កោះ​គុត​ជា​របស់​ខ្មែរ​បើ​តាម​ក្រឹត្យ​ស្តី​ពី​ការ​កំណត់​ព្រំដែន​សមុទ្រ​ឆ្នាំ​១៩៨២

ជា​ការ​ឆ្លើយ​តប​ទៅ​នឹង​គ្រួសារ​ហ៊ុន​ ដែល​មិន​ព្រម​ប្រើ​យន្តការ​​អន្តរជាតិ  ដើម្បី​បុព្វ​ហេតុ​ទឹក​ដី ទាម​ទារ​កោះ​គុត ពី​ភាគី​ថៃ​វិញ​នោះ អ្នកមាន​បទ​ពិ​សោ​​ធន៍​កិច្ចការ​ព្រំដែន បាន​បង្ហាញ​ភស្តុតាង​ថ្មី​មួយ​ទៀត ដែល​បន្សល់​ទុក​ពី​ស​ម័យ​រ​​ដ្ឋ​កម្ពុជា​ ដោយ​បញ្ជាក់​ថា​កោះ​គុត​ជា​របស់​ខ្មែរ។

ការ​បញ្ចេញ​ឯកសារ​ជា​បន្ត​បន្ទាប់​ របស់​អ្នក​មាន​បទ​ពិសោធន៍​ខាង​ព្រំដែន​នេះ ខណៈ​មេ​ដឹកនាំ​គ្រួសារ​ហ៊ុន ដែល​កំពុង​គ្រប់គ្រង​អំណាច​ជាង ៤ទស្សវត្ស នៅ​រក្សា​ភាព​ស្ងៀម​ស្ងាត់ មិន​ប្តឹង​ថៃ ទៅ​តុលាការ​អន្តរជាតិ ដើម្បី​ទាមទារ​ចំណែក​កោះ​គុត ដែល​ថៃ​កំពុង​គ្រប់គ្រង​ទាំង​ស្រុង។

ប្រធាន​ក្រុម​ឃ្លាំ​មើល​កម្ពុជា លោក ម៉ែន ណាត នៅ​ថ្ងៃទី​២៧ ខែ​ធ្នូនេះ បាន​បង្ហោះ​ឯកសារ​ថ្មី​មួយ​ទៀត ដោយ​បញ្ជាក់​ថា តាម​ក្រឹត្យ​របស់ លោក ហេង សំរិន ឆ្នាំ​១៩៨២ បញ្ជាក់​ថា កោះគុត នៅ​ជា​របស់​កម្ពុជា​នៅ​ឡើយ។

ប្រភព​បន្ត​ថា តាម​ផែន​ទី​ភ្ជាប់​ក្រឹត្យ​ឆ្នាំ១៩៨២ បង្ហាញ​ថា ព្រំដែន​សមុទ្រ​កម្ពុជា-ថៃ គឺ​ចេញ​ពី​បង្គោល​ព្រំដែន​នៅ​លើ​ឆ្នេរ រត់​ត្រង់​ទៅ​ចំណុច​ខ្ពស់​បំផុត​នៅ​លើ កោះគុត

លោក​សង្កត់​ធ្ងន់​ថា ក្រឹត្យ​ស្តី​ពីការ​កំណត់​តំបន់​សមុទ្រ​ទាំង​អស់ និង​ខ្ពង់​រាប​បាត​សមុទ្រ ឆ្នាំ១៩៨២ នេះ បាន​ចុះ​ហត្ថលេខា ដោយ​លោក ហេង សំរិន។

សម្រាប់​លោក ម៉ែន ណាត បើ​យោង​លើ​ឯកសារ នា​សម័យ​បារាំង សម័យ​សង្គម​រាស្រ្ត​និយម សម័យ​លន់ នល់ សម័យ​ប៉ុល​​ ពត សម័យ លោក ហេង សំរិន នាឆ្នាំ១៩៨២ បញ្ជាក់​ថា កោះ​គុត​ជា​របស់​ខ្មែរ។

