អ្នកនយោបាយ និងក្រុមតាមដានសង្គមបន្តជជែកវែកញែកគ្នាមិនដាច់ មិនហើយ ទាក់ទងអគ្គីភ័យឆាបឆេះរូបព្រះឆាយាលក្ខណ៍ របស់ព្រះករុណាព្រះបាទសម្តេចព្រះ បរមនាថ នរោត្តម សីហមុនី នៅអំឡុងពេលចុងបង្ហើយនៃពិធីសាទរកម្ពុជា ថ្ងៃឆ្លងឆ្នាំសាកល ដោយពួកគេចាត់ទុកឧបទ្ទវហេតុនេះ ក្នុងន័យផ្សេងៗគ្នា បរិបទនយោបាយផង និងក្នុងន័យធៀបផង ថាអាចគ្រោះច្រើនជាងលាប សម្រាប់ជោគវាសនា នៃការបើកទំព័រប្រវត្តិសាស្រ្ត នៃសករាជថ្មីរបស់កម្ពុជានៅក្នុងឆ្នាំថ្មីនេះ។
លោក ហេង ស្រស់ សកម្មជនការពារបរិស្ថាន បានបង្ហោះសារនៅលើបណ្តាញសង្គមរបស់ខ្លួន ក្រោយហេតុការណ៍នេះបានកើតឡើង បែបចំអកឱ្យអ្នកដែលព្យាយាមបិទបាំងព័ត៌មាននេះថា មានរឿងរ៉ាវជាច្រើន ដែលកម្ពុជារងភាពអាម៉ាស់ ក្នុងពេលកន្លងទៅរួចមកហើយ ដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា។ លោកបន្តថា រឿងដែលគួរឱ្យខ្មាស់ និងគួរតែនាំគ្នាជួយបិទបាំងនោះ គឺការរំលោភសិទ្ធិមនុស្ស គ្រឿងញៀន ចាប់ជំរិត ល្បែងអនឡាញ និងអំពើឆបោកតាមប្រព័ន្ធអ៊ីនធើណេត ហើយកម្ពុជារង់ការរិះគន់ថា ជាជម្រកដ៏សុខសាន្ត សម្រាប់ក្រុមឧក្រិដ្ឋជនសោយសុខជាដើម ដែលសកម្មភាពទាំងនោះ គួរត្រូវជួយកែលម្អ និងបិទបាំង។ ផ្ទុយមកវិញ អ្វីដែលជារឿងគួរ បើកចំហ បែរជាក្រុម អ្នកអួតលើកជើង បែរជាយល់ថា អ្នកដែលបានឃើញហេតុការណ៍ ហើយថតបង្ហោះផ្សព្វផ្សាយ ទៅជាចោទប្រកាន់ក្នុងហេតុផលផ្សេងៗទៅវិញ។
ហាក់មិនខុសគ្នាទេ ដោយឡែក លោក ម៉ា ចិត្រា ជាសកម្មជនការពារព្រៃឈើ ដ៏សកម្មមួយរូបដែរ ឯកភាពថា អ្វីដែលបានកើតឡើង ឱ្យមានកន្លងហួសទៅចុះ ប៉ុន្តែអ្វីដែលត្រូវគិតបន្ត គឺថាតើត្រូវរៀបចំទីតាំងដែលមានបញ្ហាដោយរបៀបណា ហើយក៏ត្រូវមានប្រព័ន្ធសង្រ្គោះបន្ទាន់ដូចជាឧបករណ៍ពន្លត់អគ្គីភ័យជាដើម នៅក្បែរទីតាំងនោះ ឱ្យបានគ្រប់គ្រាន់ ទើបជាអ្វីដែលគួរខ្វល់ខ្វាយ និងត្រូវដោះស្រាយបន្ត។
ភ្លាមៗ ក្រោយឧបទ្ទវហេតុ ឆេះរូបព្រះឆាយាលក្ខណ៍ ព្រះករុណាព្រះបាទសម្តេចព្រះ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា គេសង្កេតឃើញនៅលើបណ្តាញសង្គម ហេតុការណ៍នេះ ត្រូវបានអ្នកប្រើប្រាស់បណ្តាញសង្គម បន្តចែកចាយព្រោងព្រាតពីមួយទៅមួយ។ មិនយូរប៉ុន្មាន ទាំងអាជ្ញាធររដ្ឋ និងក្រុមអ្នកគាំទ្ររដ្ឋាភិបាល បានចេញគោលការណ៍រឹតបន្តឹង ដោយហាមមិនឱ្យបន្តបង្ហោះ ឬចែកចាយរូបភាពនេះតទៅទៀតទេ ក្រោមហេតុផលនាំឱ្យប៉ះពាល់ ឬខូចមុខមាត់ប្រទេសជាតិ។
