អ្នក​ចាញ់​បោក លោក ហ៊ី គឹមហុង ទម្លាយ​រឿង​អាស្រូវ​ប្រព័ន្ធ​យុត្តិធម៌

ក្រុម​ជន​រង​គ្រោះ​ប្រមាណ ៣០០នាក់ បាន​ប្រមូល​ផ្តុំ​គ្នា​តវ៉ា នៅ​មុខ​តុលាការ​ក្រុង​ភ្នំពេញ ទាមទារ​ឱ្យ​ចាប់​ខ្លួន​មេឆបោក​អតីត​ឧកញ៉ា ហ៊ី គឹមហុង និង​បក្ខពួក ដើម្បី​ដោះស្រាយ​វិបត្តិ​បំណុល ដោយ​សំអាង​ថា វិបត្តិ​ជិត ២ឆ្នាំ ទៅ​នេះ ធ្វើ​ឱ្យ​ពួក​គេ​ស្លាប់​កើន​ឡើង​ដល់ ១៦នាក់ ក្រោម​ដៃ​ពួក​ឧក្រិដ្ឋជន​ទាំង​នោះ។

ការ​ប្រមូល​ផ្តុំគ្នា​ថ្មី​ទៀត​នេះ ចំ​ថ្ងៃ​តំណាង​ជន​រងគ្រោះ​ត្រូវ​ចូល​ឆ្លើយ​បំភ្លឺ​នៅថ្ងៃទី២ ខែមករា ឆ្នាំ២០២៥ នៅ​សា​លា​ដំបូង​រាជធានី​ភ្នំពេញ តាម​បណ្តឹង​ក្រុម​ឆបោក នៅ​ក្រុមហ៊ុន​ពិភព​ដីមាស របស់​លោក ហ៊ី គឹមហុង។

ជន​រងគ្រោះ​ម្នាក់​អ្នក​ស្រី ពេញ សុភាព និយាយ​បា្រប់ វីអូឌី នៅ​ថ្ងៃទី​២ ខែ​មករា នេះ​ថា អ្នកស្រី​ទាមទារ​ឱ្យចាប់​ខ្លួន​លោក ហ៊ី គឹមហុង ដើម្បី​ឱ្យ​លោក​ ហ៊ី គឹមហុង ចេញ​មុខ​ដោះ​ស្រាយ​ទូទាត់ សង​លុយ​ពួកគាត់​ជាង ៨០០០​គ្រួសារ វិញ ដោយ​ថា ពេល​នេះ ពួក​គេ​កំពុង​ប្រឈម​វិបត្តិ​បំណុល​វ័ណ្ឌក។

អ្នកស្រី​បន្ត​ថា ពលរដ្ឋ​ជា​ច្រើន​គ្រួសារ​ដែល​ចាញ់បោក​អតីត​ឧកញ៉ា ហ៊ី គឹមហុង កំពុង​ជួប​វិបត្តិ​ផ្លូវ​ចិត្ត និង​ឈាន​ដល់​ការ​ធ្វើអត្តឃាត​បណ្តើរៗ​ ចំ​ពេល​ពួក​ឧក្រិដ្ឋជន បន្ត​រស់នៅ​ក្រៅ​សំណាញ់​ច្បាប់ ដែល​ជា​អំណោល​ផល​ក្រុម​ឆបោក គេច​វេស មិន​ព្រម​សង​លុយវិញ។

អ្នក​ស្រី​ត្អូញត្អែរ​ថា ជន​រង​គ្រោះ កំពុង​រង​ពាក្យ​បណ្តឹង ពី​ធានាគារ​ជុំទិស មាន​អ្នក​ខ្លះ​ធ្លាក់ខ្លួន​ឈឺ ដោយសារ​វិបត្តិ​បំណុល និង​តំណាង​ខ្លះ ត្រូវ​បាន​ក្រុម​ឆបោក​ប្តឹងចោទ​ពីបទ​ញុះ​ញង់ ក្រោយ​ពួក​គេចេញ​ទាមទារ​យុត្តិធម៌។

