អ្នកតាមដានស្ថានការណ៍នយោបាយ និងអ្នកវិភាគសង្គម ចាត់ទុកថាគោលនយោបាយ ឈ្នះ ឈ្នះ ដែលដាក់ចេញដោយអតីតនាយករដ្ឋមន្រ្តី វាគ្រាន់តែជាយុទ្ធសាស្រ្ត ដែលបម្រើឱ្យសេចក្តីត្រូវការចាំបាច់ របស់គណបក្ស ដែលគ្រប់គ្រងរដ្ឋាភិបាលប៉ុណ្ណោះ ក្នុងពេលដែលភាគីដែលមានសំឡេងផ្ទុយពីខ្លួន នៅតែជាជន ដែលរងគ្រោះដោយគោលនយោបាយ ឈ្នះ ឈ្នះ នេះ មិនស្រាកស្រាន្តឡើយ។
ការរិះគន់នេះ ធ្វើឡើងនៅបន្ទាប់ពីគណបក្សប្រជាជនកម្ពុជា បានរំលឹកជាថ្មីទៀត អំពីគោលនយោបាយ ឈ្នះ ឈ្នះ នៅថ្ងៃទី២៩ ខែធ្នូ។ ចំថ្ងៃនោះ រដ្ឋាភិបាលដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា បានរៀបចំពិធីដ៏ធំសម្បើម នៅនឹងស្តាតថ្មី ម្តុំជ្រោយចង្វារ ជាយរាជធានីភ្នំពេញ។
លោក ស៊ឹង សែនករុណា ប្រធានអង្គការប្រជាធិបតេយ្យខ្មែរ ប្រចាំប្រទេសអូស្ត្រាលី លើកឡើងថា គោលនយោបាយ ឈ្នះ ឈ្នះ និងយន្តការអរគុណសន្តិភាព ដែលគណបក្សប្រជាជនកម្ពុជា កំពុងតែបំផុសឡើងនេះ វាគ្រាន់តែជាផ្នែកមួយជួយបិទបាំង សកម្មភាព នៃការច្បាមអំណាចរបស់លោក ហ៊ុន សែន និងក្រុមគ្រួសាររបស់លោកប៉ុណ្ណោះ។
មួយវិញទៀត ការឈ្នះរបស់លោក ហ៊ុន សែន នេះគឺជាការឈ្នះដើម្បីអំណាចរបស់លោក វាមិនមែនជានយោបាយ ឈ្នះ ឈ្នះ សម្រាប់ពលរដ្ឋខ្មែរ និងប្រទេសកម្ពុជាឡើយ។
ហេតុនេះ ការប្រកាសថា ជានយោបាយដែលឈានទៅបញ្ចប់សង្រ្គាមស៊ីវិល ឬជាការបិទទំព័រប្រវត្តិសាស្រ្ត នៃការខ្វែងគំនិតគ្នារវាងខ្មែរ និងខ្មែរ នោះជាការភូតកុហកទាំងស្រុង របស់លោក ហ៊ុន សែន និងគណៈរដ្ឋមន្រ្តីរបស់លោក ដែលធ្លាប់អនុវត្តកន្លងទៅតែប៉ុណ្ណោះ។
ផ្ទុយមកវិញ មានពលរដ្ឋខ្មែរគ្រប់និន្នាការនយោបាយ បានក្លាយជាជនរងគ្រោះដោយសារគោលនយោបាយ ដែលលោក ហ៊ុន សែន កំពុងតែប្រើនៅពេលនេះស្ទើរគ្មានលោះពេលឡើយ ជាពិសេសអ្នកដែលមានសំឡេងផ្ទុយពីនយោបាយ និងគំនិតរបស់អតីតនាយករដ្ឋមន្រ្តីរូបនេះ។
