ការរីក​រាល​ដាល​បទ​ឧក្រិដ្ឋ​ឆបោក​​គ្រប់​ទម្រង់​ ក្លាយ​ជា​មន្ទិល​លើ​គ្រួសារហ៊ុន

ការ​រីករាល​ដាលបទឧក្រិដ្ឋឆបោក គ្រប់​ទម្រង់​ក្នុង​ប្រទេស​កម្ពុជា ជំរុញ​ឱ្យ​មាន​ការ​ទាមទារ​បើក​ការ​ស៊ើប​អង្កេត​គ្រួសារហ៊ុន ទើប​អាច​ទប់ស្កាត់​បាន ខណៈ​ឧក្រិដ្ឋជន​មួយ​ចំនួន​ក្លាយ​ជា​ទីប្រឹក្សា​មេដឹក​នាំ​កំពូល។

បញ្ហា​នេះ​ជាក្តី​បារម្ភ​ផង​ដែរ ​ពីការ​ពង្រីក​ភាព​ភ័យ​ខ្លាច​ដល់​ប្រទេស​​ក្នុង​តំបន់ រួម​​ទាំង​ពលរដ្ឋ​កម្ពុជា ចំ​ពេល​ប្រព័ន្ធ​ច្បាប់​ មិន​អាច​កាត់​ទោស​កំហុស​មេដឹក​នាំ​បាន​នៅ​ឡើយ។

ការ​សំអាង​បែប​នេះ ក្រោយ​អង្គភាព​ស៊ើប​អង្កេត​ឧក្រិដ្ឋកម្ម​ តាម​ប្រព័ន្ធ​អ៊ីនធើណិត​ថៃ តាម​ការ​ចង្អុល​បង្ហាញ​ របស់​អតីត​នាយក​រដ្ឋមន្រ្តី លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា កាល​ពីថ្ងៃទី​២៧ ខែធ្នូ បាន​បើក​ការ​ស៊ើប​អង្កេត​មួយ​ រក​ឃើញ​ថា អគារ​២៥​ជាន់ មួយ​កន្លែង​ក្នុង​ក្រុង​ប៉ោយ​ប៉ែត​ ពិត​ជា​មូលដ្ឋាន​ប្រតិបត្តិការ​បោក​ប្រាស់​តាមប្រ​ព័ន្ធ​អនឡាញ​ ដោយ​ខុស​ច្បាប់​នៅ​កម្ពុជា។

តំណាង​រាស្រ្ត​បក្សសង្គ្រោះ​ជាតិ​លោក សួន សូរីដា និយាយ​ប្រាប់ វីអូឌី នៅថ្ងៃទី៣០ ខែ​ធ្នូ នេះថា ការ​រក​ឃើញ​របស់​មេដឹក​នាំ​ថៃ​លោក ថាក់ស៊ីន នេះ បាន​ឆ្លុះ​បញ្ចាំង​ពី​ភាព​អាម៉ាស់​របស់​មេដឹក​នាំ​គ្រួសារហ៊ុន អសមត្ថភាព​ដឹក​នាំ​ប្រទេស​ បណ្តែត​បណ្តោយ​ឱ្យ​ឧក្រិដ្ឋជន​ចិន​ យក​ទឹក​ដី​កម្ពុជា​ធ្វើ​ជា​ជម្រក​ឆបោក​អនឡាញ។

លោក​ប​ន្តថា បទ​ល្មើស​ឆបោក​អនឡាញ​នៅ​កម្ពុជា កើត​ចេញ​ពីការ​​ដឹកនាំ​បែប​គ្រួសារ​និយម បក្ស​ពួក​និយម ប្រព្រឹត្តិ​អំពើ​ពុក​រលួយ យក​ជន​ម៉ាហ្វីយ៉ា​ចិន​ជា​ទី​ប្រឹក្សា និង​សម្លាប់​ប្រជាធិបតេយ្យ​ជា​ដើម។

