ឥទ្ធិពល​គ្រឿង​ញៀន និង​គ្រឿង​ស្រវឹង ជា​ផ្នែក​ជំរុញ​កំណើន​ក្មេង​ទំនើង

អ្នក​ឃ្លាំ​មើល​​សង្គម គាំទ្រ​ចំពោះ​វិធានការ​អប់រំ ការ​​​​បង្កើន​​ការ​រឹតបន្តឹង​ច្បាប់ និង​​​បង្ក្រាប​​ករណី​​​ក្មេង​​ទំនើង​ ប៉ុន្តែ​​ពួក​គេ​ក៏​បាន​ជំរុញ​អោយ​រដ្ឋា​ភិបាល ត្រូវ​​​រៀប​ចំ​​បរិកាស​សង្គម​អោយ​បាន​​​​​​ល្អ ដោ​យ​​​គ្មាន​​​ការ​​​​ទាក់​ទាញ​​​យុវជន​​​អោយ​​​សេព​គ្រឿង​ស្រវឹង ឬ​គ្រឿង​ញៀន ​បើពុំ​​នោះ​ទេ​​បញ្ហា​​ក្មេង​ទំនើង​​​​នៅ​​តែ​​​កើត​​​មាន និង​​​​​បង្ក​​​ការ​​​​ភ័យ​​​​​ខ្លាច​​​​​​ដល់​​ប្រជាពលរដ្ឋ អ្នក​វិនិយោគ និង​​ប៉ះ​ពាល់​​​ដល់​មុខ​​​​មាត់​​​របស់​​​​ប្រទេស​​ជាតិ​​​​​ដដែល។

អ្នក​ប្រឹក្សា​យោបល់ផ្នែកអភិវឌ្ឍន៍ផ្នត់គំនិត និងការស្រាវជ្រាវ លោក សេក សុ​ជាតិ មាន​​ប្រសាសន៍​​​នៅ​​ថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៤ នេះថា បញ្ហា​ក្មេង​ទំនើង​នៅ​តែ​បន្ត​កើត​មាន ហើយ​ហា​ក់​​មា​ន​​ភាព​​កក្រើក​ជាង​​​មុន ក្នុង​រយៈ​ពេល​ចុង​ក្រោយ​នេះ ដែល​ធ្វើ​​អោយ​​ប៉ះពាល់​ធ្ងន់ធ្ងរ​​ដល់​សង្គ​ម បង្កការ​ភ័យខ្លាច​ ​​​ដល់​​​​ពលរដ្ឋ និងអ្នកវិនិយោគ​បរទេស​ ព្រម​ទាំង​ប៉ះពាល់​ដល់​​មុខ​​មាត់​​ប្រទេស​​​ជាតិ​។

លោក​​សង្កេត​ឃើញ​ថា​ បញ្ហា​ក្មេង​​ទំនើង​​​កើតឡើង​ដោយសារ​​តែ​កង្វះ​​ការ​យក​ចិត្ត​ទុក​ដាក់​​លើ​​ការ​​អនុវត្ត​​ច្បាប់ ​​របស់​​​អាជ្ញាធរមានសមត្ថកិច្ច ជាពិសេស​មន្ត្រី​ប៉ូលីស​​នៅ​​តាម​​មូលដ្ឋាន ដែល​​ធ្វើ​អោយ​​​ក្មេង​​​​ទំនើង​​​មិន​​ខ្លាច​រអា​នឹង​ច្បាប់​ ហើយ​​ការ​អប់​រំ​ក៏​នៅ​មាន​កម្រិត ដែល​​ធ្វើ​​អោយ​​​ក្មេងៗ ឬ​យុវជន​ អាច​​ប្រមូល​​​​គ្នា​​ធ្វើ​សកម្មភាព​​ខុស​ច្បាប់ដោយ​​សេរី ដោយ​គ្មាន​ការ​កំណត់​ដាក់​ទណ្ឌ​​កម្ម​ពី​​គ្រូ​បង្រៀន ខណៈ​​កង្វះ​​ការយកចិត្តទុកដាក់ និងការ​​​តាម​​ដាន​​ពី​សំណាក់​អាណាព្យាបាល​ផង​ដែរ។

