បន្ទាត់នយោបាយ របស់មេដឹកនាំបក្សកាន់អំណាច ត្រូវបានគេមើលឃើញថា កំពុងបន្តត្រួសត្រាយផ្លូវ ឱ្យលោក ហ៊ុន ម៉ាណែត បន្តគ្រប់គ្រងអំណាចលើទីលានប្រកួតការបោះឆ្នោតឆ្នាំ២០២៧ និង២០២៨ ខាងមុខ ដោយគ្មានគូប្រកួត ។
ការសំអាងបែបនេះ ដោយពួកគេយោងទៅលើការប្រើដៃតុលាការ ចាប់សកម្មជនសិទ្ធិមនុស្ស និងនយោបាយដែលមាននិន្នាការប្រជាធិបតេយ្យ ដាក់ពន្ធនាគារ និងដកសិទ្ធិធ្វើនយោបាយជាដើម ដែលការណ៍នេះនឹងធ្វើឱ្យពលរដ្ឋបន្តរងគ្រោះតជំនាន់ បើកម្ពុជាគ្មានការបោះឆ្នោត ប្រព្រឹត្តិទៅដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌ តាមគន្លងប្រជាធិបតេយ្យទេនោះ។
ភស្តុតាងដែលអាចបញ្ជាក់បាន បន្ទាត់នយោបាយបែបនេះ គឺកាលពីសប្តាហ៍មុន ប្រធានគណបក្សកម្លាំងជាតិ លោក ស៊ុន ចន្ធី ត្រូវបានតុលាការ សម្រេចដកសិទ្ធិមិនឱ្យធ្វើនយោបាយ ជុំវិញបទចោទញុះញង់។
ករណីនេះ ដូចគ្នាទៅនឹងការប្រើដៃតុលាការ ដកសិទ្ធិធ្វើនយោបាយ លោក សម រង្ស៊ី និងលោក កឹម សុខា ជាដើម ដែលជាតួអង្គមានសក្តានុពលប្រជែងអំណាចជាមួយ លោក ហ៊ុន សែន។
តំណាងរាស្រ្តគណបក្សសង្រ្គោះជាតិលោក អ៊ំ សំអាន ចាត់ទុកថា ការសម្លាប់ជីវិតនយោបាយ លោក ស៊ុន ចន្ធី នៅពេលនេះ វាគ្រាន់តែជាជំហ៊ានដំបូងដើម្បីផាត់ដៃគូប្រកួតចេញពីសង្វៀននយោបាយ ក្នុងអាណត្តិលោក ហ៊ុន ម៉ាណែត ដឹកនាំប្រទេសប៉ុណ្ណោះ។ លោកថា វាសនាអ្នកនយោបាយបក្សប្រឆាំងផ្សេងទៀត នឹងត្រូវលោក ហ៊ុន សែន តាមកំទេចមិនខុសពី លោក ស៊ុន ចន្ធី នោះទេ។
លោក សំអាន សង្គត់ធ្ងន់ថា លោក ហ៊ុន សែន កំពុងព្យាយាមត្រួសត្រាយផ្លូវឱ្យលោក ហ៊ុន ម៉ាណែត ជាកូន កាន់តំណែងកំពូលដោយគ្មានឧបសគ្គ តាមរយៈការបោះឆ្នោតក្លែងក្លាយ ក្រោយដឹងថាបើប្រកួតតាមបែបប្រជាធិបតេយ្យ កូនប្រុសខ្លួននឹងរបូតអំណាចមិនខានឡើយ។
លោកថា៖ «លោក ហ៊ុន ម៉ាណែត គឺជាមនុស្សដែលអសមត្ថភាព ក្នុងការដឹកនាំប្រទេស ជាមនុស្សដែលគ្មានប្រជាប្រិយភាពក្នុងចំណោមប្រជាពលរដ្ឋខ្មែរ។ មួយទៀតដោយសារតែការដឹកនាំរបស់គាត់ហ្នឹង ធ្វើឲ្យសង្គមមានភាពអយុត្តិធម៌ជាច្រើន ទៅដល់ប្រជាពលរដ្ឋ មានការបោកប្រជាពលរដ្ឋពីសំណាក់ឧកញ៉ា និងរឿងបង្ខាំងមនុស្សឱ្យឆបោកតាមអនឡាញ ការបំផ្លិចបំផ្លាញធនធានធម្មជាតិ ដោយសារការប្រើអំណាចផ្ដាច់ការតពូជ ដែលចាប់អ្នកប្រឆាំងដាក់គុក ការរំលោភសិទ្ធិមនុស្ស»។
