គិតមកដល់ចុងឆ្នាំ២០២៤ នេះ មានរយៈពេលជិត ១០ឆ្នាំ មកហើយ ដែលសេចក្តីព្រាងច្បាប់ស្តីពីសិទ្ធិទទួលព័ត៌មាន នៅមិនទាន់បញ្ចប់ និងបញ្ជូនទៅរដ្ឋសភាពិនិត្យ និងអនុម័តនៅឡើយ។
សេចក្តីព្រាងច្បាប់ស្តីពីសិទិ្ធទទួលព័ត៌មាន ត្រូវបានរៀបចំឡើងតាំងពីឆ្នាំ២០១៥ និងមានការពិភាក្សាផ្លាស់ប្តូរយោបល់ជាច្រើនលើក ច្រើនសារ រវាងភាគីពាក់ព័ន្ធ តែនៅមិនអាចធ្វើឱ្យវាក្លាយជាច្បាប់បាន ស្របពេលមានចំណុចជាច្រើនដែលត្រូវកែសម្រួល ក្នុងនោះមានការលើកសំណើ ពីភាគីសង្គមស៊ីវិល ឱ្យទម្លាក់ចោលមាត្រា ១៥.៤ ដែលចែងអំពីការលុបចោលអត្ថបទចេញផ្សាយរួច និងការដកចេញចំណុចទី៧ នៃមាត្រា២០ ដែលចែងអំពីព័ត៌មានសម្ងាត់ជាដើម។
កាលពីឆ្នាំមុន អតីតនាយករដ្ឋមន្ត្រី លោក ហ៊ុន សែន បានសន្យាថា សេចក្ដីព្រាងច្បាប់ស្តីពីសិទ្ធិទទួលព័ត៌មាន ឬហៅកាត់ថា A2I នឹងត្រូវអនុម័តនៅក្រោយការបោះឆ្នោតអាណត្តិទី៧ នេះរួច ឬយូរបំផុតនៅត្រឹមឆ្នាំ២០២៥។ ចំណែកព័ត៌មានស្ដីពីការប្ដេជ្ញាចិត្ត របស់ក្រសួងព័ត៌មាន នៅក្នុងរបាយការណ៍សង្ខេបការងារឆ្នាំ២០២៣ និងទិសដៅការងារ របស់ក្រសួងឆ្នាំ២០២៤ ក៏បានសរសេរអំពី «បញ្ចប់នូវសេចក្ដីព្រាងច្បាប់ស្ដីពី សិទ្ធិទទួលព័ត៌មាន ដែលកំពុងស្ថិតនៅក្នុងដែនសមត្ថកិច្ចពិនិត្យ របស់ក្រសួងយុត្តិធម៌» នៅក្នុងទំព័រចុងក្រោយបំផុតនៃរបាយការណ៍នោះដែរ។
តើអ្វីទៅជាសិទ្ធិទទួលព័ត៌មាន? បើតាមគេហទំព័រ Sithy.org សិទ្ធិទទួលព័ត៌មាន គឺជាផ្នែកមួយនៃសេរីភាពខាងបញ្ចេញមតិ ហើយក៏ជាលទ្ធភាព ក្នុងការស្វែងរក ការទទួល និងការផ្សព្វផ្សាយព័ត៌មានប្រកបដោយប្រសិទ្ធិភាព។ សិទ្ធិក្នុងការស្វែងរកព័ត៌មាន ជាសិទ្ធិរបស់បុគ្គលគ្រប់រូប ក្នុងការទទួលបានព័ត៌មានទូទៅ និងព័ត៌មានដែលទាក់ទងនឹងផលប្រយោជន៍សាធារណៈ ដែលអាចជាចំណែកក្នុងការជជែកពិភាក្សាជាសាធារណៈ។ សិទ្ធិក្នុងការទទួលព័ត៌មាន ជាក់ស្តែងមិនមែនត្រឹមតែសាធារណជនទទួលខុសត្រូវ ក្នុងការស្នើសុំព័ត៌មានប៉ុណ្ណោះទេ ប៉ុន្តែស្ថាប័នរដ្ឋផ្ទាល់ទៀតសោធ ត្រូវតែសកម្មក្នុងការផ្សព្វផ្សាយព័ត៌មាន ឱ្យទូលំទូលាយទាក់ទងនឹងផលប្រយោជន៍សាធារណៈ។