លោក ម៉ែន ណាត គូស​បញ្ជាក់​ថា កោះគុត ទើប​តែ​ឃើញ​កាត់​ឆ្វៀល​ចេញ នៅ​ក្នុង​ផែន​ទី​ភ្ជាប់​អនុសារណៈ នៃ​ការ​យោគ​យល់​ឆ្នាំ២០០១ ដែល​លោក សុខ អាន បាន​ស៊ីញ៉េ​តាម​បញ្ជា របស់​លោក​ ហ៊ុន សែន កាត់​ទៅ​ឱ្យ​ថៃ​គ្រប់​គ្រង។

ចំណែក តំណាង​រាស្រ្ត​បក្ស​សង្រ្គោះ​ជាតិ លោក អ៊ុំ សំអាន ធ្លាប់​បង្ហោះ​សារ​ណា របស់​បណ្ឌិត ហង់ជួន ណារ៉ុន ដែល​បច្ចុប្បន្ន​ជា​រដ្ឋមន្ត្រី​ក្រសួង​អប់រំ យុវជន​ និង​កីឡា។

បើតាម​សារណា​នោះ​បញ្ជាក់​ថា កោះ​គុត​ជា​របស់​កម្ពុជា។ ដែល​សារណា​របស់​បណ្ឌិត ហង់ជួន ណារ៉ុន សរសេរ​ថា «តាម​សន្ធិ​សញ្ញាបារាំង-សៀមឆ្នាំ១៩០៧ និង​ពិធី​សារ​ជា​ឧបសម្ពន្ធ័ គណៈ​កម្មការ​ព្រំដែន​បាន​កំណត់​ព្រំដែន​សមុទ្រ រវាង​សៀម និង​ឥណ្ឌូ​ចិន​បារាំង(កម្ពុជា) ដោយខ្សែ​បន្ទាត់​មួយ​ភ្ជាប់​កំពូល​ខ្ពស់​ជាងគេ​ របស់​កោះ​គុត ទៅ​នឹង​ចំណុច​មួយ​នៃ​តំបន់​ឆ្នេរ​ ដែល​ស្ថិត​នៅ​ទល់​មុខ​កោះគុត»។

ដោយ​ក្នុង​សារណា​នោះ បញ្ជាក់​ថា​កំពូល​ខ្ពស់​ជាង​គេ​ នៃ​កោះ​គុត កម្ពុជា​ទទួល​បាន​យ៉ាង​ហោច​ណាស់​ពាក់​កណ្តាល​នៃ​កោះ​គុត បើ​តាម​សារណា​របស់​បណ្ឌិត ហង់ជួន ណារ៉ុន ឆ្នាំ​សិក្សា ២០១០-២០១២។

វត្ថុ​តាង​រឹង​មួយ​ទៀត ដែល​បាន​បញ្ជាក់​ថា កម្ពុជា​ជា​ម្ចាស់​កម្មសិទ្ធិ​កោះ​គុត​ដែរ​នោះ គឺ​និក្ខេបទ​ថ្នាក់​បណ្ឌិត​ របស់​សម្តេច​ក្រុម​ព្រះ នរោត្តម រណប្ញទ្ធិ។

ក្នុង​និក្ខេបទ​ថ្នាក់​បណ្ឌិត របស់​សម្តេច​ក្រុមព្រះ នរោត្តម រណប្ញទ្ធិ បញ្ជាក់​ថា កោះ​គុត​យ៉ាង​ហោច​ពាក់​កណ្តាល​ជា​របស់​កម្ពុជា។

ដោយ​យោង​តាមផែន​ទី ទី១ ជា​ផែន​ទី​ឧបសម័ន្ធ​ភ្ជាប់​សន្ធិសញ្ញា​បារាំង-សៀម ឆ្នាំ១៩០៧ និង​ផែន​ទី​ ទី២ គឺ​ជា​ផែន​ទី​សម័យ​សង្គម​រាស្រ្ត​និយម (សម័យសីហនុ) ឆ្នាំ១៩៧០ រីឯ​ផែន​ទី ទី៣ គឺ​ជា​ផែន​ទី​សម័យ លន់ នល់​ ឆ្នាំ១៩៧២ កោះ​គុត និង​កោះ​ត្រល់​ក៏​ជា​របស់​ខ្មែរ។

