យុវតី សាក់ កន្និការ

ការដក​ហូត​សេរីភាព និង​សិទ្ធិ​មនុស្ស គឺ​មិនមែន​ជា​រឿង​ពិបាក​យល់​ទេ​នៅ​កម្ពុជា ចាប់​តាំង​ពី​គណបក្ស​ប្រជាជន​បាន​​សម្រេច​រំលាយគណបក្ស​សង្គ្រោះ​ជាតិ​កាល​ពី​ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧ ក្នុង​ទម្រង់​សាល​ដីកា​តុលាការ​កំពូល។

ជាក់ស្តែង ក្រោយ​ពី​ប្រជាពលរដ្ឋ​ខ្មែរ​នៅ​ក្រៅ​ប្រទេស បាន​ធ្វើ​បាតុកម្មជា​បន្តបន្ទាប់ ទាម​ទារ​ឲ្យ​រដ្ឋាភិបាល​ដក​ខ្លួន​​ចេញ​ពី​​កិច្ច​ព្រមព្រៀង CLV លោក ហ៊ុន សែន បាន​បញ្ជា​​រាជរដ្ឋាភិបាល​​ដឹក​​នាំ​ដោយ​គណបក្ស​ប្រជាជនកម្ពុជា ដែល​មាន​លោក ហ៊ុន ម៉ាណែត ជា​នាយករដ្ឋមន្ត្រី​ហាត់​ការ​បាន​ជាង​មួយ​ឆ្នាំ បើក​យុទ្ធនាការ​កំចាត់ ចាប់​ឃាត់​ខ្លួន ឃុំ​ខ្លួន និង​បាន​ដោះលែង​វិញ​មួយ​ចំនួន​ដោយ​មិនទាន់​ឆ្លងកាត់​នីតិវិធី​តុលាការ (សវនាការ) របស់​ព្រះរាជាណាចក្រ​កម្ពុជាទេ។

តាម​របាយការណ៍​ចេញ​ផ្សាយ​ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៤ របស់​អង្គការ​ លីកាដូ បាន​កត់​ត្រា ចំនួន​ពលរដ្ឋ​ខ្មែរ​ជិត ១០០ នាក់ ដែល​ត្រូវបាន​ចាប់ខ្លួន ដែល​ក្នុងនោះ​មាន​ចំនួន ៦០ នាក់ ត្រូវ​បាន​ចោទ​ប្រកាន់ និង​ដាក់​​​ឃុំ​​បណ្តោះ​អាសន្ន ដោយសារ​តែ​ការ​ប្រើប្រាស់​សិទ្ធិ​សម្តែង​មតិ ឬមិន​បាន​សម្តែង​មតិ ពី​គម្រោង CLV-DTA។

មនុស្ស​ជិត ១០០ នាក់​នោះ ត្រូវ​បាន​ដក​ហូត​សិទ្ធិ សេរីភាព ក្នុង​យុទ្ធនាការ​ជា​ប្រព័ន្ធ​របស់​រាជរដ្ឋាភិបាល​របស់​គណបក្ស​ប្រជាជនកម្ពុជា ក្នុង​គោលដៅ​កំចាត់​ក្រុម​យុវជន​ដែល​មាន​មតិ​ជំទាស់ និង​បង្ក្រាប​ក្រុម​គោលដៅ​ជាក់​លាក់ ដោយ​កំណត់​មុខ​សញ្ញា​នានា​ជា​សម្ងាត់ ដោយ​មិនមាន​នីតិវិធី​ច្បាប់​ណា​មួយ​ ត្រូវ​បាន​ប្រកាស​ឡើយ​។ រដ្ឋាភិបាល​គ្រាន់តែ​បាន​ប្រកាស​ជា​សាធារណៈ​ដោយ​ចោទ​ប្រកាន់​ក្រុម​គោលដៅ​ជាក់​លាក់​ទាំង​នោះ​ថា ចង់​ផ្តួល​រំលំ​រាជរដ្ឋាភិបាល​ស្រប​ច្បាប់ និង​តាម​កម្ទេច តាម​កម្ចាត់។