លោកថា៖ «តែផ្ទុយទៅវិញយើងមើលឃើញអំពីមេដឹកនាំនយោបាយបច្ចុប្បន្នហ្នឹង កំពុងតែបំភ្លេចការពិតជាអ្វី ដែលប្រវត្តិសាស្ត្របានដឹងគ្រប់គ្នាមកហើយ ហើយធ្វើឱ្យភាគីផ្សេងទៀតរងការឈឺចាប់ វិលត្រឡប់មកវិញ។ អីចឹងវាជារឿងមួយ ដែលគេហៅថាកំពុងកសាងកិត្តយស ឬក៏ស្នាដៃយកតែឯង ឈ្នះតែក្រុមគ្នា ក្នុងខណៈអ្នកនយោបាយផ្សេងទៀតកំពុងតែរស់រងទុក្ខ»។
គេសង្កេតឃើញថា គោលនយោបាយ ឈ្នះ ឈ្នះ និងយុទ្ធសាស្រ្តអរគុណសន្តិភាព ដែលលោក ហ៊ុន សែន តែងអួតអាងនេះ ត្រូវរងការរិះគន់ថា បានមិនធ្វើឱ្យពលរដ្ឋខ្មែរ ត្រូវរស់នៅដោយស្រួល និងសោយសុខ ដោយសារនយោបាយ ឈ្នះ ឈ្នះ នេះទេ។
ផ្ទុយទៅវិញ យុទ្ធសាស្រ្តនេះ បានធ្វើឱ្យកម្លាំងសាមគ្គីជាតិត្រូវបែកបាក់ ទឹកដីត្រូវបាត់បង់ទាំងដែនទឹក និងដែនគោកជាច្រើនគីឡូម៉ែត្រ ទៅប្រទេសថៃ និងវៀតណាម។ ពលរដ្ឋខ្មែរ ត្រូវបង្ខំចិត្តធ្វើចំណាក់ស្រុករាប់ម៉ឺននាក់ ព្រោះតែគ្មានការងារសមរម្យនៅក្នុងស្រុក។
អ្នកដែលមានសំឡេងផ្ទុយទាំងសកម្មជនសង្គម យុវជនការពារបរិស្ថាន និងគណបក្សនយោបាយ ត្រូវលោក ហ៊ុន សែន បញ្ជាឱ្យចាប់ដាក់ពន្ធនាគារជាបន្តបន្ទាប់ តែបើមានវាសនាអាក្រក់ជាងនេះ អាចនឹងត្រូវឃាតករបាញ់សម្លាប់បំបិទមាត់ជាដើម។
ក្រៅពីនេះ ពលរដ្ឋខ្មែរម្នាក់ៗ ត្រូវជាប់បំណុលធនាគារស្ទើរគ្រប់ខ្នងផ្ទះ ក្នុងពេលដែលអ្នកជួយរកចំណូល ត្រូវបាត់បង់ការងារ និងអស់ជំហរដោយសារនយោបាយសេដ្ឋកិច្ចរបស់កម្ពុជា ត្រូវជួបវិបត្តិព្រោះតែប្រព័ន្ធអនុគ្រោះពន្ធ EBA និង GSP ត្រូវរបូតចេញពីកម្ពុជា។
មិនតែប៉ុណ្ណោះ អ្វីដែលធ្ងន់ធ្ងរជាងនេះ គឺធនធានធម្មជាតិ មានរ៉ែក្រោមដី ភ្នំ និងព្រៃឈើជាដើម ត្រូវបានមន្រ្តីដែលស្និទ្ធនឹងលោក ហ៊ុន សែន កាប់បំផ្លាញ និងធ្វើអាជីវកម្មដោយគ្មានញញើតដៃ។
ហើយពួកគេម្នាក់ៗ ធ្វើមានធ្វើបាន និងក្លាយជាសេដ្ឋីមានលុយចាយស្ទើរពីរជីវិតក៏មិនអស់ដែរ។ ករណីទាំងនេះ គេសង្កេតឃើញថា នៅមិនទាន់គិតដល់ប្រភពចំណូលដែលបានមកពី ការលុបសមុទ្រ បឹងបួរ ស្ទឹងព្រែក និងលក់ភ្នំនៅឡើយផង ជាពិសេសលុយជំនួយរាប់ពាន់លានដុល្លារអាមេរិក ដែលចាក់ចូលមកក្នុងប្រទេសកម្ពុជា ហើយគ្មានអ្នកណាម្នាក់ អាចដឹងបានពីការចំណាយ ត្រូវមានតម្លាភាពកម្រិតណាឱ្យប្រាកដណាស់។