អ្នកស្រីថា៖ «សង​លុយ​ខ្ញុំ​វិញ​ទៅ ព្រោះអី​ខ្ញុំ​វេទនា​ណាស់​ ធនាគារ​ប្ដឹង​ខ្ញុំ ពី​ភូមិ​ ឃុំ​ រហូត​ដល់ខេត្ត។ ធ្លាក់​ខ្លួន​ឈឺ​អត់មាន​លុយ​មើល​ខ្លួន​ទេ​សព្វថ្ងៃ​នេះ ទោះ​បី​ម្ដាយ​ខ្ញុំ​ស្លាប់​ជាង​មួយ​ឆ្នាំ ក៏​អត់​មាន​លុយ​ដែរ អត់​មាន​លុយ​មើល​ម្តាយ អត់មាន​លុយ​ធ្វើបុណ្យ​ឱ្យម្ដាយ​ទៀត។ សម្រាប់​ខ្ញុំ​អស់បី​ម៉ឺន​ដុល្លារ ជាង តែ​មួយ​ក្រុម​គ្រួសារ​ខ្ញុំ​ហ្នឹង លុយ​ចូល​ជិត​ដប់​ប្រាំបី​ម៉ឺនដុល្លារ»

តំណាង​ជន​រងគ្រោះ​ម្នាក់ទៀត​គឺ លោក មុត ពិសី ដែល​ត្រូវចូល​ទៅ​បំភ្លឺ​តាម​ដីកា​កោះ​ហៅ​​របស់​តុលាការ នៅ​ថ្ងៃនេះ បាន​រង​បណ្តឹង​សរុប​ចំនួន ៤ រួមទាំង​បណ្តឹង​ពី​ភរិយា​លោក ហ៊ី គឹមហុង គឺ​អ្នកស្រី សាន សុទ្ធាវិន ផងដែរ ទាម​ទារ​សំណង​១០ម៉ឺន​ដុល្លារ។

ការ​ប្រើ​វិធានការ​ប្តឹង​នេះ ក្រោយលោក​សកម្ម​ទាមទារ​យុត្តិធម៌ ឱ្យ​អ្នក​រងគ្រោះ​រាប់ពាន់​គ្រួសារ តែ​ផ្ទុយ​ទៅ​វិញ​បណ្តឹង​ជន​រងគ្រោះ ប្តឹង​ក្រុម លោក ហ៊ី គឹមហុង ត្រូវ​បាន​ផ្អឹប​ចោល។

តំណាង​ជន​រងគ្រោះ​ម្នាក់ទៀត​គឺ លោក សេក ហាន់ ស្នើ​ឱ្យ​តុលាការ​ចាប់​ឃុំ​ខ្លួន​បក្ខពួក​អតីត​ឧកញ៉ា ហ៊ី គឹមហុង គឺ​លោក អ៊ែល ស៊ីធីន ដាក់​ពន្ធនាគារ ដើម្បី​យុត្តិធម៌​ដល់​ជន​រងគ្រោះ។

លោកថា៖ «លោក អ៊ែល ស៊ីធីន គឺ​ត្រូវ​តុលាការ​ចោទ​ហើយ ជា​ជន​គំរាម​កំហែង​របស់​បង ពិសី ជា​មួយ​ខ្ញុំ​នេះ។ ប៉ុន្តែ​ហេតុអី​បានគាត់​នៅ​ក្រៅ​ឃុំ​អ៊ី​ចឹង​ណា៎ ចឹង​ខ្ញុំ​ឆ្ងល់​កន្លែង​ហ្នឹង​ដែរ ហើយ​គាត់​មាន​ឱកាស​មក​ប្ដឹង​បង ពិសី ទៀត ចឹង​ខ្ញុំ​ចង់​ស្នើសុំ​ឲ្យ​តុលាការ​ឃាត់ខ្លួន​គាត់ ឃាត់​ខ្លួន អ៊ែល ស៊ីធីន ហ្នឹង ព្រោះអី​គាត់​ត្រូវ​តុលាការ​បាន​ចោទ ជាជន​បាន​គំរាមកំហែង​គេ»

