អ្នក​ឃ្លាំ​មើល​ថា​ការ​សង្គ្រោះ​ពលរដ្ឋ​ពី​វិបត្តិ​បំណុល និង​ទឹកដី​ជា​ការ​ស្តារ​មុខ​មាត់​កម្ពុជា

វិធាន​បិទ​ខ្ទប់​មិន​ឱ្យ​មាន​ការ​ចែក​ចាយ ករណី​ឆេះ​ព្រះឆាយាលក្ខ័ណ៍​ព្រះមហាក្សត្រ​នៅ​ថ្ងៃ​ឆ្លង​ឆ្នាំ​សកល ក្រោម​សំអាង​​ហេតុ​ថា ដើម្បី​រក្សា​មុខ​មាត់​ប្រទេស​នោះ រង​ការ​រិះគន់​ថា ជា​ការ​បំពាន​សិទ្ធិ ដែល​ការពារ​ដោយ​រដ្ឋ​ធម្មនុញ្ញ​ធ្ងន់​ធ្ងរ។

បញ្ហា​នេះ ជំរុ​ញ​ឱ្យមាន​ការលើក​ឡើង​ថា ដើម្បី​ស្តារ​មុខមាត់​កម្ពុជា​លើ​ឆាក​អន្តរជាតិ​​ពិត​ប្រាកដ និង​សង្គ្រោះ​​ពលរដ្ឋ​រាប់​លាន​នាក់​ ពីវិបត្តិ​បំណុល មេ​ដឹកនាំ​ត្រូវ​ងាក​ទៅ​គោរព​សិទ្ធិ​មនុស្ស ស្តារ​លទ្ធិ​ប្រជា​ធិបតេយ្យ ធ្វើ​ឱ្យ​សង្គម​មាន​យុត្តិធម៌ និង​បង្ហាញ​ឆន្ទៈ​ការពារ​ទឹក​ដី ជា​ដើម ដែល​បញ្ហា​ទាំង​អស់​នេះ កំពុង​បង្ក​ហានិភ័យ​ដល់​កម្ពុជា ក្រោម​អំណាច​គ្រួសារ​ត្រកូល ហ៊ុន។

តំ​ណាង​រាស្រ្ត​អតីតគណបក្ស​សង្គ្រោះ​ជាតិ លោក អ៊ុំ សំអាន មានប្រសាសន៍ថា ​ជិត ១០ឆ្នាំ ​ទៅនេះ កម្ពុជា​បាន​ស្អុយ​ឈ្មោះ​លើ​ឆាក​អន្តរជាតិ ខាង​រំលោភ​សិទ្ធិ​មនុស្ស និង​សិទ្ធិ​នយោបាយ​ជា​ប្រព័ន្ធ ធ្វើឱ្យ​សង្គម​គ្មាន​យុត្តិធម៌ បង្ក​ឱ្យ​មាន​ជន​រងគ្រោះ​ច្រើន​លាន​នាក់ ទាំង​វិស័យ​សេដ្ឋ​កិច្ច និង​នយោ​បាយ រួម​ទាំង​បញ្ហា​បូរណភាព​ទឹក​ដី ដោយ​សារ​តែ​មហិច្ឆតា​ក្តោប​អំណាច​របស់​គ្រួសារ​ហ៊ុន។

លោក​ថា ដើម្បី​ស្តារ​មុខ​មាត់​កម្ពុជា​ឡើង​វិញ គ្រួសារ​ហ៊ុន ត្រូវ​ប្តឹង​ថៃ​ទៅ​តុលាការ​អន្តរជាតិ ទាម​ទារ​កោះ​គុត រួមទាំង​បញ្ហា​ព្រំដែន​ជា​មួយ​វៀតណាម ព្រមទាំង​ស្តារ​លទ្ធិ​ប្រជាធិបតេយ្យ ដើម្បី​សង្គ្រោះ​ពលរដ្ឋ​ពី​វិបត្តិ​បំណុល និង​សង្គ្រោះ​ទឹក​ដី​ជា​ដើម។

