តំបន់​រុន​តាឯក​នៅ​តែ​គំរាម​ជីវភាព​ពលរដ្ឋ​ផ្ទុយ​នឹង​ការ​សន្យា​របស់​មេ​ដឹកនាំ

តំបន់​រុតតាឯក ដែល​រង​ការរិះ​គន់​ថា បាន​ដាក់​សម្ពាធ​ពលរដ្ឋ​ច្រើន​​គ្រួសារ ឱ្យ​ចាក​ចេញ​ពី​តំបន់​អង្គរ ទាំង​បង្ខំ​នោះ ពេល​នេះ​ពលរដ្ឋ​ដែល​បាន​ចាក​ចេញ​បាន​អះអាង​ថា ពួកគេ​ប្រឈម​នឹង​បញ្ហា​ជី​វភា​ព ដែ​ល​ទាម​ទា​រ​​ឱ្យ​រដ្ឋាភិបាល បង្កើតប្រព័ន្ធការងារតាមការសន្យា ដើម្បីការប្រឈមនឹងដាច់បាយស្លាប់។

អ្នក​ភូមិ​រុនតាឯក បាន​រៀបរាប់​ប្រាប់ វីអូឌី នៅថ្ងៃទី៣១ ខែធ្នូ ថា ពួក​គេ​ដែលបាន​ចាកចេញ​ពី​តំបន់​អង្គរ ប្រ​មាណ​ ៥០% បាន​ធ្វើ​ចំណាក​ស្រុក ដើម្បី​ស្វែង​រក​ការងារ នៅ​តាម​ទីតាំង​ផ្សេងៗ។

តាម​ប្រភព​នោះ អ្នកខ្លះ មក​រស់​នៅ​ក្រុ​ង​​សៀមរាប​វិញ ខ្លះ​ទៅ​ធ្វើការ​នៅ​ខេត្ត​កំពង់ធំ ក្រុងព្រះសីហនុ និង​ខ្លះ​ទៀត​ចំណាក​ស្រុក ទៅ​ថៃ ទាំង​ប្រឈម​នឹង​គ្រោះថ្នាក់ ដោយសារ​វិបត្តិ​បំណុល។

ពលរដ្ឋ​​រស់​នៅ​ភូមិ​រុនតាឯក​មួយ​រូប​លោក ឡុង ឡែន បាន​ត្អូញ​ត្អែរ​ថា សព្វថ្ងៃ​លោក​ពិបាក​ក្នុងការ​ប្រកប​របរ​លក់​នំបញ្ចុក ដោយ​សារ​ពលរដ្ឋ​រស់នៅ​ប្លុក របស់​លោក​ជា​ច្រើន​នាក់ បានចំណាក​ស្រុក។

លោក​ថា ការធ្វើ​ចំណាក​ស្រុក​របស់​ពួកគេ គឺ​ដើម្បី​ទៅ​រក​ប្រាក់​មក​បង់​ធនាគារ ខណៈ​ពួក​គេ​បាន​ខ្ចីបុល​ប្រាក់​ទាំងនោះ​ពី​ធនាគារ មក​សាងសង់​ផ្ទះ ចំ​ពេល​ដែល​ទីតាំង​ថ្មី មិន​អាច​រក​ចំណូល​បាន។

លោក បន្ត​ទៀត​ថា​ កត្តា​បំណុល​នេះ ដែល​នាំ​ឱ្យ​ប្រជា​ពលរដ្ឋ​មាន​ការ​ចាយវាយ​សន្សំ​សំចៃ ធ្វើ​ឱ្យ​មុខ​របរ​គាត់​ប្រឈម​នឹង​ខាត​បង់។

លោក ឡុង ឡែន សង្កេត​​ឃើញ​​ថា ក្នុង​​ចំណោម​​​ផ្ទះ​​ចំនួន​ ១០០ខ្នង នៅ​តំបន់​រុន​តា​ឯក ជិត​ផ្ទះ​របស់​លោក មាន​យ៉ាង​ហោច​ណាស់ ក៏​ជិត​ ៤០ផ្ទះ ដែរ ដែល​បាន​ចាក់​សោទ្វារ​ទុក​ចោល។

