លោក អ៊ឹង លីប៉េង ទោះធ្លាប់ជាប់ពន្ធនាគារជិត ១ឆ្នាំ នៅតែរក្សាជំហរ ទាមទារយុត្តិធម៌ ជុំវិញការចោទថា រដ្ឋមន្ត្រីក្រសួងបរិស្ថាន លោក អ៊ាង សុផល្លែត ដែលជាកូនប្រសារលោក ជា សុផារ៉ា នោះថា បានស៊ីដាច់ប្រាក់កម្រៃជើងសារ របស់ខ្លួនជាង ៨ម៉ឺនដុល្លារ ជុំវិញការជួយទិញដីជាង ៧ហិកតា ក្នុងរាជធានីភ្នំពេញ។
លោក អ៊ឹង លីប៉េង ដែលអះអាងថាជាជនរងគ្រោះ ប្រាប់ វីអូឌី ថាលោកបានជួយទិញដីឲ្យ លោក អ៊ាង សុផល្លែត ចំនួន ៣លើក ចាប់ពីឆ្នាំ២០០៩ ដល់ឆ្នាំ២០១៦ សរុបជាង ៧ហិកតា តម្លៃជាង ៤លានដុល្លារ ស្ថិតនៅភូមិឡត៍កំបោរ សង្កាត់ស្វាយប៉ាក រាជធានីភ្នំពេញ។
លោកបញ្ជាក់ថា លោក សុផល្លែត សន្យាឱ្យប្រាក់កម្រៃជើងសារលោកជាង ៨ម៉ឺនដុល្លារ តែក្រោយទិញដីនោះបាន បែរជាមិនគោរពសន្យាប្រគល់លុយឱ្យលោកទៅវិញ។
ជាងនេះទៀតលោកថា លោក អ៊ាង សុផល្លែត បានគប់គិតជាមួយមន្រ្តីចាប់ខ្លួនលោកបញ្ចូលទៅពន្ធធនាគារព្រៃស ឃុំខ្លួនចំនួន ១០ខែ ក្នុងឆ្នាំ២០២៩ ដោយគ្មានដីកាថែមទៀត។
លោកថា៖«ខ្ញុំឱ្យសម្តេចតេជោ ហ៊ុន សែន ជួយអន្តរាគមន៍ឆ្នាំ២០២៥ បញ្ចប់វិវាទខ្ញុំជាមួយឯកឧត្តម អ៊ាង សុផល្លែត។ ចាប់ខ្ញុំគ្មានដីកាទៅដល់គុកព្រៃស ឆ្មាំគុកឲ្យអ្នកចាប់ផ្ទាល់ផ្ដិតមេដៃទទួលខុសត្រូវ ករណីចាប់គ្មានដីកា។ ២ថ្ងៃ ជូនខ្ញុំពីព្រៃស ទៅឲ្យសម្របសម្រួលគ្នាយកប្រាក់ ៥០% ផ្ដិតមេដៃ រួចយកទៅក្រដាសទៅសរសេរបន្ថែម ចោទខ្ញុំប៉ងរត់គេចខ្លួនរុញខ្ញុំចេញក្រៅបន្ទប់យ៉ាង លឿន អយុត្តិធម៌ណាស់។ ៨ខែក្រោយប្ដូរបទចោទខ្ញុំ ពីបទគំរាមជាលាយលក្ខណ៍អក្សរ ដោយមានបញ្ជាឲ្យបំពេញលក្ខខណ្ឌអ្វីមួយទៅវិញ។ ១០ខែចេញពីគុក ខ្ញុំទៅក្រសួងមហាផ្ទៃ ដើម្បីឲ្យក្រុមសម្ដេចក្រឡាហោម ស ខេង ជួយ អន្តរាគមន៍ក៏គ្មានឆ្លើយតប»។
ជុំវិញរឿងនេះ វីអូឌី មិនអាចទាន់ទាក់ទងរដ្ឋមន្រ្តីក្រសួងបរិស្ថាន លោក អ៊ាង សុផល្លែត និងអ្នកនាំពាក្យក្រសួងបរិស្ថានលោក ខ្វៃ អទិត្យា បានទេដោយគ្មានអ្នកទទួលទូរសព្ទ។
ជុំវិញរឿងនេះ ប្រធានសមាគមការពារសិទ្ធិមនុស្ស អាដហុក លោក នី សុខា ជំរុញឱ្យស្ថាប័នពាក់ព័ន្ធបើកការស៊ើបអង្កេតបន្ទាន់ ដើម្បីផ្តល់យុត្តិធម៌ដល់ភាគីរងគ្រោះពិតប្រាកដ។