បើ​ទោះ​ជា​យ៉ាងនេះ​ក្តី កន្លង​ទៅ​នេះ រដ្ឋសភា​បាន​បោះឆ្នោត​អនុម័ត​លុប​ចោល​នូវ​កិច្ច​ព្រមព្រៀង​តំបន់​អភិវឌ្ឍន៍​ត្រីកោណ CLV-DTA ក្រោយ​ប្រមុខ​រដ្ឋាភិបាល​បាន​ប្រកាស​ជា​ផ្លូវការ​នៅក្នុង​ការ​លុបចោល​នូវ​កិច្ច​ព្រមព្រៀង​ដ៏​ចម្រូង​ចម្រាស់​មួយ​នេះ​ទៅ​ហើយ។ ដូច្នេះ​សំណួរ​មួយ​ចោទ​ឡើង​ថា «តើ​ពេលណា​រដ្ឋាភិបាល និង​តុលាការ​ដោះលែង​ក្រុម​យុវជន រួមទាំង​អ្នកទោស​មនសិកា​ទាំង​អស់ ដែល​រដ្ឋាភិបាល​បាន​ចាប់​ខ្លួន និងចោទ​ប្រកាន់​ជុំវិញ​បញ្ហា CLV-DTA នេះ?»។

ក្នុងចំណោម​ក្រុម​មនុស្ស​ដែល​ត្រូវ​បាន​ចោទ​ប្រកាន់ និងឃុំ​ខ្លួន​នោះ ក៏​មានយុវតី​សកម្ម​មួយ​រូប​ឈ្មោះ សាក់ កន្និការ ផង​ដែរ។

តើយុវតី សាក់ កន្និការ ជានរណា?

សាក់ កន្និការ មានអាយុ ៣៣ឆ្នាំ ជា​ជំនួយ​ការ​គម្រោង​នៃ​កម្មវិធី​ពង្រឹង​សិទ្ធិ​អំណាច​យុវជន​ដើម្បី​សមធម៌​សង្គម និង​ជា​ពិធីការិនី​សម្រប​សម្រួល​កម្មវិធី​យុវជន ដែល​មាន​ឈ្មោះ​ថា​កម្មវិធី «សំឡេងខ្ញុំ អនាគតខ្ញុំ» របស់​អង្គការ​កម្មវិធី​អភិវឌ្ឍន៍​ធនធាន​យុវជន (YRDP)។ កន្និការ ត្រូវ​បាន​ឃុំខ្លួន កាល​ពីថ្ងៃ១៨ ខែសីហា ឆ្នាំ២០២៤ នាង​ប្រឈម​មុខនឹង​ការ​ជាប់​ពន្ធនាគារ ពី៥ ទៅ១០ឆ្នាំ ពីបទ៖ រួម​គំនិត​ក្បត់ យោង​តាម​ក្រម​ព្រហ្មទណ្ឌ មាត្រា ៤៥៣។

អ្នក​នាង សាក់ កន្និការ បាន​កើត​នៅ​ជំរុំ​ជនភៀស​ខ្លួន​ខ្មែរ សាយធូ លើ​ដែន​ដី​ប្រទេសថៃ។ យុវតី​រូបនេះ បាន​ចូល​ប្រឡូក​ក្នុង​កិច្ចការ​សង្គម​​ ចាប់​ពី​ឆ្នាំ​២០១៣ និង​បាន​បញ្ចប់​បរិញ្ញាបត្រ​អក្សរ​សាស្រ្ត​ខ្មែរ នៅឆ្នាំ២០១៥។ គាត់​បាន​ចូល​បម្រើ​ការ​ជា​មួយ​អង្គការ​យុវជន និង​ជា​បុគ្គល​ដែល​មាន​ភាព​លេច​ធ្លោ និង​សកម្ម​មួយ​រូប។ ក្នុងនោះ គេអាច​ឃើញ​វត្តមាន​របស់ កន្និការ នៅក្នុង​សកម្មភាព​សាធារណៈ​ជាច្រើន​ដូចជា ការស្ម័គ្រ​ចិត្ត​ធ្វើ​ជា​ពិធីការនី​នៅ​ក្នុង​ថ្ងៃ​ទិវាសិទ្ធិ​មនុស្ស ១០ធ្នូ និង​កិច្ច​ព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​ថ្ងៃ២៣ តុលា​ជា​ដើម។

ក្រៅពី​នោះ អ្នកនាង​ក៏​ជា​អ្នក​សម្រប​សម្រួល​កិច្ច​ពិភាក្សា​ នៅ​ក្នុង​សិក្ខាសាលា ជា​ពិធីការនី​វិទ្យុ អ្នក​សម្រប​សម្រួល​ក្រុម​តន្ត្រី​សំឡេង​យុវជន ព្រម​ទាំង​សកម្មភាព​ជួប​ជុំ​ជា​សាធារណៈ​ផ្សេងៗ​ទៀត ដែល​រៀបចំ​ឡើង​ ដោយ​ក្រុម​អង្គការ​សង្គមស៊ីវិល​ ដែល​ធ្វើការ​នៅ​ក្នុង​វិស័យ​សិទ្ធិ​មនុស្ស បរិស្ថាន និងសិទ្ធិ​ការងារ​ផងដែរ។

តើអ្វី​ទៅ​ជា​តម្លៃ​របស់​យុវតី សាក់ កន្និការ?