មាត្រា​៣៥ នៃ​រដ្ឋធម្មនុញ្ញ ចែង​ថា សេចក្ដី​ស្នើ​ទាំងឡាយ​របស់​ប្រជាពលរដ្ឋ ត្រូវ​បាន​ទទួល​ការ​ពិនិត្យ និង ដោះ​ស្រាយ​យ៉ាង​ហ្មត់ចត់​ពី​អង្គការ​រដ្ឋ។

រីឯ មាត្រា​៥២ បញ្ញ​ត្តិថា រដ្ឋ​យកចិត្ត​ទុកដាក់​ជា​អាទិភាព ចំពោះ​ជីវភាព​រស់​នៅ និង សុខុមាល​ភាព​របស់​ប្រជា​ពលរដ្ឋ។

ប្រធាន​​អង្គការ​​ប្រជាធិបតេយ្យ​​ខ្មែរ ប្រចាំ​​ប្រទេស​​អូស្ត្រាលី លោក សឹងសែន ករុណា និយាយ​ថា ការ​ដឹកនាំ​ពោរ​ពេញ​ដោយ​អំពើ​ពុករលួយ បក្ខ​ពួក​និយម​នេះ​ហើយ ​បណ្តាល​ឱ្យ​បញ្ហា​សង្គម​ចាក់​ស្រេះ​ មិន​អាច​ដោះ​ស្រាយ​ជូន​ពលរដ្ឋ​បាន។

លោក​បន្ត​ថា រដ្ឋាភិបាល​ក្រោម​ការ​ដឹកនាំ​ របស់​បក្ស​កាន់​អំណាច​នេះ គ្មាន​ឆន្ទៈបម្រើ​រាស្រ្ត​ពិត​ប្រាដក​ទេ បណ្តោយ​ឱ្យ​ក្រុម​ឧកញ៉ា​ខិល​ខូច​ បន្ត​បោក​ប្រាស់​លុយ​ពលរដ្ឋ​តាម​ទំនើង​ចិត្ត ដោយ​គ្មាន​ការ​ទប់​ស្កាត់។

លោកថា៖ «មាន​ន័យថា​ រដ្ឋាភិបាល​នឹង​មិនមែន​ជា​រដ្ឋាភិបាល​បម្រើ​ ដល់​ប្រជា​ពលរដ្ឋ​ទេ ចឹង​សង្គម​ប្រជាធិបតេយ្យ​ បើមាន​រដ្ឋាភិបាល​បែប​នេះ​មិន​អាច​បន្ត​ដឹកនាំអំ​​ណាច​ក្នុង​ការ​គ្រប់គ្រង​ប្រទេស​បាន​ទេ ចឹង​ហើយ​ប្រជាពលរដ្ឋ​ត្រូវ​ដឹងថា​រឿងរ៉ាវ​របស់​ពួក​គាត់​ហ្នឹង មិនមែន​ដោយ​សារ​តែ​បញ្ហា​រឿង​ឧកញ៉ា និង​ជាមូលហេតុ​ទេ គឺ​ដោយសារ​តែ​អំពើ​ពុក​រលួយ​បក្ខពួក​និយម​ ការពារ​នូវ​អំពើ​អាក្រក់​របស់​ពួក​ឧកញ៉ា​ហ្នឹង​ដោយ​សារ​តែ​អ្នក​ធំៗ​ ខ្សែស្រឡាយ​បក្ខ​ពួក​នឹង​ឯង​»

អតីត​ឧកញ៉ា ហ៊ី គឹមហុង ត្រូវបាន​ចាប់ខ្លួន​កាលពី​ខែសីហា ឆ្នាំ២០២៣ ពីបទ​ឆបោក​ពលរដ្ឋ តែ​ប្រមាណ​៤ខែ ក្រោយ​មក​ពោលគឺ​នៅខែ​វិច្ឆិកា ឆ្នាំ២០២៣ តុលាការ​ដោះលែង​វិញ។