ក្រៅ​ពី​នេះ លោក​ថា ក៏​មាន​អ្នក​ភូមិ​មួយ​ចំនួន បាន​សម្រេច​វិល​ត្រលប់​មក​ផ្ទះ​ពេល​ល្ងាច​តាម​រយៈ​រថយន្ត​ក្រុង ខណៈ​អ្នក​ផ្សេង​ទៀត ជ្រើស​រើស​ការ​ជួល​បន្ទប់ ​នៅ​ក្រុង​សៀម​រាប ដោយ​សារ​តែ​បេន​ឡាន​មិន​នៅ​ក្បែរ​​កន្លែង​​ពួក​​គេ​​ធ្វើការ។

លោក​ថា៖ «សូម​ណូម​ពរ​ឱ្យ​ប្រមុខ​រដ្ឋា​ភិបាល ក៏​ដូច​ជា​ស្ថាប័ន​ផ្សេងៗ បើ​ថា​វា​មាន​ការ​ជម្លៀស​ហើយ មិន​អាច​ថយ​ក្រោយ​វិញ​បាន។ ចឹង​ក៏​សូម​ឱ្យ​មាន​រៀប​ចំ​ជា​ប្រព័ន្ធ​ការ​ងារ ដើម្បី​ឱ្យ​ប្រជាពល​រដ្ឋ​គាត់​អាច​មាន​ទី​តាំង​ការ​ដោះ​ស្រាយ​បំណុល​គេ​កាន់​តែ​បាន​ច្រើន។ ហើយ​លឿន​បន្តិច ព្រោះ​ថា​កាន់តែ​យូរ​ទៀត​ពិបាក​មាន​ប្រជាពលរដ្ឋ​រស់​នៅ​ណាស់ ដោយ​សារ​តែ​យើង​អត់​មាន​ប្រភព​ចំណូល​ផ្សេង​ចឹង»

ចំណែក​ពលរដ្ឋ​មួយ​រូប​ទៀត គឺ​អ្នកស្រី សុខ ពឿន បាន​និយាយ​ថា អ្នក​ស្រី​បាន​បោះ​បង់​មុខរបរ​ជា​អ្នក​​លក់​ណែម​​សាច់​ក្នុង​ភូមិ ដោយ​សារតែ​លំហូរ​ចំណាក​ស្រុក ធ្វើឱ្យ​មុខរបរ​គាត់​គ្មាន​អ្នក​ទិញ។

អ្នក​ស្រី ពឿន បន្ត​ថា ពលរដ្ឋ​រស់​នៅ​ក្បែរ​ផ្ទះ​អ្នក​ស្រី ខ្លះ​រត់​រ៉ឺ​ម៉ក់​កង់​បី ខ្លះ​ទៀត​ដើរ​សម្អាត​ផ្ទះ​ឱ្យ​គេ​នៅ​ក្រុង​សៀម​រាប​ ធ្វើ​យ៉ាង​ណា ឱ្យ​តែ​អាច​រក​ប្រាក់​ចំណូល​បាន។

ស្រ្តី​វ័យ​ ៥៥ឆ្នាំរូប នេះ​បម្រើ​ការងារ​ជា​អ្នក​មើល​ថែ​ទាំ​ក្មេង នៅ​ពេល​ដែល​ឪ​ពុក​ម្ដាយ​របស់​ពួក​គេ​ទៅ​ធ្វើការ​នៅ​ឆ្ងាយ ខណៈ​អ្នក​ស្រី​ក៏​ទទួល​បន្ទុក​បង់​​ធនាគារ ដែល​ខ្ចី​សម្រាប់​សាង​សង់​ផ្ទះ នៅ​រុន​តា​ឯក​ចំនួន​ ៣ពាន់​ដុល្លារ ផង​ដែរ។

អ្នក​ស្រី និយាយ​ថា៖ «រឿង​ពិបាក ចេះ​តែពិបាក មិន​ដឹង​យាយ​ថា​ម៉េច ចេះ​តែ​ទ្រាំ​ទៅ​ណាស់ ចេះ​តែ​នៅ​មើល​ចៅ កូន​ទៅ​ធ្វើការ​វា​ចេះ​​ចែក​ហូប​ចែក​ចាយ​ខ្លះ​ទៅ»

