អតីត​ឧកញ៉ា ហេង សិទ្ធី ទម្លាយរឿងឧកញ៉ា ហ៊ុន តូ ជាប់ពាក់ព័ន្ធបទឧក្រិដ្ឋ​ឆបោក

អតីត​​ឧកញ៉ា ហេង សិទ្ធី បន្ត​លាត​ត្រដាង​ក្រុម​ឧក្រិដ្ឋជន​ឆបោក ដែល​ប្រទាក់​ក្រឡាគ្នា​ជាមួយ​មន្ត្រី​ជាន់​ខ្ពស់​រដ្ឋាភិបាល រួម​ទាំង​ឧកញ៉ា ហ៊ុន តូ ជាដើម ដែល​ការ​ទម្លាយ​នេះ ដើម្បី​ជំរុញ​ឱ្យ​រដ្ឋាភិបាល​បោស​សម្អាត​ក្រុម​ឧក្រិដ្ឋជន​ទាំង​នោះ​ជា​បន្ទាន់ ដើម្បី​បញ្ចៀស​មហន្តរាយ​ដល់​ប្រ​ទេស​ជាតិ។

ការ​ទម្លាយ​នេះ ស្របពេល​ឧកញ៉ា ហ៊ុន តូ ដែល​អន្តរជាតិ​រក​ឃើញ​ថា ជា​មេខ្លោង​ឆបោក​តាម​អនឡាញ ជួញ​ដូរ​មនុស្ស និង​គ្រឿង​ញៀន ជា​ដើម កំពុង​រស់នៅ​ក្រៅ​សំណាញ់​ច្បាប់​ គ្មាន​ការ​ស៊ើប​អង្កេត​ពី​រដ្ឋាភិបាល​កម្ពុជា​នោះ​ទេ។

នៅ​ថ្ងៃទី១ ខែមករា ឆ្នាំ២០២៥ អតីត​ឧកញ៉ា ហេង សិទ្ធី បាន​បង្ហោះ​រូប​ឧកញ៉ា ហ៊ុន តូ ដោយ​ភ្ជាប់​សារ​ប្រាប់​ឱ្យ​ក្មួយ​លោក ហ៊ុន សែន រូប​នេះ គួរ​កែ​ខ្លួន​ព្រោះ​ស្ថិត​ក្នុង​វ័យ​ចាស់​ទៅ​ហើយ។

មុន​ការ​បង្ហោះ​សារ​នេះ ៣ថ្ងៃ ពោល​គឺ​នៅថ្ងៃ​ទី​២៩ ខែធ្នូ ឆ្នាំ២០២៤ លោក ហេង សិទ្ធី បាន​សរសេរ​លើ​បណ្តាញ​សង្គម​ហ្វេសប៊ុក​ថា សព្វ​ថ្ងៃ​មាន​បុគ្គល​ជាប់​សែស្រឡាយ​ត្រកូល​ហ៊ុន​តែ​ម្នាក់​ប៉ុណ្ណោះ ដែល​តាំង​ពី​ក្មេង​រហូត​ដល់​វ័យ​ចាស់ នៅតែ​ប្រព្រឹត្ត​ល្មើស​ខុស​ច្បាប់​ ជាហេតុ​ធ្វើ​ឲ្យ​ខូច​កេរ្តិ៍​ឈ្មោះ​ប្រទេស​កម្ពុជា​យ៉ាង​ធ្ងន់ធ្ងរ។

លោក សង្កត់​ធ្ងន់​ថា ប្រទេស​ជាតិ​មួយ​អាច​មាន​ការ​អភិវឌ្ឍ និង​អាច​មាន​សេដ្ឋកិច្ច​ល្អ​ មិន​ត្រូវ​រំពឹង​ទៅលើ​ផល​ប្រយោជន៍ ដែល​បាន​មក​ពី​ឧក្រិដ្ឋ​ជន​នោះ​ទេ។