ក្រៅ​ពីការ​ងា​រ​ជា​បុគ្គលិក​របស់​អង្គការ​កម្ម​វិធី​អភិវឌ្ឍន៍​ធនធាន​យុវជន (YRDP), ជាពិធី​ការនី និង​ជា​អ្នក​សម្រប​សម្រួល​កម្មវិធី​ផ្សាយ​ផ្ទាល់ កិច្ច​ប្រជុំ និង​វេទិការ​នានា​នោះ យុវតី​រូបនេះ គឺជា​យុវជន​សកម្ម និង​លេច​ធ្លោ​ក្នុង​កិច្ចការ​ងារ​ជួយ​សង្គម ពោល​អ្នកនាង​មាន​ភាព​ក្លា​ហាន ហ៊ាន​បញ្ចេញ​មតិ​រិះគន់​ជា​សាធារណៈ​តាម​បណ្ដាញ​សង្គម ទៅ​លើការ​រំលោភ​បំពាន​នានា រួម​ទាំង​ទាមទារ​ឱ្យមាន​ការ​យកចិត្ត​ទុកដាក់​ ដោះ​ស្រាយ​បញ្ហា​របស់​យុវជន សិទ្ធិ​ជា​មូលដ្ឋាន​របស់​ពលរដ្ឋ សិទ្ធិ​សេរីភាព​ក្នុង​ការ​បញ្ចេញ​មតិ និង​ភាព​អយុត្តិធម៌ ដែល​កើត​មាន​ក្នុង​សង្គម​ជា​រឿយៗ ព្រម​ទាំង​ចូលរួម​ ក្នុង​យុទ្ធនាការ​ទាមទារ​ឱ្យ​មាន​ការ​ដោះ​លែង​អ្នកទោស​មនៈសិការ​ផង​ដែរ។

ជាក់​ស្ដែង កាល​ពី​ខែ​កក្កដា ឆ្នាំ​២០២៤ ពោល​គឺ​នៅមុន​ពេល​ត្រូវ​បាន​គេចាប់​ខ្លួន គេ​សង្កេត​ឃើញ កន្និការ បាន​ចែក​រំលែក​សារ និង​បញ្ចេញ​មតិ ជុំវិញ​រឿង​អយុត្តិធម៌​ក្នុង​សង្គម​ជាច្រើន ដូចជា​ករណី​ចាប់​ខ្លួន និ​ងចោទ​ប្រកាន់​ក្រុមយុវជន​ចលនា​មាតាធម្មជាតិ , យុវជន​កិច្ច​ព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស៍​ជាដើម។

សារ​ដែល​គួរឱ្យ​ចាប់​អារម្មណ៍ គឺ​នៅ​ថ្ងៃ​ទី២៤ ខែកក្កដា ឆ្នាំ២០២៤ កន្និការ បាន​បង្ហោះ​សារ​នៅ​លើ​បណ្ដាញ​ទំនាក់​ទំនង​សង្គម​ហ្វេសប៊ុក​របស់​ខ្លួន​ថា «អ្នកណា​មិន​ខ្លាច​ស្លាប់ តែ​បើ​ឱ្យ​រស់​នៅ​ទាំង​វេទនា រស់​មិន​ស្មើ​ស្លាប់ រស់​ឱ្យ​តែ​អ្នក​ជំនាន់​ក្រោយ​ដៀល សុខ​ចិត្ត​ប្តូរ​ស្លាប់​ប្រសើរ​ជាង»។

បន្ទាប់​មក នៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៤ កន្និការ បាន​បង្ហោះ​សារ​មួយ​ទៀត​ថា «ទោះ​ស្ថិត​ក្នុង​កាលៈ​ទេសៈណា​ក៏​ដោយ​ក្នុង​នាម​ជា​យុវជ​ន នៅតែ​ត្រូវការ​ឱកាស និង​ទីតាំង​សម្រាប់ការ​ជជែក មិន​ថា​រឿង​ផ្ទាល់​ខ្លួន ឬសង្គម​ជាតិ។ យើង​មិនគួរ​ដាក់​សម្ពាធ​ខ្លួន​ឱ្យតាន​តឹង​ រហូត​មិន​ហ៊ាន​និយាយ​អ្វី​ដើម្បី​ជា​គន្លឹះ​ដោះ​ស្រាយ​បញ្ហា​នោះ​ទេ។ ពលរដ្ឋ​សកម្ម​គឺ​ជាពលរដ្ឋ​ដែល​ចូល​រួម​ឈឺឆ្អាល រាល់​បញ្ហា​របស់​ប្រទេស​ជាតិ ប្រកប​ដោយ​ទំនួល​ខុស​ត្រូវ និង​ចូលរួម​ជម្រុញលើកទឹកចិត្តអ្នកដទៃ …»។

