ខណៈកសិករតាមបណ្តាខេត្តមួយចំនួននិយាយថា ស្រូវលក់បានថោកប្រឈមនឹងវិបត្តិបំណុលនោះ រដ្ឋលេខាធិការក្រសួងកសិកម្ម លោក បណ្ឌិត យ៉ង សំាងកុមារ ប្រាប់ពីប្រភេទស្រូវមានទីផ្សារ ដែលកសិករអាចលក់បានក្នុងតម្លៃសមរម្យលើ ១ពាន់រៀល ក្នុងមួយគីឡូក្រាម។
ការលើកឡើងនេះ ក្រោយប្រជាកសិករមួយចំនួន បានត្អូញត្អែរ ជុំវិញតម្លៃស្រូវក្នុងឆ្នាំនេះបានបន្តធ្លាក់ថ្លៃ ពុំអាចទូទាត់ថ្លៃចំណាយប្រឈមនឹងវិបត្តិបំណុល បើរដ្ឋាភិបាលមិនអាចទប់ស្កាត់បាន។
លោកបណ្ឌិត យ៉ង សាំងកុមារ រដ្ឋលេខាធិការក្រសួង និងជាអតីតប្រធានអង្គការ សេដាក ប្រាប់ វីអូឌី នៅថ្ងៃទី២៦ ខែធ្នូ នេះថា តម្លៃស្រូវនៅកម្ពុជា មិនមានការធ្លាក់ចុះនោះទេ ប្រសិនបើពិនិត្យមើលទិដ្ឋភាពទូទៅ។
លោកថា ស្រូវដែលរោងម៉ាស៊ីនត្រូវការកែច្នៃនាំចេញ ដូចជាស្រូវផ្ការំដួល និងសែនក្រអូបជាដើម នៅតែស្ថិតក្នុងតម្លៃសមរម្យ គឺចន្លោះ ១២០០រៀល ទៅ ១៣០០រៀល ក្នុងមួយគីឡូក្រាម។
លោកថា ដោយឡែក ចំពោះស្រូវដែលមានតម្លៃក្រោម ១ពាន់រៀល ក្នុងមួយគីឡូក្រាមនោះ ជាស្រូវធ្ងន់ ឬស្រូវបាយរឹង ដែលជាប្រភេទស្រូវពុំមានតម្រូវការនាំចេញ ខណៈទីផ្សារក្នុងស្រុកក៏តូចចង្អៀតផងដែរ។
តែទោះជាយ៉ាងណា លោក សាំងកុមារ ក៏អះអាងដែរថា បើទោះបីជាកសិករធ្វើស្រូវបាយរឹងក្ដី ក៏គេនៅតែទទួលបានផលចំណេញផងដែរ ដោយក្រសួងបានប៉ាន់ប្រមាណថា ចំណាយទុនតែ ៥៥០រៀល ប៉ុណ្ណោះក្នុងមួយគីឡូ ខណៈការលក់ចេញវិញ បានរហូតដល់ជាង ៨០០រៀល ក្នុងមួយគីឡូ។
លោក និយាយថា៖ «យើងអត់អាចសន្និដ្ឋានថា ឆ្នាំនេះតម្លៃស្រូវចុះជាងឆ្នាំមុន ថោកជាងមួយពាន់ទេ។ ចឹងគឺការពិត គឺកសិករលក់ស្រូវបានលើមួយពាន់ ភាគច្រើន ហើយតម្លៃស្រូវផ្ការំដួល សែនក្រអូប ស្រង៉ែ គឺអត់មានទាបលើឆ្នាំ២០២៣ទេ ហើយផ្ការំដួលចង់ខ្ពស់ជាងឆ្នាំ២០២៣ផង»។
លោកគូសបញ្ជាក់ថា រដ្ឋក៏បានទម្លាក់ថវិកា ៤០លានដុល្លារ ទៅកាន់រោងម៉ាស៊ីនចំនួន ២០ ឱ្យមានលទ្ធភាពប្រមូលទិញស្រូវ កាលពីខែតុលាកន្លងទៅ តាមរយៈធនាគារកសិកម្មអភិវឌ្ឍជនបទ និងកសិកម្ម ដើម្បីរក្សាតម្លៃស្រូវ ឱ្យបានសមរម្យ។
លើសពីនេះលោកថា នៅឆ្នាំ២០២៤ នេះ ការប្រមូលផលស្រូវនៅប្រទេសកម្ពុជា បានជាង ១៣លានតោន ខណៈមានតែជាង ១២លានតោន ប៉ុណ្ណោះ កាលពីឆ្នាំមុន។