លោក​សរសេរ​ក្នុង​ន័យដើមថា៖ «ការ​ការពារ​បង​ប្អូន​ គឺ​មិន​ខុស​ទេ​មិន​ថា​គ្រួសារ​ណា​ទេ​ ត្រកូល​ណា​ទេ សុទ្ធតែ​មាន​ចិត្ត​ការពារ​បងប្អូន​ កូន ​ចៅ​របស់​ខ្លួន។ ក្រុម​គ្រួសារ​របស់​ខ្លួន​។ ក៏ប៉ុន្តែ​បើ​សិន​ជា​យើង​នៅតែ​ការពារ​បុគ្គល​ខុស​ច្បាប់​បំពាន​ច្បាប់​នោះ​ នឹង​នាំ​ឲ្យ​ប្រទេស​ជាតិ​យើង​មាន​គ្រោះ​មហន្តរាយ»

បន្ថែម​លើ​នេះ លោក ហេង សិទ្ធី ក៏​បង្ហាញ​ឯកសារ​ពាក្យ​បណ្ដឹង​ ដែល​លោក​ដាក់​ទៅ​ខុទ្ទកាល័យ​នាយក​រដ្ឋមន្ត្រី​កម្ពុជា លោក ហ៊ុន ម៉ាណែត ដើម្បី​ឱ្យ​ស៊ើប​អង្កេត​ លើ​បុរស​ជនជាតិ​សិង្ហបុរី​ សញ្ជាតិ​ខ្មែរ​ម្នាក់​ឈ្មោះ ភូ ហ្គិច សេង ហៅ តាក់ ដែល​លោក​ថា ជា​ឧក្រិដ្ឋជន​លាង​លុយ​កខ្វក់ និង​រក​ស៊ី​ខុស​ច្បាប់​នៅ​កម្ពុជា។

ពាក្យ​បណ្តឹង​កម្រាស់​ ៣ទំព័រ ចុះ​ថ្ងៃ​ទី​២៧ ខែធ្នូ បញ្ជាក់​ថា ក្រោយ​លោក​ព្យាយាម​បង្ហាញ​មុខ​ឧក្រិដ្ឋជន​ ដែល​ជា​មន្ត្រី​ជាន់​ខ្ពស់​ក្នុង​ជួរ​រដ្ឋាភិបាល ក្រុម​មន្រ្តី​ពាក់​ព័ន្ធ​ទាំង​នោះ​ កំពុង​រៀប​ផែន​ការ​ចាប់​ខ្លួន​រូប​លោក។

លោក ហេង សិទ្ធី ក៏​បាន​បញ្ជាក់​តាម​បណ្តាញ​សង្គម​របស់​ខ្លួន​ដែរ​ថា លោក គួច ចំរើន គឺ​ជា​អ្នក​ការពារ​ឧក្រិដ្ឋកម្ម​ល្បែង​ស៊ី​សង​ ខុស​ច្បាប់​នៅ​ព្រះសីហនុ រីឯ​ស្នង​ការ​នគរបាល​ជាតិ លោក ស ថេត ទទួល​បាន​លុយ​ ៥លានដុល្លារ ពី​ឧក្រិដ្ឋជន​ជា​ថ្នូរ​បង្កើត​ភស្តុតាង​ក្លែង​ក្លាយ​ចាប់​ខ្លូន​រូប​លោក។

វីអូឌី បាន​មិន​អាច​សុំការ​ឆ្លើយ​តប​ពី លោក ទូច សុឃៈ អ្នក​នាំ​ពាក្យ​រង​ក្រសួង​មហាផ្ទៃ និង ឧកញ៉ា ហ៊ុន តូ បាន​នៅ​ឡើយ​ទេ ​គិត​ត្រឹម​ម៉ោង​ផ្សាយ​នេះ ដោយ​គ្មាន​អ្នក​ទទួល​ទូរស័ព្ទ។

យ៉ាង​ណា អគ្គ​ស្នង​ការដ្ឋាន​នគរបាល​ជាតិ កាល​ពីថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៤ តាម​រយៈ​ទំព័រ​ហ្វេសប៊ុក​របស់​ខ្លួន បាន​បដិសេធ​ទាំង​ស្រុង​ចំពោះ​ការ​លើក​ឡើង របស់លោក​ ហេង សិទ្ធី និង​ស្នើ​ឱ្យ​កែ​តម្រូវ​ការ​សរសេរ​របស់​ខ្លួន​បន្ទាន់​ផង​ដែរ។

