ឆ្នាំ២០២៥កម្ពុជាប្រឈមនឹងបញ្ហាចាក់ស្រែសគរជាគំនរពីឆ្នាំចាស់

អ្នក​ឃ្លាំមើលសង្គម លើកឡើងថា ការពង្រឹង​ការអនុវត្ត​ច្បាប់ដោយ​ស្មើ​ភាពគ្នា​​ ដើម្បី​ឱ្យមាន​យុត្តិធម៌​សង្គម ការ​បើក​ឱ្យ​​មាន​​លំហ​​សេរីភាព​ និង​ស្តារ​​ប្រជាធិបតេយ្យ​​ឡើង​​វិញ និង​​ការ​​ដោះ​លែង​​អ្នក​​ទោស​​មនសិការ​​ទាំង​អស់​​​ឱ្យ​មាន​​សេរី​ភាព គឺ​​ជា​ជម្រើ​ស​​​ដែល​​រដ្ឋាភិបាល​គួរ​​​ធ្វើ​​នៅ​ក្នុង​​ឆ្នាំ​​២០២៥ នេះ ដើម្បី​​ឱ្យ​កម្ពុជា​​អាច​​រក្សា​បាន​​នូវ​ប្រព័ន្ធ​​អនុគ្រោះ​​ពន្ធ EBA និង​ GSP ​ដែល​ជា​ស្នូល​សំខាន់​​ក្នុង​​ការ​​បន្ត​​ធ្វើឱ្យ​​មាន​​កំណើន​​សេដ្ឋកិច្ច។

 ការ​​លើក​ឡើង ​របស់​​អ្នក​​ឃ្លាំ​មើល​​សង្គម​​នេះ ធ្វើ​ឡើង​​ខណៈ​​ពេញ​​មួយ​ឆ្នាំ​២០២៤ កន្លង​ទៅ ​​​កម្ពុជា​ត្រូវ​បាន​​គេ​មើល​​ឃើញ​​ថា រដ្ឋាភិបាល​​ត​ពូជ​ ដែល​​ដឹក​នាំ​​ដោយ​​គ្រួសារ​​ហ៊ុន បាន​​បន្ត​ធ្វើ​​ទុក្ខ​បុក​ម្នេញ​ឥត​ស្រាក​ស្រាន្ត​​ទៅលើ​​​សកម្មជន​​នយោបាយ​ និង​​សកម្មជន​​សង្គម​​ដែល​​មាន​​ទស្សនៈ​​មិន​ស្រប​​នឹង​រដ្ឋាភិបាល។

បើតាម​​អង្គការ ​លីកាដូ ​ក្នុង​​ឆ្នាំ២០២៤ កម្ពុជា​​បាន​​ចាប់​​ឃុំ​ខ្លួន​​​អ្នក​ទោស​​មនសិការ​​ប្រមាណ​​ជាង ​១០០នាក់​។ តំណាង​អង្គការ​​សហប្រជាជាតិ និង​​បណ្តា​​ប្រទេស​​លោក​​សេរី​​​បាន​​ថ្កោល​ទោស​​យ៉ាង​ខ្លាំង​ជា​បន្ត​​បន្ទាប់​​ ចំពោះ​ការ​​ចាប់​ឃុំ​​ខ្លួន​​ទាំង​​នេះ​ ដោយ​​ចាត់​​ទុក​ថា ជា​ការ​​ចាប់​​ឃុំ​ខ្លួន​​តាម​​អំពើ​ចិត្ត ​​និង​​ទាម​ទារ​​ឱ្យ​ដោះ​​លែង​​ដោយ​​គ្មាន​​លក្ខខណ្ឌ។

ក្រៅ​ពី​នេះ ​ការ​​ផ្ទុះ​ការ​តវ៉ា​​​ប្រឆាំង​​​នឹង​​តំបន់​​ត្រីកោណ​ CLV-DTA រហូត​​ដល់​​មាន​ការ​​លុប​​គម្រោង​​នេះ​​ចោល ​ការ​​​សម្ពោធ​​បើក​​ការដ្ឋាន​​ព្រែក​ជីក​​​ហ្វូណន ​ដែល​​នៅ​​ពេល​​នេះជាប់​​គាំង រឿង​​វិវាទ​កោះ​​គុត បូក​​​រួម​​ទាំង​ការ​ព្រមាន​​ដក ​​EBA ៨០% ​ទៀត ពី​​សហភាព​អឺរ៉ុប​ បូក​​រួម​ទាំង​អំពើ​​ឆបោក​​ជា​ប្រព័ន្ធ ​​របស់​​ក្រុមឧកញ៉ា​​ ​បាន​​ធ្វើ​ឱ្យ​​ប្រជា​រដ្ឋ​​ខ្មែរ​​រាប់​​ម៉ឺន​​គ្រួសារ​​ទទួល​​រង​​គ្រោះ។