បន្ថែម​ពី​នេះ សៀវភៅ «កម្ពុជា​បាត់​បង់​ទឹក​ដី​ នៅ​ភាគ​ខាង​លិច» របស់​បណ្ឌិត ឥន សុផល បាន​សរសេរ​ថា «បើ​យោង​តាម​និក្ខេបទ​ របស់​ព្រះអង្គ​ម្ចាស់ នរោត្តម រណប្ញទ្ធិ ស្តី​ពី​ព្រំដែន​សមុទ្រ​កម្ពុជា​ សរសេរ​នៅ​ឆ្នាំ១៩៧៦ ព្រះអង្គ​ម្ចាស់​បាន​យោង​ទៅ​លើ​ផែន​ទី​ឧបសម័្ពន្ធ ភ្ជាប់​សន្ធិ​សញ្ញា​បារាំង-សៀម ឆ្នាំ១៩០៧ រួច​បាន​បញ្ជាក់​ថា ខ្សែ​ព្រំដែន​សមុទ្រ​រវាង​កម្ពុជា​ និងថៃ ចេញ​ពី​ចំណុច​ខ្ពស់​បំផុត​នៃ​កោះ​គុត​ តភ្ជាប់​មក​បង្គោល​ព្រំដែន​នៅ​លើ​ឆ្នេរ»។

ដោយ​ក្នុង​សៀវ​ភៅ របស់​បណ្ឌិត ឥន សុផល បាន​សរសេរ​យ៉ាង​ច្បាស់​ថា កោះ​គុត​ជារបស់កម្ពុជា ហើយ​ផែន​ទី​បារាំង ក្នុង​សៀវ​ភៅ​នេះ ក៏​បង្ហាញ​ថា យ៉ាង​ហោច​ណាស់​ពាក់​កណ្តាល​ នៃ​កោះគុត​ជា​របស់​កម្ពុជា។

មួយ​​វិញ​​ទៀត កាល​ពីថ្ងៃទី៦ ខែធ្នូ លោក អ៊ុំ សំអាន ក៏​បាន​បង្ហាញ​សៀវភៅ​ព្រំដែន​ដែល​ចង​ក្រង​ដោយ​អតីត​ប្រធាន​គណៈកម្មាធិការ​ព្រំដែន​កម្ពុជា​នៅ​ប្រទេស​បារាំង លោក ស៊ាន ប៉េងសែ អះ​អាង​ថា យ៉ាង​ហោច​​ណាស់​​ពាក់​កណ្តាល​នៃ​កោះគុត​ជា​របស់​កម្ពុជា។

លោក​បន្ត​ថា សៀវភៅ​នោះ​សរសេរ​ថា «ព្រំ​ប្រទល់​រវាង​ប្រទេស​ឥណ្ឌូចិន(កម្ពុជា) និង​សៀម ចាប់​ផ្តើម​ពី​មាត់​សមុទ្រ ចំ​ត្រង់​ចំណុច​មួយ​នៅ​ពី​មុខ​កោះគុត ហើយកាត់ត្រង់ទៅលើកំពូលខ្ពស់ជាងគេបំផុត»។

ប្រភព​នោះ​សំអាង​ថា លោក ស៊ាន ប៉េងសែ ជា​បីតា​ព្រំដែន​សមុទ្រ​កម្ពុជា និង​ជា​អ្នក​ជំនាញ​ព្រំ​ដែន​ទី២ របស់​កម្ពុជា បន្ទាប់​ពី​បីតា​ព្រំដែន​កម្ពុជា លោក​បណ្ឌិត សារិន ឆាក។

លោក ម៉ែន ណាត ប្រធាន​ក្រុម​ឃ្លាំ​មើល​កម្ពុជា ឱ្យ វីអូឌី ដឹង​ថា ការ​បន្ត​ទម្លាយ​ឯកសារ​ជុំវិញ​កោះគុត​នេះ គឺ​ចង់​ក្រើន​រំឮក​គ្រួសារ​ហ៊ុន និង​ពលរដ្ឋ​ខ្មែរ​ថា​កម្ពុជា​មាន​ឯកសារ​គ្រប់​គ្រាន់ ​បញ្ជាក់ថា​​កោះ​គុត​ជា​របស់​ខ្មែរ។