លោកថា៖ «ប្រសិន​បើគ្រួសារ​ហ៊ុន មិន​​ទាមទារ​យក​កោះគុត​មកវិញ​ តាមរយៈ​ការ​ប្ដឹង​ថៃ​ ទៅកាន់​តុលាការ​អន្តរជាតិ​នោះ​ទេ បញ្ជាក់​ថា​ត្រកូល​ហ៊ុនហ្នឹង​ ​គឺ​មិនមែន​ជា​ត្រកូល​ស្នេហា​ជាតិ​នោះ​ទេ ផ្ទុយ​ទៅ​វិញ​ត្រកូលហ៊ុន​ គឺជា​ត្រកូល​ក្បត់​ជាតិ​ គិត​តែ​ពី​អំណាច​រក្សា​អំណាច​ ជាជាង​រក្សា​ទឹក​ដី»

លោកសង្កត់​ធ្ងន់​ថា បើ​មិន​ចង់​ឱ្យកម្ពុជា​រង​ភាព​អាម៉ាស់​បន្ត​ទៀត មេ​ដឹកនាំ​គ្រួសារ​ហ៊ុន​ ត្រូវ​បង្ហាញ​ឆន្ទៈ​ទាមទារ​កោះគុត​ ពីប្រទេស​ថៃ និង​ឈប់​រំលោភ​សិទ្ធិ​មនុស្ស ឬបំផ្លាញ​ប្រជាធិបតេយ្យ។

លោកថា៖ «ដើម្បី​ស្ដារ​មុខមាត់​កម្ពុជា​ឡើង​វិញ​ រដ្ឋាភិបាល​ត្រូវ​ដាក់​ពាក្យ​បណ្ដឹង​រឿង​កោះ​គុត​ ទៅ​កាន់​តុលាការ​អន្តរជាតិ ដើម្បី​ទាមទារ​យក​យ៉ាង​ហោច​ណាស់​ពាក់​កណ្តាល​ នៃ​កោះ​គុត​មក​វិញ ហើយ​និង​យក​ដែន​សមុទ្រ​ខ្មែរ​យើង ដែល​គេថា​ជា​តំបន់​ត្រួត​ស៊ីគ្នា ទំហំ​សែ​សិប​ពាន់​គីឡូម៉ែត្រ​ការ៉េ​មក​វិញ ហើយ​និង​ប្រេង និង​ឧស្ម័ន​ដែល​មាន​តម្លៃ​ប្រមាណ​បី​រយពាន់​លាន​ដុល្លារ ហ្នឹង​យក​មក​ខ្មែរ​គ្រប់​គ្រង​ទាំង​ស្រុង​តែ​ម្ដង អាហ្នឹង​ទើប​អាច​ស្ដារ​មុខមាត់​របស់​រដ្ឋាភិបាល​បាន​ ហើយ​កុំ​ឱ្យ​ខ្មាសគេ កុំឱ្យ​ថៃ​ដែល​គេ​រិះគន់​មេ​ដឹកនាំ​ខ្មែរ​យើង​ហ្នឹង គឺសុខ​ចិត្ត​លក់​ដី​ឱ្យ​បរទេស ដើម្បី​ការពារ​អំណាច»

ប្រធាន​​អង្គការ​​ប្រជា​ធិបតេយ្យ​​ខ្មែរ​ប្រចាំ​​ប្រទេស​អូស្ត្រាលី ​លោក ស៊ឹង សែន​ករុណា និយាយ​ថា មេដឹក​នាំ​ ដែល​ចេះ​អៀស​​ខ្មាស​​រាស្រ្ត ខ្លាច​បាត់​បង់​ទឹកដី​ ជា​មេដឹក​នាំកើត​ចេញ​ពី​ឆន្ទៈ​រាស្រ្ត​ ម្ចាស់​ឆ្នោត​ពិត​ប្រាកដ។ លោក​​បន្ត​ថា មេដឹក​នាំ​​ដែល​បំផ្លាញ​ប្រជាធិបតេយ្យ រំលោភ​សិទ្ធិ​មនុស្ស និង​កាត់​ដី​ឱ្យ​បរទេស ដើម្បី​ផល​ប្រយោជន៍​បក្ខ​ពួក​និយម ជា​មេដឹក​នាំ​ក្បត់​ឆន្ទៈ​រាស្រ្ត ធ្វើ​ឱ្យ​កម្ពុជា​រង​ភាព​អាម៉ាស់​ លើ​ឆាក​អន្តរជាតិ។