ករណីនេះ លោក​ សេក សុជាតិ យល់ថា ដើម្បី​ទប់​ស្កាត់​បញ្ហា​ក្មេង​ទំនើង​នេះ រដ្ឋាភិបាល ជា​ពិសេស​​សមត្ថកិច្ច​ពាក់ព័ន្ធ ត្រូវ​អនុវត្ត​ច្បាប់​អោយ​បាន​តឹង​រឹង និង​បង្ក្រាប​​​ជា​​ប្រចាំ​ទៅ​​លើ​​ក្មេង​ទំ​នើង ​ដែល​​ប្រព្រឹត្ត​​​ល្មើស ដោយ​គ្មាន​ការ​លើក​លែង និង​អំពើ​ពុក​រលួយ ព្រម​ទាំង​​​បង្កើន​​ការ​​អប់​រំ​ដល់​​ពួក​​គេ​​​​​ទាំង​​នៅ​​​សាលា​រៀន នៅ​​ផ្ទះ និង​នៅសហគមន៍។

លោកថា៖ «​ការ​អនុវត្តច្បាប់​​ដោយ​ឈរ​ទៅ​លើ​គោលការណ៍​តម្លា​ភាព យុត្តិធម៌ ដោយ​គ្មាន​ការ​យោគយល់ ​និង​ការ​​លើក​លែង​ ទី២​គឺការ​អប់រំ​របស់​អាជ្ញាធរ ការ​អប់​រំ​របស់​​ឪពុក​ម្តាយ ការ​អប់រំ​របស់​​គ្រូ​បង្រៀន ត្រូវ​ធ្វើ​ដោយ​ផ្ទាល់ ​​ហើយ​និង​ធ្វើ​​ដោយ​​ប្រយោល​​តាម​​គ្រប់​​រូប​​ភាព​​ទាំង​​អស់​ដើម្បី​​​បញ្ជ្រាប​​ ឬ​ក៏​ធ្វើ​អោយ​វា​បាន​លឺ​ទៅ​ដល់​ក្រុម​យុវជន​​ទាំង​អស់​ហ្នឹង ហើយ​ទី៣ គឺ​​ទាក់​​ទង​ជា​មួយ​​នឹង​​​គោល​​​​នយោបាយ​​​​អនុវត្ត​​​ជាប់​ជា​ប្រចាំ ដោយ​ឈរ​លើ​មូលដ្ឋាន​ត្រឹម​ត្រូវ មិន​មាន​អំពើ​ពុក​រលួយ មិន​​មាន​ការ​សូក​ប៉ាន់​ណា​មួយ ទាក់​ទង​ជាមួយ​នឹង​​ការ​ដោះ​លែង ឬ​ផ្តល់​សេរីភាព​ទៅ​អោយ​​ក្មេង​ ​ដែល​​ប្រើ​ប្រាស់​ហិង្សា លើស​ពី​ដែន​នៃ​ច្បាប់​បាន​កំណត់»

ចំ​ណែក ការវិភាគ​របស់​​ប្រធាន​​មជ្ឈមណ្ឌល​ប្រជាពលរដ្ឋ​​​ដើម្បី​​អភិវឌ្ឍន៍ និង​​សន្តិភាព លោក យង់ គិមអេង វិញ​យល់​ថា មាន​កត្តា​ធំៗ​ពីរ ដែល​ធ្វើ​អោយ​មាន​ក្មេង​ទំនើង​កើន​​ឡើង ក្នុង​​នោះ​មាន​​កត្តា​​ជំរុញ និង​​កត្តា​ទាក់​ទាញ។

លោ​ក​ពន្យល់ថា កត្តា​ជំរុញ​នោះ ដោយ​សារ​តែ​បរិយាកាស​ក្នុង​សាលារៀន​​មាន​​ការ​​ម៉ាក់​ងាយ​ឬ​កា​រ​​​ប្រមាថ​​​គ្នា ដែល​ជាការ​ជំរុញ​​អោយ​ក្មេងៗ និង​យុវជន​​ទាំង​នោះ ​​សេព​​គប់​​មិត្ត​​ខុស ​ឬ​រក​​អ្នក​ដែល​​ជួយ​​ការ​ពារ​​ខ្លួន​បាន និង​​ដើរ​​ផ្លូវ​​មិន​​ល្អ។