បញ្ហានេះ ​ធ្វើឱ្យ​​ប្រជា​ពលរដ្ឋ​​ជា​ច្រើន ​សម្លាប់​​ខ្លួន​​ដោយ​សារ​​តែ​​វិបត្តិ​​បំណុល​​រើ​ខ្លួន​មិន​រួច ​​ការ​រីក​រាល​ដាល​​កាន់​តែខ្លាំង​​នៃគ្រឿង​ញៀន អំពើ​ឆបោក​ចាប់​ជម្រិត​​តាម​​ប្រព័ន្ធ​​អន​​ឡាញ​​ និង​​អំពើ​​ពុករលួយ​​ជា​ប្រព័ន្ធ​ ក៏​ជា​បញ្ហា​​ក្តៅ​​ ដែលបាន​បន្តញាំញី​​សង្គម​​កម្ពុជា​ក្នុង​​ឆ្នាំ​២០២៤ ផងដែរ​​។

លោក អ៊ូ ចន្ទរ័ត្ន អតីត​​តំណាង​រាស្រ្ត​​គណបក្ស​​សង្គ្រោះ​ជាតិ បច្ចុប្បន្ន​​ជា​សហស្ថាបនិក​​គណ​បក្ស​​កែ​ទម្រង់​កម្ពុជា បាន​​ថ្លែង​​ថា លោក​​មិន​​ហ៊ាន​សន្និដ្ឋាន​​ថា​ នឹង​មាន​អ្វី​កើត​ឡើង​​នៅ​​ក្នុង​​​ឆ្នាំ​២០២៥ ​នោះ​ទេ​ ពី​ព្រោះ​បញ្ហា​​គឺ​​វា​បាន​​កើត​ឡើង​​ច្រើន​ហួស​​ណាស់​ទៅ​​ហើយ​នៅ​​ក្នុង​​ឆ្នាំ​​២០២៤​នេះ។

យ៉ាង​​ណា​ក្តី ​​​លោក​​រំពឹង​​ថា រដ្ឋាភិបាល​ នឹង​ដូរ​​ឥរិយាបទ​នយោ​បាយ​​ខ្លះ ​ដើម្បី​​ធ្វើ​​យ៉ាង​ណា​ឱ្យ​​ដំណើរ​​ការ​អភិវឌ្ឍ​​សេដ្ឋកិច្ច​ហ្នឹង​បាន​​ប្រសើរ​​ឡើង​​ ក្នុង​​ឆ្នាំ២០​២៥។

​លោក ​ចន្ទ​រ័ត្ន ​មើល​​ឃើញ​​ថា ពាក់​ព័ន្ធ​​នឹង​​សង្គ្រាម​​នៅ​​ប្រទេ​ស​​ផ្សេង​ៗ​ ​ហាក់​​ដូច​​ជា​មិន​​សូវ​​ជះឥទ្ធិពល​​មក​លើ​​នយោ​បាយ​កម្ពុជា​ប៉ុន្មាន​​ទេ។

ប៉ុន្តែថា អ្វី​ដែល​​សំខាន់ ​គឺ​​ឥរិយាបទ​​នយោ​បាយ​​របស់​​រដ្ឋាភិបាល​​កម្ពុជា​​ ពី​ព្រោះ​​បើសិន​​ជា​រដ្ឋាភិបាល​​នៅ​​តែ​រឹង​​ត្អឹង​ ​ហើយ​​មិន​​បត់​​បែន​​ស្រប​​ទៅ​​តាម​​អ្វី​​ដែល​​ជា​អនុសសាសន៍​​របស់​​សហគមន៍​​អឺរ៉ុប​​ក្តី របស់​សហរដ្ឋ​អាមេរិក​ក្តី គឺ​វា​នឹង​​ធ្វើ​ឱ្យ​​ប៉ះពាល់​​ដល់​​ដំណើរ​​ការ​​អភិវឌ្ឍ​​សេដ្ឋកិច្ច ​របស់​កម្ពុជា​​នៅ​​ក្នុង​​​​ឆ្នាំ​​២០២៥ ​និង​​ឆ្នាំ​ខាង​​មុខៗ​​ទៀត។