លោក​គូស​បញ្ជាក់​ថា បញ្ហា​ប្រជាធិបតេយ្យ ឬ​បូរណភាព​ទឹកដី ជា​រឿង​ចាំបាច់​ ដែល​អ្នក​នយោបាយ​ត្រូវ​បង្ហាញ​តម្លា​ភាព និង​ឆន្ទៈ​មោះ​មុត​ ក្នុង​ការ​ស្តារ និង​ការ​ពារ ដើម្បី​បញ្ជាក់​ថា​ខ្លួន​ ពិត​ជា​ស្នេហាជាតិ​ពិត​ប្រាកដ។

លោកថា៖ «អ្វី​ដែល​ជា​ការ​អាម៉ាស់​នោះ គឺ​រឿង​ដែល​ល្បីល្បាញ​នៅ​លើ​ឆាក​អន្តរជាតិ រឿង​អី​ខ្លះ គឺ​រឿង​ជួញដូរ​មនុស្ស រឿង​បោកប្រាស់​តាម​អន​ឡាញ រឿង​ដែល​ពាក់​ព័ន្ធ​ទៅ​នឹង​អំពើ​ពុក​រលួយ រឿង​ដែល​ពាក់​ព័ន្ធ​ទៅ​នឹង​ការ​ជួញ​ដូរ​គ្រឿង​ញៀន រឿង​ពលរដ្ឋ​ដែល​ធ្លាក់​ទៅ​ក្នុង​ជីវភាព​ក្រីក្រ រឿង​រំលោភ​សិទ្ធិ​មនុស្ស​ ដែល​ប្រើ​ប្រាស់នូវ​វិធាន​ការ​តុលាការ ការ​ប្រើប្រាស់​ហិង្សា​ ធ្វើ​ទុក្ខ​បុកម្នេញ​ទៅ​លើ​សកម្មជន​សង្គម សកម្មជន​នយោ​បាយ ទៅលើ​សកម្មជន​បរិស្ថាន អី​ទាំង​អស់​នេះ ជា​ភាព​អាម៉ាស់»

អ្នក​នាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន ច្រាន​ចោល​ចំពោះ​ការ​លើក​ឡើង​នេះ ដោយ​លោក​បញ្ជាក់​ថា បញ្ហា​បូរណភាព​ទឹកដី​ ជា​តួនាទី និង​ទំនួល​ខុសត្រូវ​របស់​រដ្ឋាភិបាល​ក្នុង​ការ​ការ​ពារ។

លោក​បន្ត​ថា រដ្ឋាភិបាល​មិន​ដែល​ធ្វើ​ឱ្យ​បាត់បង់​ទឹកដី​ទៅ​ប្រទេស​ជិត​ខាង សូម្បី​តែ​មួយ​មីលី​ម៉ែត្រ ហើយ​ការ​ចោទ​ប្រកាន់​កន្លង​មក​ ជា​ចេតនា​ទុច្ច​រិត​របស់​ក្រុម​ឧទ្ទាម​ក្រៅ​ច្បាប់​ ចង់​ផ្តួល​រំលំ​រដ្ឋាភិបាល​ប៉ុណ្ណោះ។

លោកថា៖ «រឿង​ថា​អៀន​ខ្មាស​​ហ្នឹង អានឹង​ពួក​ឧទ្ទាម​ក្រៅច្បាប់​អ្នក​ថា​តើ អ៊ុំ សំអាន សម រង្ស៊ី អីហ្នឹង អាហ្នឹង​សុទ្ធ​តែ​ក្បាល​ក្រាញ់ ខាង​ក្រុម​ឧទ្ទាម​ក្រៅច្បាប់​ជ្រុល​​និយម ប្រជា​ពលរដ្ឋ​លោក​ដឹង​ហើយ​តើ  ហើយ​គ្មាន​នរណា​ជា​អ្នក​ទទួល​ខុស​ត្រូវ ចំពោះ​ទឹកដី​ដូច​រាជរដ្ឋាភិបាល​ទេ ហើយ​ក្រុម​ឧទ្ទាម​ក្រៅច្បាប់​មាន​ទទួល​ខុស​ត្រូវ​ចំពោះ​ទឹក​ដី​ណា៎ បូរណភាព​ទឹក​ដី ឯករាជ្យ​អធិបតេយ្យជាតិ​ឯណា​វា​អត់»