វិអូឌី មិន​អាច​រក​ការ​បញ្ជាក់ ពី​មេ​ឃុំ​រុន​តា​ឯក អ្នក​ស្រី ឈួន ​អ៊ឹម  បាន​ទេ​ជុំវិញ​បញ្ហា​នេះ។

តែ​យ៉ាង​ណា ក្នុង​ពិធី​សំណេះ​សំណាល​មួយ នៅ​ខេត្ត​សៀម​រាប កាល​ពី​ថ្ងៃ​ទី​៨ ខែ​ធ្នូ ឆ្នាំ២០២៣ នាយក​រដ្ឋ​មន្ត្រី​លោក ហ៊ុន ម៉ាណែត ធ្លាប់​បាន​ធានា​អះអាង​ថា នឹង​ធ្វើ​ឱ្យ​ពលរដ្ឋ ព្រម​ចាក​ចេញ​ពី​តំបន់​អង្គរ តាម​ការ​តម្រូវ​របស់​រដ្ឋាភិ​បាល មក​តំាង​លំនៅ​តំបន់​រុនតា​ឯង និង​តំបន់​ពាក់​ស្នែង ឱ្យ​ពួក​គេ​មាន​ជីវភាព​ធូរធារ តាម​រយៈ​​ធ្វើ​ឱ្យ​ទីតាំង​ថ្មី ដាច់​ស្រយាល​មួយ​នេះ ទៅ​ជា​ទីក្រុង​ទាក់​ទាញ​ភ្ញៀវ​ទេសចរ ដែល​ជា​ប្រភព​ចំណូល។

លោក​ថ្លែង​ពេលនោះ​ថា រដ្ឋាភិបាល​របស់​លោក នឹង​ធ្វើ​ឱ្យ​តំបន់​រុន​តាឯក និង​តំបន់​ពាក់​ស្នែង ក្លាយ​ជា​បុរីជន​បទ​គំរូ​សម្រាប់ ទាក់​ទាញ​អ្នក​វិនិយោគ មក​បង្កើត​រោង​ចក្រ ឧស្សា​ហកម្ម​នានា ដើម្បី​បង្កើត​ការងារ​ជូន​ពលរដ្ឋ ដែល​បាន​មក​តាំង​លំ​នៅ នៅ​តំបន់​រុនតាឯក និង​តំបន់​ពាក់​ស្នែង​នេះ។

លោក​គូស​បញ្ជាក់​ថា រដ្ឋាភិបាល នឹង​ធ្វើឱ្យ​គ្រួសារ​ ដែល​មក​រស់​នៅ​ទីតាំង​ថ្មីនេះ មាន​ជីវភាព​ធូរធារ ដោយ​សន្យា​ថា រដ្ឋាភិបាល នឹង​កសាង​ហេដ្ឋា​រចនាសម្ព័ន្ធ ផ្លូវ​ថ្នល់ ប្រព័ន្ធ​លូ​តាម​ដង​ផ្លូវ សាលា​រៀន ចាប់​ពី​បឋមសិក្សា​ រហូត​ដល់​វិទ្យាល័យ មន្ទីរ​ពេទ្យ ផ្សារ ភ្លើង​អគ្គិសនី អណ្តូងទឹក ប្រព័ន្ធ​ទឹក​ស្អាត បង្គន់​អនាម័យ នៅ​ទី​តាំង​ថ្មីនេះ​ ក្លាយ​ជា​ទី​ក្រុង ជា​ទី​ប្រជុំជន ដើម្បី​ជា​ប្រភព​ចំណូល​របស់​ប្រជាពលរដ្ឋ​នៅ​ទីនេះ។

