ដើម្បីលុបបំបាត់ក្មេងទំនើងពីក្នុងសង្គម ឱ្យមាននិរន្តរភាព អ្នកឃ្លាំមើលសង្គមបានផ្តល់ជាមតិថា រដ្ឋាភិបាលគួរចាប់ផ្តើមពីការបង្រ្កាបបទល្មើសគ្រឿងញៀន ដែលកំពុងមានការរីករាលដាល និងកើនឡើងយ៉ាងគំហុក ទាំងនៅទីក្រុង និងជនបទ។
មួយវិញទៀតត្រូវ ពង្រឹង និងបង្កើនការផ្តល់ការអប់រំ ដែលមានគុណភាព នៅតាមសាលារៀន ដោយមានកិច្ចសហការគ្នា ជិតស្និទ្ធ រវាងសាលារៀន និងអាណាព្យាបាល រួមទាំងអាជ្ញាធរមូលដ្ឋាន ដោយត្រូវស្វែងរកឱ្យឃើញថា តើមានកក្តាអ្វីខ្លះ ដែលនាំឱ្យក្មេងគេចសាលាមិនចូលរៀនហើយទៅនាំគ្នាបង្កើតបក្ខពួក ក្រុមក្មេងទំនើងជាដើម។
ការលើកឡើងរបស់អ្នកឃ្លាំមើលសង្គមនេះ គឺបន្ទាប់ពីថ្នាក់ដឹកនាំរដ្ឋាភិបាលបានចេញបញ្ជាឱ្យអាជ្ញាធរមានសមត្ថកិច្ចត្រូវចាត់វិធានការក្តៅ ដោយពុំមានការលើកលែងទៅលើក្រុមក្មេងទំនើង ដែលកំពុងបង្កការអុកឡុកនៅក្នុងសង្គម។
លោក ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានថ្លែងក្នុងពិធីបិទសន្និបាតបូកសរុបសភាពការណ៍ និងលទ្ធផលកិច្ចប្រតិបត្តិការ ក្នុងការរក្សាសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គមប្រចាំឆ្នាំ២០២៤ និងដាក់ចេញទិសដៅការងារឆ្នាំ២០២៥ របស់អគ្គស្នងការដ្ឋាននគរបាលជាតិ នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ ថាបញ្ហាក្មេងទំនើងត្រូវបន្តបង្ក្រាប និងផ្សព្វផ្សាយឱ្យអាណាព្យាបាល និងសិស្សសាលាឱ្យបានដឹងគ្រប់ៗគ្នា។
លោកបញ្ជាក់ថា អាណាព្យាបាល និងសាលារៀនត្រូវចូល រួមសហការគ្នា ឱ្យបានល្អ ដើម្បីរួមចំណែកតាមដានសិស្ស និងកូនរបស់ពួកគាត់ ដែលគេចសាលា បន្តអប់រំ ដើម្បីឱ្យពួកគាត់ក្លាយជាកូនល្អ សិស្សល្អសម្រាប់សង្គមជាតិ។
លើសពីនេះ អាជ្ញាធរមានសមត្ថកិច្ចត្រូវបន្តធ្វើការត្រួតពិនិត្យនៅតាមបន្ទប់ផ្ទះសំណាក់ នៅតាមកន្លែងផ្សេងៗ ដែលសិស្សសាលាទៅពពាក់ពពូនគ្នា ដើម្បីរួមគ្នាទប់ស្កាត់ក្មេងទំនើង ដែលឈានទៅប្រើប្រាស់គ្រឿងញៀន និងប្រព្រឹត្តអ្វីមិនគប្បីចំពោះសង្គមជាតិ។
