ការកាត់ទោសអតីតឧកញ៉ា ស្រី ស៊ីណា ឱ្យជាប់ពន្ធនាគារ ៣១ឆ្នាំ និងផ្តល់សំណងជាង ២លានដុល្លារ ឱ្យក្រុមគ្រួសារជនរងគ្រោះនោះ ត្រូវគេមើលឃើញថា វាកើតចេញពីសម្ពាធមហាជន មិនមែនផ្តើមចេញពីជំហរឯករាជ្យ របស់ប្រព័ន្ធយុត្តិធម៌ ដូចមេដឹកនាំគ្រួសារហ៊ុនលើកឡើងនោះទេ។
ការលើកឡើងនេះ ក្រោយនាយករដ្ឋមន្រ្តីកម្ពុជា លោក ហ៊ុន ម៉ាណែត នៅថ្ងៃទី២៦ ខែធ្នូនេះ ក្នុងពិធីចែកសញ្ញាបត្រ ដល់និស្សិតសាកលវិទ្យាល័យធនធានមនុស្ស បានកោតសរសើរចំពោះតុលាការ ក្នុ្ងងការកាត់ទោសឧក្រិដ្ឋជន ស្រី ស៊ីណា នេះ។
លោកថា៖ «ជាប់ទោស ៣១ឆ្នាំ ហើយត្រូវបង់សំណង ២លានកន្លះ លើកទីមួយ ហើយដែលសំណងសម្រាប់ជនរងគ្រោះមួយរូប ១គ្រួសារ ១លានដុល្លារ។ ជាការសោកស្ដាយនូវការបាត់បង់ជីវិតរឿងលុយមិនអាចយកជីវិតមនុស្សមកវិញបានទេ ប៉ុន្តែអ្វីដែលការកាត់ក្ដីនេះគឺបង្ហាញអំពីការទទួលខុសត្រូវ និងការអនុវត្តច្បាប់ដោយម៉ឺងម៉ាត់ ហើយជាពិសេស ទោះបីងារជាឧកញ៉ាក៏ដោយ ក៏នៅតែទទួលខុសត្រូវ»។
ការថ្លែងរបស់មេដឹកនាំកម្ពុជានេះ បន្ទាប់ពី សាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី២៣ ខែធ្នូ បានសម្រេចកាត់ទោសអតីតឧកញ៉ា ស្រី ស៊ីណា ឱ្យជាប់ពន្ធនាគារចំនួន ៣១ឆ្នាំ និងសងសំណងដល់ក្រុមគ្រួសារអ្នកស្លាប់ម្នាក់ៗចំនួន ១លានដុល្លារ និងអ្នករបួសម្នាក់ ២០ម៉ឺនដុល្លារ និងម្នាក់ទៀតចំនួន ៣០ម៉ឺនដុល្លារ។
សម្រាប់តំណាងរាស្រ្តគណបក្សសង្រ្គោះជាតិ លោក សួន សូរីដា យល់ឃើញថា ការឈឺឆ្អាលរបស់មហាជន ដែលបញ្ចេញមតិបារម្ភខ្លាចឃាតករមានងារជាឧកញ៉ានេះរួចផុតពីសំណាញ់ច្បាប់ បានក្លាយជាសម្ពាធធ្វើឱ្យប្រព័ន្ធយុត្តិធម៌ ដែលលោកថានៅក្រោមមាត់អ្នកអំណាច ជាពិសេសគ្រួសារហ៊ុននោះ សម្រេចដាក់ទោសកំរិតអតិបរមាបែបនេះ។
ក្នុងន័យនេះ លោកថា បើសម្រាប់ក្រុមសំឡេងជំទាស់វិញ គ្មានទេយុត្តិធ៌ សម្រាប់មន្រ្តីបក្សប្រឆាំង សកម្មជនសង្គម អ្នកការពារបរិស្ថានជាដើម ខណៈរឿងក្តីទូទៅវិញអ្នកមានអំណាច តែងតែឈ្នះក្តីលើតុលាការ រីឯពលរដ្ឋទន់ខ្សោយជាជនរងគ្រោះពីប្រព័ន្ធតុលាការនៅកម្ពុជា។
លោកថា៖ «អ្វីៗដែលជាការដាក់ទោសទណ្ឌលើជន ដែលមានអំណាច មានលុយកាក់ ប្រសិនបើមហាជនខ្មែរមិនផុលផុល ជ្រោមជ្រែង ទាមទាររកយុត្តិធម៌ គឺប្រហែលជាអាចតុលាការស៊ុមគ្រលុំ បង្វែរសំណុំរឿងទៅជា ស្ថានទោសមានទម្ងន់ស្រាលទៅវិញ ដើម្បីបន្ធូរបន្ថយជនជាប់ចោទទាំងនោះ ឱ្យនៅក្រៅសំណាញ់ច្បាប់»។