ប៉ុន្តែយ៉ាង​ណា មន្រ្តី​គណបក្ស​ប្រឆាំង ​និង​អ្នកឃ្លាំ​មើល​ព្រំដែន អះអាង​ថា វៀតណាម​បាន​រំលោភ​យក​ដី​ខ្មែរ តាម​បន្ទាប់​ព្រំដែន​ច្រើន​កន្លែង រួមទាំង​ប្រជុំ​កោះ​ក្រចក​សេះ និង​កោះត្រល់​ជា​ដើម ដោយ​គ្មានការ​ជំទាស់​ពី​លោក​ ហ៊ុន សែន ដែល​វៀតណាម​លើក​បន្តុប​ឱ្យ​កាន់​អំណាច​អំឡុង​ឆ្នាំ១៩៧៩ នោះទេ។

បន្ថែម​ពីនេះ លោក ហ៊ុន សែន តែង​តែ​ចោទ​មេ​ដឹកនាំ​គណបក្ស​ប្រឆាំង​ថា ជា​ជនក្បត់​ជាតិ បើ​ទោះបី​ក្រម​ព្រហ្មទណ្ឌ​​ ចែង​ថា អំពើ​ក្បត់​ជាតិ សំដៅ​ដល់​ការ​ធ្វើ​ឱ្យ​បាត់បង់​ដែន​ដី​ជាតិ​ទាំង​ស្រុង ឬមួយ​ផ្នែក ទៅ​ប្រទេស​ជិត​ខាង​ក្តី។

ជុំវិញ​បញ្ហានេះ ក្រុម​អ្នក​តស៊ូ​មតិ​កម្ពុជា បានលើកឡើង​​ក្នុង​លិខិត​ចុះថ្ងៃទី២ ខែ​មករា នេះថា រយៈ​ពេល​ ១៦ខែ នៃ​ការ​ឡើង​កាន់​អំណាច​របស់ លោក ហ៊ុន ម៉ាណែត រដ្ឋាភិបាល​ថ្មី​នេះ បោះបង់​យុត្តិធម៌​ចោល​ ទាំង​គ្មាន​ការ​អៀន​ខ្មាស ដូច​រដ្ឋាភិបាល​របស់​ឳពុក​លោក ដើម្បី​តែ​បុព្វហេតុ​បន្ត​វេន ធ្វើ​ឱ្យ​កម្ពុជា មាន​ហានិភ័យ​ទាំង​នយោបាយ សេដ្ឋកិច្ច សង្គម និងបញ្ហា​បូរណភាព​ទឹកដី។

កោះគុត ​ស្ថិត​នៅ​ខេត្ត​កោះកុង មានផ្ទៃ​ក្រឡា​ប្រមាណ ១០៥គីឡូម៉ែត្រការ៉េ មាន​បណ្តោយ​ប្រវែង ២៥គីឡូ​ម៉ែត្រ និងទទឹង ៩គីឡូម៉ែត្រ។

មាត្រា​៥៥ ចែងថា សន្ធិសញ្ញា និងកិច្ច​ព្រមព្រៀង​ទាំងឡាយ​ណា​ដែល​មិន​ស្រប​នឹង​ឯករាជ្យ អធិបតេយ្យ បូរណភាព​ទឹក​ដី អព្យាក្រឹត​ភាព និង​ឯកភាព​ជាតិ​របស់​កម្ពុជា ត្រូវ​លុប​ចោល។ រាជ​រដ្ឋាភិបាល​កម្ពុជា ប្តេជ្ញា​រក្សា​ការពារ​ឯករាជ្យ អធិប​តេយ្យ បូរណភាព​ទឹក​ដី អនុវត្ត​នយោបាយ​បង្រួប​បង្រួម​ជាតិ ដើម្បី​ការពារ​ឯកភាព​ជាតិ។

ដោយ​ឡែក ក្រម​ព្រហ្មទណ្ឌ​មាត្រា ៤៤០ ចែ​ងថា «អំពើ​ប្រគល់​ឱ្យ​រដ្ឋ​បរទេស ឬភ្នាក់​ងារ​បរទេស នូវ​ដែន​ដី​ជាតិ​ទាំង​ស្រុង ឬមួយ​ផ្នែក ជា​អំពើ​ក្បត់​ជាតិ ត្រូវ​ផ្តន្ទាទោស​ដាក់​ពន្ធនាគារ​អស់​មួយ​ជីវិត»៕

អត្ថបទដោយ៖ លោក ប៉ុល សម្បត្តិ

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