គណៈកម្មការរៀបចំព្រឹត្តិការណ៍ សាទរកម្ពុជា បាននិងកំពុងសហការជាមួយអាជ្ញាធរមានសមត្ថកិច្ច ដើម្បីស្រាវជ្រាវរកមូលហេតុ នៃការកើតមានអគ្គិភ័យដែលបណ្តាលឱ្យឆេះព្រះឆាយាលក្ខណ៍អង្គព្រះមហាក្សត្រ ដែលតាំងនៅលើសួនផ្នែកខាងមុខនៃព្រះបរមរាជវាំង ក្នុងខណ្ឌដូនពេញ រាជធានីភ្នំពេញ ខណៈសង្គមស៊ីវិលជំរុញឱ្យមានការផ្តល់ព័ត៌មានជាក់លាក់ ជុំវិញហេតុការណ៍នេះ និងគួរបង្កើនការប្រុងប្រយ័ត្នផ្នែកបច្ចេកទេសបន្ថែម នៅពេលរៀបចំព្រឹត្តិការណ៍ណាមួយទៀត។
កាលពីរសៀលថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ នៅកម្ពុជា មានរៀបចំនូវព្រឹត្តិការណ៍ សាទរកម្ពុជា ដែលដឹកនាំដោយលោក ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ដោយមានការហែក្បួនពីសំណាក់អ្នកចូលរួមប្រមាណ ៣០០០នាក់ ដែលតុបតែងខ្លួន និងការរៀបចំតាំងលម្អផ្សេងៗ តាមបែបប្រពៃណី បុរាណ និងសហសម័យ ការលេងល្បែងកម្សាន្តទស្សវត្សរ៍ទី៨០ ស្តង់ម្ហូបអាហារ ២៥រាជធានី-ខេត្ត និងការប្រគុំតន្ត្រី ក៏ដូចជាការរាប់ថយក្រោយឆ្លងឆ្នាំសកល ជាមួយការបាញ់កាំជ្រួចផងដែរ។
ប៉ុន្តែនៅក្រោយការបាញ់កាំជ្រួចអបអរឆ្លងឆ្នាំ នៅយប់អាធ្រាតឈានចូលថ្ងៃទី០១ ខែមករា ឆ្នាំ២០២៥នោះ ក៏កើតមានករណីអគ្គិភ័យ បានឆាបឆេះរូបព្រះឆាយាលក្ខណ៍អង្គព្រះមហាក្សត្រ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ដែលបង្កឱ្យមានការភ្ជាក់ផ្អើលផងដែរ។
គណៈកម្មការរៀបចំព្រឹត្តិការណ៍ សាទរកម្ពុជា បានឱ្យដឹងនៅលើបណ្តាញសង្គមហ្វេសប៊ុកយ៉ាងខ្លីថា ឧបទ្ទេវហេតុអគ្គិភ័យ ដែលបានកើតឡើងជាយថាហេតុ នៅចុងបញ្ចប់នៃកម្មវិធីនេះ ត្រូវបានគ្រប់គ្រង និងពន្លត់ភ្លាមៗ ដោយអាជ្ញាធរមានសមត្ថកិច្ច ដែលឈរជើងនៅទីនោះ ដោយពុំបណ្តាលឱ្យមានគ្រោះថ្នាក់ណាមួយដល់អ្នកចូលរួមនោះទេ។
ប្រភពដដែលបន្តថា ក្រុមការងារកំពុងសហការជាមួយអាជ្ញាធរ ដើម្បីស្រាវជ្រាវរកមូលហេតុ នៃការកើតមានហេតុការណ៍នេះ។
វីអូឌី មិនអាចសុំការអត្ថាធិប្បាយជុំវិញហេតុការណ៍នេះ ពីអ្នកនាំពាក្យក្រសួងមហាផ្ទៃ លោក ទូច សុឃៈ បានទេនៅថ្ងៃពុធនេះ។
ក្នុងហេតុការណ៍នេះ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកមិនមានការផ្សព្វផ្សាយ ពីអគ្គិភ័យឆាបឆេះរូបព្រះឆាយាលក្ខណ៍ព្រះមហាក្សត្រ នៅមុខព្រះបរមរាជវាំងនេះទេ។ ប៉ុន្តែ នៅក្នុងបណ្តាញសង្គមក៏មានការលើកឡើង នូវមតិផ្សេងៗដែរ ដោយអ្នកប្រើប្រាស់បណ្តាញសង្គមខ្លះ យល់ថា មិនគួរមានការផ្សព្វផ្សាយនោះទេ ខណៈអ្នកប្រើប្រាស់បណ្តាញសង្គមខ្លះទៀត បានបង្ហាញពីការសោកស្តាយ និងរិះគន់ចំពោះការលាក់បាំងព័ត៌មាន ដែលអាចបង្កឱ្យមានការបាត់បង់ទំនុកចិត្ត ពីសំណាក់ប្រជាពលរដ្ឋចំពោះរាជរដ្ឋាភិបាល និងការរីករាលដាលនៃព័ត៌មានមិនពិត ជុំវិញហេតុការណ៍នេះ។ អ្នកប្រើប្រាស់បណ្តាញសង្គមទាំងនោះ បានស្នើឱ្យរដ្ឋាភិបាល គួរទទួលស្គាល់បញ្ហា ជាជាងការស្ងាត់ស្ងៀម ហើយធ្វើការស៊ើបអង្កេតដោយតម្លាភាព និងផ្តល់ព័ត៌មានពិត ពីមូលហេតុនៃការឆេះនេះដល់សាធារណជន ព្រមទាំងយកបទពិសោធន៍ទុកជាមេរៀន ដើម្បីកែលម្អ និងរៀបចំកម្មវិធី ឬព្រឹត្តិការណ៍ផ្សេងៗទៀតឱ្យកាន់តែមានភាពល្អប្រសើរ។