ការ​ដោះលែង​នេះ ដោយ​សារ ជន​រងគ្រោះ​ព្រមព្រៀង​ជា​មួយ​អតីត​ឧកញ៉ា ហ៊ី គឹមហុង ផ្តិត​មេដៃ​ដើម្បី​នៅ​ក្រៅ​ឃុំ រកលុយ​សង​​ជនរងគ្រោះ​វិញ តែ​ជាង​មួយ​ឆ្នាំ​ទៅនេះ លោក​មិនបាន​គោរព​តាម​សន្យានោះ​ទេ។

អំពើ​ឆបោក​របស់​ក្រុមហ៊ុន​ពិភពដីមាស​នេះ ក្រោម​រូប​ភាព អ្នក​វិនិយោគ​ទទួល​បាន​​ការ​​ប្រាក់ពី​ ៣% ទៅ ៤% នៃ​ទំហំ​ទឹកប្រាក់​ដើម ជា​រៀងរាល់​ខែ រយៈ​ពេល​២ឆ្នាំ តែ​ពួកគេ​បើក​បាន​តែ​ប៉ុន្មាន​ខែ​ដំបូង​ ក៏​លែង​បាន​បន្ត​ទៀត។

ក្រុម​ជនរងគ្រោះ​បាន​ឱ្យ​ដឹង​ថា ក្បាល​ម៉ាស៊ីន​ដឹកនាំ​ក្រុមហ៊ុន​ឆបោក​ពិភពដីមាស ក្រៅពី​អតីត​ឧកញ៉ា ហ៊ី គឹមហុង នៅមាន​បក្ខពួក​មាន​ងារ​ជា​ឧកញ៉ា​៣រូប ទៀត​ដែលបាន​បោក​ពលរដ្ឋ​​រួម​មាន ឧកញ៉ា ចេង សង្ហាក់ ឧកញ៉ា ហ៊ី វាសនា និងឧកញ៉ា ឧកញ៉ា ថូ វុទ្ធី ដែល​ឧកញ៉ា​ទាំងនោះ​កំពុង​រស់នៅ​ក្រៅ​សំណាញ់​ច្បាប់នៅ​ឡើយ។

ព្រះមហាក្សត្រ​បាន​ចេញរាជក្រឹត្យ​នៅ​ខែមេសា ឆ្នាំ២០២៤ បញ្ចប់​​គោរមងារ​អ្នក​ឧកញ៉ាពី​លោក ហ៊ី គឹមហុង តាម​ការ​​ស្នើ​សុំ​ពីលោក ហ៊ុន ម៉ាណែត នាយក​រដ្ឋ​មន្រ្តី​កម្ពុជា ក្រោយ​មាន​អ្នក​ចាញ់បោក​លោក ហ៊ី គឹមហុង មាន​សរុប ៨០០០នាក់ គិត​ជា​ថវិកា​ប្រមាណ ៤០០លានដុល្លារ​អាមេរិក។ ជុំវិញ​បញ្ហា​នេះ ក្រោយ​យុត្តិធម៌​ពួក​គេត្រូវ​បាន​កប់ចោល​ច្រើន​ឆ្នាំ និង​មាន​អ្នក​ស្លាប់​កើន​ឡើង​ជិត​ដល់​ ២០នាក់ នៅ​តែ​គ្មាន​ដំណោះ​ស្រាយ​នោះ ក្រុម​ជន​រងគ្រោះ​បាន​ធ្វើយុទ្ធនាការ​លើ​បណ្តាញ​សង្គម​ចោទ​និយាយ​ថា ឧបសគ្គ​រារាំង​ដល់​ការ​ស្វែង​រក​យុត្តិធម៌​ពួក​គេ អាច​ជាប់​ពាក់ព័ន្ធ​មន្ត្រី​មាន​អំណាច នៅ​ពីក្រោយ​ក្រុមហ៊ុន​ឆបោក​នេះ ដោយ​ក្នុង​នោះ ពួកគេ​បាន​រំលេច​មុខ អនុប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​លោក ស្រី ម៉ែន សំអន និង​អតីត​ប្រធាន​រដ្ឋសភា​លោក ហេង សំរិន​ផង​ដែរ៕

ដោយ៖ លោក ប៉ុល សម្បត្តិ

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