លោក​បន្ត​ថា ការ​មិន​អើពើ​ សម្ងំ​ស្ងៀម​ មិនប្តឹង​ករណី​កោះ​គុត ទៅ​តុលាការ​អន្តរជាតិ ឆ្លុះ​បញ្ចាំង​ថា មេ​ដឹក​នាំ​គ្រួសារ​ហ៊ុន ជា​មេ​ដឹក​នាំ​កំសាក​ គ្មាន​ឆន្ទៈ​ការពារ​បូរ​ណភាព​ទឹក​ដី រួម​ទាំង​កោះគុត​របស់​ខ្មែរ។

លោកថា៖ «យើង​គាស់​កកាយ ដើម្បី​ជម្រាប​ជូន​ពលរដ្ឋ យើង​ដឹង​តែ​គ្រួសារ​ហ្នឹង ​វា​មាន​ការ​គប់គិត​ជាមួយនឹង​រដ្ឋាភិបាល​ថៃ​ ថាក់ស៊ីន ដែល​ជា​បង​ប្អូន​ធម៌​រួច​ទៅ​ហើយ ហើយ​ថា​មិន​ងាយ​គាស់​កកាយ​ចេញ​ទេ ពី​ព្រោះ​ទំនាក់​ទំនង​គ្រួសារ​ហ្នឹង គឺ​ជិត​ស្និទ្ធ​ណាស់ ហើយ​ជួយ​ការពារ​គ្នា​ទៅ​វិញ​ទៅ​មក​ យើង​ដឹង​អ៊ី​ចឹង​ហើយ​ បាន​ជា​យើង​ព្យាយាម​បញ្ចេញ​ឯកសារ​ យើង​ព្យាយាម​និយាយ​ ហើយ​ជំរុញ​ឱ្យ​ប្រជាពលរដ្ឋ​ខ្មែរ​គ្រប់​ទិសទី និង​ចូល​រួម​ក្នុង​ការ​និយាយ​រឿង​ហ្នឹង​ដូច​គ្នា​ ដើម្បី​ដាក់​សម្ពាធ​ទៅ​រដ្ឋាភិបាល​កម្ពុជា នឹង​ត្រូវ​តែ​យក​ចិត្ត​ទុក​ដាក់​ហើយ​ត្រូវ​តែ​ប្ដឹង​ប្រទេស​ថៃ ហ្នឹង​ទៅ​កាន់​តុលាការ​អន្តរជាតិ»

សម្រាប់​លោក ម៉ែន ណាត អះ​អាង​ថា គ្រួសារ​ហ៊ុ​ន នឹង​ជាប់​ឈ្មោះ​អាក្រក់​ ក្នុង​បញ្ជី​ប្រវត្តិ​សាស្រ្ត​ខ្មែរ ពី​ការ​ធ្វើ​ឱ្យ​បាត់​បង់​ទឹក​ដី​ដូនតា បើ​មិន​ភ្ញាក់​ខ្លួន​ប្តឹង​ទាមទារ​ បូរណភាព​ទឹកដី​ពី​ប្រទេស​ជិត​ខាង​នោះទេ​។

លោក​បារម្ភ​ថា ទឹកដី​កម្ពុជា​នឹង​បាត់​បង់​បន្ថែម​ទៀត​ក្រោម​ស្នាដៃ​គ្រួសារហ៊ុន បើ​ពលរដ្ឋ​ខ្មែរ​ស្នេហា​ជាតិ​ នៅ​តែ​ខ្លាច​រអា​មិន​ហ៊ាន​ងើប​រើ​បម្រះ ទាម​ទារ​ឱ្យ​គ្រួសារ​នេះ​ប្តឹង​ករណី​កោះគុត​ទៅ​តុលាការ​អន្តរជាតិ។

លោកថា៖«លោក ហ៊ុន សែន និងលោក សុខ អាន ជំនាន់​ហ្នឹង រួម​ទាំង​លោក ហ៊ុន ម៉ាណែត បច្ចុប្បន្ន​ហ្នឹង​គប់គិត​គ្នា ចង់​​បោះ​បង់​ចោល​កោះគុត ចឹង​បាន​ជា​យើង​ថា​ដើម្បី​ដោះ​ស្រាយ​បញ្ហា​ហ្នឹង ត្រូវ​ទៅ​ប្ដឹង​ប្រទេសថៃហ្នឹងឯង»

