នក​ផ្សព្វផ្សាយ​កិច្ច​ព្រមព្រៀង​សន្តិភាព​ ទី​ក្រុង​​ប៉ារីស រួម​ទំាង​លោក ស្រ៊ុន ស្រ៊ន ភ្លាមៗ ក្រោយ​ពួក​គេ​រិះគន់​ទាម​ទារ​រដ្ឋាភិលបាល​លុប​ចោល​គម្រោង CLV ជា​មួយ​វៀតណាម។

កាល​ពី​ថ្ងៃ​ទី១១ ខែធ្នូ នេះ អង្គ​ការ​ការពារ​សិទ្ធិ​មនុស្ស លីកាដូរ បាន​កត់​ត្រា​ថា ក្នុង​ឆ្នាំ​២០២៤ មាន​មនុស្ស​ជាង ១០២នាក់ ត្រូវ​បាន​ចាប់​ខ្លួន ដោយ​សារ​ការរិះគន់គោលនយោបាយរដ្ឋាភិ​បាល។

បន្ថែមពីនេះ លោក វិធិត មុនតាប៊ន អ្នករាយការណ៍ពិសេសទទួលបន្ទុកសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិប្រចាំ​កម្ពុជា ថ្មីៗ​នេះ​បាន​និយាយ​ក្នុង​កិច្ច​ប្រជុំនៅ​ក្រុម​ប្រឹក្សា​សិទ្ធិមនុស្ស អង្គការ​សហប្រជាជាតិ​ថា ការ​ផ្ទេរ​អំណាច​នៅ​ឆ្នាំ២០២៣ ធ្វើ​ឡើង​ក្នុង​ទម្រង់​បែប​គ្រួសារ គ្មាន​លក្ខណ​ប្រជាធិប​តេយ្យ។

ជុំវិញ​បញ្ហា​បូរណភាព​ទឹកដី​នេះ​ដែរ កាល​ពី​អំឡុង​ឆ្នាំ២០០៥ លោក ហ៊ុន សែន ធ្លាប់​គំរាម​រំលាយ​របប​រាជានិយម​អាស្រ័យ​ធម្មនុញ្ញ​ចោល បើ​ព្រះ​មហាក្សត្រ​ទ្រង់​មិន​ព្រម​ឡាយ​ព្រះហស្ថលេខា លើ​សន្ធិ​សញ្ញា​ព្រំដែន​ខុសច្បាប់ ដែល​គូស​វាស​ដោយ​វៀតណាម នៅឆ្នាំ១៩៨២ ៨៣ និង៨៥ ឱ្យរស់​ឡើង​វិញ ដើម្បី​សម្រេច​ហិច្ឆតា​វៀត​ណាម​លេប​ទឹក​ដី​ទេ​នោះ។

ចាប់​ពី​ពេល​នោះ​មក មន្ត្រី​បក្ស​ប្រឆាំង​ដែល​មាន​បទ​ពិសោធ​ខាង​កិច្ចការ​ព្រំដែន​ បាន​ទម្លាយ​ឯកសារ​ជាបន្ត​បន្ទាប់​ថា សន្ធិ​សញ្ញា​ឆ្នាំ២០០៥ បាន​បើក​ផ្លូវ​ឱ្យវៀតណាម​គ្រប់​គ្រង​ប្រជុំ​កោះ​ក្រចក​សេះ និង​កោះ​ត្រល់ រួម​ទំាង​ដី​​តាម​បន្ទាត់​ព្រំដែនរាប់រយគីឡូម៉ែត្រទៀត ដោយស្រប​ច្បាប់។ កម្តៅ​នេះ បានធ្វើ​ឱ្យ​លោក ហ៊ុន សែន កំពុង​គ្រប់​គ្រង​អំណាច ងាក​មក​បង្រ្កាប​ខ្មែរណា​ ដែល​ហ៊ាន​និយាយ​​លាត​ត្រដាង​ពី​មហិច្ឆតា​វៀតណាម​ រហូត​ដល់​បច្ចុប្បន្ន​នេះ៕

ដោយ៖ លោក ប៉ុល សម្បត្តិ

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