សម្រាប់លោក យ៉ង សាំកុមារ នៅត្រឹមខែធ្នូនេះ ការប្រមូលផលស្រូវ ទូទាំងប្រទេស ស្ទើរតែអស់ហើយ គឺនៅសល់តែប្រមាណ ៣០ម៉ឺនតោន ទៀត ដែលភាគច្រើនជាស្រូវធ្ងន់ចុងរដូវ។
ដោយឡែក កសិករធ្វើស្រូវក្រសាំងទាប ប្រភេទបាយរឹងមួយរូប អ្នកស្រី ម៉ែន ដាវី បានច្រានចោលការអះអាង របស់មន្រ្តីក្រសួងកសិកម្មនេះ។
អ្នកស្រីថា រដូវសាបព្រោះ តម្លៃពូជស្រូវនឹងមានការកើនឡើង ខណៈស្រូវបាយទន់ប្រភេទនាងអំ ក៏ឈ្មូញឱ្យតម្លៃដូចស្រូវបាយរឹងដែរ នៅក្នុងតំបន់របស់អ្នកស្រី។
ទន្ទឹមនេះ អ្នកស្រី ក៏អះអាងដែរថា ប្រជាពលរដ្ឋពុំដែលលក់ស្រូវផ្ការំដួល ប្រភេទបាយទន់បាន ១២០០រៀល ឬ១៣០០រៀល ដូចការលើកឡើង របស់មន្រ្តីកសិកម្មនេះ នោះទេ លើកលែងតែពេលដែលស្រូវចាប់ផ្ដើមទុំមួយៗប៉ុណ្ណោះ ទើបឈ្មួញឱ្យតម្លៃខ្ពស់ តែពេលដល់រដូវប្រមូលផល តម្លៃក៏ធ្លាក់ចុះវិញ។
ប្រជាពលរដ្ឋរស់នៅឃុំម៉ឺនជ័យ ស្រុករំដួល ខេត្តស្វាយរៀង អ្នកស្រី បន្តថា ក្នុងតំបន់របស់អ្នកស្រី ប្រជាពលរដ្ឋធ្វើស្រែបាយរឹងតាមទម្លាប់ ដោយសារកត្តាប្រភេទដី និងការនៅឆ្ងាយពីប្រភពទឹក ហើយស្រូវបាយរឹងនេះ គឺឈ្មួញទិញនាំទៅកាន់ប្រទេសវៀតណាម។
អ្នកស្រីថា៖«ប្រជាពលរដ្ឋមួយចំនួនទៀតគាត់និយាយថា សូម្បីតែផ្ការំដួល និងស្រូវបាយទន់មួយប្រភេទទៀតនោះ ក៏មិនបានដល់លើមួយពាន់ដែរ គឺបានតែ ៩០០ជាងទេ ហើយឥឡូវអត់មានអ្នកទិញទៀត ហើយជាពិសេសបច្ចុប្បន្ន ផ្ការំដួលហាលស្ងួតអស់រលីង គឺបានតែមួយគីឡូ ១០៥០រៀលទេ»។
បន្ថែមពីនេះ ប្រជាកសិករមួយចំនួន នៅខេត្តស្វាយរៀង និងខេត្តបាត់ដំបង បានត្អូញត្អែរ ពីបញ្ហាស្រូវចុះថោក ប្រឈមនឹងវិបត្តិបំណុល បើរដ្ឋាភិបាលមិនអាចរកទីផ្សារ ឱ្យពួកគេលក់ស្រូវបានក្នុងតម្លៃជាង ១០០០រៀល ក្នុង១គីឡូក្រាមទេនោះ។
កសិករធ្វើស្រែមួយរូប អ្នកស្រី ម៉ែន ដាវី និយាយថា តម្លៃស្រូវនារដូវប្រមូលផលនេះ បានធ្លាក់ចុះនៅត្រឹម ៩០០រៀល ក្នុងមួយគីឡូប៉ុណ្ណោះ។
អ្នកស្រី បន្តថា ការចាប់ផ្ដើមធ្លាក់ចុះ នៃតម្លៃនេះ បានកើតមានរយៈពេលជាង ១ខែមកហើយ ក្រោយពេលដែលរដូវប្រមូលផលបានចូលមកដល់។
