ក្រសួង​ធនធានទឹក​ឱ្យ​ប្រុង​ប្រយ័ត្ន​អាកាសធាតុ​ចុះ​ត្រជាក់ ដោយ​សារ​ឥទ្ធិពល​ពី​សមុទ្រ​ចិន

ក្រសួង​ធនធានទឹក និងឧតុនិយម បាន​ចេញ​សេចក្តី​​ជូន​ដំ​ណឹង​ ឱ្យ​មាន​ការ​ប្រុង​ប្រយ័ត្ន​ពីអាកាសធាតុ ដែល​នឹង​ចុះ​ត្រជាក់​រយៈ​ពេល​ជិត​ ១០ថ្ងៃ ចាប់​ពី​សប្តាហ៍​ក្រោយ​ទៅ ដោយ​សារ​កម្ពុជា រង​ឥទ្ធិ​ពល​ខ្យល់​ពី​សមុទ្រ​ចិន​ខាង​ត្បូង ដែល​ការណ៍នេះ​ធ្វើ​ឱ្យ​ខេត្ត​មួយ​ចំនួន ជាប់​ព្រំ​ដែន មានសីតុណ្ហភាព​ចុះ​ត្រជាក់ រហូត​ដល់ ១៥°C។

ក្រសួង​បាន​លើកឡើង​ក្នុង​សេចក្តី​ជូន​ដំណឹង ចុះ​ថ្ងៃ​ទី៣ ខែមករា នេះថា​ការ​ចុះត្រជាក់​នេះ ដោយ​សារ​កម្ពុជា​រង​ឥទ្ធិពល​ខ្យល់​មូសុង​ឦសាន បក់​ពី​សមុទ្រ​ចិន​ខាងត្បូង។

សម្រាប់​ក្រសួង ឥទ្ធិពល​នេះ នឹង​ធ្វើ​ឱ្យ​អាកាសធាតុ​នៅ​កម្ពុជា​ចុះ​ត្រជាក់ ចាប់​ពី​ថ្ងៃទី៦ ដល់ថ្ងៃទី​១៤ ខែមករា ឆ្នាំ២០២៥។

ខេត្ត​យ៉ាង​តិច​៧ ស្ថិត​ក្នុង​តំបន់​វាល​ទំនាប មាន​ខេត្ត​បន្ទាយ​មានជ័យ បាត់​ដំបង សៀមរាប ពោធិ៍សាត់ កំពង់​ឆ្នាំង កំពង់ធំ និងត្បូងឃ្មុំ មាន​សីតុណ្ហភាព​មធ្យម​អប្បបរមា ១៦°C និង​សីតុណ្ហភាព​មធ្យម​អតិបរមា ៣០°C។

ដោយ​ឡែក តំបន់​ខ្ពង់រាប ខេត្ត​ប៉ៃ​លិន ឧត្តរមានជ័យ ព្រះវិហារ ស្ទឹងត្រែង ក្រចេះ រតនគិរី មណ្ឌលគិរី តំបន់​ជួរ​ភ្នំ​ក្រវាញ និង​ជួរ​ភ្នំ​ដងរែក មាន​សីតុណ្ហភាព​មធ្យម​អប្បបរមា ១៥°C និង​សីតុណ្ហភាព​មធ្យម​អតិបរមា ២៩°C។

រីឯ​តំបន់​មាត់​សមុទ្រ​មាន ខេត្តកោះកុង និងជួរ​ភ្នំ​បូកគោ មាន​សីតុណ្ហភាព​មធ្យម​អប្បបរមា ១៨°C និង សីតុណ្ហ​ភាព​​មធ្យម​​អតិបរមា ៣០°C។ ខ្យល់​បក់​មក​ពី​ទិសឧត្តរ និង​ទិស​ឦសាន មាន​ល្បឿន​មធ្យម ៤,៥០ ម៉ែត្រក្នុងមួយវិនាទី។ រលក​សមុទ្រ​មាន​កម្ពស់​មធ្យម​អប្បបរមា កន្លះ​ម៉ែត្រ និងកម្ពស់​មធ្យម​អតិបរមា ១ម៉ែត្រកន្លះ ។

ស្ថិត​ក្នុង​ស្ថានភាព​បែបនេះ ក្រសួង​អំពាវ​នាវ​ឱ្យ ប្រជា​នេសាទ និង​អាជ្ញាធរ​ដែន​ដី យក​ចិត្ត​ទុកដាក់ ដោយ​ប្រុង​ប្រយ័ត្ន ដើម្បី​បង្ការ​ពី​ជំងឺ​​ឈឺថ្កាត់​នានា ដែល​អាច​កើត​មាន​ឡើង​ជាយថា​ហេតុ ក្នុង​ករណី​ប្រែ​ប្រួល ក្រសួង​នឹង​ជូន​ដំណឹង​ជា​បន្ត​បន្ទាប់៕

ដោយ៖ កញ្ញា កែវ មរកត

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