តំណាង​រាស្រ្ត​បក្ស​សង្រ្គោះជាតិ លោក អ៊ុំ សំអាន និយាយ​ថា ការ​បន្ត​គាស់​កកាយ​រឿង​នេះ​ គឺ​ចង់​បញ្ជាក់​ប្រាប់​ពលរដ្ឋ​ឱ្យដឹង​ថា​គ្រួសារហ៊ុន កំពុង​ធ្វើ​នយោបាយ​យក​ទឹកដី​ធ្វើ​ជា​ដើមទុន​ដើម្បី​រក្សា​អំណាច​ផ្តាច់​ការ​របស់​ខ្លួន។

លោក​បន្តថា គ្រួសារ​ហ៊ុន ​គ្មាន​​ឆន្ទៈ​ការពារ​​ទឹកដី​​ដូនតា​​ខ្មែរ​​ទេ គឺពួក​​គេ​ហ៊ាន​​ធ្វើ​គ្រប់​យ៉ាង​ដើម្បីតែ​រក្សា​អំណាច​​ផ្តា​ច់​​ការ​ ត​​ត្រកូល​​របស់​គេ សុខ​ចិត្ត​​យក​​ទឹកដី​​របស់​ដូនតា​ ទៅ​បញ្ចាំ​ឱ្យ​បរទេស​ជិត​ខាង​ជា​ដើម។

លោក​សង្កត់​ធ្ងន់​ថា បញ្ហា​​បូរណភាព​​ទឹកដី​ ​ជា​​អាយុ​ជីវិត​ជាតិ ដែល​​អ្នក​​នយោបាយ​​ត្រូវ​​បង្ហាញ​​តម្លា​ភាព រាល់​​ការ​​កំណត់​​​ខ្សែ​​​បន្ទាត់​​​ព្រំដែន​​​ត្រូវ​​មាន​​ការ​ឯក​ភាព​​ជាតិ ដើម្បី​​បញ្ជាក់​​ថា​​ខ្លួន​​ពិត​​ជា​​ស្នេហា​​ជាតិ​​មាតុភូមិ។

លោកថា៖ «ខ្ញុំ​ព្យាយាម​​​ទម្លាយ​រឿង​​កោះ​​គុត ដោយ​​​សារ​​តែ​ចង់​​ឱ្យ​ប្រជា​ពលរ​ដ្ឋ​​នឹង​យល់​ដឹង​ថាកោះ​គុត ហ្នឹងយ៉ាង​ហោច​ណាស់​ពាក់កណ្តាល ជា​កម្មសិទ្ធិ​​របស់​​កម្ពុជា​​ដែរ ទី១ ហើយ ទី២ ដើម្បី​​ឱ្យ​​ប្រជាពលរដ្ឋ​ហ្នឹង​​ដាក់​សម្ពាធ​ទៅលោក ហ៊ុន ម៉ាណែត ហ្នឹង​ឱ្យ​ទាមទារ​យក​កោះគុត​មក​វិញ​ ហើយ​និង​ប្ដឹង​ថៃ​ទៅកាន់​តុលាការ​អន្តរជាតិ​ ដើម្បី​ទាមទារ​យក​កោះ​គុត​មក​វិញ ទី៣ គឺ​ខ្ញុំ​ព្យាយាម​ដើម្បី​ទម្លាយ​រឿង​កោះគុត​នេះ​ ដើម្បី​កុំ​ឱ្យ​ត្រកូល​ហ៊ុន និង​ជា​ពិសេស​លោក ហ៊ុន ម៉ាណែត ហ្នឹង​អាច​កុហក​ប្រជាពលរដ្ឋ​ខ្មែរ​បោក​ប្រាស់​ប្រជាពលរដ្ឋ​ខ្មែរ​ ក៏​គាត់​មិន​មែន​ជា​របស់​កម្ពុជា​នោះទេ»