បន្ថែមលើនេះ លោក សួន សូរីដា ជំរុញឱ្យតុលាការស៊ើបអង្កេត រកប្រភពផ្តល់កាំភ្លើង ឱ្យអតីតឧកញ៉ារូបនេះកាន់កាប់ទាំងខុសច្បាប់ ដើម្បីទប់ស្កាត់គ្រោះថ្នាក់ដល់ពលរដ្ឋស្លូតត្រង់ គំរាមដល់សន្តិសុខសង្គម ប៉ះពាល់ដល់បាត់បង់វិនិយោគទុន និងភ្ញៀវទេសចរជាដើម។
ក្នុងសំណុំរឿងបាញ់សម្លាប់មនុស្សកណ្តាលរាជធានីភ្នំពេញនេះ ត្រូវបានពលរដ្ឋរិះគន់យ៉ាងចាស់ដៃ ក្រោយតុលាការចាត់ទុកថា អតីតឧកញ៉ា ស្រី ស៊ីណា បើកការបាញ់ប្រហារមិនបានគិតទុកជាមុន។
ក្រោយសម្ពាធមហាជននេះ ក្រសួងពាក់ព័ន្ធរបស់គ្រួសារហ៊ុន បានចេញមុនឆ្លើយដាក់គ្នាពីបំណងប្តូរបទចោទលើខ្មាន់កាំភ្លើង ស្រី ស៊ីណា។
ពេលនោះ ក្រសួងយុត្តិធម៌នៅថ្ងៃទី២៣ ខែមិថុនា បានជំរុញឱ្យសាលាដំបូងរាជធានីភ្នំពេញ ស៊ើបអង្កេតដោយម៉ឺងម៉ាត់ លើសំណុំរឿងឃាតកម្មនេះ ខណៈតុលាការថា ករណីនេះជាអំពើឃាតកម្មពុំមានធាតុផ្សំគិតទុកជាមុន។
នៅថ្ងៃដដែល សាលាដំបូងរាជធានីភ្នំពេញ ប្រកាសថា នឹងស្រាវជ្រាវឱ្យបានស៊ីជម្រៅ ហើយបើរកឃើញភស្តុតាងថ្មី ចៅក្រមស៊ើបសួរមានសិទ្ធិកែប្រែបទចោទ។
សេចក្តីប្រកាសរបស់សាលាដំបូងរាជធានីភ្នំពេញ ពេលនោះបញ្ជាក់ថា អំពើឃាតកម្មមិនគិតទុកជាមុន ព្រោះយោងលើលទ្ធផលស៊ើបអង្កេត របស់មន្ត្រីនគរបាលយុត្តិធម៌ និងអយ្យការ។
ការឆ្លើយដាក់គ្នារបស់ស្ថាប័នពាក់ព័ន្ធ ជុំវិញរឿងក្តីនេះ បន្ទាប់ពីមហាជនប្រតិកម្មខ្លាំងៗ ក្នុងនោះរួមមាន លោក ជុំ កុសល ទីប្រឹក្សាលោក ហ៊ុន សែន ក៏បញ្ចេញមតិលើហ្វេសប៊ុកខ្លួន ជំទាស់លើការកាត់ក្តី របស់តុលាការនេះដែរ។
អ្នកប្រើប្រាស់បណ្តាញសង្គមខ្លះទៀត បញ្ចេញមតិថា ការបាញ់ប្រហារនេះ មានភាពព្រៃផ្សៃ ដូចក្នុងកុន ដែលគូរកាត់ទោសឃាតករដាក់គុកអស់មួយជីវិត។
មាត្រា ២០០ នៃក្រមព្រហ្មទណ្ឌ ចែងថា ឃាតកម្មគិតទុកជាមុន ត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារ អស់មួយជីវិត។
នាយកទទួលបន្ទុកកិច្ចការទូទៅនៃអង្គការការពារសិទ្ធិមនុស្ស លីការដូ លោក អ៊ំ សំអាត យល់ថា បើពិនិត្យលើអំពើឃោរឃៅរបស់ឧក្រិដ្ឋជន ស្រី ស៊ីណា គួរតែជាប់ទោសមួយជីវិត។
យ៉ាងណា លោកថា ការសម្រេចរបស់តុលាការ ក្នុងការដាក់ទោសកំរិតអតិបរិមានេះ ឆ្លុះបញ្ចាំងថា ការបញ្ចេញមតិរបស់មហាជន ក្នុងរឿងនេះ ជាផ្នែកមួយយ៉ាងសំខាន់ដើម្បីជំរុញយុត្តិធម៌សង្គម។