លោកថា៖ «បើយើងមិនអើពើធ្វើការដោះស្រាយរឿងទាំងអស់ហ្នឹងទេ នោះវាធ្វើឲ្យសង្គមយើងកាន់តែគេមើលឃើញថា ភាពអយុត្តិធម៌សម្រាប់អ្នកក្រីក្រសម្រាប់ គ្មានអំណាច កាន់តែមានភាពធ្ងន់ធ្ងរទៅៗ ចឹងគឺដើម្បីជាប្រយោជន៍ សម្រាប់សង្គមយើងទាំងអស់គ្នា ដើម្បីឲ្យយើងក្លាយទៅជាសង្គមនីតិរដ្ឋសង្គមមួយ ដែលមានភាពស្អាតស្អំ កុំឲ្យមានការចោទប្រកាន់ ហើយឲ្យប្រជាពលរដ្ឋទូទៅគាត់មានជំនឿទុកចិត្ត ទៅលើប្រព័ន្ធយុត្តិធម៌យើងផង»។
តំណាងរាស្រ្តគណបក្សសង្រ្គោះជាតិ លោក អ៊ំ សំអាន ព្រមានថា ក្នុងសង្គមដែលមានអំពើអយុត្តិធម៌ រាលដាលកាន់តែច្រើន គឹជាគ្រោះថ្នាក់សម្រាប់មេដឹកនាំ បើពលរដ្ឋអស់ការអត់ធ្មត់។
លោកថា៖«រដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត ហ្នឹងគួរតែហ៊ានចាត់វិធានការ ទៅលើមន្ត្រីរបស់ខ្លួនកុំឲ្យបង្កភាពអយុត្តិធម៌ ដល់ប្រជាពលរដ្ឋបន្តទៀត ហើយនឹងមានវិធានការទាំងផ្នែករដ្ឋបាល និងផ្លូវច្បាប់ទើបអាចកែលម្អទៅដល់ការដឹកនាំរបស់ខ្លួន។ មិនអ៊ីចឹងទេ ប្រជាពលរដ្ឋប្រាកដជាទ្រាំមិនបាន អាចនឹងទម្លាក់ត្រកូលហ៊ុន ពីការកាន់អំណាចតាមរយៈបាតុកម្ម ឬការបះបោរ យ៉ាងណាមួយដើម្បីទម្លាក់ត្រកូលហ៊ុន ឈប់ឲ្យដឹកនាំប្រទេសទៀត។ ព្រោះត្រកូលហ៊ុន អនុញ្ញាតឲ្យមន្ត្រីរបស់ខ្លួន ធ្វើបាបប្រជាពលរដ្ឋ បង្កភាពអយុត្តិធម៌ដល់ប្រជាពលរដ្ឋ»។
រដ្ឋមន្ត្រីក្រសួងបរិស្ថានលោក អ៊ាង សុផល្លែត គឺជាស្វាមី អ្នកស្រី ជា សុផាកន្នី ដែលជាកូនស្រីរបស់ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងដែនដី នគរូបនីយកម្ម និងសំណង់លោក ជា សុផារ៉ា។
មន្រ្តីរងការចោទថា ស៊ីដាច់លុយពលរដ្ឋជាង ៨ម៉ឹនដុល្លារ រូបនេះក៏សមាជិកគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា។
ការសិក្សានានា រកឃើញថាប្រព័ន្ធដឹកនាំបែបគ្រួសារនិយម ក្នុងជួររដ្ឋាភិបាលនេះ គឺកើតចេញពីការបោះឆ្នោតមិនត្រឹមត្រូវ ធ្វើឱ្យប្រព័ន្ធយុត្តិធម៌ មិនអាចការពារពលរដ្ឋស្លូតត្រង់បាន។ អង្គការគម្រោងយុត្តិធម៌ពិភពលោក បានចេញផ្សាយរបាយការណ៍កាលពីថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៤ ដោយដាក់ឱ្យប្រទេសកម្ពុជាជាប់ចំណាត់ថ្នាក់ជិតបាតតារាង ពោលគឺនៅលេខរៀងទី ១៤១ ក្នុងចំណោមប្រទេសទាំង ១៤២ នៅលើពិភពលោក៕
ដោយ៖ លោក សែន សច្ចៈ