ការចេញបញ្ជារបស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃនេះ ធ្វើឡើងបន្ទាប់ពីលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត កាលពីថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៤ បានបញ្ចេញសារបន្ទាន់មួយ ដោយបង្ហាញពីការហត់នឿយចំពោះបញ្ហាក្មេងទំនើងនេះ ហើយលោកបានបញ្ជាទៅក្រសួងយុត្តិធម៌ និងស្ថាប័នអនុវត្តច្បាប់ទាំងអស់ ជាពិសេសសមត្ថកិច្ច នៅមូលដ្ឋានត្រូវបន្តអនុវត្ត និងបង្ក្រាបក្មេងទំនើងជាប្រចាំ ដោយមិនត្រូវបន្ធូរដៃនោះឡើយ។
លើសពីនេះ លោក ហ៊ុន ម៉ាណែត ក៏បានណែនាំក្រសួងយុត្តិធម៌ ឱ្យពិនិត្យលើការធ្វើវិសោធនកម្មច្បាប់ ពាក់ព័ន្ធជាមួយទោសទណ្ឌ ដោយត្រូវបង្កើនការដាក់ទោសឱ្យបានកាន់តែខ្លាំង ដើម្បីឱ្យមានការរាងចាលបញ្ឈប់សកម្មភាពក្មេងទំនើងនេះ។
លោកក៏បានអំពាវនាវ ដល់ឪពុកម្តាយ និងអាណាព្យាបាលត្រូវចូលរួមសហការជាពិសេសត្រូវធ្វើការអប់រំកូនចៅរបស់ខ្លួនឱ្យបានល្អ ព្រមទាំងគាំទ្រដល់ការអនុវត្តច្បាប់នេះ ដើម្បីសណ្តាប់ធ្នាប់សង្គម និងអនាគតកូនចៅរយៈពេលវែង។
ទាក់ទងនឹងបញ្ហាក្មេងទំនើងនេះដែរ លោក ស ថេត អគ្គស្នងការនគរបាលជាតិបានថ្លែង កាលពីពេលថ្មីៗនេះថា សមត្ថកិច្ចពាក់ព័ន្ធត្រូវពង្រឹងការបង្ក្រាបគ្រឿងញៀន ពិសេសនៅតាមក្លឹបកម្សាន្ត ពីព្រោះគ្រឿងញៀន គឺបានបំផ្លាញអនាគតរបស់យុវវ័យ។
លោកបានចោទសួរថា តើអនាគតរបស់ប្រទេសជាតិយើង នឹងទៅជាយ៉ាងណាក្នុងរយៈពេលដ៏វែងឆ្ងាយប្រសិនបើគ្រឿងញៀននៅតែមានការរីករាលដាល?
ជាមួយគ្នានេះលោកបានលើកឡើងថា ក្រុមក្មេងទំនើងដែលបង្កបញ្ហានៅក្នុងសង្គមក្រោយការចាប់ខ្លួនតែងតែធ្វើតេស្តរកឃើញមានសារធាតុញៀន ដែលនេះជាការបង្កើតបញ្ហាដល់សង្គម ដែលយើងទាំងអស់គ្នាក្នុងនាមជាអ្នកអនុវត្តច្បាប់ត្រូវតែរួមគ្នាបង្ការ បង្រ្កាបឱ្យដល់ឫសគល់។
អ្នកលេងហ្វេសប៊ុកម្នាក់ឈ្មោះ Seth បានសរសេរថា អ្នកញៀនថ្នាំ មិនមែនជាជនល្មើសទេ តែជាជនរងគ្រោះ។
ការចាប់បញ្ជូនទៅដាក់គុក មិនអាចបន្សាបគ្រឿងញៀនបានទេ គឺមានតែយកទៅដាក់មណ្ឌលកែប្រែ លើកលែងតែករណីអ្នកញៀនថ្នាំ ប្រព្រឹត្តបទឧក្រិដ្ឋកម្មណាមួយ ទើបអាចដាក់គុក និងបន្សាបគ្រឿងញៀន ក្នុងពន្ធនាគារបាន។