ចំណែកការព្វកិច្ច របស់រដ្ឋចំពោះសិទ្ធិទទួលបានព័ត៌មាន បើតាមមាត្រា ១៩ នៃកតិកាសញ្ញាស្តីពីសិទ្ធិពលរដ្ឋ និងសិទ្ធិនយោបាយ តម្រូវឱ្យរដ្ឋភាគី គួរតែសកម្មក្នុងការដាក់បញ្ចូលជាសាធារណៈ នូវព័ត៌មានរបស់រដ្ឋាភិបាលដែលជាផលប្រយោជន៍សាធារណៈ និងធានាបាននូវភាពងាយស្រួល រហ័ស មានប្រសិទ្ធិភាព ក្នុងការទទួលព័ត៌មានទាំងនោះ។
ចំពោះស្ថាប័នរដ្ឋក្រោមមាត្រា ៨ និងមាត្រា ៩ នៃសេចក្តីព្រាងច្បាប់ ស្តីពីសិទ្ធិទទួលព័ត៌មាន ត្រូវអនុវត្តកាតព្វកិច្ចមួយចំនួន ដើម្បីសម្រួលដល់ការទទួលព័ត៌មាន ក្នុងនោះមានការបង្កើតការិយាល័យព័ត៌មាននៅតាមស្ថាប័នរដ្ឋនីមួយៗទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ បណ្តុះបណ្តាលមន្ត្រីដែលទទួលបន្ទុកព័ត៌មាន ឱ្យមានសមត្ថភាពជំនាញអំពីសិទ្ធិទទួលព័ត៌មាន ជំរុញអង្គភាពជំនាញចំណុះឱ្យស្ថាប័នសាម៉ី ត្រូវសហការទទួលខុសត្រូវ ក្នុងការស្រាវជ្រាវ និងផ្តល់ព័ត៌មានដល់អ្នកស្នើសុំ ជួយសម្រួលដល់បុគ្កលគ្រប់រូប ដែលស្នើសុំព័ត៌មាន និងផ្តល់ជូននូវរាល់ព័ត៌មាន ដែលបានស្នើសុំទាំងអស់ដល់សាធារណជន។
អង្គការសង្គមស៊ីវិលចំនួន ១៨ស្ថាប័ន កាលពីចុងខែកញ្ញា ឆ្នាំ២០២៤ កន្លងទៅនេះ បានស្នើដល់រដ្ឋាភិបាលកម្ពុជា និងស្ថាប័នសភាជាតិ ពន្លឿនការអនុម័តច្បាប់ ស្តីពីសិទ្ធិទទួលព័ត៌មានដែលជាប់គាំងអស់ជាច្រើនឆ្នាំនេះ ដោយថា សេចក្តីព្រាងច្បាប់នេះ មានប្រយោជន៍ដល់ការទទួលបានព័ត៌មាន របស់ប្រជាពលរដ្ឋជាម្ចាស់ឆ្នោតជាចាំបាច់។
បន្ទាប់ពីជាងមួយទស្សវត្សន៍ ចាប់តាំងពីការតាក់តែងសេចក្តីព្រាងច្បាប់ដ៏សំខាន់នេះ ប្រជាពលរដ្ឋនៅមានកង្វល់អំពីការទទួលបានព័ត៌មានជាសាធារណៈនៅឡើយ ព្រោះទាំងរដ្ឋបាលថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ នៅមានភាពស្ទាក់ស្ទើរ ក្នុងការបើកចំហ ឬផ្សព្វផ្សាយព័ត៌មានមួយចំនួនដោយសារខ្វះធនធាន និងសមត្ថភាពមានកម្រិត បើទោះបីជាគោលការណ៍អន្តរជាតិ និងជាតិ អំពាវនាវឱ្យរដ្ឋបាលសាធារណៈយកចិត្តទុកដាក់ក្នុងការបំពេញតួនាទី និងការទទួលខុសត្រូវរបស់ខ្លួន ក្នុងការបើកចំហព័ត៌មានក៏ដោយ។