ប្រធាន​ក្រុម​ប្រឹក្សា​ឃ្លាំ​មើល​កម្ពុជា លោក ម៉ែន ណាត យល់​ថា បើ​តាម​ផ្លូវ​ច្បាប់​នៅ​ពេល​ដែល​មាន​ការ​លាត​ត្រដាង​បែប​នេះ រដ្ឋាភិបាល​ត្រូវ​ស៊ើប​អង្កេត​បន្ទាន់ ហើយ​បើ​មិន​អើពើ​នោះ​ទេ វា​កាន់​តែ​ឆ្លុះ​បញ្ចាំង​យ៉ាង​ច្បាស់​ថា គ្រួសារ​ហ៊ុន​កំពុង​បើក​ផ្លូវ​ឱ្យ​ឧក្រិដ្ឋជន​ បន្ត​រក​លុយ​មក​ជួយ​ពង្រឹង​អំណាច​របស់​ខ្លួន។

លោកថា៖«លោក ហ៊ុន តូ លោក ជួន ណារិន លោក គួច ចំរើន ជាដើម បើ​តាម​ផ្លូវ​ច្បាប់​ត្រូវ​ធ្វើការ​ស៊ើប​អង្កេត​យ៉ាង​ជាក់​លាក់​មួយ ទៅ​លើ​ពួក​មនុស្ស និង​ពួក​មន្ត្រី​ ដែល​ពាក់​ព័ន្ធ​អំពើ​ឧក្រិដ្ឋ​កម្ម​ឆបោក។ (ឧក្រិដ្ឋជនទាំងនោះ) ជា​ចំណែក​មួយ​ដែល​ពួកហ្នឹង​រក​លុយ​រកកាក់​បាន​ឱ្យ​ក្រុម​គ្រួសារ​ហ៊ុន ពង្រឹង​អំណាច​ដែរ ឧទាហរណ៍​ករណី​ឧកញ៉ា លី យ៉ុងផាត់ ដែល​សហរដ្ឋ​អាមេរិក​គាត់​ដាក់​ទណ្ឌកម្ម​ បង្កក​ទ្រព្យសម្បត្តិ​អី​ទាំង​មូល​អ៊ី​ចឹង​ទៅ។ លីយ៉ុងផាត់ ជានរណា! លី​យ៉ុង​ផាត់​ គឺ​ជា​មនុស្ស​ដ៏​ជិត​ស្និទ្ធ​បំផុត​ជាមួយ​គ្រួសារ​លោក​ ហ៊ុន សែន​អ៊ីចឹង​ហើយ​បាន​ជា​ ហ៊ុន សែន មិន​ធ្វើ​ដឹង​ធ្វើ​ឮ»

សម្រាប់ លោក ម៉ែន ណាត ការ​មិន​បោស​សម្អាត​ឧក្រិដ្ឋជន វា​នឹង​ធ្វើ​ឱ្យ​កម្ពុជា​កាន់​តែ​បាក់​មុខ​លើ​ឆាក​អន្តរ​ជាតិ គំរាម​កំហែង​ដល់​អ្នក​វិនិយោគ​បរទេស ភ្ញៀវ​ទេសចរណ៍​ជាតិ ប៉ះ​ពាល់​ដល់​ជីវភាព​ពលរដ្ឋ​នៅ​ទូទាំង​ប្រទេស​ផង​ដែរ។

តំណាង​រាស្រ្ត​គណបក្សសង្រ្គោះជាតិ លោក សួន សូរីដា យល់​ថា ការ​ទម្លាយ​ឈ្មោះ​មន្រ្តី​ចំៗ​ រួម​ទាំង ឈ្មោះ លោក ហ៊ុន តូ របស់​លោក ហេង សិទ្ធី នៅ​ពេល​នេះ វា​អាច​មក​ពី​ទំនាស់​ផល​ប្រយោជន៍​ផង និងឆ្លុះ​បញ្ចាំង​ថា គ្រប់​ជំនួញ​របស់​ក្រុម​ឧកញ៉ា​ពិត​ជា​នៅ​ក្រោម​ឥទ្ធិពល​អ្នក​មាន​អំណាច ជា​ពិសេស​គ្រួសារ​ហ៊ុន​តែ​ម្តង។

