រដ្ឋាភិបាល អំពាវនាវឱ្យប្រជាពលរដ្ឋ ដែលមានបំណងចង់ធ្វើប្រហុក ផ្អក និងធ្វើត្រីឆ្អើជាដើម រួសរាន់ទៅកាន់ទីតាំងប្រមូលផលនេសាទ ដោយថា ចាប់ផ្តើមខែនេះទៅ ត្រីចាប់ផ្តើមបន្លាស់ទី ចូលទៅបឹងទន្លេសាប ទន្លេមេគង្គ និងទន្លេបាសាក់ វិញ ដែលជាអំណោយផល នៃការប្រមូលផលនេសាទ។
រដ្ឋបាលជលផល នៃក្រសួងកសិកម្ម និយាយក្នុងលិខិតជូនដំណឹង ចុះថ្ងៃទី២ ខែមករា នេះថា ក្នុងរដូវនេសាទឆ្នាំ២០២៤-២០២៥ តាមការសង្កេតរបស់ខ្លួន បន្ទាប់ពីខ្នើត ខែមិគសិរកន្លងមកនេះ ត្រីក៏បន្តបន្លាស់ទីចេញពីបឹង ស្ទឹង និងព្រែកនានា ចូលទន្លេសាប ទន្លេមេគង្គ និងទន្លេបាសាក់វិញ។
ក្រសួងថា រដូវនេះ ជាអំណោយផលដល់ការធ្វើនេសាទ ជាពិសេស គន្លងត្រី តាមដងទន្លេសាប នៅក្នុងភូមិសាស្ត្រខេត្តកណ្តាល និងរាជធានីភ្នំពេញ ចាប់ពីថ្ងៃទី២ ដល់ថ្ងៃទី១០ ខែមករា នេះ ក្នុងករណីមេឃស្រឡះល្អ គ្មានភ្លៀងកក់ខែ ឬមិនទទួល រងឥទ្ធិពលព្យុះភ្លៀង។
ប្រភពនោះបញ្ជាក់ថា ប្រជាពលរដ្ឋ ដែលមានបំណងធ្វើប្រហុក ផ្អក ត្រីឆ្អើរ ជាដើម សូមរួសរាន់ តាមពេលវេលា និងទីកន្លែង ដូចមានក្នុងសេចក្តីជូនដំណឹងនេះ៕
ដោយ៖ ញឹម សុខន