បើតាមសង្គមស៊ីវិលទាំងនោះ នៅក្នុងប្រទេសជាតិដែលទំនើប និងជាពិសេសប្រទេសដែលប្រាថ្នាចង់ក្លាយខ្លួនជាប្រទេសអភិវឌ្ឍន៍ ដែលមានចំនូលមធ្យម ព័ត៌មានសាធារណៈគឺជាគន្លឹះមួយនៃភាពជោគជ័យ ខណៈប្រជាជនត្រូវការព័ត៌មានដើម្បីតាមដានការងាររបស់តំណាងរបស់ខ្លួននៅគ្រប់កម្រិត ហើយវិស័យឯកជនត្រូវការព័ត៌មានដើម្បីបង្កើតយុទ្ធសាស្ត្រអាជីវកម្ម សេចក្តីព្រាងផែនការរយៈពេលវែង និងធ្វើការសម្រេចចិត្តទាក់ទងនឹងការវិនិយោគ។ ប្រសិនបើមិនមានតម្លាភាព និងការទទួលបានឯកសារ ថវិកា កិច្ចសន្យាសាធារណៈ និងទិន្នន័យហិរញ្ញវត្ថុ ដែលរឹងម៉ាំទេ នោះមិនមានក្រុមហ៊ុនបរទេស ឬក្នុងស្រុកណាមួយ មិនថាក្រុមហ៊ុនខ្នាតតូច ធម្យម ឬខ្នាតធំ ពិបាកក្នុងការសម្រេចចិត្តផ្នែកធនធានក្នុងការវិនិយោគ សម្រាប់ការរីកចម្រើនរបស់ប្រទេសកម្ពុជានោះឡើយ។
នៅកម្ពុជា ប្រព័ន្ធផ្សព្វផ្សាយព័ត៌មានក្នុងស្រុកមួយចំនួន ក៏មិនសូវមានសេរីភាពក្នុងការរាយការណ៍ព័ត៌មានដែលងាយប៉ះពាល់ដូចដែលប្រព័ន្ធផ្សព្វផ្សាយព័ត៌មានបរទេសរាយការណ៍នោះទេ ដោយសារភាពងាយរងគ្រោះរបស់អ្នកទាំងនោះ ពីការគំរាមកំហែងដោយប្រព័ន្ធតុលាការនៅក្នុងស្រុក ដែលនេះអាចធ្វើឱ្យមានការត្រួតពិនិត្យចាប់ពិរុទ្ធដោយខ្លួនឯង។ ម្ចាស់ប្រព័ន្ធផ្សព្វផ្សាយព័ត៌មានក្នុងស្រុកមួយចំនួន ត្រូវបានគ្រប់គ្រងដោយគណបក្សកាន់អំណាច ហើយបណ្តាញទូរទស្សន៍ ត្រូវបានគ្រប់គ្រង ដោយគណបក្សកាន់អំណាច។
រដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា មាត្រា ៤១ ចែងថា ប្រជាពលរដ្ឋខ្មែរមានសេរីភាពខាងការបញ្ចេញមតិរបស់ខ្លួន សេរីភាពខាងសារព័ត៌មាន សេរីភាពខាងការបោះពុម្ភផ្សាយ សេរីភាពខាងការប្រជុំ។ ជនណាក៏ដោយ មិនអាចឆ្លៀតប្រើសិទ្ធិនេះដោយរំលោភ នាំឱ្យប៉ះពាល់ដល់កិត្តិយសរបស់អ្នកដទៃ ដល់ទំនៀមទំលាប់ល្អរបស់សង្គម ដល់សណ្តាប់ធ្នាប់សាធារណៈ និងដល់សន្តិសុខជាតិបានឡើយ។ របបសារព័ត៌មាន ត្រូវរៀបចំឡើងដោយច្បាប់។
កន្លងមកថ្មីៗនេះ រាជរដ្ឋាភិបាល បានបើកចំហទិន្នន័យទាក់ទងនឹងគម្រោងអភិវឌ្ឍថ្នាក់ជាតិមួយចំនួន ដែលជាការរួមចំណែក ដ៏សំខាន់ក្នុងការលើកកម្ពស់សិទ្ធិទទួលព័ត៌មាននៅកម្ពុជា។ ទោះជាយ៉ាងណា ដំណើរការនៃការផ្តល់ និងទទួលព័ត៌មានសាធារណៈផ្សេងៗទៀតនៅមានកម្រិតនៅឡើយ ដែលប៉ះពាល់ជាយថាហេតុដល់សិទ្ធិ និងផលប្រយោជន៍នានារបស់ប្រជាពលរដ្ឋ ជាពិសេសលើបញ្ហាសំខាន់ៗដូចជា គម្រោងអភិវឌ្ឍន៍ធំៗ កិច្ចសន្យាលទ្ធកម្មសាធារណៈជាតិ ក៏ដូចជាសម្បទានដីសេដ្ឋកិច្ច បញ្ហាដីធ្លី និងការបណ្តេញចេញដោយបង្ខំ និងជម្លោះផ្សេងទៀតដែលពាក់ព័ន្ធដោយផ្ទាល់លើសិទ្ធ និងសុខមាលភាពរបស់ប្រជាពលរដ្ឋ។
