ប្រជាសហគមន៍ឧត្តមស្រែពស់ខេត្តកំពង់ស្ពឺ អះអាងមកថា តំណាងពួកគេម្នាក់ទៀត ត្រូវបានចោទប្រកាន់ ពីបទហិង្សា លើទានហាន នៅបញ្ជាការដ្ឋានកងរថក្រោះ ង-៧០ ទាំងអយុត្តិធម៌ ដោយថាពួកគេគ្រាន់តែជាអ្នកការពារព្រៃធម្មជាតិ តបតាមព្រះរាជក្រឹត្យប៉ុណ្ណោះ តែបែរជារងការចោទពីបទអ្នករំលោភទៅវិញ។
ការអះអាងបែបនេះ ក្រោយពីស្នងការនគរបាលខេត្តកំពង់ស្ពឺ កាលពីថ្ងៃទី៣១ ខែធ្នូ បានចេញលិខិតកោះហៅ លោក ឃន សារិទ្ធិ តំណាងសហគមន៍ឱ្យចូលបំភ្លឺករណី ហិង្សាដោយចេតនា និងបំផ្លិចបំផ្លាញទ្រព្យសម្បត្តិអ្នកដទៃ តាមបណ្តឹងក្រុមទាហាន ង-៧០ ខណៈសមាជិកម្នាក់ទៀត គឺលោក ប៉ឹក ខ្មៅ ត្រូវបានតុលាការឃុំខ្លួននៅឡើយ។
តំណាងសហគមន៍ឧត្តមស្រែពស់ លោក ឃន សារិទ្ធ និយាយប្រាប់ វីអូឌី នៅថ្ងៃទី១ ខែមករា ឆ្នាំ២០២៥ នេះថា លោកខកចិត្តចំពោះដីកាកោះហៅនេះ។
លោកបន្តថា ការចោទប្រកាន់ និងចាប់ឃុំខ្លួនប្រជាសហគមន៍ជាបន្តបន្ទាប់ គឺជាចេតនា របស់ក្រុមអ្នកមានអំណាច ឬពួកក្រុមទាហាន ង-៧០ ជារូបភាពគំរាមកំហែង ដើម្បីរំលោភយកដីសហគមន៍ ដែលការពារដោយព្រះរាជក្រិត្យ។
លោកបង្ហាញជំហរថា ដរាបណានៅមានជីវិតលោកនឹងស៊ូស្លាប់ ការពារដីព្រៃសហគមន៍ ដែលជាសម្បត្តិដូនតាមួយនេះឱ្យបានគង់វង្ស បើទោះបីប្រឈមការចាប់ចង ឃុំខ្លួន ធ្វើទុក្ខបុកម្នេញ ឬគំរាមកំហែងក្តី។
លោកថា៖ «បាទសម្រាប់ខ្ញុំ ខ្ញុំមិនបោះបង់ចោលទេ ខ្ញុំប្ដេជ្ញាថាខ្ញុំនៅតែការពារព្រៃឈើធនធានសម្បត្តិធម្មជាតិរបស់រដ្ឋហ្នឹង ទោះជាមានកាលៈទេសៈប្រឈមយ៉ាងណា ក៏ខ្ញុំអត់បោះបង់នូវការចោលការទាមទារនៅព្រៃឈើហ្នឹងដែរ បាទយើងនៅតែបន្តទាមទារ ហើយយើងនឹងខំប្រឹងប្រែងយកលិខិតទៅដាក់តាមស្ថាប័ន ដែលពាក់ព័ន្ធបន្ថែមទៀត»។
ប្រជាសហគមន៍ម្នាក់ទៀតលោក លាង ប៉ន លើកឡើងប្រហាក់ប្រហែលគ្នាថា លោកមិនខ្លាចបូជាជីវិតទេ ដើម្បីការពារព្រៃធម្មជាតិ បើប្រព័ន្ធច្បាប់មិនអាចរកយុត្តិធម៌ឱ្យសហគមន៍បានមែននោះ។