លោកថា៖ «យើង​​ដឹង​​ហើយ ​យើង​​នៅ​​ត្រូវ​ការ​​ប្រព័ន្ធ​​អនុគ្រោះ​ពន្ធ EBA របស់​​សហគមន៍​​អឺរ៉ុប​ ហើយ​​យើង​នៅ​ត្រូវការ​ ​GSP របស់​​សហរដ្ឋ​អាមេរិក​​នៅ​ឡើយ​​ទេ​ បើ​ទោះ​បីជា​យើង​​អាច​​នឹង​​ចេញ​​ផុត​​ពី​​ប្រទេស​អភិវឌ្ឍ​តិច​តួច​នៅ​​ឆ្នាំ២០២៩ ក៏ដោយ ប៉ុន្តែ​​ក្នុង​​រយៈ​ពេល​​ប៉ុន្មាន​​ឆ្នាំ​​នេះ​យើ​ង​​ប្រាកដ​​ណាស់​​យើង​​ត្រូវការ EBA និង​ ​GSP។ ដូច្នេះ​​អ្វី​​ដែល​​យើង​​រំពឹងថា យើង​​អាច​ទទួល​​ទាល់​​តែ​​យើង​​ស្តារ​​លទ្ធិ​ប្រជាធិបតេយ្យ​​ហ្នឹង​ឱ្យ​បាន​ប្រសើរ​​ឡើង​វិញ​ទី១ ទី២​​ជំរុញ​​ការ​​គោរព​​សិទ្ធិ​មនុស្ស​​ហ្នឹង​​ឱ្យ​​បាន​​ប្រសើរ​ឡើង​វិញ ហ្នឹង​​ខ្ញុំ​​គិត​​ថា ប្រហែល​ជា​យើង​​បាន​​​ទទួល​​ផល​​ប្រយោ​ជន៍​ពី​ប្រទេស​​លោក​​ខាង​លិច​​ច្រើន»

 ចំណែក​​លោក យង់ ពៅ ​អគ្គ​លេខាធិការ​​រាជ​បណ្ឌិត្យ​​សភា​កម្ពុជា របស់​រដ្ឋាភិបាល បាន​​ថ្លែង​ថា ក្នុង​ឆ្នាំ​២០២៥ ​កម្ពុជា​​នឹង​​អាច​​ជួប​ នូវ​​បញ្ហា​​ប្រឈម​ទី១ គឺយុត្តិធម៌​សង្គម ដែល​​កម្ពុជា​​ត្រូវ​​តែ​ព្យា​យាម​​ដោះ​​ស្រាយ​បន្ថែម​​​ទៀត​ ដែល​​បញ្ហា​​នេះ​​វា​បាន​​ពូន​​គរ​​មក​​ពី​មុន​​ជា​ច្រើន។ ទី២ គឺ​បញ្ហា​​គម្លាត​​សង្គម​​​ចាប់​​ផ្តើម​​រីក​​ធំ អ្នក​មាន​ខ្លាំង​​កាន់​​តែមានទៅៗ ​ហើយ​​​អភិជន​​អ្នក​មាន​​មួយ​​ចំនួន​ បាន​​ភ្លេច​​ខ្លួន​​ដោយ​​បាន​​បង្ហាញ​​ពី​ការ​​ចាយ​វាយ​​​ខ្ជះខ្ជាយ​​ ហ៊ឺ​ហារ នៅ​​ពេល​​​​ប្រជាជន​ក្រីក្រ​មួយ​​ចំនួន​ ​​ដែល​​រង​ផល​​ប៉ះ​ពាល់​​ពី​​​វិបត្តិ​​​សេដ្ឋកិច្ច​ កាន់​​តែ​ក្រី​ក្រ​​ថែម​​ទៀត​ ​ដែល​​ទាំង​​អស់​​នេះ​​ ធ្វើ​ឱ្យ​​មាន​​វិសមភាព​សង្គម​ ​ដែល​​នាំ​ទៅ​​ដល់​វិបត្តិ​មួយ​អាច​​ធ្វើ​ឱ្យ​​សង្គម​មាន​​បញ្ហា​ផង​ដែរ។