ចំណែក ប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋដើម្បីអភិវឌ្ឍន៍ និងសន្តិភាព លោក យង់ គិមអេង បង្ហាញការសោកស្តាយចំពោះហេតុការណ៍នេះ។
លោកជំរុញដល់អាជ្ញាធរមានសមត្ថកិច្ច ធ្វើការស៊ើបអង្កេតឱ្យបានច្បាស់លាស់ និងផ្សព្វផ្សាយឱ្យសាធារណជនបានដឹង ពីមូលហេតុពិតប្រាកដនៃគ្រោះអគ្គិភ័យនេះ។
លោកថា៖ «កាលណាតែហេតុការណ៍នេះកើតឡើង គឺត្រូវតែចាំបាច់ណាស់ត្រូវមានការស៊ើបអង្កេតតាមដានមើលថា ករណីនោះវាកើតឡើងយ៉ាងម៉េច កើតឡើងរបៀបណា មានចេតនា ឬក៏មិនមានចេតនានៅក្នុងរឿងហ្នឹង នេះជារឿងមួយសំខាន់ ហើយជុំវិញបញ្ហានេះ សង្ឃឹមថា អាជ្ញាធរមានសមត្ថកិច្ចមានការផ្តល់ព័ត៌មានបន្ថែមពីដើមហេតុដែលធ្វើឱ្យហេតុការណ៍នាយប់មិញនេះកើតឡើង»។
លោក យង់ គិមអេង ក៏បានអំពាវនាវដល់សមត្ថកិច្ច និងអ្នករៀបចំកម្មវិធី ឬព្រឹត្តិការណ៍ផ្សេងៗ បង្កើនការយកចិត្តទុកដាក់ និងប្រុងប្រយ័ត្នបន្ថែមទៀត លើបញ្ហាបច្ចេកទេសនៃការរៀបចំ ពាក់ព័ន្ធនឹងការបាញ់កាំជ្រួច ការចំអិនអាហារ ឬការជក់បារីណាមួយ នៅក្បែរទីតាំងនៃកម្មវិធី ឬក្បែររូបព្រះឆាយាលក្ខណ៍ព្រះមហាក្សត្រ ដើម្បីបញ្ចៀសហេតុការណ៍បែបនេះកើតឡើងជាថ្មីទៀត។
ប្រធានក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា លោក ម៉ែន ណាត ចាត់ទុកករណីឆេះព្រះឆាយលក្ខល៍នៅថ្ងៃឆ្លងឆ្នាំនេះ ជាការប៉ះពាល់មុខមាត់កម្ពុជាមួយផ្នែក ដែលថា វាអាចកើតចេញពីការគប់គិតគ្នា ប្រព្រឹត្តិអំពើពុករលួយ យកសម្ភារៈថោកៗ ខ្វះគុណភាពមករៀបចំក្នុងពិធីនេះ ដែលជាដើមហេតុបង្កឱ្យបញ្ហានេះកើតឡើង។
លោក មានជឿតិចតួចថា ការស៊ើបអង្កេតដោយតម្លាភាព ដើម្បីរកអ្នកដើមហេតុពិត នៅពីក្រោយបញ្ហានេះពិបាកនឹងរកឃើញ ក្នុងសង្គមដែលចាក់ស្រេះ ដោយគ្រួសារនិយម និងបក្ខពួកដូចបច្ចុប្បន្ននេះ។
លោកថា៖ «ពួកមន្ត្រីដែលទទួលខុសត្រូវកាន់ការងារអស់ហ្នឹង ច្រើនតែពួកសែស្រឡាយអ្នកភូមិពាក់ព័ន្ធការស៊ុមគ្រលុំគ្នាប្រព្រឹត្តអំពើផ្ដេសផ្ដាស ហើយអាពួកមន្ត្រីអស់នោះនៅតែបន្តរួចខ្លួន អាហ្នឹង វាទាញទម្លាប់អាក្រក់ហាណា ថ្ងៃណាមួយឲ្យទទួលខុសត្រូវ រៀបចំជួសជុលសភា រឿងជួសជុលវិមានរដ្ឋាភិបាលអីទៅ ឧទាហរណ៍ជួសជុលៗវាប្រហែស វាពុករលួយ វាស៊ីលុយស៊ីកាក់លើគម្រោងអស់ហ្នឹង វាទៅជាបាក់ធ្លាក់មនុស្សស្លាប់ អីរាប់សិបនាក់អីទៅម៉េចទៅ អាហ្នឹងវាគេគិតពីហានិភ័យ ចឹងបានគេឲ្យមានការស៊ើបអង្កេតដោយយុត្តិធម៌នឹង»។ កាលពីយប់ថ្ងៃទី២៩ ខែតុលា ឆ្នាំ២០១៤ ក្នុងព្រះរាជពិធីខួប ១០ឆ្នាំ នៃការឡើងគ្រងរាជ្យសម្បត្តិរបស់ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ក៏មានហេតុការណ៍មួយកើតឡើងប្រហាក់ប្រហែលគ្នានេះដែរ គឺផ្ទុះកាំជ្រួចនៅនឹងកន្លែង ក្នុងសង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ ទល់មុខព្រះបរមរាជវាំង បណ្តាលឱ្យមនុស្សម្នាក់ស្លាប់ និង ៦នាក់ទៀតរងរបួស៕
ដោយ៖ កញ្ញា កែវ មរកត