ក្នុងន័យនេះ នយោបាយ ឈ្នះ ឈ្នះ និងយុទ្ធសាស្រ្ត អរគុណសន្តិភាព ដែលគណបក្សប្រជាជនកម្ពុជាសូត្រឡើងរត់មាត់នេះ គឺប្រើសម្រាប់ខ្សែបណ្តោយរបស់បក្សកាន់អំណាចប៉ុណ្ណោះ។
ហាក់មិនខុសគ្នាទេ លោក សេក សុជាតិ អ្នកប្រឹក្សាយោបល់ផ្នែកអភិវឌ្ឍផ្នត់គំនិត និងការស្រាវជ្រាវ ក៏ឯកភាពដែរថា គោលនយោបាយ ឈ្នះ ឈ្នះ នេះដូចមិនទាន់បានដើរតួនាទី ឱ្យខ្មែរគ្រប់ភាគី និងនិន្នាការនយោបាយ មកពីបក្សផ្សេងគ្នា ឯកភាពជាធ្លុងមួយនៅឡើយទេ។ លោកសង្កេតឃើញថា ភាពចង់ឈ្នះចង់ចាញ់គ្នា ខាងនយោបាយនេះ អ្នករងគ្រោះគឺតែងកើតឡើងទៅលើសកម្មជនសង្គម អ្នកស្រលាញ់បរិស្ថាន និងក្រុមអ្នកនយោបាយ ដែលមានសំលេងជំទាស់។
បើតាមលោក សេក សុជាតិ គឺមិនបដិសេធទេចំពោះគោលនយោបាយ ឈ្នះ ឈ្នះ ដូចដែលលោក ហ៊ុន សែន ដាក់ចេញ ប៉ុន្តែការឈ្នះដែលពិតប្រាកដ និងអ្វីដែលពលរដ្ឋចង់បាន គឺជាការឈ្នះដែលគ្រប់ភាគីទទួលយកបានព្រមគ្នា។ ហើយជាការឈ្នះ ដែលមិនបង្កការឈឺចាប់ឱ្យអ្នកណាម្នាក់ ក្នុងហេតុផលអ្វីមួយ។
លោកថា៖ «ការគោរពសិទ្ធិមនុស្សទៅលើសេរីភាពបញ្ចេញមតិ លទ្ធិប្រជាធិបតេយ្យ សិទ្ធិនយោបាយ និងសិទ្ធិជួបជុំមួយចំនួនហ្នឹងវាមិនទាន់បង្ហាញពីភាពស្មើគ្នានៅឡើយទេ។ ដូច្នេះ ភាពស្មើគ្នា ចំពោះការអនុវត្តច្បាប់ដោយយុត្តិធម៌ គឺគ្រប់ភាគីពាក់ព័ន្ធទាំងអស់អាចទទួលយកបាន ហើយអាចឈ្នះទាំងអស់ ឈ្នះដោយស្មើភាព ក្នុងការធ្វើសេចក្តីសម្រេចចិត្តរៀងៗខ្លួន»។
នៅក្នុងព្រឹត្តិការណ៍រំលឹកខួប ២៦ឆ្នាំ នៃនយោបាយ ឈ្នះ ឈ្នះ កាលពីថ្ងៃទី២៩ ខែធ្នូ នៅលើបណ្តាញសង្គមហ្វេសប៊ុកផ្ទាល់ លោក ហ៊ុន សែន បានបង្ហាញការរំជើបរំជួលចិត្ត ដោយលើកឡើងថា អ្វីដែលលោកមាននៅថ្ងៃនេះ គឺជាបុព្វហេតុ នយោបាយដែលគ្មានលិខិតស្នាមផ្លូវការអ្វីឡើយ តាំងពីលោកបានដាក់ចេញគោលនយោបាយនេះ តាំងពីឆ្នាំ១៩៩៦ មក។
ប្រធានគណបក្សកាន់អំណាចរូបនេះ បន្តថាសន្តិភាពដែលមាននេះ គឺមានតម្លៃជាងកិច្ចព្រមព្រៀងសន្តិភាព នៅប្រទេសមួយចំនួន ដែលតែងមានការបំពាន ជាពិសេសរំលោភទៅលើគោលការណ៍ នៃបទឈប់បាញ់មួយចំនួនទៀតផង។
