តុលាការ​រងការ​រិះគន់​ការ​កាត់​ក្តី លោក ​​ស៊ុន ចន្ធី កម្រិត​ទោស​អតិបរមា និង​ដក​សិទ្ធិ​បោះ​ឆ្នោត

តុលាការ​ក្រុងភ្នំពេញ​ នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះបាន​ផ្តន្ទាទោស​អតីត​ប្រធាន​គណបក្ស​កម្លាំងជាតិ​លោក ស៊ុន ចន្ធី ឱ្យ​ជាប់​ពន្ធនាគារ ២ឆ្នាំ ដែល​ជា​កម្រិត​ទោស​អតិរបមា​ក្នុង​បទ​ញុះ​ញង់ និង​ដក​សិទ្ធិ​បោះ​ឆ្នោត ដែល​ការនេះ​រង​ការ​រិះ​គន់​ថា ធ្វើ​ឡើង​តាម​ការ​ចង់​បាន​របស់​បក្ស​កាន់​អំណាច។

មេធាវី​ការពារក្តី​លោក ជូង ជូងី បាន​ប្រាប់​ក្រុម​អ្នក​សារព័ត៌មាន​នៅថ្ងៃទី២៦ ខែធ្នូ នេះ ក្រោយ​ពី​ដើរ​ចេញ​ពី​សាល​ជំនុំ​ជម្រះ​ថា សាលា​ដំបូង​រាជធានីភ្នំពេញ​បាន​សម្រេច​ផ្តន្ទា​ទោស កូន​ក្តី​គឺ លោក ស៊ុន ចន្ធី ចំនួន ២ឆ្នាំ ពិន័យ​ជា​ប្រាក់​ចំនួន ៤លានរៀល (ប្រហែល ១០០០ដុល្លារ) និង​ដក​សិទ្ធិ​បោះឆ្នោត។

លោកថា៖ «ខ្ញុំ​យល់​ឃើញ​ថា ​សេចក្ដី​សម្រេច​ហ្នឹង​មិន​បាន​ផ្តល់​យុត្តិធម៌​ដល់​លោក​ ស៊ុន ចន្ធី ទេ​សម្រាប់​ខ្ញុំ​ជា​មេធាវី​យល់​ឃើញថា​ អ្វី​ដែល​លោក ស៊ុន​ ចន្ធី បាន​និយាយ​នៅ​ប្រទេស​ជប៉ុន​អី​ហ្នឹង គឺ​មិន​មែន​ជា​កំហុស​ទេ​ គឺ​ជា​ការ​រិះ​គន់​ដើម្បី​ស្ថាបនា»

អតីត​ប្រធាន​គណបក្ស​កម្លាំង​ជាតិ​លោក ស៊ុន ចន្ធី ត្រូវ​បាន​គេ​បញ្ចូល​ទៅ​ឃុំ​ខ្លួន​នៅពន្ធនាគារម៤ ជិត​ជើង​ភ្នំ​ក្រវាញ ស្ថិត​ក្នុង​ខេត្ត​ពោធិ័សាត់ ដែល​មាន​ចម្ងាយ​ប្រមាណជា ៣០០គីម៉ែត្រ បង្ក​ការ​លំបាក​ដល់​មេធាវី និង​ក្រុម​គ្រួសារ​ក្នុងការ​ទៅ​សួរ​សុខទុក្ខ និងប្រឹក្សា​ច្បាប់។

លោក ជូង ជូងី ជា​មេធាវី អះអាង​ថា លោក ស៊ុន ចន្ធី សុំ​មិន​មក​ស្តាប់​ការ​ប្រកាស​សវនាការ​ក្នុង​បន្ទប់​ជម្រះ​ក្តី នៅ​ថ្ងៃ​ទី​២៦ ខែធ្នូ នេះ​ទេ ដោយ​ថា ការ​ធ្វើ​ដំណើរ​ទៅ​មក ប្រៀប​បាន នឹង​ការ​ធ្វើ​ទារុណកម្ម ដោយ​សារ​ដៃ​របស់​លោក ត្រូវ​ឆ្មាំ​ពន្ធនាគារ​ដាក់​ខ្នោះ​ជាប់​រហូត។

ទីប្រឹក្សា​គណបក្ស​កម្លាំង​ជាតិ​លោក រ៉ុង ឈុន ដែល​តាម​ដាន​ការ​ប្រកាស​សាល​ក្រមនេះ​ដែរ បាន​បង្ហាញ​ការ​ខកចិត្ត ចំពោះ​ការ​កាត់​សេចក្តី​នេះ ដោយ​លោក​ថា សាលក្រម​នេះ មិន​បាន​ផ្តល់​ភាពយុត្តិធម៌ ឱ្យ​លោក ស៊ុន ចន្ធី ទេ។