ចំណែក អ្នកប្រើប្រាស់បណ្តាញសង្គម ដែលមានគណនីហ្វេសប៊ុកឈ្មោះ គង់ សាវេន (Saven Kong) បានស្នើ និងភ្ជាប់ការផ្សាយព័ត៌មានរបស់វិទ្យុ បារាំង RFI អំពីការឆេះរូបព្រះឆាយាលក្ខណ៍នេះ ដោយជំរុញឱ្យរដ្ឋមន្រ្តីក្រសួងព័ត៌មានថ្មី គឺលោក នេត្រ ភក្រ្តា ត្រូវតែពិនិត្យមើលស្ថាប័នព័ត៌មាននេះផងថា កំពុងដើរលើសពីបន្ទាត់ នៃអង្គភាពកាសែតហើយ។ មិនតែប៉ុណ្ណោះ មានអ្នកចូលផ្តល់យោបល់ លើបណ្តាញសង្គមជាច្រើននាក់ផ្សេងទៀត ក៏យល់ឃើញដូចគ្នាដែរថា ការបន្តផ្សព្វផ្សាយអំពីឧបទ្ទវហេតុនេះ គឺជារឿងដែល ខុសវិជ្ជាជីវៈ ជាអ្នកកាសែត។
សំឡេងប្រជាធិបតេយ្យ វីអូឌី បានព្យាយាមសុំការបំភ្លឺជាច្រើនដង តាមទូរស័ព្ទ ពីលោក កើត ឆែ អភិបាលរងក្រុងភ្នំពេញដែរ ប៉ុន្តែមិនមានការឆ្លើយតប ខណៈលោក អ៊ំ ដារាវុធ មន្រ្តីក្រសួងព្រះបរមរាជវាំង បដិសេធ ក្នុងការផ្តល់ការអត្ថាធិប្បាយ មុនផ្តាច់ទូរស័ព្ទចុះថា លោកមិនដឹងរឿងអ្វីទេ។
លោកបន្តថា៖ «អត់ទេ អត់ទេ ខ្ញុំអត់ឆ្លើយទេ»។
មកដល់ពេលនេះ គ្មានការបកស្រាយណាមួយ ពីអ្នករៀបចំកម្មវិធី «សាទរកម្ពុជា» និងអាជ្ញាធរក្រុងភ្នំពេញ ជុំវិញហេតុការណ៍ ដែលបណ្តាលឱ្យឆេះរូបព្រះឆាយាលក្ខណ៍ ព្រះករុណាព្រះបាទសម្តេចព្រះ នរោត្តម សីហមុនី នៅចុងបង្ហើយនៃកម្មវិធី «សាទរកម្ពុជា» នេះនៅឡើយទេ។ ប៉ុន្តែលោក ហ៊ុន ម៉ានី រដ្ឋមន្រ្តីមុខងារសាធារណៈ ដែលត្រូវជាប្អូនប្រុសបង្កើតរបស់លោក ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីបន្តវេនពីឪពុករបស់លោក និងជាប្រធានក្រុម ស.ស.យ.ក ដែលរៀបចំកម្មវិធី សាទរកម្ពុជានេះ បានឆ្លើយតបភ្លាមៗ ក្រោយហេតុការណ៍បានកើតឡើង។ តាមរយៈសំណេរ នៅលើបណ្តាញសង្គមរបស់លោក ហ៊ុន ម៉ានី បញ្ជាក់ថា ព្រឹត្តិការណ៍នេះ ប្រព្រឹត្តទៅដោយទទួលបានលទ្ធផលជោគជ័យ ប៉ុន្តែនៅនាទីចុងក្រោយ មានអគ្គិភ័យកើតឡើង ដែលគ្មានអ្នកណាម្នាក់បានដឹង តែយ៉ាងណាពុំបណ្តាលឱ្យបាត់បង់ជីវិតមនុស្ស ហើយអាជ្ញាធរក៏គ្រប់គ្រងស្ថានការណ៍នេះបានទាន់ពេលដែរ។
បើតាមអ្នករៀបចំកម្មវិធីរូបនេះ សន្យាថានឹងសហការណ៍ជាមួយសមត្ថកិច្ច រួមទាំងភាគីដែលពាក់ព័ន្ធ បើកការស៊ើបអង្កេត ដើម្បីស្វែងរកមូលហេតុ ដែលបណ្តាលឱ្យឆេះរូបព្រះឆាយាលក្ខណ៍នេះ។