លោកសង្កត់ធ្ងន់ថា កន្លងមកក្រុមទាហាន ង-៧០ អាងមានអំណាច និងអាវុធ ប្រើអំពើហិង្សាលើសហគមន៍ និងបាញ់គំរាមកំហែងពួកគាត់ ខណៈពួកគាត់មានតែដៃទទេ សុខចិត្តប្តូរជីវិតការពារដីដូនតា។
លោកថា៖ «ខ្ញុំត្រូវតែតស៊ូ ទី១ ខ្ញុំសោកស្ដាយជាងគេ គឺព្រៃឈើ និងជម្រកសត្វព្រៃ និងទី២ គឺកន្លែងព្រះពុទ្ធសាសនា បាទជាសាសនារបស់រដ្ឋក៏ពិតមែន តែយើងជាប្រជាពលរដ្ឋទាំងអស់គ្នា ជាកូនចៅព្រះពុទ្ធសាសនា កូនចៅរដ្ឋាភិបាល ដល់ពេលទាហានគាត់មកបំផ្លាញ កន្លែងអាស្រមមានរូបតំណាង រូបព្រះបដិមាករធំៗ ខ្ញុំក៏នៅតែមានឆន្ទៈ ដើម្បីតវ៉ា និងការពារដើម្បីធនធានធម្មជាតិតទៅមុខ»។
យ៉ាងណាលោក លាង ប៉ន ស្នើឱ្យតុលាការទម្លាក់បទចោទលើប្រជាសហគមន៍ និងទទូចឱ្យរដ្ឋាភិបាលពន្លឿនដោះស្រាយបញ្ចប់វិវាទដីធ្លីនេះឱ្យបានឆាប់រហ័ស ដើម្បីបញ្ចៀស និងបញ្ចប់ជម្លោះដ៏រ៉ាំរ៉ៃនេះ។
វីអូឌី មិនទាន់អាចសុំការបំភ្លឺជុំវិញបញ្ហានេះពីស្នងការនគរបាលខេត្តកំពង់ស្ពឺលោក ឃឹម សុកខៃ និងអភិបាលខេត្តកំពង់ស្ពឺ លោក ជាម ចន្ទ័សោភ័ណបាននៅឡើយទេ ដោយទូរស័ព្ទគ្មានអ្នកទទួល។
ប្រធានប្រតិបត្តិសមាគមបណ្តាញយុវជនកម្ពុជា (CYN) លោក ហេង គឹមហុង យល់ថា ការចោទប្រកាន់ និងចាប់ខ្លួនសហគមន៍ជារឿងអយុត្តិធម៌ ដោយលោកសំអាងថា ពួកគាត់គ្រាន់តែការពារដី មិនឱ្យគេរំលោភទន្រ្ទានយកប៉ុណ្ណោះ។
លោកជំរុញឱ្យ រដ្ឋាភិបាលថ្មី គួរតែដោះស្រាយរឿងនេះ ដើម្បីកុំឱ្យអ្នកការពារ ធនធានធម្មជាតិ ក្លាយជាជនរងគ្រោះ។
លោកបន្តថា អាជ្ញាធរខេត្ត និងតុលាការ គួរតែស៊ើបអង្កេតករណីនេះ ឱ្យបានច្បាស់លាស់ ដើម្បីបង្ហាញពីតម្លាភាព នៃប្រព័ន្ធយុត្តិធម៌នៅកម្ពុជា។
មួយវិញទៀត លោក គឹមហុង ក៏ជំរុញផងដែរ ឱ្យរដ្ឋាភិបាល ពន្លឿនដោះស្រាយបញ្ហានេះ ដើម្បីកុំឱ្យអ្នកការពារធនធានធម្មជាតិ ក្លាយជាជនរងគ្រោះ។