លោក​ យង់ ពៅ ​លើក​ឡើង​​ថា មួយ​​ទៀតគឺ​បញ្ហា​​គ្រឿងញៀន និង​​បញ្ហា​​គ្រឿង​ស្រវឹង​ជាដើម ​ជា​បញ្ហា​​ដែល​ធ្វើ​ឱ្យ​​សង្គម​​ជួប​​វិបត្តិ​ត្រង់​​ថា យុវជន ​និង​មនុស្ស​​មួយ​​ចំនួន​ ដែល​​បាន​ប្រើប្រាស់​​ធ្វើ​ឱ្យ​ខូច​​សរីរាង្គ​កាយ ​បាត់​បង់​​កម្លាំង​ពលកម្ម ហើយ​​ទៅ​​ជា​ប្រព្រឹត្ត​​អំពើ​​អបាយ​មុខ​​បន្ថែម​​ទៀត​​​ដោយ​​សារ​​តែ​បញ្ហា​​គ្រឿង​ញៀន​​ ដែល​កំពុង​​ត្រូវ​​បាន​​ប្រើ​​ប្រាស់​​យ៉ាង​សម្បូរ​បែប​តាម​​រយៈ​​វិធី​ថ្មីៗ​ ​ដែល​​អាជ្ញាធរ​​ពិបាក​​នឹង​តាម​​រក។

លោកថា៖ «នេះ​​ជា​បញ្ហា​​ស្នូល​ដែល​ខ្ញុំ​​មើល​​ឃើញ​​ថា ​វា​នឹង​រួម​​រិត និង​រំខាន​ដល់​​ដំណើរ​ការ​​អភិវឌ្ឍ​​សង្គម​ ដូច្នេះ​​រាជ​រដ្ឋាភិបាល​ អាជ្ញាធរ​មាន​សមត្ថកិច្ច​ តោង​​យល់​​នូវ​ចំណុច​​ទាំង​​អស់​​នេះ​ ​ហើយ​​ព្យាយាម​​ដោះ​ស្រាយ។​ យើង​​ដឹង​ហើយ​ថា​ ការ​​ដោះ​ស្រាយ​​វា​មិន​​អាច​​ដូច​​បំណង​​ ដែល​​ចង់​​បាន​ទេ ក៏​ប៉ុន្តែ​​យើង​​ត្រូវ​តែ​ព្យាយាម​​ទាំង​អស់​គ្នា​​​ដោយ​​ទទួល​ស្គាល់​​នូវ​បញ្ហា យក​បញ្ហា​​នោះ​​មក​ដោះ​​ស្រាយ »

​អគ្គលេខា​ធិការ​​រាជ​បណ្ឌិត​​សភា​រូប​នេះ ​បញ្ជាក់​​ថា ជាក់​ស្តែង​រដ្ឋាភិបាល​​កម្ពុជា​​កំពុង​​តែ​បាន​​ដោះ​ស្រាយ​បណ្តើរៗ​ ហើយ​ករណី​មួយ​​ចំនួន បាន​បង្ហាញ​ជា​ពន្លឺ​​នៃ​ដំណោះ​​ស្រាយ។

​លោក យង់ ពៅ ​​លើក​ទឹក​ចិត្ត ឱ្យ​​រាជរដ្ឋាភិបាល ​អាជ្ញាធរ​មាន​សមត្ថកិច្ច និង​​ស្ថាប័ន​​ច្បាប់​បន្ត​ដោះ​ស្រាយ​កិច្ច​ការ​​នេះ​​ ប្រកប​ដោយ​តម្លា​ភាព​ សមធម៌​ និង​​យុត្តិធម៌​ដល់​​ជន​​រង​គ្រោះ​ ក៏​​ដូច​ជា​អ្នក​​ពាក់ព័ន្ធ​​ទាំង​​ឡាយ​ដើម្បី​ឱ្យ​​សង្គម​​យើង​​មាន​​សភាព​ជ្រះថ្លា​ ​ចាប់​​យក​​ឱកាស​ក្នុង​ការ​កសាង ​និង​អភិវឌ្ឍ​​ប្រទេស​​ជាតិ។

វីអូឌី ​មិន​​អាច​​ទាក់​​ទង ​លោក​ ប៉ែន បូណា ប្រធាន​​អង្គភាព​​អ្នក​​នាំពាក្យ​​រដ្ឋាភិបាល ​ដើម្បី​​ស្នើ​​សុំ​​ការ​ធ្វើ​អត្ថាធិប្បាយ ​ពី​​ស្ថាន​ភាព​នយោបាយ ​និង​​សេដ្ឋកិច្ច ​របស់​​កម្ពុជា​​ក្នុង​​ឆ្នាំ២០២៥ ​បាន​ទេ។

