សហមេធាវីការពារក្តីឱ្យលោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ ដែលតុលាការបានរំលាយ គឺលោក ផែង ហេង ហាក់បានពញ្ញាក់អារម្មណ៍ បទល្មើសក្បត់ជាតិ ដែលបង្កប់ក្នុងសារសុំទោសមេដឹកនាំ ដើម្បីបាននៅក្រៅឃុំ ក្រោយជនត្រូវចោទ ត្រូវតុលាការបង្គាប់ឱ្យឃុំខ្លួនក្នុងពន្ធានាគារ។
មួយរយៈចុងក្រោយនេះ សកម្មជនសង្គមមួយចំនួន បានចេញវីដេអូ សុំទោសមេដឹកនាំបក្សកាន់អំណាច ដើម្បីបាននៅក្រៅឃុំ ក្រោយពួកគេត្រូវបានតុលាការបង្គាប់ឱ្យឃុំខ្លួនបណ្តោះអាសន្ន ក្នុងពន្ធនាគារ តាមការចោទប្រកាន់ពីនគបាលយុត្តិធម៌។
តាមរយៈសំឡេងដែលសកម្មជនសង្គមមួយចំនួនបាននិយាយសារភាព និងត្រូវបានគេទម្លាយលើបណ្តាញសង្គមជាហូរហែទៅនេះ សារដែលជនត្រូវចោទ ឬជនជាប់ចោទ បានសារភាព ខ្លឹមសារហាក់ដូចៗគ្នាទាំងស្រុង មុនពេលពួកគេ ត្រូវបានដោះលែងឱ្យនៅក្រៅឃុំ។
សារទាំងនោះដូចជាពាក្យថា បានលង់ខ្លួនធ្វើសកម្មភាព ជាមួយពួកបរទេស ក្នុងចលនាបដិវត្តពណ៌ ដែលជាកំហុសរបស់ខ្លួនជាដើម។
ជុំវិញសារនេះ លោកមេធាវី ផែង ហេង បាននិយាយ លើហ្វេសប៊ុករបស់លោក នាថ្ងៃទី៣១ ខែធ្នូនេះ បែបក្រើនរំឭកថាសូម «សិក្សាស្វែងយល់អំពីសីលធម៌សង្គម និងច្បាប់ខ្មែរជាធរមាន»។
លោក លើកឡើងថា ការសារភាពបែបនេះ ត្រូវអរគុណទាំងចៅក្រមដែលចេញដីកា សម្រេចឱ្យនៅក្រៅឃុំ និង ព្រះរាជរាជ្ញា ដែលមិនប្តឹងជំទាស់នឹងដីកាសម្រេចនេះផងដែរ ទើបត្រូវ។
មួយទៀត លោកថា តាមច្បាប់ អ្នកសារភាព ប្រៀបបាននឹងទទួលស្គាល់កំហុសថា ខ្លួនពាក់ព័ន្ធនឹងបណ្តាញបរទេស ដែលប៉ុនប៉ងធ្វើបដិវត្តពណ៌ ។ លោកថា៖ «បើដូច្នេះមែនបទល្មើសគឺអាចចោទ ពីបទថាក្បត់ជាតិបាន បើតុលាការរកឃើញថា បដិវត្តពណ៌នោះ ជាអំពើក្បត់ជាតិ ដែលច្បាប់បានប្បញ្ញត្តិ។ ជាគោលការណ៍ច្បាប់ អ្នកសារភាព នៅតែអាចប្រឈមនឹងការចាប់ដាក់គុកដដែល បើតុលាការ មិនសម្រេចឱ្យរួចផុតពីបទចោទ»។
ដោយ៖ ញឹម សុខន