បន្ថែមពីលើនេះ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន អះអាងថាតាមពិតទៅ នយោបាយ ឈ្នះ ឈ្នះ នេះទេ ទើបអាចបញ្ចប់សង្រ្គាមស៊ីវិលទាំងស្រុងបាន នៅកម្ពុជាក្នុងឆ្នាំ១៩៩៨។លោកបន្តថា កិច្ចខិតខំប្រឹងប្រែង ពីភាគីអន្តរជាតិ គឺមិនអាចស្វែងរកសន្តិភាពបានទេ បើសិនជាគ្មានការពុះពាររបស់លោក ហ៊ុន សែន និងយុទ្ធមិត្តរបស់គណបក្សប្រជាជនកម្ពុជានោះ។ ដោយឡែក អ្នករិះគន់យុទ្ធសាស្រ្តសន្តិភាព និងគោលនយោបាយ ឈ្នះ ឈ្នះ នេះគឺសុទ្ធតែក្រុមប្រឆាំង ដែលវង្វេងសមរភូមិ ហើយពួកគេក៏កម្រទទួលស្គាល់ការពិតដែរ។
លោកថា៖ «កម្ពុជាមានសន្តិភាពពេញលេញ ក្នុងរយៈពេល២៦ឆ្នាំ មកនេះ គឺយើងឃើញហើយមានការរីកចម្រើនយ៉ាងម៉េចនៅទូទាំងប្រទេស។ តាំងពីទីក្រុង រហូតដល់ជនបទ។ នៅតាមតំបន់ព្រំដែន ដែលពីមុនធ្លាប់តែជាសង្គ្រាមហុយផ្សែង ប្រជាពលរដ្ឋរងទុក្ខវេទនា ឥឡូវនេះ វាទៅជាតំបន់សហប្រតិបត្តិការផ្លាស់ប្តូរទំនិញ រវាងប្រជាជនកម្ពុជា ជាមួយប្រទេសជិតខាង ធ្វើឱ្យសេដ្ឋកិច្ចកម្ពុជាហ្នឹង មានការរើកចម្រើន ហើយការកសាងអភិវឌ្ឍន៍ប្រទេសហ្នឹង ស្ទើរគ្រប់វិស័យ»។
បើទោះជាបែបណា គេសង្កេតឃើញថា ដោយសារនយោបាយនេះ បានធ្វើឱ្យលោក ហ៊ុន សែន ប្រមូលអំណាចបានមូលដូចបាល់ នៅក្នុងដៃ។
អ្នកវិភាគចាត់ទុកថា នៅពេលនេះអំណាចរបស់លោក ហ៊ុន សែន មិនខុសអីពីល្បែងបៀរឡើយ គឺលោក ហ៊ុន សែន មានអាត់រហូតដល់ទៅបួន ៤សន្លឹក នៅក្នុងដៃ ក្នុងពេលតែមួយ។ ទោះជាចងចេញច្រកណា ក៏លោក ហ៊ុន សែន អាចលេងបានគ្រប់ទម្រង់ដែរ។
ជុំវិញរឿងនេះ ទាំងមុន និងក្រោយរំលាយគណបក្សសង្រ្គោះជាតិ ចុងឆ្នាំ២០១៧ អតីតនាយករដ្ឋមន្រ្តី រូបនេះ ធ្លាប់ព្រមានជាញឹកញយហើយថា នឹងកម្ទេចសំឡេងប្រឆាំងឱ្យរាបដល់ដី ហើយប្រកាសកំដរដល់ថ្ងៃចុងក្រោយ។ ស្ថិតក្រោមហេតុផលនេះហើយ ដែលអ្នកវិភាគសង្គម យល់ឃើញថានយោបាយ ឈ្នះ ឈ្នះ និងយុទ្ធសាស្រ្តសន្តិភាពនេះ ជាវិធីជួយឱ្យគណបក្សប្រជាជន អាចបន្តច្បាមអំណាចបានពេញដៃ ដោយចាត់ទុកផលប្រយោជន៍ពលរដ្ឋ ជាឈ្នាន់ក្នុងការរក្សាឥទ្ធិពលរបស់ខ្លួនប៉ុណ្ណោះ៕