ប៉ុន្តែ ​លោក ប៉ែន បូណា បាន​​ថ្លែង​​កាល​ពីថ្ងៃទី​២៦ ​ខែធ្នូ ថា​ការ​រក្សា​បាន​នូវ​សុខ​សន្តិភាព គឺ​ជា​ជោគជ័យ​ដ៏​ធំ​មួយ​​របស់​កម្ពុជា និង​ជា​មូលដ្ឋាន​គ្រឹះ​ ដ៏រឹង​មាំ​នៃការ​ឈាន​ទៅ​​សម្រេច​​ចក្ខុ​វិស័យ​កម្ពុជា​ឆ្នាំ២០៥០ ក្លាយ​ជា​ប្រទេស​ដែល​មាន​ចំណូល​ខ្ពស់។

ទាក់​ទង​​ទៅ​​នឹង​​​បញ្ហា​​សេដ្ឋកិច្ច​កម្ពុជា​​ លោក មឿន តុលា ​ប្រធាន​អង្គការ​ សង់ត្រាល់ ​បាន​​ថ្លែង​​ថា ទេស​ចរណ៍​​​ជា​​វិស័យ​​អាទិភាពទី​១ ​ដែល​​កម្ពុជា​​អាច​​យក​​ធ្វើ​ជា​ស្ពាន​​សម្រាប់​​កសាង​​ប្រទេស ​ក៏​ប៉ុន្តែ​​វិស័យ​​ទេស​ចរណ៍​​បច្ចុប្បន្ន​​ហាក់​​បី​ដូច​ជា​ដួល​ខ្ពោក​ ​អត់​​មាន​​ទទួល​​បាន​​ភ្ញៀវ​​ទេសចរ​​បរទេស​​ច្រើន​​ទេ​​។ ទី​២ គឺ​​វិស័យ​កសិកម្ម ដែល​​កម្ពុជា​​ត្រូវ​​ស្តារ​​ហេដ្ឋារចនាសម្ព័ន្ធ​​វិស័យ​​​នេះ​ ប៉ុន្តែ​​កុំ​ឱ្យ​​កសិកម្ម​​គ្រប​​ដណ្តប់​ទៅ​​ដោ​យ​​ក្រុម​ហ៊ុន​ធំៗ គឺ​​​គួរ​ជំរុញ​​លើក​​ទឹក​ចិត្ត​​ ឱ្យមាន​​កសិកម្ម​​តាម​​បែប​​គ្រួសារ​​មាន​​ន័យ​​ថា កសិករ​អាច​មាន​ដី​ មាន​បច្ចេក​ទេស​​ មាន​​ធនធាន​​ក្នុង​ការ​​ធ្វើ​កសិកម្ម។

លោក ​តុលា ​លើក​ឡើង​​ថា អ្វី​ដែល​​ជាឧបសគ្គធំ ​សម្រាប់​​វិស័យ​​ទេស​ចរណ៍​កម្ពុជា ​គឺ​រឿង​​អន​​ឡាញ​ស្កេម (Online Sams) ដែល​​​រដ្ឋាភិបាល​​​​គួរ​​ពិចារណា​ឡើង​​វិញ​ ដោយ​ថា ​​បច្ចុប្បន្ន​ រដ្ឋាភិបាល​ហាក់ សម្លឹង​​​យក​ឧស្សា​ហកម្ម​​ល្បែង និង​ឧស្សាហកម្ម​ស្រាបៀរ​យក​​មក​​ជា​ត្រីមុខ ​ ដែល​ធ្វើ​ឱ្យ​ប៉ះពាល់​​ទៅ​ដល់​​ជំនឿ​​ទុក​​ចិត្ត​ ការ​​ព្រួយ​​បារម្ភ​ ការ​​ភ័យ​​ខ្លាច​​​របស់​​ភ្ញៀវ​​ទេសចរ​​អន្តរជាតិ​ ដែល​គេ​មក​លេង​​នៅ​​កម្ពុជា។

លោក​គូស​បញ្ជាក់​ថា បច្ចុប្បន្ន​ នៅថៃ នៅ​ម៉ាឡេស៊ី​ គេ​ទទួល​​បាន​​ភ្ញៀវ​ទេស​ចរ​បាន​ច្រើន ក្នុង​​ខណៈ​ ​កម្ពុជា ​ មាន​ភ្ញៀវ​​បរទេស​​​តិច​តួច​​បំផុត។