លោកបានផ្តល់ជាគំនិតថា ដើម្បីកាត់បន្ថយគ្រឿងញៀន គឺត្រូវចាប់មេក្លោង មិនមែនចាប់តែពួកក្អុកក្អាត់តូចតាចនោះទេ។ ដើម្បីបោសសំអាតគ្រឿងញៀនឲ្យមានប្រសិទ្ធភាព ត្រូវបោសសំអាតអំពើពុករលួយជាមុនសិន ព្រោះអ្នកចាប់ក៏អាចជាអ្នកជួញ ឬជាអ្នកស៊ីសំណូកផងដែរ។ អ្វីដែលកាន់តែគ្រោះថ្នាក់ គឺអ្នកជួញដូរ ជារដ្ឋអំណាច ដែលត្រូវការលុយដើម្បីយកមកទ្រទ្រង់អំណាច។
លោក Seth បានលើកឡើងថា នៅប្រទេសជប៉ុន មានក្រុមជនអន្ធពាល គឹក្រុមយ៉ាកូហ្សា តែសង្គមជប៉ុន បែរជាមានសន្តិសុខល្អទៅវិញ គឺមកពីការអប់រំ មានគុណភាពខ្ពស់តាំងពីក្មេង និងមកពីការអនុវត្តច្បាប់ ដែលគ្មានអំពើពុករលួយ។
សូមបញ្ជាក់ថា នៅក្នុងរយៈពេល១១ខែ នៃឆ្នាំ២០២៤នេះ សមត្ថកិច្ចបានរឹបអូសគ្រឿងញៀនខុសច្បាប់រហូតដល់ ១៣,៣តោន គឺមានការកើនឡើងជិត ៥ដង បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៣ ដែលរឹបអូសបានត្រឹម ២,៨៥តោន។
ក្នុងនោះសមត្ថកិច្ចបានធ្វើការបង្ក្រាបការជួញដូរគ្រឿងញៀនបានជាង ៩៣០០ករណី ឃាត់ខ្លួនមនុស្សបានជាង ២៣០០០នាក់។ នេះបើតាមអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន។
ជាមួយគ្នានេះលោក ជួម សុខឿន ជាប្រជាពលរដ្ឋរស់នៅរាជធានីភ្នំពេញ ចង់ឱ្យមានការផ្តល់ការអប់រំ ដែលមានគុណភាពជាជាងចាប់ក្មេងយកទៅឃុំនៅពន្ធនាគារ ដែលធ្វើឱ្យខូចអនាគតក្មេង និងជាបន្ទុកដល់រដ្ឋនិងសង្គមទាំងបច្ចុប្បន្ន និងទៅអនាគត។
លោកលើកឡើងថា រដ្ឋាភិបាលត្រូវដាក់ចេញនូវយន្តការពង្រីកការអប់រំទាំងសាលា និងក្នុងមូលដ្ឋាន ដោយប្រើភាសាផ្អែមល្ហែម ទន់ភ្លន់ តែម៉ឺងម៉ាត់ ច្បាស់លាស់ ហាមប្រើភាសាអសុរស ជាពិសេសគណៈគ្រប់គ្រងសាលា រួមទាំងគ្រូបង្រៀន អាជ្ញាធរ សមត្ថកិច្ច និងឪពុកម្តាយត្រូវរួមសហការគ្នាតាមដានសិស្សដែលបោះបង់ការសិក្សា។
តើសិស្សដែលឈប់រៀនដោយសារមូលហេតុអ្វីពិតប្រាកដ ជួយរកលុយឪពុកម្តាយ? រៀនមិនទាន់គេ? ឬក៏ដោយសារមានក្រុមជនខិលខូចអូសទាញនៅតាមសាលា? លោកបន្តថា បន្ថែមពីនេះ សមត្ថកិច្ចត្រូវយកចិត្តទុកដាក់ ចំពោះយុវជនដែលនៅប្រមូលផ្តុំគ្នាគ្រប់ទីកន្លែង តើពួកគាត់ប្រមូលផ្តុំគ្នារៀន ឬធ្វើសកម្មភាពអ្វីផ្សេង?