វីអូឌី មិន​អាច​ទាក់​ទង រដ្ឋមន្រ្តី​ទទួល​បន្ទុក រដ្ឋលេខា​ធិការ​ដ្ឋាន​កិច្ចការ​ព្រំដែន​លោក ឡាំ ជា បាន​ទេ​គិត​ត្រឹម​ម៉ោង​ផ្សាយនេះ។

យ៉ាង​ណា​លោក ហ៊ុន ​សែន ធ្លាប់​បង្ហាញ​ការ​ប្តេជ្ញា​ចិត្ត​ថា ក្រោម​ការ​ដឹកនាំ​របស់​លោក នឹង​មិន​ឱ្យដី​ខ្មែរ​បាត់​ប​ង់​​ទៅ​​ប្រទេស​ជិតខាង សម្បី​តែ​មួយ​ម៉ីល​លីម៉ែត្រ ខណៈ​គណបក្ស​ប្រឆាំង​អះ​អាង​ថា វៀតណាម​បាន​រំលោភ​យក​ដី​ខ្មែរ តាម​បន្ទាប់​ព្រំដែន​ច្រើន​កន្លែង រួម​ទាំង​ប្រ​ជុំកោះក្រចក​សេះ និង​កោះ​ត្រល់​ជា​ដើម ដោយ​គ្មាន​ការ​ជំទាស់​ពី​លោក ហ៊ុន សែន ដែល​វៀតណាម​លើក​បន្តុប ឱ្យកាន់​អំណាច​អំឡុង​ឆ្នាំ១៩៧៩​នោះ​ទេ។

បន្ថែម​ពីនេះ លោក ហ៊ុន តែង​តែ​ចោទ មេដឹក​នាំ​គណបក្ស​ប្រឆាំង​ថា ជា​ជន​ក្បត់​ជាតិ បើ​ទោះ​បី​ក្រម​ព្រហ្មទណ្ឌ​ចែង​ថា អំពើ​ក្បត់​ជាតិ សំដៅ​ដល់​ការ​ធ្វើ​ឱ្យ​បាត់​បង់​ដែន​ដី​ជាតិ​ទាំង​ស្រុង ឬមួយ​ផ្នែក ទៅ​ប្រទេស​ជិត​ខាង​ក្តី។

កោះ​គុត​ស្ថិត​នៅខេត្ត​កោះ​កុង មាន​ផ្ទៃ​ក្រឡា​ប្រមាណ ១០៥គីឡូម៉ែត្រការ៉េ មាន​បណ្តោយ​ប្រវែង ២៥គីឡូ​ម៉ែត្រ និងទទឹង ៩គីឡូ​ម៉ែត្រ។

មាត្រា​៥៥ ចែង​ថា សន្ធិ​សញ្ញា និង​កិច្ច​ព្រមព្រៀង​ទាំងឡាយ​ណា ដែល​មិន​ស្រប​នឹង​ឯករាជ្យ អធិប​តេយ្យ បូរណភាព​ទឹក​ដី អព្យា​ក្រឹត​ភាព និង​ឯកភាព​ជាតិ​របស់​កម្ពុជា ត្រូវ​លុប​ចោល។

រាជ​រដ្ឋាភិបាល​កម្ពុជា ប្តេជ្ញា​រក្សា​ការ​ពារ​ឯករាជ្យ អធិប​តេយ្យ បូរណភាព​ទឹក​ដី អនុវត្ត​នយោបាយ​បង្រួប​បង្រួម​ជាតិ ដើម្បី​ការពារ​ឯកភាពជាតិ។ ដោយ​ឡែក ក្រម​ព្រហ្ម​ទណ្ឌ​មាត្រា ៤៤០ ចែងថា «អំពើ​ប្រគល់​ឱ្យ​រដ្ឋ​បរទេស ឬភ្នាក់ងារ​បរទេស នូវ​ដែន​ដី​ជាតិ​ទាំង​ស្រុង ឬ​មួយ​ផ្នែក ជា​អំពើ​ក្បត់​ជាតិ ត្រូវ​ផ្តន្ទាទោស​ដាក់​ពន្ធនាគារ​អស់មួយជីវិត»៕

ដោយ៖ លោក ប៉ុល សម្បត្តិ

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