លោកថា៖ «ខ្ញុំយល់ថាអាជ្ញាធរមូលដ្ឋាន មិនអាចមិនអើពើ ចំពោះរឿងនេះបានទេ គួរតែធានានូវយុត្តិធម៌ឱ្យគូភាគី ហើយភាគីពាក់ព័ន្ធ ឬក៏យកការអនុវត្តគោលនយោបាយ ឈ្នះ ឈ្នះ ដូចកន្លងទៅ កន្លែងណាដែលផ្តល់ទៅឱ្យទាហាន កន្លែងណាកាត់ការផ្តល់ឱ្យសហគមន៍វិញ។ ទំនាស់បែបនេះអាក្រក់ណាស់បាទ ទីនោះជាពិធីសាសនា ទីសក្ការៈបូជាផង បើបណ្តែតបណ្តោយឱ្យប្រព្រឹត្តិសកម្មភាពទាំងអស់ហ្នឹង វាមើលទៅអាក្រក់មើលណាស់។ យើងជាពុទ្ធសាសនិកជនផងហើយចាត់ទុកថាប្រគល់ដីទីនោះថ្វាយព្រះ ដើម្បីរៀបចំវត្តទីសក្ការៈបូជា ឬក៏តម្កល់នៅមាតាបិតារបស់ខ្លួន ដែលជាពុទ្ធសាសនិកជន មិនគួរណាដើម្បីផលប្រយោជន៍ដីធ្លីប៉ុណ្ណឹង យើងហ៊ានប្រព្រឹត្តទង្វើសព្វបែបយ៉ាង ទាំងមិនគោរពសាសនា»។
បើតាមពលរដ្ឋ ជម្លោះ រវាងសហគមន៍ឧត្តមស្រែពស់ ជាមួយក្រុមទាហាន ង-៧០ នេះ បានអូសបន្លាយជាច្រើនឆ្នាំមកហើយ ដែលជម្លោះនោះកើតឡើង ក្រោយពីរដ្ឋាភិបាល បានកាត់ឆ្វៀលដីនៅតំបន់នោះ ទំហំជិត ៣០០ហិកតារ (២៦២,២៤) ចែកឱ្យក្រុមគ្រួសារទាហាន ង-៧០ ចំនួន ៤១គ្រួសារ ដើម្បីតាំងទីលំនៅ។
សហគមន៍ឧត្ដមស្រែពស់ ឬហៅថា ព្រៃមេត្តាធម្មជាតិ គឺជាផ្នែកមួយនៃដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ ត្រូវបានចុះបញ្ជី ទទួលស្គាល់ជាព្រៃអភិរក្ស ពីក្រសួងបរិស្ថានកាលពីឆ្នាំ២០០២ តបតាមព្រះរាជក្រឹត្យ។ ព្រៃមេត្តាធម្មជាតិនេះ បានចឹញ្ចឹមប្រជាពលរដ្ឋច្រើនរយគ្រួសារ ដែលរស់នៅជុំវិញតំបន់នេះ។ ព្រៃនេះ មានផ្ទៃដី ជិត ៩០០ហិកតា ដែលធ្លាប់មានសត្វព្រៃកម្រជាច្រើនប្រភេទរស់នៅ រួមមាន ទោច ស្វា ក្ងោក មាន់ព្រៃ ឈ្លូស និង ស្វាជាដើម។ ប៉ុន្តែមកដល់ពេលនេះ តំបន់ធម្មជាតិមួយនេះ ស្ទើរតែបាត់បង់ទាំងស្រុង ដោយសារតែ ក្រុមអ្នកមានអំណាចមន្ត្រីយោធា និងឈ្មួញខិលខូចមួយចំនួន ឈូសឆាយទន្ទ្រានយក គ្មានការទប់ស្កាត់ពីអាជ្ញាធរពាក់ព័ន្ធ។ រីឯពលរដ្ឋដែលជាអ្នកការពារ បានរងអំពើហិង្សា និងជាប់បណ្តឹងជាបន្តបន្ទាប់ រហូតពេលនេះ មានតំណាងអ្នកតវ៉ាខ្លះត្រូវបានចាប់ដាក់ពន្ធនាគារជាដើម៕
ដោយ៖ ប៉ុល សម្បត្តិ