កាលពីដើមឆ្នាំ២០២៤ នេះ សេចក្តីព្រាងច្បាប់ស្តីពីសិទ្ធិទទួលព័ត៌មាន បាននឹងកំពុងស្ថិតនៅក្រោមការត្រួតពិនិត្យ របស់ក្រសួងយុត្តិធម៌ មុនពេលសេចក្តីព្រាងច្បាប់នេះត្រូវបញ្ជូនទៅគណៈរដ្ឋមន្ត្រីរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ធ្វើការពិនិត្យ ផ្តល់យោបល់ រួចបញ្ជូនទៅរដ្ឋសភាដើម្បីអនុម័ត។ តែយ៉ាងណា មកដល់ចុងឆ្នាំ២០២៤ នេះគេនៅមិនទាន់ទទួលបានព័ត៌មានថ្មី ជុំវិញការវិវឌ្ឍពាក់ព័ន្ធនឹងសេចក្តីព្រាងច្បាប់នេះនៅឡើយ។
នាយកប្រតិបត្តិ នៃសមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា ឬហៅកាត់ថា ខេមបូចា លោក ណុប វី ប្រាប់វីអូអេ នាពេលថ្មីៗនេះថា សេចក្តីព្រាងច្បាប់ស្តីពីសិទិ្ធទទួលព័ត៌មាន មានភាពខុសគ្នាពីច្បាប់ស្តីពីរបបសារព័ត៌មាន ពាក់ព័ន្ធនឹងសិទ្ធិទទួលបានព័ត៌មានរបស់ប្រជាពលរដ្ឋ។ លោកយល់ថា បើសិនសេចក្តីព្រាងនេះបានក្លាយជាច្បាប់ នោះវានឹងរួមចំណែកដល់ការកសាងប្រជាធិបតេយ្យនៅកម្ពុជា។
លោកពន្យល់ថា សេចក្តីព្រាងច្បាប់នេះ ជាច្បាប់មួយដែលប្រជាពលរដ្ឋទូទៅអាចមានសិទ្ធិស្នើសុំព័ត៌មានពីស្ថាប័នសាធារណៈរបស់រដ្ឋ ហើយការស្នើសុំព័ត៌មាននោះមានការចែងអំពីគោលការណ៍ នីតិវិធីច្បាស់លាស់ ចែងអំពីការទទួលខុសត្រូវរបស់មន្ត្រីទទួលបន្ទុក ផ្នែកព័ត៌មានរបស់ស្ថាប័នរដ្ឋ ដែលត្រូវផ្តល់ព័ត៌មាន និងនីតិវិធីផ្សេងៗទៀត ដូច្នេះវាមានភាពលម្អិត ហើយវាមានប្រយោជន៍សម្រាប់ឱ្យប្រជាពលរដ្ឋចូលរួមនៅក្នុងដំណើរការប្រជាធិបតេយ្យនៅក្នុងសង្គម។
ចំណែក នាយកផ្នែកតស៊ូមតិ នៃមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា លោក សួន យុធ្យា បានប្រាប់ប្រភពដដែលនោះដែរថា ក្រសួងយុត្តិធម៌ត្រូវពិនិត្យឱ្យបានល្អិតល្អន់ លើសេចក្តីព្រាងច្បាប់ស្តីពីសិទ្ធិទទួលព័ត៌មាននេះ ហើយត្រូវពិចារណាដាក់បញ្ចូលមតិយោបល់ របស់អង្គការសង្គមស៊ីវិល ដើម្បីធានាថា សេចក្តីព្រាងនេះនឹងត្រូវអនុម័តឱ្យទៅជាច្បាប់ ដោយមានការគោរពតាមបទដ្ឋានសិទ្ធិមនុស្សជាតិ និងអន្តរជាតិ។ លោកបន្តថា សេចក្តីព្រាងច្បាប់នេះ មានសារៈសំខាន់ដល់ការឆ្លើយតបនឹងចំណុចអវិជ្ជមានមួយចំនួន ដូចជា អំពើពុករលួយ និងបង្កើនគណនេយ្យភាពនៃការដឹកនាំរដ្ឋ។