ប៉ុន្តែ​​ជាង ១ឆ្នាំ ទៅ​នេះ ប្រជាពលរដ្ឋ រស់​នៅ​តំបន់​រុនតាឯក និយាយ​ថា​ផ្សេង​ពី​នេះ។ ពួក​គេ​ថា បច្ចុប្បន្ន ពួក​គេ​ស្ទើរ ៩០% កំពុង​ជួប​វិប​ត្តិ​បំ​ណុល ដោយ​សារ​តែ​ទី​តាំង​ថ្មី មិន​អាច​រក​ចំណូល​បាន។

ពួក​គេ​ថា ពេល​នេះ​អ្នក​ធ្វើ​ចំណាក​ស្រុក​​ស្ទើ​រ​​ស្ងា​​ត់​​ភូមិ ផ្ទះ​ខ្លះ​បិទ​ទ្វារ​ចោល និង​មួយ​ចំនួន បាន​ត្រឡប់​ទៅ​រកចំណូល នៅ​តំបន់​អង្គរ​វិញ ដែល​ត្រូវ​ធ្វើ​ដំណើរ​ទៅ​មក ប្រមាណ​ជា​ជា​ង ៦០គីឡូ បើ​ទោះ​ខ្លះ​បាន​ធ្វើ​ដំណើរ​តាម​យន្ត​ក្រុង ដែល​រៀប​ចំ​ដោយ​អាជ្ញា​ពាក់​ព័ន្ធ​ក្តី។

ជុំ​វិញ​បញ្ហា​នេះ​ដែរ អង្គការ​លើក​លែង​ទោស​អន្តរជាតិ ធ្លាប់​និយាយ​ក្នុង​របាយការណ៍ អំឡុង​ខែ​មេសា ឆ្នាំ២០២៤ ​ថា​​គ្រួសារ​​ដែល​ត្រូវ​បាន​ផ្លាស់​ទី​លំ​នៅ មិន​ត្រូវ​បាន​ផ្តល់ ការ​ពិគ្រោះ​យោបល់​ពិត​ប្រាកដ និង​ការ​ទទួល​បា​ន​​ការ​ការពារ​ផ្លូវ​ច្បាប់​ទាក់​​ទ​ង ​នឹង​ការ​បណ្តេញ​ចេញ​របស់​ពួក​គេ​នោះ​ទេ។

ពួក​គេ​ជាង​ ១ពាន់​គ្រួសារ ត្រូវ​បាន​បណ្តេញ​​ចេញ​​ដោយ​បង្ខំ​ តាម​​របៀប​​បន្លំ​​ភ្នែក ​និង​ជា​ទ្រង់​ទ្រាយ​ធំ។ ប្រ​ជា​​ពល​រដ្ឋ​​ត្រូវ​បាន​បង្ខំ​​ឱ្យ​ស្ម័គ្រ​ចិត្ត និង​ធ្វើ​ឱ្យ​មាន​អារម្មណ៍​ភ័យ​ខ្លាច​ចំពោះ​ការ​សង​សឹក ប្រ​សិន​បើ​ពួក​គេ​មិន​ព្រម​ចាក​ចេញ ឬ​ជំទាស់​នឹង​ការ​បណ្តេញ​ចេញ​នេះ។

ប្រភព​ដដែល​បាន​​ចោទ​​ប្រកាន់​​ថា ការ​​បណ្តេញ​​ចេញ​​ដោយ​​បង្ខំ ​គឺ​ជា​​ការ​​រំ​​លោភ​​សិទ្ធិ​​មនុស្ស​​ក្រោម​​ច្បាប់​សិទ្ធិ​​មនុស្ស​អន្តរជាតិ។ បើ​យោង​តាម​បញ្ហា​ខាង​លើ ពលរដ្ឋ​ដែល​បាន​ចាកចេញ​ពី​តំបន់​អង្គរ មក​រស់​នៅ​ទី​តាំង​ថ្មី​នៅ​តំបន់​រុន​តា​ឯក បាន​រង​គ្រោះ​ផ្ទួនៗ គឺ​រង​គ្រោះ​ពី​ការ​បណ្តេញ​ចេញ និង​ទី​តាំង​ថ្មី​គ្មាន ប្រភព​រក​ប្រាក់​ចំ​ណូល ដូច​ការ​សន្យា​​របស់​រដ្ឋា​ភិបាល៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