CAT រក​​ឃើញ​​ថា រដ្ឋាភិបាល​​ថ្មី​​បន្ត​បោះ​បង់​​យុត្តិធម៌​​គ្មាន​​ការ​​អៀន​​ខ្មាស់​​ដើម្បី​​បុព្វ​​ហេតុ​​បន្ត​​វេន

ក្រុម​អ្នក​តស៊ូមតិ​កម្ពុជា ដែល​មាន​មូលដ្ឋាន​នៅ​ក្រៅ​ប្រទេស បាន​និយាយ​ថា រយៈ​​ពេល​ ១៦ខែ នៃ​ការ​​ឡើង​​កាន់​​អំណាច​​របស់ លោក ហ៊ុន ម៉ាណែត រដ្ឋាភិបាល​​ថ្មី​​នេះ​​បន្ត​អនុវត្ត​មរតក​ពី​ឳពុក ដោយ​បោះបង់​យុត្តិធម៌​ចោល​ទាំង​គ្មាន​ការ​អៀន​ខ្មាស់ ដើម្បី​តែ​បុព្វហេតុ​បន្ត​វេន ធ្វើ​ឱ្យ​កម្ពុជា មាន​ហានិភ័យ​ទាំង​នយោបាយ សេដ្ឋ​កិច្ច សង្គម និង​បញ្ហា​បូរណភាព​ទឹក​ដី។

នេះ​បើ​តាម​ការ​សង្កេត និង​វាយ​តម្លៃ​ប្រចាំ​ឆ្នាំ​២០២៤ ពី​ការ​វិវត្ត​នៃ​ការ​ដឹកនាំ​ប្រទេស​កម្ពុជា​ក្នុង​រយៈ​ពេល​១៦ខែ ក្រោម​ការ​ដឹកនាំ​របស់​លោក ហ៊ុន ម៉ាណែត ពីខែ​សីហា​ឆ្នាំ២០២៣ ដល់ខែ​ធ្នូ ឆ្នាំ២០២៤ ចេញ​ផ្សាយ​នៅថ្ងៃទី​២ ខែមករា ឆ្នាំ២០២៥ នេះ ពី​ទីក្រុង​ម៉ែល​ប៊ន​ ប្រទេស​អូស្ត្រាលី។

CAT សង្កេត​ឃើញ​ថា ក្នុង​រយៈ​ពេល ១៦ខែ នៃ​ការ​ឡើង​កាន់​តំណែង​ជា​នាយក​រដ្ឋមន្ត្រី​របស់​លោក ហ៊ុន ម៉ាណែត សិទ្ធិ​មនុស្ស និង​សិទ្ធិ​នយោបាយ​ត្រូវ​បាន​រំលោភ​ជា​ប្រព័ន្ធ​ធ្ងន់ធ្ងរ​ជាង​អាណត្តិ​ចាស់ តាមរយៈ​ប្រើច្បាប់​ និង​រដ្ឋ​ធម្មនុញ្ញ​ធ្វើជា​ឧបករណ៍ ដើម្បី​តែ​បុព្វហេតុ​បន្ត​វេន។

CAT គូស​បញ្ជាក់​ថា បញ្ហា​នេះ​ជំរុញ​ឱ្យ​​ ​ កម្ពុជា​បន្ត​ជាប់ផុង​ក្នុង​ស្ថានភាព​ហានិភ័យ​ទាំង​នយោបាយ សេដ្ឋ​កិច្ច សង្គម និងបញ្ហា​បូរណភាព​ទឹកដី។

បើ​តាម CAT ១៦ខែ​ទៅ​នេះ ការ​រំលោភ​សិទ្ធិ​មនុស្ស​នៅ​បន្ត ហើយ​កាន់​តែ​ធ្ងន់​ធ្ងរ តាម​រយៈ​ចំណាត់ការ​របស់​កង​កម្លាំង​ប្រដាប់​អាវុធ នគរបាល​យុត្តិធម៌ ការ​សម្រេច​របស់​តុលាការ និង ការ​ដាក់​មនុស្ស​ឃុំឃាំង​ ក្នុង​ពន្ធនាគារ​ចង្អៀត​ណែន ហើយ​ការ​អនុវត្តន៍​ច្បាប់ គឺ​នៅបន្ត​ជា​យន្តការ​បង្ក្រាប និង​ទប់​ស្កាត់​សំឡេង​ប្រជែង​នឹង​អំណាច​របស់​គណបក្ស​ប្រជាជនកម្ពុជា។