លោកថា៖ «ការ​ដឹកនាំ​របៀប​គ្រួសារ​និយម ហើយ​និង​អំពើ​ពុករលួយ​ចាក់​ស្រេះ​បែប​នេះ​ជា​ហេតុ​ ធ្វើ​ឱ្យ​ឧកញ៉ា​មាន​មួយ​ចំនួន​ហ្នឹង រក​ស៊ី​តាម​​អំពើ​សុច្ចរិត នឹង​ពិបាក​ណាស់ ពិបាក​ណាស់​គឺ​ចាំបាច់​ដែល​ត្រូវ​តែ​បង្វែរ​ទៅ​ជា​ការ​រកស៊ី​តាម​របៀប​ទុច្ចរិត ពោល​គឺ ថ្មីៗ​នេះ​យើង​ឃើញ​ថា​មាន​ក្រុម​ពួក​ម៉ាហ្វីយ៉ា​ចិន​ជា​ច្រើន​ ដែល​សម្រុក​ចូល​មក​រក​ស៊ី​នៅកម្ពុជា»

សម្រាប់​លោក សូរីដា យល់​ថា ដើម្បី​ទប់​ស្កាត់​ឧក្រិដ្ឋកម្ម​ឆបោក​នៅ​កម្ពុជា ឱ្យ​មាន​ប្រសិទ្ធភាព ទាល់​តែ​រដ្ឋាភិបាល​ហ៊ាន​អារសាច់​ស្អុយ​ក្នុង​ជួរ​រដ្ឋាភិបាល បើក​ការ​ស៊ើប​អង្កេត​លើ​​សែ​ស្រឡាយ​របស់​ខ្លួន ប្រ​សិន​បើ​​រក​ឃើញ​ថា មាន​ជាប់​ពាក់​ព័ន្ធ​នឹង​ឧក្រិដ្ឋ​ឆបោក​តាម​អន​ឡាញ​នេះ។

លោកថា៖ «​ដំណោះ​ស្រាយ​វា​សំខាន់​ណាស់​ គឺ​ត្រូវ​ចាត់​ការ​ទៅ​លើ​អ្នក​ដែល​ជា​ខ្នង​បង្អែក នៃ​ឧក្រិដ្ឋជន​នោះ ហើយ​បើសិន​ជា​យើង​អត់​ចាត់​ការ​ខ្នង​បង្អែក នៃ​ឧក្រិដ្ឋជន​នោះទេ​ គឺ​វា​មិន​អាច​ទៅ​បំបាត់​របរ​ប្រភេទ​នឹង​បាន​ទេ​ ពីព្រោះ​អ្នក​ដែល​កាង​នឹង​គាត់​នៅ​តែ​មាន​ឥទ្ធិពល មាន​អំណាច​ក្នុង​ការ​កាង​ នៃរបរ​រក​ស៊ី​នឹង​ទៀត»

អ្នក​ជំនាញ​ច្បាប់ និង​អភិបាល​កិច្ច​បែប​ប្រជាធិបតេយ្យ លោក វ៉ន ចាន់ឡូត និយាយ​ថា ក្រោម​ការ​ដឹក​នាំ​ឯកបក្ស ឬគ្រួសារ​និយម​នេះ​ហើយ​ធ្វើ​ឱ្យ​ប្រទេស​កម្ពុជា​ក្លាយ​ជា​ជម្រក​ឧក្រិដ្ឋឆបោក​​បែប​ទ្រង់​ទ្រាយ​ធំ។

ម្យ៉ាង​វិញ​ទៀត​លោក​យល់​ថា បទ​ល្មើស​ឆបោក​នៅ​កម្ពុជា​មិន​អាច​ទប់​ស្កាត់​បាន​ទេ ដរាប​ណា​គ្រួសារ​ហ៊ុន​បន្ត​ដឹកនាំ​បែប​ផ្តាច់​ការ ប្រព្រឹត្តិ​អំពើ​ពុក​រលួយ​ បក្សពួក​និយម​ និង​បំផ្លាញ​ប្រជាធិបតេយ្យនោះ។