លោកថា៖ «បន្ថែម​​ពី​នេះ​ ​គឺ​​រឿង​​ឧស្សាហកម្ម​កាត់ដេរ​​ទាំង​​សម្លៀក​បំពាក់ ទាំង​​ស្បែក​ជើង ផលិតផល​​ធ្វើ​ដំណើរ​ ហើយ​និង​​ផលិតផល​​មួយ​​ចំនួន​​ទៀត​​ ក៏​​អាច​​មាន​សក្តា​នុពល​​ដែរ ​ដូច​ជា​គ្រឿង​​អេឡិច​​ត្រូនិក​ផលិត​កង់​​ ផលិតអី ហើយ​​ខ្ញុំ​ឃើញ​​ឧស្សាហកម្ម​​ទាំង​​អស់​​នេះ​ជា​សក្តា​នុពល​ ប៉ុន្តែ​អ្វី​​ដែល​​​សំខាន់​​យើង​​ត្រូវ​​ដោះ​បញ្ហា​​សិទ្ធិ​ការងារ​ បញ្ហា​សិទ្ធិ​មនុស្ស​បញ្ហា​​សិទ្ធិ​ពល​រដ្ឋ​ សិទ្ធិ​​​ដែល​​យើង​​ជាប់​​នៅ​ក្នុង​​របាយការណ៍​របស់​សហគមន៍​​អឺរ៉ុប ​របស់​អង្គការ​សហប្រជាជាតិ​របស់​​អា​មេរិក​​រឿង​​ជួញ​​ដូរ​មនុស្ស​​ ទាល់​​តែ​យើង​​ដោះ​​អស់​ហ្នឹង​បាន​​យើង​​អាច​​ស្តារ​ប្រទេស​​យើង​​បាន»

លោក មឿន តុលា សង្កាត់​ធ្នន់​ថា ឥឡូវ​​នេះ ​​​កម្ពុជា​​ហាក់​​ដូច​​ជា​មាន​​ការ​​លំ​បាក ​ក្នុង​ការ​ពឹង​ផ្អែក​​ទៅ​លើ​ចិន ដោយ​​សារ​​​សេដ្ឋកិច្ច​ចិន ក៏​មាន​​ភាព​លំបាក​​ខ្លួន​ឯង​ដែរ ដូច្នេះ​​កម្ពុជា​​​មិន​គួរ​​ពឹង​​ទៅ​លើ​​ចិន​​តែ​មួយ​​មុខ​ទេ ហើយ​ម្យ៉ាង​​​​កន្លង​មក​​ទីផ្សារ​​កម្ពុជា​​មិន​​មែន​ចិន​ទេ។

បើ​តាម​លោក មឿន តុលា ទីផ្សារ​​សំខាន់​​របស់​កម្ពុជា​​ ទី១សហរដ្ឋអាមេរិក ​ទី​២អឺរ៉ុប និង​​បណ្តា​​ប្រទេស​ដែល​​ជា​សម្ព័ន្ធ​​មិត្ត ​ដូច​ជា​អូស្ត្រាលី កា​ណា​ដា​ អង់គ្លេស​​ជា​ដើម​។

លោក​បង្ហាញ​ក្តី​បារម្ភ​ថា ​បើ​កម្ពុជា​​មិន​ដោះស្រាយ ​បញ្ហា​​ប្រជាធិបតេយ្យ​ និង​​សិទ្ធិ​​មនុស្ស​​ទេ មើល​​សេដ្ឋ​កិច្ច​កម្ពុជា អាច​ជួប​បញ្ហា​ប្រឈម ​​ពី​ព្រោះ​​កញ្ចប់​​ថវិកា​ជាតិ​​ឥឡូវ​​នេះ កើន​​ដល់ ​៩០០០​លានដុល្លារ ជាង។

លោក​​និយាយ​​ថា​​ ប្រទេស​​មួយ​​ដែល​​បង្កើន​ការ​ចំណាយ ​ ​អត់​​មាន​​ចំណូល​គ្រប់​​គ្រាន់ ដែល​រដ្ឋ​នៅ​តែ​ដើរ​ខ្ចី​លុយ​គេ​មក​​ចាយ វា​​មិន​​មែន​​ជា​​​រឿង​ល្អ​​ដែល​​ធ្វើ​ឱ្យ​​មាន​​ស្ថេរភាព​សេដ្ឋកិច្ច​ ឬ​ក៏​ស្ថេរភាព​សង្គម​នោះ​ទេ ហើយ​ថ្ងៃ​ណា​មួយ​​កម្ពុជា ​អាច​នឹង​មាន​បញ្ហា​​រឿង​សេដ្ឋកិច្ច ​ដូច​នៅ​ឡាវ​​មិន​ខាន​។