ចំណែក កត្តា​ទាក់​ទាញ​វិញ លោក​ថា ដោយ​​សារ​តែ​នៅ​​កម្ពុជា​​មាន​​​ការ​​​​ផ្សព្វ​​​ផ្សាយ​គ្រឿង​ស្រវឹង​នៅ​ទូលំ​ទូលាយ ដែល​ទាក់​ទាញ​អោយ​យុវជន​មួយ​ចំនួន​​​សេព​​គ្រឿង​​ស្រវឹង និង​​ឈាន​​ដល់​​ការ​​ប្រើ​​ប្រាស់​​គ្រឿង​ញៀន រហូត​ធ្វើ​អោយ​ពួក​គេ​ហ៊ាន​ប្រព្រឹត្ត​ នូវ​បទ​ល្មើស​​ដោយ​ប្រើ​ហិង្សា និង​កាប់​​សម្លាប់​គ្នា​ជា​ដើម។

សម្រាប់ លោក យង់ គិមអេង យល់ថា​ ការ​ប្រើប្រាស់​វិធាន​ការ​​បង្ក្រាប និង​អនុវត្ត​ច្បា​ប់​ទៅលើ​ក្មេង​​ទំនើង ជា​វិធាន​ការ​​ចុង​ក្រោយ​មួយ​ប៉ុណ្ណោះ​​សម្រាប់​​ក្មេ​ងៗ​ ឬយុវជន​​ដែល​ប្រព្រឹត្ត​​បទ​ល្មើស។

ប៉ុន្តែ​អ្វី​​ដែល​​​​​រដ្ឋាភិបាល និង​​អាណាព្យាបាល​​គួរ​យក​ចិត្ត​ទុក​ដាក់​នោះ គឺ​ការ​​រៀប​ចំ​បរិ​យាកា​ស​ល្អ​នៅ​តា​ម​​​សាលា​​រៀន នៅ​ផ្ទះ និង​​ការ​រៀប​ចំ​បរិយាកាស​ល្អ​ក្នុង​សង្គម ដោយ​គ្មាន​ការ​​ផ្សព្វ​​ផ្សាយ​គ្រឿង​​ស្រវឹង ទប់​​​ស្កាត់​​ការ​​ប្រើ​ប្រាស់​គ្រឿង​​ស្រវឹង​​​ក្នុងចំណោម​ក្មេងៗ ឬ​យុវជន​​មិន​ទាន់​​គ្រប់​អាយុ​ និង​​​ទប់​​ស្កាត់​​​​​​បញ្ហា​​គ្រឿង​​​ញៀន​ជា​ដើម​។

ករណី​នេះ លោកថា៖ «ខ្ញុំ​សង្ឃឹម​ថា រាជ​រដ្ឋាភិបាល លោក​​នឹង​​ពិចារណា​​នៅ​ក្នុង​​ការ​​​ដោះ​​ស្រាយ​បញ្ហា​​គ្រឿង​​ញៀន បញ្ហា​គ្រឿង​ស្រវឹង ការ​ផ្សាយ​ពាណិជ្ជកម្ម​​គ្រឿង​​ស្រវឹង​អី​ហ្នឹង ​គឺ​​អោយ​​​បាន​ឆាប់​ដែរ ដើម្បី​កាត់​បន្ថយ​ហានិភ័យ​ចំពោះ​​យុវវ័យ​នៅ​ក្នុង​ការ​​ធ្លាក់​​ចូល​​ភាព​​ជា​​ក្មេង​​ទំនើង​ហ្នឹង»

វីអូឌី មិន​អាច​សុំការ​អត្ថាធិប្បាយ​ជុំ​វិញ​ករណី​នេះ ពី​អ្នក​នាំពាក្យ​ក្រសួង​មហាផ្ទៃ លោក ទូច សុឃៈ និង​​អ្នក​នាំ​ពាក្យ​ក្រសួង​យុត្តិធម៌ លោក ជិន ម៉ាលីន បាន​ទេ​នៅ​ថ្ងៃ​នេះ។

តែ​យ៉ាង​ណា កាល​ពី​ថ្ងៃទី​២៦ ខែធ្នូ ឆ្នាំ២០២៤ នេះ​ លោក​នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បាន​ចេញ​​សារ​​បន្ទាន់​មួយ ដោយ​បង្ហាញ​ពី​ការ​ហត់នឿយ​​ចំពោះ​បញ្ហា​​ក្មេង​ទំនើង​នេះ ​​ហើយ​​លោក​បាន​​បញ្ជា​​ទៅ​​​ក្រសួង​យុត្តិធម៌ និង​​ស្ថាប័ន​អនុវត្ត​ច្បាប់​ទាំង​អស់ ជា​ពិសេស​សមត្ថ​កិច្ច​​​​​នៅ​​មូល​​ដ្ឋាន​ ត្រូវ​​បន្ត​​អនុវត្ត​​ការ​​បង្ក្រាប និង​​ទប់​ស្កាត់​ក្មេង​ទំនើង​ជា​ប្រចាំ​ ដោយ​មិន​ត្រូវ​​បន្ធូរ​ដៃ​នោះ​ឡើយ។