ជាង​នេះ​ទៀត​ សម្រាប់​ក្រុម​អ្នក​តស៊ូ​មតិ​កម្ពុជា  រដ្ឋាភិបាល​របស់​គណបក្ស​ប្រជាជន​កម្ពុជា បន្ត​មិន​ខ្វាយខ្វល់​​ពី​មតិរិះ​​គន់​របស់​សហភាព​អឺរ៉ុប ឬ​ប្រទេស​ប្រជាធិបេតយ្យ​ផ្សេងៗ ដោយ​បន្ត​ឥរិយា​បទ «ដឹក​នាំ​ក្នុង​ទម្រង់​បង្រ្កាប​អ្នក​មាន​មតិ​ផ្ទុយ​ ដើម្បី​បន្ត​ការ​ត្រួត​ត្រា​ប្រទេស»។

ក្នុង​ទម្រង់​នេះ ក្រុម​អ្នក​តស៊ូមតិ​កម្ពុជា យល់​ថា ទោះ​បី​ជា​ប្រទេស​កម្ពុជា​បាត់​អស់​កោះ អស់​សមុទ្រ អស់ទន្លេ អស់​ទឹក​ដី អស់​ធន​ធាន​ធម្មជាតិ អស់​ទាំង​ប្រជាពលរដ្ឋ ក៏លោក ហ៊ុន សែន និង លោក ហ៊ុន ម៉ាណែត ហ៊ាន​ចំណាយ​ដើម្បី​ពាក្យ «សន្តិភាព» របស់​គាត់។

ដោយ​ឡែក លំហ​ប្រជាធិបតេយ្យ រួម​កាន់​តែតូច ហើយ​លោក ហ៊ុន សែន បន្ត​ការ​គំរាម​កំហែង​ជា​សាធារណៈ​ថា «ងើប​មួយ​វ៉ៃ​មួយ និង​តាម​កម្ទេច​ពួក​ប្រឆាំង​ឲ្យ​អស់​ដល់​ឬស​គល់»។ ការ​គំរាម​កំហែង​នេះ ភ្ជាប់​ដោយ​គោលដៅ​ការ​បោះឆ្នោត​ឆ្នាំ២០២៧ និង២០២៨។

ជា​ភស្តុតាង CAT រក​ឃើញ​ថា មាន​ការ​បន្ត​ពន្យា​ពេល​សំណុំ​រឿង​លោក កឹម សុខា  ការ​ចាប់​ខ្លួន​មនុស្ស​ជាង ១០០នាក់ ក្នុង​សំណុំ​រឿង​កិច្ច​ព្រមព្រៀង​តំបន់​ត្រីកោណ​អភិវឌ្ឍន៍​កម្ពុជា-ឡាវ-វៀតណាម  ការ​ឃុំខ្លួន​អ្នក​ការពារ​សិទ្ធិ​មនុស្ស យុវជន​ការពារ​បរិស្ថាន និង សកម្មជន​គណបក្ស​ប្រឆាំង ជាដើម។

យ៉ាង​ណា អ្នក​នាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន បាន​ច្រាន​ចោល​ការ​សង្កេត​របស់​ក្រុម​អ្នក​តស៊ូ​មតិ​កម្ពុជា​នេះ។