ប្រធានគណបក្សកម្លាំងជាតិ លោក ស៊ុន ចន្ធី ត្រូវបានចាប់ខ្លួនកាលពីថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៤ នៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ ក្រោយលោកត្រលប់ពីជួបអ្នកគាំទ្រនៅប្រទេសជប៉ុន។
អំឡុងពេលនៅប្រទេសជប៉ុន លោក ស៊ុន ចន្ធី បានរិះគន់រដ្ឋាភិបាល ពីភាពមិនប្រក្រតី នៃការចែកប័ណ្ណក្រីក្រ និងអះអាងថា អ្នកជាប់បំណុលធនាគារ នឹងត្រូវផ្អាកសងត្រឡប់ទៅម្ចាស់បំណុលរយៈពេល ៥ឆ្នាំ បើគណបក្សរបស់លោកបានដឹកនាំប្រទេស។
ជាការកត់សម្គាល់ ក្រោមការដឹកនាំប្រទេសរបស់លោក ហ៊ុន ម៉ាណែត ជាងមួយឆ្នាំទៅនេះ ក្រៅពីលោក ស៊ុន ចន្ធី ហើយនោះ នៅមានអ្នកដឹកនាំនយោបាយជំទាស់ ជាច្រើនរូបកំពុងរងបណ្តឹងជាបន្តបន្ទាប់។
ក្នុងនោះរួមមាន វិធានការច្បាប់លើ លោក រ៉ុង ឈុន ការចាប់ខ្លួន លោក ថាច់ សេដ្ឋា ការប្តឹងលោក ស៊ុន ឆ័យ និងលោក គង់ គាំ ជាដើម។
ការចាប់ចងក្បាលម៉ាស៊ីនដឹកនាំគណបក្សប្រឆាំងទាំងនោះ ហាក់ស៊ីគ្នាទៅនឹងសារបែកធ្លាយ របស់ប្រធានបក្សកាន់អំណាច លោក ហ៊ុន សែន ដែលបញ្ជាឱ្យបោសសម្អាតក្រុមសំឡេងជំទាស់ ដើម្បីបើកផ្លូវឱ្យលោក ហ៊ុន ម៉ាណែត ឈ្នះឆ្នោតនៅឆ្នាំ២០២៧ និង២០២៨ ដោយគ្មានគូរប្រកួត។
លោកថា៖«បំបែកមុខពីឥឡូវទៅតែម្ដង ដើម្បីកុំឲ្យពួកវាមានមូលដ្ឋានកសាងកម្លាំង យកមកធ្វើជាសមាជិកក្រុមប្រឹក្សាឃុំសង្កាត់ នៅការបោះឆ្នោតឆ្នាំ២០២៧ និយាយរួមគឺគ្រប់គ្រងកសាងកម្លាំងពីឥឡូវ បំផ្លាញកម្លាំងពួកប្រឆាំង កុំឲ្យពួកប្រឆាំងមានកម្លាំងប្រើ បើហែងប្រឆាំងងើបមួយវ៉ៃមួយ»។
ជិត ១០ឆ្នាំមុន ពោលគឺ ក្នុងឆ្នាំ២០១៧ គណបក្សសង្គ្រោះជាតិ ដែលមានអ្នកគាំទ្រជិតពាក់កណ្តាលប្រទេស ក៏ត្រូវបានតុលាការកំពូល ដែលមានចៅក្រមកាត់ក្តីជាសមាជិកបក្សកាន់អំណាចផងនោះ បានចេញសាលដីការំលាយបក្សប្រឆាំងមួយនេះចេញពីទីលាននយោបាយ។
អំណាចសាលដីកាតុលាការកំពូលនេះ បានបិទផ្លូវមន្រ្តីគណបក្សជំទាស់ ១១៨រូប ចាប់ពីគណៈកម្មាធិការនាយកឡើងទៅ មិនឱ្យធ្វើនយោបាយរយៈពេល ៥ឆ្នាំ។
ជាមួយគ្នានេះ មេដឹកនាំបក្សសង្រ្គោះជាតិ លោក កឹម សុខា ត្រូវឃុំខ្លួន ក្រោមការចោទថាគប់គិតជាមួយបរទេសផ្តួលរំលំរដ្ឋាភិបាល រីឯលោក សម រង្សី ត្រូវនិរទេសខ្លួននៅក្រៅប្រទេសរហូតបច្ចុប្បន្ន។
ក្នុងស្ថានភាពនោះ សហគមន៍អន្តរជាតិ បានដកប្រព័ន្ធអនុគ្រោះពន្ធ EBA និង GSP ២០% ពីកម្ពុជា ដើម្បីឆ្លើយតបទៅនឹងការមិនអើពើស្តារប្រជាធិបតេយ្យ ពីសំណាក់រដ្ឋាភិបាលគណបក្សកាន់អំណាច។