ក្រោយ​រង​ការ​ចាប់​ខ្លួន និង​ជា​ពិសេស​នៅ​ថ្ងៃ​ខួប​កំណើត​របស់​កន្និការ កាល​ពី​ខែ​វិច្ឆិកា​កន្លង​នេះ គេ​ឃើញ​មាន​សារ​មួយ​ចំនួន អម​ដោយ​រូបភាព​របស់ កន្និការ ដើម្បី​បង្ហាញ​ពី​ការ​គាំទ្រសកម្មភាព​របស់​នាង និង​ទាម​ទារ​ឱ្យ​មាន​ការ​ដោះលែង កន្និការ។

ជា​ឧទាហរណ៍ ទំព័រហ្វេស​ប៊ុក​ឈ្មោះ Mala San បាន​សរសេរ​រៀប​រាប់ អំ​ពី សាច់រឿង​នៃ​ការ​តស៊ូ​របស់សាក់ កន្និការ និង​ស្នើ​ឱ្យ​រដ្ឋាភិបាល និងតុលាការ ពិចារណា​ដោះ​លែង សាក់ កន្និការ និង​អ្នក​ទោស​មនសិកា​ទាំ​ង​អស់ ដែល​រដ្ឋាភិបាល​បានចាប់ខ្លួន និង​ចោទ​ប្រកាន់ ​ជុំវិញ​បញ្ហា CLV-DTA ខណៈ​រដ្ឋសភា​បាន​បោះឆ្នោត​អនុម័ត​ច្បាប់ ​ស្តី​ពីការ​លុបចោល​កិច្ច​ព្រមព្រៀង​តំបន់​អភិវឌ្ឍន៍​ត្រីកោណ CLV-DTA ក្រោយ​ប្រមុខ​រដ្ឋាភិបាល បាន​ប្រកាស​ជាផ្លូវការនៅ​ ក្នុងការ​លុបចោល​នូវ​កិច្ច​ព្រមព្រៀង​ដ៏​ចម្រូង​ចម្រាស់​មួយនេះទៅហើយ។

សរុប​មក យុវតី សាក់ កន្និការ គឺជា​យុវជន​សកម្ម​ក្នុង​កិច្ច​ការងារ​សង្គម​មួយ​រូប ដែល​ហ៊ាន​បញ្ចេញ​មតិ ទាមទារ​ឱ្យ​មាន​ការ​យក​ចិត្ត​ទុកដាក់​លើ​សិទ្ធិ​ជាមូលដ្ឋាន​របស់​ពលរដ្ឋ សិទ្ធ​សេរីភាព​ក្នុង​ការ​បញ្ចេញ​មតិ និង​ភាព​អយុត្តិធម៌ ដែល​កើត​មាន​ក្នុង​សង្គម ដើម្បី​ប្រយោជន៍​រួម បើ​ទោះ​ជា​នាង​ដឹង​ថា ការ​រួម​ចំណែក​នេះ ជា​រឿង​ប្រឈម​នឹង​ការ​ធ្វើ​ទុក្ខ​បុក​ម្នេញ​ ពី​សំណាក់​ក្រុម​ជន​មាន​អំណាច​ក៏​ដោយ​ក្តី។ ការ​ចូលរួម​របស់​គាត់ គឺជា​គំរូ​សម្រាប់​យុវជន យុវនារី​ផ្សេង​ទៀត នូវ​ទឹកចិត្ត និង​ស្មារតី​នៃ​ការ​ខ្វល់ខ្វាយ​ពី​សង្គម សម្រាប់​ទាំង​អស់​គ្នា ជា​ជាង​គិត​តែ​ពី​ប្រយោជន៍​ផ្ទាល់​ខ្លួន។ ក្រោយ​ស្តាប់​រឿង​របស់ យុវតី សាក់ កន្និការ, តើ​អ្នក​យល់​យ៉ាងណា​ចំពោះ​ការ​លះ​បង់​របស់​គាត់? ហើយ​តើ​អ្នក​គិត​ថា អាច​រួម​ចំណែក​អ្វី​ខ្លះ​ដើម្បី​ជា​ប្រយោជន៍​ដល់​សង្គម និងអ្នក​ជំនាន់​ក្រោយ?

ដោយ៖ កញ្ញា អ៊ីន រចនា

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