លោកថា៖ «ការរិះគន់ និងការបញ្ចេញមតិពីស្រទាប់បងប្អូនប្រជាពលរដ្ឋជាច្រើន ដើម្បីទាមទាររកយុត្តិធម៌ជូនជនរងគ្រោះ នៅក្នុងករណីនេះ។ ក្រោយមកយើងឃើញថាមានប្រតិកម្ម ពីសម្ដេច នាយករដ្ឋមន្ត្រី ថ្នាក់ដឹកនាំ ក៏ដូចជាឯកឧត្តមឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ ទៅលើករណីនេះ។ ក្នុងសង្គមប្រជាធិបតេយ្យសិទ្ធិសេរីភាព ការបញ្ចេញមតិ វាជាមូលដ្ឋានគ្រឹះសម្រាប់លទ្ធិប្រជាធិបតេយ្យ ឲ្យមានការចូលរួមក្នុងការអភិវឌ្ឍប្រទេសជាតិ ការរិះគន់ទៅលើភាពអសកម្មរបស់មន្ត្រី វាជារឿងចាំបាច់ អ៊ីចឹងសេរីភាពការបញ្ចេញមតិ វាជាមូលដ្ឋានគ្រឹះនៅក្នុងលទ្ធិប្រជាធិបតេយ្យ គឺមិនអាចមាន ការរឹតត្បិត ឬក៏ធ្វើឲ្យសេរីភាពទាំងនោះ មានការរួមតូចទេ ចំពោះសេរីភាពក្នុងការបញ្ចេញមតិ»។
បន្ថែមលើនេះ លោកក៏លើកទឹកចិត្តឱ្យសាធារណៈជន បន្តតាមដានរឿងនេះបន្តថែមទៀត ដើម្បីលុបបំបាត់វប្បធម៌ ដែលអាចមាន ករណីបញ្ជូនទៅឱ្យសម្រាកព្យាបាលនៅមន្ទីរពេទ្យ ដូចករណីកន្លងមក។
កន្លងទៅ ឧកញ៉ា ថោង សារ៉ាត់ ត្រូវតុលាការកាត់ទោសអោយជាប់គុកអស់មួយជីវិត ប៉ុន្តែគាត់បានសម្រាកនៅបន្ទប់ VIP នៅមន្ទីរពេទ្យរុស្ស៊ីប្រហែលជាង ៣ឆ្នាំ ក៏ត្រូវតុលាការដោះលែង អោយនៅក្រៅឃុំ។ ដោយឡែកឧកញ៉ា គិត ធាង ដែលជាបងប្រុសរបស់ឧកញ៉ា គិត ម៉េង ត្រូវតុលាការកាត់ទោសអោយជាប់គុក ៤ឆ្នាំ ពាក់ពន្ធ័គ្រឿងញៀន ៥០គីឡូក្រាម ប៉ុន្តែជាប់ឃុំ នៅមន្ទីរពេទ្យរុស្សីប្រហែល ២ឆ្នាំ ក៏ត្រូវតុលាការដោះលែងដែរ។
កាលពីថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៤ អតីតឧកញ៉ា ស្រី ស៊ីណា បានបាញ់សម្លាប់លោក ឡុង លីសុង និងកញ្ញា ឃីន កញ្ចនា ដែលជាគូរដណ្តឹងនឹងគ្នា ដោយសារជម្លោះពាក្យសម្តី រឿងដាក់ស្នួរខោអាវ និងបណ្តាលឱ្យមនុស្សប្រុស ២នាក់ទៀត រងរបួសផងដែរ។
សកម្មភាពបើកការបាញ់ប្រហារ របស់អតីតឧកញ៉ា ស្រី ស៊ីណា ត្រូវបានគេចែកចាយព្រោងព្រាត លើបណ្តាញសង្គម ហើយឃាតកម្មកណ្តាលក្រុងភ្នំពេញនេះ ដែលមានការឃ្លំាំមើលយ៉ាងសកម្ម ពីមហាជននោះ ដោយបារម្ភថា ឃាតករនឹងរួចផុតពីសំណាញ់ច្បាប់។ សម្ពាធពីមហាជននេះ ធ្វើឱ្យមន្ត្រីក្រសួងយុត្តិធម៌ លោក កើត រិទ្ធិ អះអាងដោយចំហថា លោកនឹងចុះចេញពីតំណែង បើឃាតករ ស្រី ស៊ីណា ត្រូវរួចទោសនោះ ហើយលោកក៏បានប្រកាសបញ្ចូលខ្មាន់កាំភ្លើងរូបនេះក្នុងបញ្ជីខ្មៅនៃឧក្រិដ្ឋជនឃោរឃៅផងដែរ៕
ដោយ៖ សែន សច្ចៈ