លោកថា៖ «វា​ត្រូវ​ការ​ឆន្ទៈ​នយោបាយ​មួយ​ដ៏មុះ​មុត ហើយ​កម្ពុជា​ត្រូវ​ធានា​នៅ​ក្នុង​ការ​ដើរ​លើ​មាគ៌ា​នៃ​នីតិរដ្ឋ គឺ​លុប​បំបាត់​នូវ​វប្បធម៌​និទណ្ឌភាព​នោះ​ទើប​អាច​ធានាបាន​អំពី​ការ​បង្ក្រាប​ ទៅ​នឹង​អំពើ​ឧក្រិដ្ឋ​ប្រកប​ដោយ​ប្រសិទ្ធ​ភាព ហើយ​អ្នក​ណា​ប្រព្រឹត្តិ​បទ​ល្មើស​ត្រូវ​តែ​ទទួល​ទោស​ ហើយ​ទោះ​បី​ជា​អ្នក​នោះ​ជា​អ្នក​ណា​ក៏​មិន​អាច​បំពាន​ច្បាប់​បានទេ ហើយ​ច្បាប់​ត្រូវ​តែ​ដាក់​ទោស​អ្នក​ទាំង​នោះ»

ប្រធាន​កម្មវិធី​ប្រឆាំង​ការ​ជួញដូរ​មនុស្ស​នៃ​អង្គការ​ សង់ត្រាល់ លោក ឌីថេ ហូយ៉ា សរសេរ​លើ​ហ្វេសប៊ុក របស់​ខ្លួន​នៅថ្ងៃ​ទី​៣០ ខែធ្នូ​ នេះ​ថា ថៃ​រក​ឃើញ​អាគារ​ឆបោក​តាម​ប្រព័ន្ឋ​អនឡាញ​នៅ​កម្ពុជា ឯ​កម្ពុជា​អត់​ឃើញ​ លោកថា «សន្តិភាព​ណាស់​សម្រាប់​ឧក្រិដ្ឋជន»។

សកម្មជន​បក្ស​ប្រឆាំង​ដែល​លោក ហ៊ុន សែន ធ្លាប់​តាម​ប្រមាញ់​គឺ​លោក ផន ផាន់ណា និយាយ​ថា «លោក ថាក់ស៊ីន បាន​ឱ្យ​ប៉ូលីស​ថៃ បើក​ការ​ស៊ើប​អង្កេត​កន្លែង​ឧក្រិតកម្ម​អន​ឡាញ (អាគារ កុក អាន) នៅ​ប៉ោយ​ប៉ែត រក​ឃើញ​ជន​រងគ្រោះ​ជាង ១០០នាក់ ខណៈ​ដែល​មេ​ដឹក​នាំ​ខ្មែរ អត់​ដឹង​ខ្យល់​អី​សោះ»។

ជុំ​វិញ​បញ្ហា​នេះ វីអូឌី មិន​អាច​សុំការ​ឆ្លើយ​តប​ពី អភិបាល​ក្រុង​ប៉ោយ​ប៉ែត លោក គាត ហ៊ុល និង​អ្នក​នាំពាក្យ​គណបក្ស លោក សុខ ឥសាន បាន​នៅ​ឡើយ​ទេ គិត​ត្រឹម​ម៉ោង​ផ្សាយ​នេះ។

ដោយ​ឡែក អ្នក​ជំនាញ​ផ្នែក​នយោបាយ លោក ប៉ោ មករា មាន​ប្រសាសន៍​ថា បញ្ហា​ឆបោក​តាម​អន​ឡាញ​នេះ ជះ​ឥទ្ធិពល​អាក្រក់​ដល់​វិស័យ​ផ្សេងៗ​ក្នុង​ប្រទេស រួម​ទាំង​សេដ្ឋកិច្ច​ជាតិ​របស់​កម្ពុជា។

លោក​បារម្ភ​ថា អ្នករង​គ្រោះ​គឺ​ប្រជាពលរដ្ឋ ដែល​ធ្វើ​ឱ្យ​ពួក​គេ​រស់​នៅ​ទាំង​ភាព​ភ័យ​ខ្លាច និង​បាត់​បង់​នូវ​ប្រាក់​ចំណូល​ ពី​វិស័យ​ទេសចរណ៍ គ្មាន​ភ្ញៀវ​ទេសចរណ៍ និង​អ្នក​វិនិយោគ​មក​រក​ស៊ី​នៅ​កម្ពុជា​ជា​ដើម។