ត្រង់​​ចំណុច​នេះ​ លោក ​អ៊ូ ចន្ទរ័ត្ន​ លើក​ឡើង​​ថា​ ​បច្ចុប្បន្ន​​ប្រទេស​​ចិន​​ហាក់​​ដូច​ជា​មាន​​ស្ថាន​ភាព​មួយ​មិន​ច្បាស់​លាស់ ខណៈ​​មាន​​ការ​​លើក​ឡើង​ថា ចិន​​មិន​​ផ្តល់​​ជំនួយ និង​​ប្រាក់​​កម្ចី​​​ដល់​​កម្ពុជា​​ក្នុង​​ឆ្នាំ២០២៤​ នេះ​ជា​ដើម​​ ដែល​​នេះ​ក៏​ជា​ហា​និភ័យ​ សម្រាប់​​ឆ្នាំ​២០២៥ ​ដែរ ពី​ព្រោះ​​ថា គម្រោង​​អភិវឌ្ឍន៍​​ផ្សេងៗ​​ហ្នឹង​​មិន​ដឹង​ថា​​យ៉ាង​ម៉េច។

មួយ​វិញ​ទៀត លោក​​ថា ចិន​រាល់​ការ​ដាក់​​ទុន​​វិនិយោគ ​​ឬ​ក៏​ផ្តល់​ប្រាក់​​កម្ចី​ក្តី ​បើ​​​មិន​​សូវ​​មាន​​ផល​​ប្រយោ​ជន៍ ​ជា​ទូទៅ​​ប្រទេស​​ចិន ងាយ​​នឹង​បោះ​បង់​​ចោល ដោយ​សំអាង​ថា បញ្ហានេះ​ចិន​បាន​ធ្វើ​ទៅ​លើ​​ប្រទេស​​មួយ​ចំនួន​​​រួច​​ហើយ។

​លើស​ពីនេះ​​ទៀត​លោក ​ចន្ទ​រ័ត្ន​ ​ចង់​​ឃើញ​មាន​​​ការ​ដោះលែង​​​សកម្ម​​ជន​​សង្គម​ ​សកម្ម​ជន​​នយោបាយ ​សកម្មជន​​បរិស្ថាន ​ដែល​​ជា​អ្នក​​ទោស​​មនសិការ ឱ្យ​មាន​​សេរីភាព​​​​វិញ ដែល​​ជា​កា​ដូ​ សម្រាប់​​ឆ្នាំ​២០២៥ និង​​ជា​​ការ​​​​បង្ហាញ​​ឱ្យ​ឃើញ​ថា លំហ​ប្រជាធិបតេយ្យ និង​​​លំហ​សេរីភាព​​ក្នុង​​ការ​​បញ្ចេញ​​មតិ ក្នុង​​សកម្ម​ភាព​​នយោបាយ​​គឺ​​មាន​​ភាព​ប្រសើរ​ឡើង​​។

ប្រធាន​មជ្ឈមណ្ឌល​ប្រជា​ពលរដ្ឋ​ដើម្បី​អភិវឌ្ឍន៍ និង​សន្តិភាព​ធ្លាប់​និយាយ សិទ្ធិ​មនុស្ស និង​សិទ្ធិ​នយោបាយ​ជា​ដង្ហើម​ប្រជាធិបតេយ្យ។

តែ​ផ្ទុយ​ទៅវិញ​លោក​ថា បើ​បន្ទាត់​នយោបាយ គំរាម​កំហែង​សិទ្ធិ​មនុស្ស យាយីសិទ្ធិ​នយោបាយ វា​នឹង​ជំរុញ​ឱ្យ​មាន​ការ​បោះឆ្នោត​មិន​ត្រឹម​ត្រូវ បង្ក​ហានិភ័យ ដល់​ប្រព័ន្ធ​ប្រជាធិបតេយ្យ​សេរី​ពហុបក្ស ដែល​មាន​ចែង​ក្នុង​រដ្ឋ​ធម្មនុញ្ញ។