តែ​ផ្ទុយ​ទៅវិញ លោក​មើល​ឃើ​ញថា ការ​ផ្តន្ទាទោស​នេះ មាន​ចរិត​នយោបាយ ដោយ​លោក​សំអាង​ថា អ្វីដែល លោក ស៊ុន ចន្ធី មិន​បាន​រិះគន់​រដ្ឋាភិបាល​វា​ជា​សិទ្ធិ​មូលដ្ឋាន ដែល​បាន​ការពារ​ដោយ​រដ្ឋធម្មនុញ្ញ ដែល​ច្បាប់​កំពូល​នេះ បាន​ចង​កាតព្វកិច្ច​រដ្ឋាភិបាល ពីប្រព័ន្ធ​ប្រជាធិបតេយ្យ សេរី​ពហុបក្ស។

លោកថា៖ «មិន​ត្រឹម​តែ​ដាក់​ទោស ពីរឆ្នាំ ហើយ​ដក​សិទ្ធិ​របស់​គាត់​មិន​ឲ្យ​បោះ​ឆ្នោត​ មិន​ឲ្យ​ឈរ​ឈ្មោះ​បោះ​ឆ្នោត​ យល់​ឃើញ​ថា​វា​ធ្ងន់ធ្ងរ​ បើ​លោក​ពុំមាន​កំហុស​អ្វី​សោះ​ គ្រាន់​តែ​ប្រើ​ប្រាស់​សិទ្ធិ​មូលដ្ឋាន​ត្រូវ​ទទួល​ទោស​ យើង​មាន​ការ​សោក​ស្ដាយ​ហើយ​ការ​សម្រេច បើ​តុលាការ​មិន​ហ៊ាន​ទៅ សម្រេច​តាម​ឥទ្ធិពល​នយោបាយ»

សេចក្តី​សម្រេច​របស់​តុលាការ​នេះ ហាក់​ស៊ីគ្នា​ទៅ​នឹង​សារ​បែកធ្លាយ របស់​ប្រធាន​គណបក្ស​ប្រជាជន លោក ហ៊ុន សែន ដែលធ្លាប់​បញ្ជា​ឱ្យ​បោស​សម្អាត​ក្រុម​សំឡេង​ជំទាស់ ដើម្បី​ទុក​ឱ្យ លោក ហ៊ុន ម៉ាណែត ឈ្នះ​ការ​បោះឆ្នោត នៅឆ្នាំ​២០២៧ និង​២០២៨ ខាងមុខ ទាំង​គ្មាន​គូរ​ប្រកួត។

លោក ហ៊ុន​ សែន៖ «បំបែក​មុខ​ពីឥឡូវ​ទៅ​តែម្ដង​ ដើម្បី​កុំ​ឲ្យ​ពួក​វា​មាន​មូលដ្ឋាន​កសាង​កម្លាំង​យក​មក​ធ្វើ​ជា​សមាជិក​ក្រុមប្រឹក្សា​ឃុំសង្កាត់ នៅ​ការ​​បោះឆ្នោត​ឆ្នាំ ២០២៧ យាយ​រួម​គឺ​គ្រប់​គ្រង​កសាង​កម្លាំង​ពី​ឥឡូវ បំផ្លាញ​កម្លាំង​ពួក​ប្រឆាំង​ កុំ​ឲ្យ​ពួក​ប្រឆាំង​មាន​កម្លាំង​ប្រើ បើ​ហែង​ប្រឆាំង​ងើប​មួយ​វ៉ៃ​មួយ»

មន្ត្រី​សមាគម​ការពារ​សិទ្ធិ​មនុស្ស អាដហុក លោក យី សុខសាន្ត បាន​និយាយ​ថា សេចក្តី​សម្រេច​របស់​តុលាការ​នេះ មាន​ចរិត​នយោបាយ ជាង​ការ​អនុវត្ត​ច្បាប់ ដែល​លោក​ចង់​ឃើញ​ទាំង​តុលាការ និង​រដ្ឋាភិបាល បើ​លំហ​សេរីភាព​ពលរដ្ឋ និង​អ្នក​នយោបាយ​ដូច​មាន​ចែង​ក្នុង​រដ្ឋធម្មនុញ្ញ ដើម្បី​ស្តារ​មុខ​មាត់​កម្ពុជា​ ដែល​កំពុង​តែ​រងការ​ស្តី​បន្ទោស​ពី​សហគមន៍​អន្តរជាតិ។

លោកថា៖«ព្រោះ​ដាក់​ទោស​គាត់ ពីរឆ្នាំ ពិន័យ បួនលាន​រៀល ប៉ុន្តែ​សំខាន់​មួយ​ទៀត​ គឺ​ដក​សិទ្ធិ​ពលរដ្ឋ​ពី​គាត់​មិន​ឲ្យ​គាត់​ចូល​រួម​បោះឆ្នោត និង​ឈរឈ្មោះឲ្យគេបោះ​ឆ្នោត​ហ្នឹង​រយៈ​ពេល​គណៈ​អចិន្ត្រៃយ៍​អ៊ីចឹង​មាន​ន័យថា​ដាក់​ទណ្ឌកម្ម​គាត់ មិន​ឲ្យ​ចូល​រួម​ធ្វើ​នយោបាយ​អ៊ីចឹង​រឿងនេះ​មិនមែន​ជា​រឿង​អ្វី​ ដែល​គាត់​បញ្ចេញមតិទៅវាខុសច្បាប់​ទេ គឺ​ជា​រឿង​នយោបាយ​ច្រើន​ជាង»