លោកថា៖ «បញ្ហា​អំពើ​ពុក​រលួយ​នេះ​ទៀត​សោត វា​បើក​ឱកាស​ឱ្យ​មន្ត្រី​គ្រាប់​ល្ពៅ ឱ្យ​មន្ត្រី​ខិល​ខូច​ឱ្យ​ជន​បរទេស​ខិល​ខូច​មួយ​ចំនួន​នឹង​ទៅ​យក​កម្ពុជា​ជា​ទីតាំង ដែល​បើក​រក​ស៊ី​ពាក់ព័ន្ធ​ទៅ​នឹង​ការ​ឆបោក​តាម​ប្រព័ន្ធ​អនឡាញ​ហ្នឹង អ៊ី​ចឹង​រដ្ឋាភិ​បាល​គួរ​តែ​មើល​ពិនិត្យ​ករណី​ឡើង​វិញ។ ទី២​ពាក់​ព័ន្ធ​ទៅ​នឹង​បញ្ហា​ពង្រឹង​នីតិរដ្ឋ ប្រព័ន្ធ​ច្បាប់​ហ្នឹង​គឺ​ត្រូវ​តែ​ជា​ប្រព័ន្ធ​ច្បាប់​មួយ​អនុវត្ត​ឱ្យបាន​ត្រឹមត្រូវ មិន​មាន​បក្ស​មិន​មាន​ពួក​ គឺ​អនុវត្ត​ដើម្បី​ផល​ប្រយោជន៍​ជាតិ​ទាំង​មូល»

សម្រាប់​លោក ប៉ោក មករា ផ្តល់​យោបល់​ថា វិធាន​បង្ក្រាប​បទ​លើ្មស​ប្រភេទ​នេះ អាច​ធ្វើ​ទៅ​បាន វា​លុះ​ណា​តែ​រដ្ឋាភិបាល​មាន​ឆន្ទៈ លុប​បំបាត់​អំពើ​ពុក​រលួយ ហ៊ាន​អារសាច់​ស្អុយ​ ក្នុង​ជួរ​មន្រ្តី​របស់​ខ្លួន​ បើ​រក​ឃើញ​ថា​មាន​ជាប់​ពាក់​ព័ន្ធ ទើប​អាច​ទប់​ស្កាត់​បាន។

កាល​ពី​ថ្ងៃ​ទី​១៧ ខែធ្នូ ភារ​ធារី​ស្តីទី​នៃ​ស្ថានទូត​សហរដ្ឋអាមេរិក ប្រចាំ​កម្ពុជា​គឺ អ្នកស្រី ប្រៃហ្គេត អែលវ៉កឃឺរ (Bridgette L. Walker) បាន​លើកឡើង​ចំពោះ​មុខ​អតីត​នាយករដ្ឋមន្ត្រី​កម្ពុជា​លោក ហ៊ុន សែន ពី​ការ​ព្រួយ​បារម្ភ​អំពី​បទល្មើស​ឆបោក​អន​ឡាញ ដែល​ថា ជះ​ឥទ្ធិពល​​មិន​ល្អ​ដល់​បរិយាកាស​វិនិយោគ សេដ្ឋកិច្ច នៅកម្ពុជា និងនៅក្នុងតំបន់។

ថ្មីៗ​សហរដ្ឋអាមេរិក​បាន​ដាក់​ទណ្ឌកម្ម ឧកញ៉ា លី យ៉ុងផាត់ ពាក់ព័ន្ធ​​នឹង​​អំពើ​​ជួញ​ដូរ​មនុស្ស និង​ពលកម្ម​ដោយ​​បង្ខំ​​ក្នុង​​ជំនួញ​ បទ​ឆបោក​តាម​អនឡាញ និង​​រូបិយប័ណ្ណ​គ្រីបតូ (Crypto Currency)។

លោក លី យ៉ុងផាត់ គឺ​ជា​មនុស្ស​​ស្និទ្ធ​​នឹង​​លោក ហ៊ុន សែន ដែល​​ជា​​អ្នក​​ប្រមូល និង​កាន់​កាប់​​ហិប​​លុយ​​​ឱ្យ​គណបក្ស​ប្រជាជន​កម្ពុជា និង​​ជា​​សមាជិក​​ព្រឹទ្ធសភា​ របស់​​គណបក្ស​​កាន់​​អំណាច។