យ៉ាងណាក្តី លោក ទូច សុខៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ បានថ្លែងកាលពីថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៤ ដែលជាការផ្ញើសារទៅកាន់អាណាព្យាបាល ជាពិសេសទៅក្រុមយុវជន ដែលជាក្រុមក្មេងទំនើងថា មកដល់ពេលនេះមិនមែនជាពេលត្រូវអប់រំណែនាំទៀតទេ គឺជាពេលដែលត្រូវអនុវត្តទៅតាមច្បាប់ព្រហ្មទណ្ឌ។ លោកលើកឡើងថា ទី១ អំពើរបស់ប្អូនៗដែលមានការវៃ ការកាប់ចាក់គ្នា គឺជាអំពើល្មើសក្នុងច្បាប់ព្រហ្មទណ្ឌដែលគេហៅថា បទហិង្សាដោយចេតនា និងហិង្សាមានស្ថានទម្ងន់ទោសនៅក្នុងមាត្រា ២១៧-២១៨។
មាត្រា ២១៧ បទហិង្សាដោយចេតនា អំពើហិង្សាប្រព្រឹត្តដោយចេតនាលើអ្នកដទៃត្រូវផ្តន្ទាទោសដាក់ពន្ធ នាគារពី ១ឆ្នាំ ទៅ ៣ឆ្នាំ និងពិន័យជាប្រាក់ពី ២លានរៀល ទៅ៦លានរៀល។
ចំណែកបទល្មើសទី២ គឺហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស ដែលមានចែងនៅក្នុងមាត្រា ២១៨ គឺអំពើហិង្សាដោយចេតនា មានស្ថានទម្ងន់ទោសត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ២ឆ្នាំ ទៅ៥ឆ្នាំនិងពិន័យជាប្រាក់ពី៤លានរៀលទៅ១០លានរៀល បើសិនជាអំពើហិង្សានោះបានប្រព្រឹត្តដោយមានការគិតទុកជាមុន។
លោកទូច សុខៈបញ្ជាក់ថា ក្រុមក្មេងទំនើងទាំងអស់ភាគច្រើនបំផុតគឺមានការគិតទុកជាមុន ផ្តើមចេញពីមានការប៉ះគ្នា វគ្គដំបូងវាចាប់ផ្តើមរៀបចំផែនការនៅក្នុងការសងសឹកហូរហែជាដើម ឬពេលខ្លះណាត់គ្នាវ៉ៃកាប់ចាក់គ្នាតែម្តង ដែលនេះគឺជាការគិតទុកជាមុន។
លោកថា៖ «ទី២ដោយមានការប្រើអាវុធ ឬគំរាមកំហែងនឹងអាវុធ ជាការពិតតាមសភាពដែលយើងមើលឃើញជាក់ស្តែង គឺក្រុមក្មេងទំនើង ៩៩% មានអាវុធកាន់នៅនឹងដៃ ដាក់តាមខ្លួន ដាក់តាមកាតាប ដាក់តាមម៉ូតូ។ អាវុធនោះស្អីគេ ? កាំបិត ពូថៅ ដាវ ចំពុះទង់ ស្នាប់ដៃជាដើម នេះហើយគឺច្បាប់ចាត់ទុកថាជាអាវុធ។ មួយទៀតដោយមានមនុស្សច្រើនក្នុងឋានៈ ជាចារីអ្នកប្រព្រឹត្តផ្ទាល់ សហចារី អ្នកចូលរួមប្រព្រឹត្តផ្ទាល់ អ្នកផ្តើមគំនិតមានន័យថាមេធីមផ្តើមគំនិត និងអ្នកផ្សំគំនិតដោយមានអ្នកផ្សេងៗដទៃទៀតចូលរួមជួយលាក់បាំងអីផ្សេងៗ»។
លោក កេង សុម៉ារិទ្ធ រដ្ឋលេខាធិការក្រសួងយុត្តិធម៌បានថ្លែងនៅក្នុងសន្និសីទសារព័ត៌មាន កាលពីថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៤ ថា ក្នុងរយៈពេលជាង៧ខែ គឺគិតចាប់ពីថ្ងៃទី២៣ ខែឧសភា មកដល់ថ្ងៃទី២០ខែធ្នូ ឆ្នាំ២០២៤ មានសំណុំរឿងក្មេងទំនើងចំនួន ២១១៥សំណុំរឿង ក្នុងនោះមានក្មេងទំនើង និងអ្នកពាក់ព័ន្ធចំនួន ៣៣០០នាក់ ត្រូវបានឃាត់ខ្លួននៅដំណាក់កាលអយ្យការ។
ចំណែកនៅដំណាក់កាលជំនុំជម្រះ តុលាការរាជធានី ខេត្តបានទទួលសំណុំរឿងយកមកជំនុំជម្រះចំនួន ៥៩៩ករណី ក្នុងនោះមាន ៣៥៤ករណី ត្រូវបានជំនុំជម្រះរួច ក្នុងនោះមានសំណុំរឿងចំនួន ៣៣៧សំណុំរឿង ត្រូវបានតុលាការសម្រេច និងផ្តន្ទាទោសដែលមានមនុស្សសរុបចំនួន ១៤៥៩នាក់។
យ៉ាងណាក្តី លោក យង់ ពៅ អគ្គលេខាធិការរាជបណ្ឌិតសភាកម្ពុជាបានលើកឡើង នៅថ្ងៃទី២ ខែមករា ឆ្នាំ២០២៥ នេះថា ការអនុវត្តវិធានការបន្ទាន់ក្នុងការបង្ក្រាបក្មេងទំនើងមិនទាស់ខុសអ្វីនោះទេ។
ប៉ុន្តែលោកចោទសួរថា តើយើងយកក្មេងទាំងនោះទៅណា? យកទៅដាក់មន្ទីរអប់រំកែប្រែ ឬគេហៅថា យកទៅដាក់គុក វាអាក្រក់ស្តាប់ណាស់? ក្មេងត្រូវការពេលវេលាអប់រំ រៀនសូត្រ សួរថា ទៅដល់ពន្ធនាគារក្មេងទទួលបានការអប់រំទេ? ឬក៏ទៅដល់ទទួលបាននូវរឿងដិតដាមកាន់តែអាក្រក់ ហើយគាត់ចេញមកវិញទៅជាពលរដ្ឋយ៉ាងដូចម្តេច?