ចំណែក​​លោក ​បណ្ឌិត ​មាស នី ​​អ្នក​​សិក្សា​​ស្រាវ​ជ្រាវ​​ពី​ការ​​អភិវឌ្ឍ​​សង្គម ​បាន​​លើក​ឡើង​​ថា យុទ្ធ​សាស្ត្រ​ដែល​ល្អ​ ក្នុង​ការ​កាត់​បន្ថយ​​ហានិភ័យ នៃ​បដិវត្ត​ពណ៌​​ដែល​​តែង​​តែ​ជា​ក្តី​បារម្ភ​​របស់​​​រដ្ឋាភិបាល​កម្ពុជា​​គឺ ទី​១. បង្កើន​​ប្រសិទ្ធភាព​នៃ​ការ​អនុវត្ត​ច្បាប់ និង​ទី​២. ការ​បន្ត​ធ្វើ​ឲ្យ​​បាន​​ប្រសើរ​ឡើង​​នូវ​យុត្តិធម៌​សង្គម។

លោក​​លើក​​ឡើង​​ថា​ ការ​បង្ក្រាប​គ្រាន់​តែ​ជា​ដំណោះ​​ស្រាយ​​​បណ្តោះ​អាសន្ន​មួយ​តែ​ប៉ុណ្ណោះ ពីព្រោះ​​ប្រជា​ពលរដ្ឋ​ចង់​បាន​ទាំង​សន្តិភាព ​និង​ទាំង​​ភាព​កក់​ក្តៅ​ក្នុង​សង្គម។

អ្នក​​ឃ្លាំ​មើល​​សង្គម ​និង​​មជ្ឈដ្ឋាន​​ជា​ច្រើន​​បាន​​សម្តែង​​ការ​​ព្រួយ​​បារម្ភ​​ថា ឆ្នាំ២០២៥ នឹង​ជា​ឆ្នាំ​​ដែល​ប្រជា​ពល​​រដ្ឋ​​កម្ពុជា​​ កាន់​តែ​ជួប​​វិបត្តិ​​សេដ្ឋកិច្ច ​ខណៈ​​ពល​រដ្ឋ​​រហូត​​ដល់​ទៅជិត​ ៥លាន​នាក់​​កំពុង​ជំពាក់​បំណុល​ធនាគារ រើ​ខ្លួន​​មិន​រួច និង​​កើត​មាន​​វិបត្តិ​​សង្គម​​កាន់​​តែ​ធ្ងន់​​ធ្ងរ​​ជាង​​​ឆ្នាំ​២០២៤ ​ថែម​ទៀត ប្រសិន​​បើ​រដ្ឋាភិបាល​​គ្រួសារ​​ហ៊ុន មិន​​ព្រម​​បើក​​លំហ​​ប្រជា​ធិប​តេយ្យ​ និង​​ស្តារ​​ស្ថានភាព​​​សិទ្ធិ​មនុស្ស ​ឱ្យ​បាន​​ប្រសើរ​ឡើង​​វិញ​ ​ទៅ​​តាម​​ការ​​លើក​ឡើង​​របស់​​សហគមន៍​​អឺរ៉ុប​ជា​ថ្នូរ​​នឹង​ការ​​រក្សា ​​EBA។ បន្ថែម​​ពី​នេះ​​ អំពើ​​អយុត្តិធម៌​​សង្គម អំពើ​​ពុក​រលួយ​​ជា​ប្រព័ន្ធ​ នៅ​​គ្រប់​​វិស័យ​ក្នុង​សង្គម គម្លាត​​កាន់​​តែ​ធំ​ រវាង​អ្នក​មាន​ និង​​អ្នក​ក្រ ការ​​រីករាល​​ដាល​​នៃ​បញ្ហា​​គ្រឿង​​ញៀន អំពើ​​ឆបោក ​អំពើ​​ចាប់​ជម្រិត​​តាម​​ប្រព័ន្ធ​អន​ឡាញ​​ និង​​ល្បែង​អនឡាញ​​ជាដើម​។ល។ នឹង​​កាន់​​តែ​​ក្លាយ​​ទៅ​ជា​ជំងឺ​សង្គម ដែល​​ធ្វើ​ឱ្យ​កើត​​មាន​វិបត្តិ​សង្គម​​កាន់​តែ​ធំ​​ឡើង ​​ប្រសិន​​បើ​រដ្ឋាភិបាល​​នៅ​​តែ​​មិន​​អាច​​ចាត់​​វិធានការ​​ដោះ​​ស្រាយ​​បញ្ហា​​ទាំង​​នេះ​​ ឱ្យ​មាន​ប្រសិទ្ធ​ភាព​ទេ​នោះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