ដោយឡែក ការបោះឆ្នោតជាតិអាណត្តិទី៧ នេះវិញ ប្រទេសលោកសេរីជាច្រើន រួមមាន បារាំង អាល្លឺម៉ង់ ចក្រភពអង់គ្លេស សហរដ្ឋអាមេរិក ជាដើម ចាត់ទុកថា បានប្រព្រឹត្តទៅ ក្រោមការគាបសង្កត់ គំរាមកំហែងលើអ្នកនយោបាយជំទាស់ សង្គមស៊ីវិល ជាដើម។
ប្រទេសទាំងនោះថា ពលរដ្ឋខ្មែរ មិនបានបង្ហាញពីឆន្ទៈពិតប្រាកដរបស់ខ្លួន ដើម្បីសម្រេចចិត្តជ្រើសរើសមេដឹកនាំ តាមបំណងប្រាថ្នានោះទេ។
ប្រធានអង្គការប្រជាធិបតេយ្យខ្មែរប្រចាំប្រទេសអូស្ត្រាលី លោក ស៊ឹង សែនករុណា យល់ថា អំណាចគ្រួសារហ៊ុន ច្បាមយកបានមកដល់សព្វថ្ងៃនេះ គឺកើតចេញពីការបោះឆ្នោតក្លែងក្លាយ ដែលកំពុងបង្កគ្រោះថ្នាក់ដល់ពលរដ្ឋច្រើនលាននាក់។
លោកថា៖«ខ្លួន(បក្សកាន់អំណាច)បានប្រព្រឹត្តនូវបទល្មើស ការរំលោភបំពានការធ្វើទុក្ខបុកម្នេញទៅលើប្រជាពលរដ្ឋ ការដឹកនាំរបស់ខ្លួនហ្នឹង! មិនល្អ មានគ្រឿងញៀនពេញប្រទេស ក្មេងបងតូចបងធំអ៊ីចឹងទៅ សេដ្ឋកិច្ចជាតិធ្លាក់ចុះ បណ្ដាលឲ្យប្រជាពលរដ្ឋធ្លាក់ខ្លួនក្រីក្របំណុលវ័ណ្ឌកពីបទឧក្រិដ្ឋកម្មអន្តរជាតិនានា នៅក្នុងប្រទេសយើង ពួកឧក្រិដ្ឋជនលាក់ខ្លួនក្នុងប្រទេសយើង។ អ៊ីចឹង ការដឹកនាំហ្នឹង គឺជាការដឹកនាំមួយដែលកម្សោយ នាំប្រទេសជាតិធ្លាក់ទៅដល់ភាពអន្តរាយ»។
ក្រោយលោក ហ៊ុន សែន វាយបំបែកប្រព័ន្ធត្រួតពិនិត្យអំណាច ដើម្បីវែកផ្លូវ ឱ្យលោក ហ៊ុន ម៉ាណែត ស្នងតំណែងបន្ត ចាប់តាំងពីឆ្នាំ២០១៧មក រួមមាន រំលាយបក្សសង្រ្គោះជាតិ បិទខ្ទប់ប្រព័ន្ធផ្សព្វផ្សាយឯករាជ្យក្នុងស្រុក ចាប់ខ្លួនអ្នកធ្វើការងារសិទ្ធិមនុស្ស ចាប់ខ្លួនអ្នកនយោបាយជំទាស់ជាដើម បានបន្យល់ទុកវិបត្តិជាតិជាច្រើន។
បច្ចុប្បន្ន កម្ពុជាបានក្លាយជាជម្រកឧក្រិដ្ឋជនឆបោក តាមប្រព័ន្ធអនឡាញ អំពើចាប់ជំរិត បង្កការភ័យខ្លាចដល់ប្រទេសក្នុងតំបន់ និងប៉ែកអ៊ឺរ៉ុប អំពើពុករលួយ ពលរដ្ឋចាញ់បោកក្រុមឧកញ៉ា វិបត្តិបំណុល លំហូរចូលនៃគ្រឿងញៀន ការដាក់ទណ្ឌកម្មសេដ្ឋកិច្ច ពីលោកសេរី មហន្តរាយធនធានធម្មជាតិ និង បញ្ហាបូរណភាពទឹកដីជាដើម។ អ្នកឃ្លាំមើលនិយាយថា ដើម្បីចាកចេញវិបត្តិសង្គមទាំងនោះ ទាល់តែពលរដ្ឋត្រូវចេះអនុវត្តសិទ្ធិ តាមស្មារតីរដ្ឋធម្មនុញ្ញ ដើម្បីដាក់សម្ពាធឱ្យមេដឹកនាំងាកមកដើរតាមគន្លងប្រជាធិបេតេយ្យវិញ តែបើពឹងលើឆន្ទៈគ្រួសារហ៊ុន នោះម្ចាស់ឆ្នោត នឹងក្លាយជាចំណាប់ខ្មាំងនយោបាយគ្មានទីបញ្ជប់៕
ដោយ៖ លោក សែន សច្ចៈ