យ៉ាង​ណា​លោក​បង្ហាញ​ការ​ព្រួយ​បារម្ភថា បើ​គ្មាន​អ្វីកែ​​លម្អ​ទេ បញ្ហានេះ វានឹង​បន្ត​គំរាម​កំហែង​ដល់​ជីវភាព​រស់នៅ​របស់​ពលរដ្ឋ​ និង​វិបត្តិ​សង្គម​ផ្សេង​ទៀត ដែល​សង្គម​ស៊ីវិល​មិន​ចង់​ឃើញ។

លោកថា៖ «លំហ​រឹត​ត្បិត​សម្រាប់​អ្នក​នយោបាយ​នេះ វា​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ប្រទេសជាតិ​យើង​ដែល​សព្វថ្ងៃ​ គេ​កំ​ពុង​តែ​សម្លឹង​មើល​ ដើម្បី​ដាក់​ទណ្ឌកម្ម​បន្ត​ទៀត។ ចំណុច​នេះ​បើ​យក​ល្អ​រដ្ឋាភិបាល​ គួរតែ​បើក​លំហ​សិទ្ធិ​នយោបាយ​ដើម្បី​ឲ្យពលរដ្ឋ​ក៏ដូច​ជា​អ្នក​នយោបាយ​ទាំង​មាន​សិទ្ធិ ហើយ​ការ​បញ្ចេញ​មតិ និង​ធ្វើ​សកម្មភាព​ដោយ​សេរី​តាម​រដ្ឋធម្មនុញ្ញ»

លោក ស៊ុន ចន្ធី ត្រូវ​បាន​ចាប់​ខ្លួន​កាល​ពី​ថ្ងៃ​ទី​៩ ខែ​ឧសភា ឆ្នាំ២០២៤ នៅ​ព្រលាន​យន្តហោះ​អន្តរជាតិ​​ភ្នំពេញ ក្រោយ​លោក​ត្រឡប់​មក​ពី​ប្រទេសជប៉ុន​វិញ ក្នុង​ដំណើរ​ទៅ​ជួប​អ្នក​គាំ​ទ្រ​នៅ​ទីនោះ។

គិត​ត្រឹម​ថ្ងៃទី២៥ ខែធ្នូនេះ លោក ស៊ុន ចន្ធី ជាប់ពន្ធនាគារជិត១ឆ្នាំ​ហើយ ដែល​ការ​ឃុំ​ខ្លួន លោក​រង​ការ​ចោទ​ពី​បទ ញុះញង់​បង្ក​ឱ្យ​មានភាពវឹកវរ​ធ្ងន់ធ្ងរដល់សន្តិសុខសង្គម ខណៈ​ជួប​អ្នក​គាំទ្រ​នៅ​ប្រទេស​ជប៉ុន លោក ស៊ុន ចន្ធី បាន​បញ្ចេញ​មតិ​រិះគន់​រដ្ឋាភិបាល ពីភាព​មិន​ប្រក្រតី​នៃ​ការចែកប័ណ្ណក្រីក្រ និង​អះអាង​ពី​ការ​ធានា​មិន​ឱ្យ​ពលរដ្ឋ ដែល​ជាប់​បំណុល​ធនាគារ ផ្អាក​សង​ត្រឡប់​ទៅ​ម្ចាស់បំណុលរយៈពេល ៥ឆ្នាំ បើ​គណបក្ស​កម្លាំង​ជាតិ​ឈ្នះ​ការ​បោះ​ឆ្នោត​ឆ្នាំ ២០២៨ ខាងមុខ​បាន​ដឹក​នាំប្រ​ទេស។ ការ​លើក​ឡើង​ពី​វិបត្តិ​បំណុល​ពលរដ្ឋ​នេះ ត្រូវ​បាន​មជ្ឈដ្ឋាន​នា​នា​លើក​ឡើង​ថា ជា​ចំនុច​រសើប​របស់​គណបក្ស​កាន់​អំណាច ដែល​មិន​អាច​ធ្វើ​បាន​ជិត ១០ឆ្នាំ ចុង​ក្រោយ​នេះ ដែល​ធ្វើ​ឱ្យ​ពលរដ្ឋ​រាប់​លាន​នាក់​រួម​រឹត​ដោយ​វិបត្តិ​បំណុល  ហើយ​ការ​សន្យាជួយ​ដោះ​បន្ទុក​បំណុល​ពលរដ្ឋ​ អាច​ជា​ការ​គំរាម​អំណាច​គ្រួសារហ៊ុន។

ដោយ៖ កញ្ញា កែវ មរកត

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