សេចក្តីព្រាងច្បាប់នេះនៅពេលអនុម័ត នឹងអាចដាក់សម្ពាធឱ្យស្ថាប័នរដ្ឋបញ្ចេញព័ត៌មាន និងទិន្នន័យកាន់តែច្រើនដល់សាធារណជន ហើយពលរដ្ឋ និងអ្នកសារព័ត៌មាន អាចស្នើសុំព័ត៌មាន ពីស្ថាប័នទាំងនោះ ខណៈបច្ចុប្បន្ន ការផ្តល់ទិន្នន័យ និងការបញ្ចេញព័ត៌មានពីសំណាក់ស្ថាប័នរដ្ឋ ត្រូវបានអ្នកតាមដានមើលឃើញថា នៅមានលក្ខណៈរឹតត្បិតនៅឡើយ។
ក្នុងទិវាសិទ្ធិទទួលព័ត៌មានជាសកលឆ្នាំ២០២៤ ក្រុមការងារសិទ្ធិទទួលព័ត៌មាន នៃអង្គការសង្គមស៊ីវិល បានស្នើដល់រដ្ឋាភិបាល ដឹកនាំដោយលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ពន្លឿនការអនុម័តច្បាប់ស្តីពីសិទ្ធិទទួលព័ត៌មាន ដែលស្របតាមបទដ្ឋានអន្តរជាតិក្នុងឆ្នាំ២០២៤ ឬយ៉ាងយូរត្រឹមឆ្នាំ២០២៥ ដោយបញ្ជាក់ឱ្យបានច្បាស់ អំពីព័ត៌មានណាខ្លះជាប្រភេទព័ត៌មានសម្ងាត់ក្នុងសេចក្តីព្រាងច្បាប់នេះ។
ពួកគេក៏បានស្នើដល់រដ្ឋាភិបាល ណែនាំដល់ក្រសួង មន្ទីរ និងអង្គភាពនានារបស់រដ្ឋ បើកចំហព័ត៌មានសាធារណៈឱ្យបានទូលំទូលាយ ជាពិសេសតម្លៃសេវាកម្ម នីតិវិធីក្នុងការទទួលបានសេវាសាធារណៈ និងពេលវេលាកំណត់ដោយច្បាប់នៅកម្រិតថ្នាក់ជាតិ ព័ត៌មានសេដ្ឋកិច្ច និងការវិនិយោគ កិច្ចសន្យាដីសម្បទានសេដ្ឋកិច្ច គម្រោងអភិវឌ្ឍន៍ធំៗ គម្រោងលទ្ធកម្មសាធារណៈថ្នាក់ជាតិ បញ្ហាដីធ្លី ការបណ្តេញចេញដោយបង្ខំ និងវិវាទដ៏ទៃទៀត។ ក្រុមអង្គការសង្គមស៊ីវិលទាំងនោះ បន្តស្នើឱ្យពង្រឹង និងបង្កើតនូវយន្តការទាំងឡាយ ជាពិសេសយកចិត្តទុកដាក់លើការផ្សព្វផ្សាយ តាមប្រព័ន្ធផ្សព្វផ្សាយគ្រប់ប្រភេទ ដើម្បីធានាថាប្រជាពលរដ្ឋ ក្រុមយុវជន ជនមានពិការភាព និងជនជាតិដើមភាគតិចទទួលបាននូវព័ត៌មានពេញលេញ ផ្តល់កិច្ចការពារចំពោះប្រជាពលរដ្ឋគ្រប់រូប ដែលបានបង្ហាញ និងចែកចាយព័ត៌មានពិតប្រាកដ ឬព័ត៌មានទាំងឡាយណាដែលបម្រើដល់ប្រយោជន៍សាធារណៈ ផ្សព្វផ្សាយឱ្យបានទូលំទូលាយអំពីសិទ្ធិទទួលព័ត៌មាន និងបង្កើតឱ្យមានបរិយាកាសកាន់តែប្រសើរឡើងសម្រាប់ការចូលរួមរបស់ប្រជាពលរដ្ឋ ជាពិសេសយុវជនក្នុងដំណើការអភិវឌ្ឍប្រទេសកម្ពុជា៕