លោកថា៖ «អាហ្នឹង​គ្រាន់​តែ​ជា​យោបល់​ របស់​ពួក​ប្រឆាំង​នៅ​ក្រៅ​ប្រទេស​ទេ​ វា​អត់​មាន​អី​ចម្លែក​ទេ។ ទោះ​រាជ​រដ្ឋា​ភិបាល​ខិត​ខំ​ធ្វើ​យ៉ាង​ណា​ក៏​ដោយ ក៏​មិន​ចេះ​ល្អ​ដែរ មិន​ចេះ​បាន​ផល​ដែរ តែ​រាជ​រដ្ឋាភិបាល​ធ្វើ ហើយ​ការងារ​មួយ​ចំនួន ​វា​មិន​មែន​ដោះ​ស្រាយ​ភ្លាម​បាន​ភ្លាម​ទេ ដូច​ជា​ករណី​ឆបោក​របស់ ឧកញ៉ា​មួយ​ចំនួន គឺ​ក្រុមហ៊ុន​មាន​បងប្អូន​ប្រជា​ពលរដ្ឋ​ច្រើន​រយ​ ច្រើនពាន់​នាក់​ អ៊ីចឹង​យើង​ត្រូវ​ក្រុម​មេធាវី ឬ​គាត់​ធ្វើការ​លម្អិត​ត្រូវ​ស្រង់​ស្ថិតិ​ អំពី​លក្ខណៈ​នៃ​ការ​ជំពាក់​​នីមួយៗ»។

សម្រាប់ អ្នក​វិភាគ​នយោបាយ​លោក ប៉ោ មករា កត់​សម្គាល់​ថា បើ​ពិនិត្យ​ទៅ​លើ​របាយការណ៍​នានា​ ដែល​អន្តរជាតិ​បាន​រក​ឃើញ បង្ហាញ​ថា បញ្ហា​អំពើ​ពុក​រលួយ ប្រជា​ធិបតេយ្យ និង​បទ​ឧក្រិដ្ឋ ជាដើម នៅតែ​ញាំ​ញី​ក្នុង​រដ្ឋាភិបាល​អាណត្តិ​ថ្មី​នេះ ដែល​ប៉ះ​ពាល់​ដល់​មុខ​មាត់​កម្ពុជា​ឆាក​អន្តរជាតិ។

លោកថា៖ «គឺ​ជា​ការ​បារម្ភ​ របស់​​បណ្ដា​ប្រទេស​តំបន់​អាស៊ាន​ ក៏​ដូច​ជា​ពិភពលោក ជា​ការ​កង្វល់​របស់​គេ​ យើង​មើល​ទៅ​តាម​របាយការណ៍​ហ្នឹង។ ប៉ុន្តែ​ជាក់​ស្តែង​សង្កេត​ទៅ​លើ​របាយការណ៍ ជា​ទិដ្ឋភាព​រួម​គឺ​យើង​ឃើញ​មាន​ពិន្ទុ​ទាប។ មួយ​វិញ​ទៀត​ បើ​យើង​និយាយ​អំពី​លទ្ធិ​ប្រជាធិតេយ្យ យើង​ឃើញ​ថា​ទាំង​សហរដ្ឋអាមេរិក សហគមន៍​អឺរ៉ុប ប្រទេស​ដែល​ជា​ហត្ថលេខី​ នៃ​កិច្ច​ព្រម​ព្រៀង​ទី​ក្រុង​ប៉ារីស​ហ្នឹង តែង​តែ​បារម្ភ ហើយ​ក៏​ទទូច​ស្នើសុំ​ឲ្យ​កម្ពុជា​ពិនិត្យ​ ពិចារណា​ឡើង​វិញ​ ពាក់​ព័ន្ធ​ទៅនឹង​បញ្ហា​លម្អ​លទ្ធិប្រជាធិបតេយ្យ»។

តំណាង​រាស្រ្ត​គណបក្ស​សង្រ្គោះ​ជាតិ លោក អ៊ំ សំអាន និយាយ​ថា របាយការណ៍​របស់​ក្រុម​អ្នក​តស៊ូ​មតិ​ ឆ្លុះ​បញ្ចាំង​ពី​ការ​ពិត​ក្នុង​សង្គម ហើយ​ថា បើ​រដ្ឋាភិបាល​គ្រួសារ​ហ៊ុន មិន កែ​លម្អ​ការ​ដឹក​នាំ​ទេ ភាព​ចលាចល​សង្គម​នឹង​ផ្ទុះ​ឡើង។