យ៉ាង​ណា ល្បែង​អន​ឡាញ​ខុស​ច្បាប់ រួម​ទាំង​បទ​ឧក្រិដ្ឋ ចាប់​ជំរិត បង្ខាំង​មនុស្ស ត្រូវ​បាន​គេ​មើល​ឃើញ​ថា វាបាន​កើនឡើង​យ៉ាង​គំហុក នា​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ ទោះ​រដ្ឋាភិបាល​បាន​ប្រកាស​បិទ​ល្បែង​អនឡាញ​នេះ​ច្រើន​ឆ្នាំ​ទៅ​ហើយ​ក្តី។

ជា​ហូរហែ រដ្ឋាភិបាល​តែង​តែ​ប្រកាស​ទប់​ស្កាត់​បទ​ឧក្រិដ្ឋ​នេះ តែ​បទ​ឧក្រិដ្ឋ​ឆបោក​តាម​ប្រព័ន្ធ​អនឡាញ​និង​អំពើ​ចាប់​ជំរិត​ហាក់​មិន​ថយ​ចុះ​ទេ ដែល​ថ្មីៗ​ប្រទេស​កូរ៉េ​តាម​រយៈ​ប្រព័ន្ធ​ផ្សព្វផ្សាយ​របស់​ខ្លួន​បាន​ទាញ​សញ្ញា​អាសន្ន ឈប់​ឱ្យ​ពលរដ្ឋ​ខ្លួន​ធ្វើ​ដំណើរ​មក​កម្ពុជា ដោយ​មាន​ពលរដ្ឋ​ខ្លួន​បាន​រាយការណ៍​ថា បាន​ជួប​បញ្ហា​នេះ​នៅ​កម្ពុជា។

ដោយ​ឡែក​ប្រទេស​ឥណ្ឌា​ ក៏​ដូច​គ្នា​ដែរ ធ្លាប់​បាន​ប្រកាស​ថា ពលរដ្ឋ​ខ្លួន​រាប់​រយនាក់ បាន​រងគ្រោះ​នឹង​អំពើ​ឆបោក​តាម​អនឡាញ​នេះ នៅ​កម្ពុជា​ដែរ។

បន្ថែម​ពីនេះ ឥណ្ឌា ក៏បាន​ប្រកាស​ផ្សព្វផ្សាយ ឱ្យ​ពលរដ្ឋ​ខ្លួន​មានការ​ប្រុយប្រយ័ត្ន​ខ្ពស់ ពីបទ​ឧក្រិដ្ឋ​ឆបោក​តាម​អន​ឡាញ​នៅកម្ពុជា នៅ​ពេល​ដែល​ពួកគេ​មានបំណង​មក​រក​ការងារ​ធ្វើ​នៅ​កម្ពុជា​នោះ។

ពាក់​ព័ន្ធ​នឹង​អំពើ​ពុករលួយ​វិញ​ អង្គការ​ តម្លាភាព​អន្តរជាតិ​ ចេញ​ផ្សាយ​របាយការណ៍​ថ្មី​មួយ​នៅ​ដើម​ឆ្នាំ២០២៤ នេះ រក​ឃើញ​កម្ពុជា មាន​កម្រិត​អំពើ​ពុករលួយ​ខ្ពស់​ជាប់​គ្នា​ជិត​ ១០ឆ្នាំ បើ​ធៀប​នឹង​ប្រទេស​ ១៨០ ដែល​អង្គការ​នោះ​បាន​សិក្សា។ ដោយ​ឡែក របាយការណ៍​របស់​អង្គការ​សហប្រជាជាតិ​ ចេញ​ផ្សាយ​នៅ​ចុង​ខែ​សីហា ឆ្នាំ២០២៣ បង្ហាញ​ថា កម្ពុជា​ និង​មីយ៉ាន់ម៉ា ជា​ប្រទេស​ដែល​មានការ​ឆរបោក និង​ជួញ​ដូរ មនុស្ស​ទ្រង់​ទ្រាយ​ធំ​នៅ​តំបន់ អាស៊ី​អាគ្នេយ៍។ របាយការណ៍​នេះ​រក​ឃើញថា មនុស្ស​ប្រមាណ ១សែននាក់ រង​គ្រោះ​ក្នុង​អំពើ​ឆរបោក និង​ចាប់​ជំរិត​នៅ​កម្ពុជា៕

ដោយ៖ កញ្ញា កែវ​ មរកត

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