អ្នកស្រីថា តម្លៃស្រូវ ៩០០រៀល នេះ មិនអាចទូទាត់ថ្លៃចំណាយលើជី ការភ្ជួររាស់ និងកម្លាំងពលកម្មបាននោះទេ ដែលធ្វើឱ្យរូបគាត់ និងកសិករផ្សេងទៀត គ្មានលុយដើម សងទៅធនាគារវិញ។
អ្នកស្រី ថា៖ «យើងប្រឈមនឹងការខ្វះខាតខ្លាំង សូម្បីតែការហូបចុករបស់យើង ក៏មានការកាត់បន្ថយដែរ ពេលខ្លះយើងទិញម្ហូប តែប្រាំពាន់រៀល យើងហូបមួយថ្ងៃពេញ ចឹងការហូបចុករបស់យើង វាខ្វះសារធាតុវីតាមីនមែនទែនហ្មង»។
ចំណែកកសិករមួយរូបទៀត នៅស្រុកថ្មគោល ខេត្តបាត់ដំបង អ្នកស្រី ម៉ៃ រស្មី និយាយថា អ្នកស្រីក៏បានបង្ខំចិត្តលក់ស្រូវទាំងតម្លៃថោក ១គីឡូបានតែ ៧០០រៀល។ អ្នកស្រីថាតម្លៃនេះ បើទូទាត់ថ្លៃជី ថ្លៃម៉ាស៊ីនច្រូត និងថ្លៃពលកម្ម មិនរួចថ្លៃចំណាយទេ។ អ្នកស្រី ក៏បានស្នើរដ្ឋាភិបាលរក្សាតម្លៃស្រូវ ឱ្យដូចឆ្នាំមុន ដែលមួយគីឡូបានជាង ១ពាន់រៀលផងដែរ។
បញ្ហាគ្មានទីផ្សារ សម្រាប់លក់ផលិតផលកសិកម្មក្នុងតម្លៃសមរម្យនេះ ត្រូវបានអ្នកជំនាញពាក់ព័ន្ធ បានលើកឡើងថា បានក្លាយទៅជាវិបត្តិសង្គមធំមួយ ដែលធ្វើឱ្យកសិករខ្មែរងើបមុខមិនរួច ថែមទាំងធ្លាក់ខ្លួនជំពាក់បំណុលធនាគារ។
បញ្ហានេះ ជាផ្នែកជំរុញឱ្យកសិករខ្លះ ធ្វើចំណាកស្រុក ជះឥទ្ធិពលដំបូងគេលើកសិករងាយរងគ្រោះ ជំរុញឱ្យមានការបោះបង់ការសិក្សាទាំងនៅវ័យក្មេង និងក្លាយទៅជាក្មេងមិនល្អក្នុងសង្គមជាដើម។
ការបន្សល់ទុកវិបត្តិទីផ្សារ សម្រាប់កសិករ វាមិនត្រឹមតែគំរាមកំហែងជីវិតកសិករ វាធ្វើឱ្យពួកគេរួមរឹតដោយបំណុលប៉ុណ្ណោះទេ វាក៏ឆ្លុះបញ្ចាំង ពីការបរាជ័យរបស់រដ្ឋាភិបាលផងដែរ លើការអនុវត្តកម្មវិធីនយោបាយ និងមិនបានបំពេញកាតព្វកិច្ច តបតាមរដ្ឋធម្មនុញ្ញ។ កម្មវិធីគោលនយោបាយ ជាអាទិភាព ៦ចំនុច សំខាន់របស់រដ្ឋាភិបាលអាណត្តិថ្មី ក៏មានផងដែរ ត្រង់ចំនុចទី ៥ ដែលបានដាក់ចេញ សំដៅដល់ការលើកស្ទួយជីវភាពកសិករ តាមរយៈលើកស្ទួយផលិតកម្ម រកទីផ្សារ និងរក្សាលំនឹងថ្លៃកសិផលសំខាន់ៗ ក្នុងកម្រិតសមរម្យជាដើម។
ដោយឡែក មាត្រា ៦២ និង៦៣ នៃរដ្ឋធម្មនុញ្ញ ចែងថា រដ្ឋយកចិត្តទុកដាក់ ជួយដោះស្រាយមធ្យោបាយផលិត ការពារថ្លៃផលិតផល ជូនកសិករ សិប្បករ និងជួយរកទីផ្សារលក់ផលិតផល។ រដ្ឋយកចិត្តទុកដាក់គ្រប់គ្រងទីផ្សារ ជួយឱ្យជីវភាពរស់នៅ របស់ប្រជាពលរដ្ឋ មានកម្រិតសមរម្យ។