លោកថា៖ «ដោយ​សារ​តែ​គ្មាន​ការ​បោះឆ្នោត​ដោយ​សេរី និង​យុត្តិធម៌ គ្មាន​ការ​ត្រួត​ពិនិត្យ​អំណាច​ហ្នឹង​ហើយ រឿង​អយុត្តិ​ធម៌​ក្នុង​សង្គម ​នឹង​កើន​ឡើង​បន្ថែម​ទៀត​នៅ​កម្ពុជា ​អ៊ី​ចឹង​នៅ​ពេល​អនាគត​ ខ្ញុំ​យល់​ថា​ទី​ណា​មាន​ការ​ជិះ​ជាន់​ ប្រាកដ​ជា​មាន​ការ​រើ​បំរាស់ ចឹង​ប្រជាពលរដ្ឋ​អាច​នឹង​ងើប​ឡើង​ ដើម្បី​ទំលាក់​ត្រកូល​ហ៊ុន​ចេញ​ពី​អំណាច​នៅ​ពេល​អនាគត នៅ​ពេល​ដែល​ពួក​គាត់​ដល់​ក ​ខ្មែរ​​យើង​ថា​មនុស្ស​តែ​អត់​អី​ហូប​ហើយ! ក្រពះ​រើ​ហើយ ទោះ​បី​ស្លាប់​ក៏​ត្រូវ​តែ​រើ​បំរាស់​ដែរ»។

សម្រាប់ ក្រុម​អ្នក​តស៊ូ​មតិ​កម្ពុជា ការ​បូក​សរុប​លទ្ធផល​សង្កេត​នេះ មាន​គោល​បំណង​បង្ហាញ​ដល់​មតិ​ជាតិ និង​អន្តរ​ជាតិ​ថា គណបក្ស​ប្រជាជន​កម្ពុជា កំពុង​ខិត​ខំ​ធ្វើ​អ្វីៗ​គ្រប់​យ៉ាង ដើម្បី​រក្សា​អំណាច​របស់​ខ្លួន​ តាម​រយៈ​បំភិត​បំភ័យ​ និង​កម្ទេច​អ្នក​ប្រជែង​នឹង​ខ្លួន ដោយ​មិន​ផ្តល់​អាទិភាព​ដល់​ការ​កសាង​ប្រទេស​ជាតិ​ តាម​បែប​ប្រជាធិបតេយ្យ សុច្ចរិត និង យុត្តិធម៌​បាន​ឡើយ។ ជារួម CAT ថា ក្នុង​រយៈ​ពេល ១៦ខែ​ កន្លង​ទៅ​នេះ ប្រទេស​កម្ពុជា​ស្ថិត​ក្នុង​ស្ថានភាព​ហានិភ័យ​ ទាំង​ផ្នែក​នយោបាយ សេដ្ឋ​កិច្ច សង្គម​កិច្ច និង​វប្បធម៌ ពលរដ្ឋ​គ្មាន​សេចក្តី​ស្ងប់ (សន្តិភាព) ក្នុងចិត្ត ចង់​ឲ្យ​ពលរដ្ឋ​អស់​សង្ឃឹម​ហើយ​តាម​កម្ទេច​សំឡេង​ប្រជែង​ ថានឹង​មិន​មាន​ការ​ដឹក​នាំ​ថ្មី​ ពី​ខាង​ប្រជាធិបតេយ្យ​កើត​វិញ​ឡើយ។ ចំណែក​ប្រជាពលរដ្ឋ​ដែល​ស្នេហា​ជាតិ និង​ប្រជា​ធិបតេយ្យ ក៏​នៅ​តែ​ធ្វើ​ការ​ងារ​រប៉ាត់​រប៉ាយ មិន​ទាន់​ផ្តល់​ក្តី​សង្ឃឹម​ជា​ជម្រើស​ថ្មី​ ដល់​ប្រជា​ពលរដ្ឋ​ ដែល​ធ្លាប់​គាំ​ទ្រ​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​ឡើយ៕

ដោយ៖ លោក សែន សច្ចៈ

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