លោក យង់ ពៅ លើកឡើងថា ជាទស្សនៈរបស់លោក រដ្ឋាភិបាលគួរណាស់តែយកក្មេងទំនើងទៅកន្លែងដែលលត់ដំ ផ្តល់ការអប់រំកែប្រែទស្សនៈ ផ្នត់គំនិតដល់ពួកគាត់ ឱ្យពួកគាត់ចូលរួមក្នុងកិច្ចការច្បាស់លាស់ណាមួយនៅក្នុងសង្គម។
ឧទាហរណ៍ថា ឱ្យពួកគាត់ធ្វើពលកម្ម ហត្ថកម្ម លើបញ្ហាសហគមន៍ ធ្វើការងារបរិស្ថាន ឬក៏ត្រូវឱ្យពួកគាត់បំពេញកាតព្វកិច្ចយោធាជាដើម។
ដែលត្រូវមានគ្រូបង្គោល ហ្មត់ចត់ ច្បាស់លាស់ ហើយអាជ្ញាធរត្រូវមានសុចរិតភាព ក្នុងការអនុវត្តផ្តល់ការអប់រំ ណែនាំដល់ពួកគាត់ នោះទើបជាការល្អ។ លោកលើកឡើងថា សង្គមត្រូវតែចាត់ទុកថា ក្មេងទំនើងទាំងនោះពួកគាត់គឺជាអ្នករងគ្រោះទេ។
ប្រសិនបើយើងយកពួកគាត់ទៅដាក់នៅកន្លែងមួយ ដែលអួរអាប់ដែលមិនទទួលបានការអប់រំច្បាស់លាស់ មិនទទួលបានការកែប្រែ នោះនៅពេលចេញមកវិញ ថាតើពួកគាត់នឹងក្លាយទៅជាពលរដ្ឋបែបណានៅក្នុងសង្គម?
លោកថា៖ «យើងកុំយកក្មេងកំពុងតែពេញកម្លាំង កំពុងតែពេញក្នុងការសិក្សារៀនសូត្រចំណេះវិជ្ជាល្អៗ យកគាត់ទៅឃុំចោល វាមិនមែនជាការ ល្អទេ ហើយជួនកាលអាការឃុំចោលអសុចិចរិតភាពនៃអ្នកអនុវត្តហ្នុង អាចមានបញ្ហាទៅទៀតដោយសារមានការលេចធ្លាយលើការប្រើប្រាស់គ្រឿងញៀនអីបន្ថែមទៀតនោះ កាន់តែអាក្រក់ទៅទៀត»។
លោកអគ្គលេខាធិការរាជបណ្ឌិតសភាកម្ពុជាបន្តថា រដ្ឋាភិបាលនីតិកាលទី៧ បានប្រកាសមានចំណាត់ការលើក្មេងទំនើងដែលបង្កការកាប់ចាក់ ធ្វើឱ្យមានការភ្ញាក់ផ្អើលនៅទូទាំងប្រទេសហើយបញ្ហានេះលោកតែងលើកឡើងពីកំហុសក្មេងទំនើង ហើយសង្គមយើងមិនគួរដាក់បន្ទុកតែទៅលើក្មេងទំនើងទាំងអស់ទេ ពីព្រោះកំហុសក្មេងទំនើង ទី១គឺកំហុសមនុស្សចាស់ ទី២គឺកំហុសសង្គម និងប្រព័ន្ធអប់រំ ទី៣គឺកំហុសដែលកើតមានក្នុងប្រព័ន្ធផ្សព្វផ្សាយ ផ្សាយគ្រឿងស្រវឹង ផ្សាយល្បែងស៊ីសងគគ្រឹកគគ្រេងនៅតាមបណ្តាញសង្គម ទី៤កំហុស ទៅលើសមត្ថភាព និងសុចរិតភាពរបស់សមត្ថកិច្ច ហើយទី៥អាចជាកំហុសរបស់ក្មេងខ្លួនឯង។