សម្រាប់​លោក សូរីដា សន្និដ្ឋាន​ថា ប្រព័ន្ធ​ដឹកនាំ​បែប​គ្រួសារ​និយម របស់​គ្រួសារ​ហ៊ុន​នឹង​មិន​ចាត់​វិធានការ​លើ​លោក ហ៊ុន តូ និង​មន្រ្តី​ពាក់​ព័ន្ធ តាមការជំរុញ​របស់​អតីត​ឧកញ៉ា ហេង សិទ្ធី ទេ ដោយ​ថា បើ​បើក​ការ​ស៊ើប​អង្កេត វា​នឹង​រាល​ដាល​ដល់​មន្រ្តី​ពាក់​ព័ន្ធជា​ច្រើន​រួប​ទៀត ជា​ពិសេស​គ្រួសារ​ហ៊ុន​តែ​ម្តង។

លោកថា៖ «បើ​តុលាការ​ធ្វើការ​ស៊ើប​អង្កេត បើក​សំណុំ​រឿង​តាម​បណ្ដឹង​របស់​លោក​ហេង សិទ្ធី គឺវា​រឹត​តែ​ធ្វើ​ឲ្យ​កកាយ​រឿង​អាស្រូវ​របស់​បុគ្គល​ហ្នឹង ហើយ​អាច​នឹង​បង្ហាញ​ទៅ​លើ​បុគ្គល​ជា​ច្រើន​ទៀត ដែល​ជាប់​ពាក់​ព័ន្ធ​ទៅ​នឹង​បណ្ដឹង​របស់​លោក ហេង សិទ្ធី។ ចឹង គេ​អត់​បើក​សំណុំ​រឿង​ហ្នឹងទេ គេបិទ សំណុំរឿងហ្នឹង ហើយមិនត្រឹមបិទសំណុំរឿងទេ គេ​ចោទ​ប្រកាន់​ត្រឡប់ទៅវិញទៀត»

គេ​សង្កេត​ឃើញ​ថា ក្រុម​ឧកញ៉ា​ដែល​អន្តរជាតិ​រក​ឃើញ​ថា​ជា​ឧក្រិដ្ឋជន សុទ្ធ​សឹងតែ​ជា​មនុស្ស​ ដែល​នៅ​កៀក​នឹង​គ្រួសារ​ហ៊ុន​រួមមាន ឧកញ៉ា លី យ៉ុង ផាត់ ឧកញ៉ា កុក អាន ឧកញ៉ា ហ៊ុន តូ និងឧកញ៉ា ជេន​ ស៊ី ជេន ស្សី ទីប្រឹក្សា​លោក ហ៊ុន សែន ដែល​ត្រូវ​តុលាការ​ចិន​រក​ឃើញ​ថា​ជា​ឧក្រិដ្ឋជន​លាងលុយ​ និង​ឆបោក​តាម​អន​ឡាញ​ជាដើម។

ក្មួយ​បង្កើត​លោក ហ៊ុន សែន គឺឧកញ៉ា ហ៊ុន តូ ត្រូវ​បាន​ក្រុម​ហ៊ុន​វិភាគ​កាក់​ឌីជីថល Elliptic មានមូលដ្ឋាន​នៅប្រទេស​អង់​គ្លេស រក​ឃើញ​ថា កំពុង​រកស៊ី​ខ្មៅ​ងងឹត​ ក្រោម​ឈ្មោះ​ក្រុមហ៊ុន ហួយ អាដេ គ្រុប ដោយ​ប្រព្រឹត្តិ​អំពើ​លាង​លុយ​កខ្វក់ និង​ចាប់​ជំរិត​តាម​អន​ឡាញ។ ដោយ​ឡែក កាស៊ី​ណូ WM នៅ​ក្រុង​ព្រះសីហនុ ដែល​មាន​បណ្តាញ​នឹង​ឧកញ៉ា ហ៊ុន តូ ក៏​ត្រូវ​បាន វីអូឌី រក​ឃើញ​ថា មាន​ជាប់​ពាក់​ព័ន្ធ​ប្រតិបត្តិការ​ល្បែង​អន​ឡាញ​ខុស​ច្បាប់​ផង​ដែរ៕

ដោយ៖ សែន​ សច្ចៈ

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