ដោយឡែកលោក សម រង្ស៊ី អ្នកនយោបាយចាស់វស្សា ក៏បានរិះគន់នៅលើបណ្តាញសង្គមរបស់លោកដែរថា ការព្យាយាមរួមគ្នាក្នុងការលាក់បំពួនទង្វើនេះ បង្ហាញឱ្យឃើញពីការភ័យខ្លាច របស់អ្នកទទួលខុស។ហើយម្យ៉ាងវិញទៀត ករណីនេះ ក៏ជាការឆ្លុះបញ្ចាំងឱ្យពីប្រផ្នូលមិនល្អសម្រាប់រដ្ឋាភិបាលរបស់លោក ហ៊ុន ម៉ាណែត នៅដើមឆ្នាំ២០២៥ នេះដែរ។ មិនខុសគ្នាទេ លោក គឹម សុខ អ្នកវិភាគសង្គម យល់ឃើញថាលើកនេះ ត្រឹមឆេះរូបព្រះឆាយាលក្ខណ៍ព្រះមហាក្សត្រ តែនៅពេលខាងមុខ មិនប្រាកដទេថាអាចនឹងមានរឿងឆេះព្រះបរមរាជវាំងវិញម្តងក៏ថាបាន។ មិនតែប៉ុណ្ណោះ លោក គឹម សុខ ចោទប្រកាន់ដោយមិនសំដៅចំឈ្មោះ តែទំនងជាលោកចង់ចំអកឱ្យគ្រួសាររបស់លោក ហ៊ុន សែន ដែលជាប្រធានព្រឹទ្ធសភាថា បើមានឆេះលើកក្រោយមែន ប្រហែលជាគ្រួសារមួយចង់ឡើងជាស្តេចសាធារណរដ្ឋតពូជ ដូចកូរ៉េខាងជើងវិញ ឬយ៉ាងណា។
ជុំវិញរឿងនេះ លោក ស៊ឹង សែនករុណា ប្រធានអង្គការប្រជាធិបតេយ្យខ្មែរ ប្រចាំប្រទេសអូស្ត្រាលី ហៅការហាមប្រាមរបស់អ្នកគាំទ្ររដ្ឋាភិបាល រឿងឆេះរូបព្រះឆាយាលក្ខណ៍នេះថា ជារឿងដែលមិនគួរកើតឡើងទេ។ លោកបន្តថា នេះជារឿងដែលខ្វះការទទួលខុសត្រូវសុទ្ធសាធ របស់អ្នករៀបចំព្រឹត្តិការណ៍។ហើយការព្យាយាមផ្ចាញ់ផ្ចាល់ត្រឡប់មកអ្នកថតបង្ហោះវិញ ឆ្លុះបញ្ចាំងឱ្យឃើញថានេះជាការព្យាយាមរួមគំនិតគ្នា លាក់បាំងការពិត ដែលបញ្ហានេះតាមពិតទៅ គួរមានការផ្សព្វផ្សាយឱ្យបានទូលំទូលាយ ទើបត្រូវជាង។
លោកថា៖ «អ្នកទទួលខុសត្រូវ គឺអ្នកដែលរៀបចំហ្នឹងហើយ វាមានអី ដែលត្រូវវែងឆ្ងាយដល់ថ្នាក់ឲ្យគេលុបវីដេអូ ឬលុបព័ត៌មានហ្នឹងចោលនោះទេ។ វាអត់មានអីដែលត្រូវទៅប៉ះពាល់ រហូតដល់កិត្តិយសជាតិអីទេ។ ហើយបើតាមដាននៅក្នុងរឿងហ្នឹង មានការលើកឡើងរបស់មន្រ្តីគាំទ្ររដ្ឋាភិបាល និងគាំទ្រគ្រួសារអ្នកដឹកនាំហ្នឹងលើកឡើង វាហាក់ដូចជារឿងមិនសមទំនងថា ធ្វើឲ្យប៉ះពាល់មុខជាតិ»។
គេសង្កេតឃើញថា នេះជាលើកទី២ហើយ ដែលមានអគ្គិភ័យឆាបឆេះ ទៅលើស្ថាប័នព្រះបរមរាជវាំង។ កាលពីខែមីនា ឆ្នាំ២០២៣ ក៏មានហេតុការណ៍អគ្គិភ័យលេបត្របាក់ព្រះរាជដំណាក់ ដូចគ្នានេះដែរ នៅខេត្តសៀមរាប។ លោក ជែម សុខ អ្នកអត្ថាធិប្បាយ នៅលើបណ្តាញសង្គម លើកឡើងថា ឧបទ្ទវហេតុបែបនេះ ឆ្លុះបញ្ចាំងឱ្យឃើញពីប្រផ្នូលមិនល្អសោះ សម្រាប់ព្រះមហាក្សត្រ។ រឿងមិនល្អ គឺនៅត្រង់ថា ព្រះអង្គមិនបានខ្វល់ខ្វាយពីទុក្ខលំបាក របស់ប្រជារាស្រ្ត ដែលរងទុក្ខអស់ជាច្រើនឆ្នាំ ដោយសារការគាបសង្កត់របស់អាជ្ញាធររដ្ឋ។