លោក​បានថ្លែងថា៖ «មួយរយៈនេះ​ឃើញ អា​ពួក​ក្មេង​ទំនើង ងើប​ឡើង​វិញ តាម​​​បណ្តា​ខេត្ត………គ្មាន​ខាត​ទេ​​ចាប់​ពួក​អា​អស់នេះ​ដាក់​គុក​នោះ»

​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន ម៉ាណែត កាល​ពី​ថ្ងៃទី២៦ ខែធ្នូ ក៏​បាន​ណែនាំ​ក្រសួងយុត្តិធម៌​ អោយ​ពិនិត្យ​លើ​ការ​ធ្វើ​វិសោធន៍កម្ម​ច្បាប់​ពាក់​ព័ន្ធ​​ជាមួយ​ទោស​ទណ្ឌ ដោយ​ត្រូវ​ធ្វើ​យ៉ាង​កម្រិត​នៃ​ការ​ដាក់​ទោស​ឲ្យ​កាន់​តែ​ខ្លាំង ដើម្បី​ឲ្យ​មាន​ការ​រាង​ចាល​ បញ្ឈប់​​សកម្មភាព​ក្មេង​ទំនើង​នេះ។ លោក​ក៏បាន​អំពាវ​នាវ​​ដល់​​ឪពុកម្តាយ ឬអាណាព្យាបាល អោយ​ចូល​រួម​​​សហការ ជា​ពិសេស​ចូល​រួម​​អប់រំ​កូន​ចៅ​របស់​ខ្លួន​​ឱ្យ​បាន​​ល្អ ព្រម​ទាំង​​គាំទ្រ​​ដល់​​ការ​​អនុវត្ត​​ច្បាប់​​នេះ ដើម្បី​អនាគត​កូន​ចៅ​រយៈ​ពេល​វែង និងសណ្តាប់​ធ្នាប់​ក្នុង​​សង្គម​ជាតិ។

គួរ​បញ្ជាក់ថា សំណុំ​រឿង​ព្រហ្មទណ្ឌ​ដែល​ពាក់ព័ន្ធ​​នឹង​ក្មេង​ទំនើង​​ ដែលបាន​​បញ្ចូន​​មក​​តុលាការ​ទូទាំង​​ប្រទេស​​ ​ទាំង​៣ ដំណាក់​កាល មាន​ចំនួន​​សរុប ២១១៥សំណុំរឿង ក្នុង​នោះ​តុ​លាការ​បាន​​ចាត់​ការ​​រួច​​ចំនួន ១៥៧៩សំណុំរឿង។ នេះបើតាម​លោក កេង សុម៉ារិទ្ធ រដ្ឋលេខាធិការ​ក្រសួង​​យុត្តិធម៌ ​ដែល​បាន​​ថ្លែង​​នៅ​​ក្នុង​​សន្និសីទ​សារព័ត៌មានមួយ កាលពី​​ថ្ងៃទី​២៥ ខែធ្នូ ឆ្នាំ២០២៤។ លោកបាន​បញ្ជាក់​ថា សាលា​ដំបូង​រាជធានី​ភ្នំពេញ ទទួល​បាន​​សំណុំ​រឿង​​ទាក់ទង​​នឹង​ក្មេង​ទំនើង​​នេះ ​ច្រើន​ជាង​​គេ​​ក្នុង​ចំណោម ២៥​រាជធានី-ខេត្ត ខណៈខេត្ត​បន្ត​​​បន្ទាប់ គឺ​​ខេត្ត​កំពង់ស្ពឺ ​តាកែវ បន្ទាយ​មាន​ជ័យ និង​សៀមរាប។ ចំណែក ខេត្ត​ដែល​​មាន​​សំណុំរឿង​​ក្មេង​ទំនើង​​តិច​​ជាង​គេ គឺ​ខេត្ត​ស្ទឹងត្រែង​ ​ដែល​មាន​សូន្យ​ករណី ហើយ​​បន្ត​ដោយ​​ខេត្ត​​កែប ប៉ៃលិន និង​ខេត្ត​ព្រះ​វិហារ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