លោកបន្តថា ដូច្នេះការចាត់ការទៅលើក្មេងទំនើង វាជាចំណែកមួយ ជានយោបាយ ជាវិធានការច្បាប់បន្ទាន់ គឺចាប់ក្មេងអ្នកប្រព្រឹត្តខុស។
ប៉ុន្តែទៅថ្ងៃមុខ វាគួរតែពិនិត្យមើលទៅលើគោលនយោបាយ ក្នុងការកែទម្រង់ទៅលើអ្វីដូចដែលលោកបានលើកឡើងខាងលើ ដោយមិនត្រូវដាក់បន្ទុកតែទៅលើក្មេងមួយមុខនោះទេ ពីព្រោះក្មេង គឺជាផ្ទាំងនៃសម្ពត់សដែលងាយនឹងប្រឡាក់ដិតដាម នៅក្នុងបញ្ហាសង្គមក៏ដូចជាប្រព័ន្ធអប់រំ ដែលគាត់ទទួលយក អ៊ីចឹងបើសង្គមល្អប្រព័ន្ធអប់រំល្អរឹងមាំ ដែលផ្តល់នូវគុណតម្លៃអប់រំដិតដាមល្អ នោះក្មេងនឹងក្លាយទៅជាក្មេងល្អមិនខាន។
ចំណែកលោកបណ្ឌិត មាស នី អ្នកសិក្សាស្រាវជ្រាវពីការអភិវឌ្ឍសង្គម បានថ្លែងថា រឿងខ្លះយើងគួរពិចារណាទាំងអស់គ្នា លើបញ្ហាការប្រើប្រាស់គ្រឿងញៀន និងបញ្ហាក្មេងទំនើង ដែលកាលពីដំបូងវា គឺជាបន្ទុកសង្គម និងគ្រួសារ។
ប៉ុន្តែពេលរដ្ឋចាត់វិធានការក្តៅចាប់បញ្ជូនទៅកាន់ពន្ធនាគារ បញ្ហានេះបានក្លាយទៅជាបន្ទុក ឬអម្រែកដ៏ធ្ងន់របស់រដ្ឋទាំងការចិញ្ចឹម ផ្គត់ផ្គង់អាហារ ផ្តល់ការអប់រំ និងរៀបចំនិតិវិធីផ្នែកច្បាប់។
លោកលើកឡើងថា ប្រមូលចាប់កាន់តែច្រើនអម្រែក រដ្ឋនឹងកាន់តែធ្ងន់។ លោកបណ្ឌិតបានចោទសួរថា តើមានអ្វីដែលជាដំណោះស្រាយបន្ថែមទៀត ដើម្បីកាត់បន្ថយទាំងបន្ទុកសង្គម និងបន្ទុករបស់រដ្ឋចំពោះបញ្ហាទាំងនេះ?
ចុះប្រសិនបើពន្ធនាគារ មិនមានលទ្ធភាពក្នុងការអប់រំពួកគាត់ ឲ្យក្លាយជាមនុស្សល្អឡើងវិញទេ ហើយដោះលែងមកវិញ ពេលគ្រប់ទោសទណ្ឌ តើអម្រែកនេះនឹងត្រូវធ្លាក់មកលើបន្ទុកសង្គម និងគ្រួសារវិញដែរទេ? លោកថ្លែងទៀតថា ដំណោះស្រាយខ្លះ វាអាចគ្រាន់តែជាបាល់ ដែលយើងទាត់បន្តដាក់គ្នាទៅវិញទៅមក ហើយទាត់កាន់តែខ្លាំង កាត់តែនឿយហត់ រីឯបញ្ហានៅតែបន្តកើតឡើងឬ រីកកាន់តែធំ៕
ដោយ៖ កញ្ញា កែវ មរកត