ចំណែក លោក ណុប វី ប្រធានសមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា ចាត់ទុកការដាក់បន្ទុកលើការផ្សព្វផ្សាយ ថាដើរហួសពីបន្ទាត់ នៃវិជ្ជាជីវៈ គឺវាជាផ្នែកមួយដែលធ្ងន់ធ្ងរពេកណាស់។ បើតាមអ្នកជំនាញផ្នែកព័ត៌មានរូបនេះ យល់ឃើញថា តាមពិតទៅ នេះជាអ្វីដែលអ្នកកាសែតត្រូវផ្សព្វផ្សាយ ឬអ្នកដែលមានជំនាញប្រហាក់ប្រហែល អាចផ្សាយជាដំណឹងបានហើយ វាមិនទាស់ខុសអ្វីឡើយ។ ផ្ទុយទៅវិញ ប្រសិនបើចង់កែលម្អសង្គមឱ្យដើរក្នុងបន្ទាត់ត្រឹមត្រូវ មិនមែនព្រោះការផ្សាយដំណឹងដោយស្ថាប័នកាសែតឡើយ។ បញ្ហាដែលស្មុគស្មាញ គឺនៅត្រង់យុទ្ធសាស្រ្តនយោបាយ និងនយោបាយសេដ្ឋកិច្ចរបស់រដ្ឋប៉ុណ្ណោះ។
លោកាថា៖ «រឿងសំខាន់ដែលវាទាក់ទងជាមួយនឹងរឿងទាក់ទាញភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិ ការកសាងទំនុកចិត្តកាន់តែច្រើនសម្រាប់សង្គមរបស់យើង ហើយនិងការទាក់ទងភ្ញៀវទេសចរណ៍ ខ្ញុំថារឿងពាក់ព័ន្ធជាមួយរឿងការធានាអំពីរឿងសន្តិសុខសុវត្ថិភាព ការធានាអំពីការការពារទៅដល់ភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ ហើយនិងធ្វើម៉េចឲ្យមានមធ្យោបាយមានភាពងាយស្រួល និងបង្កលក្ខណៈកាន់តែមានភាពងាយស្រួល ហើយនិងបង្កើតឲ្យមានជាព្រឹត្តិការណ៍ទាក់ទាញផ្សេងៗនៅក្នុងសង្គមរបស់យើង»។ ជុំវិញឧបទ្ទវហេតុនេះ លោក គឹម សុខ បានទាមទារឱ្យទម្លាក់លោក ហ៊ុន ម៉ានី ចេញពីអំណាចទាំងអស់ និងទាមទារឱ្យមានការស៊ើបអង្កេតមួយ ដោយហ្មត់ចត់។ បើទោះជាបែបណា បញ្ហានេះគេសង្កេតឃើញថា ទំនងជាមិនអាចទៅរួចឡើយ កុំថាឡើយលោក ហ៊ុន ម៉ានី ដែលជាសាច់ឈាមបង្កើតរបស់ក្រុមគ្រួសារត្រកូលហ៊ុន សូម្បីមន្រ្តីដែលជួយរកប្រយោជន៍ឱ្យគណបក្សប្រជាជនកម្ពុជា បើមានកំហុសកើតឡើង ក៏លោក ហ៊ុន សែន កម្រដកចេញពីតំណែងណាស់ យ៉ាងច្រើនពួកគេត្រូវផ្លាស់ប្តូរទៅកាន់តួនាទីថ្មី ហើយអាចធំជាងមុនក៏ថាបានដែរ តួយ៉ាងដូចលោក ទី សុគន្ធ អតីតមន្រ្តីរដ្ឋបាលព្រៃឈើ និងកងអង្គរក្សលោក ហ៊ុន សែន ដែលប្រើហិង្សា ទៅលើក្រុមតំណាងរាស្រ្តគណបក្សសង្រ្គោះជាតិ នៅមុខរដ្ឋសភា កាលពីអំឡុងខែវិច្ឆិកា ឆ្នាំ២០១៥ ជាដើម៕
ដោយ៖ លោក សែន សច្ចៈ