បច្ចុប្បន្នគ្រឿងស្រវឹងបាន នឹងកំពុងបន្តធ្វើឱ្យមានវិនាសកម្មយ៉ាងច្រើនដល់បុគ្គល គ្រួសារ និងសង្គម ទាំងបញ្ហាសុខភាពដែលធ្វើឱ្យកើតជំងឺផ្សេងៗជាង ២០០មុខ ធ្វើឱ្យកើតមានជម្លោះក្នុងគ្រួសារ និងសហគមន៍ ថែមទាំងបង្កឱ្យកើតមានគ្រោះថ្នាក់ចរាចរណ៍ ធ្វើឱ្យខាតបង់ធនធានមនុស្ស និងសេដ្ឋកិច្ចជារៀងរាល់ថ្ងៃ។
លោក យង់ គិមអេង ប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋ ដើម្បីអភិវឌ្ឍន៍ និងសន្តិភាពដែលអង្គការរបស់លោក រួមជាមួយនិងអង្គការសង្គមស៊ីវិលផ្សេងទៀត តែងតែជំរុញឱ្យរដ្ឋាភិបាលឆាប់បញ្ចប់សេចក្តីព្រាងច្បាប់ ស្តីពីការគ្រប់គ្រងគ្រឿងស្រវឹង បានសម្តែងការសោកស្តាយ ដែលសេចក្តីព្រាងច្បាប់នេះបានអូសបន្លាយចាប់តាំងពីឆ្នាំ២០១៥ រហូតមកដល់ពេលនេះ។
រហូតមកដល់ពេលនេះអង្គការសង្គមស៊ីវិល ពុំទាន់មានសញ្ញាណាមួយពីរដ្ឋាភិបាល ថាតើពេលណាទើបសេចក្តីព្រាងច្បាប់នេះ ត្រូវគណៈរដ្ឋមន្ត្រីអនុម័ត ហើយបញ្ជូនទៅរដ្ឋសភា ដើម្បីធ្វើការពិភាក្សា និងអនុម័ត នោះទេ គឺនៅទ្រឹង ខណៈគ្រឿងស្រវឹងបាន និងកំពុងបន្តធ្វើឱ្យមានវិនាសកម្មដល់ប្រជាពលរដ្ឋ ដល់យុវជនជារៀងរាល់ថ្ងៃ។
លោក យង់ គិមអេង ពន្យល់ថា ច្បាប់គ្រប់គ្រងគ្រឿងស្រវឹង គឺគ្រប់គ្រងហានីភ័យ មិនមែនមិនឱ្យមនុស្សផឹកគ្រឿងស្រវឹងនោះទេ។ ឧទាហរណ៍ថា បើបើកបរកុំឱ្យផឹកគ្រឿងស្រវឹង បើផឹកគ្រឿងស្រវឹង កុំប្រើហិង្សា និងហាមលក់គ្រឿងស្រវឹងឱ្យក្មេងៗ ពីព្រោះក្មេងៗជាវ័យដែលកំពុងសិក្សារៀនសូត្រជាដើម។
ឪពុកម្តាយទាំងអស់សុទ្ធតែស្រឡាញ់កូនសុទ្ធតែចង់ឃើញអនាគតកូនរុងរឿង ចុះហេតុអ្វីបានជាសង្គមទាំងមូលមិនការពារគ្នា កុំឱ្យកុមារ និងយុវជនធ្លាក់ចូលទៅក្នុងគ្រឿងស្រវឹងហ្នឹងរឿងប៉ុណ្ណឹងទេរឿងច្បាប់ហ្នឹង។
លោកថា៖ «យើងកំណត់អាយុគាត់ទៅ បើគាត់អាយុក្រោម ២១ឆ្នាំ កុំឱ្យគាត់ផឹក ចាប់ពីអាយុ ២១ឆ្នាំ ទៅ ចាំឱ្យគាត់ផឹក មានតែប៉ុណ្ណឹង ហើយបើស្ត្រីមានផ្ទៃពោះយើងកុំលក់ឱ្យគាត់ទៅ កាត់បន្ថយឱកាសនៃការរកបានគ្រឿងស្រវឹង កាត់បន្ថយឱកាសនៃការទទួលទានគ្រឿងស្រវឹងដើម្បីកុំឱ្យគ្រោះថ្នាក់វាកើនឡើងខ្លាំង ហើយក្នុងនោះដែរ ការផ្សាយពាណិជ្ជកម្មប៉ះពាល់អ្នកណា? គឺប៉ះពាល់កុមារ យុវជន។
ចឹងបើដឹងថា កុមារ និងយុវជនងាយទទួលយករឿងទាំងអស់ហ្នឹង ហើយផលិតផលហ្នឹងវាគ្រោះថ្នាក់ទៅទៀត តើយើងលើកទឹកចិត្តទេ តើយើងគួរមានច្បាប់ដើម្បីបិទទេ ការផ្សាយពាណិជ្ជកម្ម ឬក៏ដាក់កម្រិតឱ្យបានខ្លាំងលើការផ្សាយពាណិជ្ជកម្មនឹងទេ»។
បើតាមអង្គការរ៉ាក់ គ្រឿងស្រវឹងធ្វើឱ្យប៉ះពាល់ ឬខូចខាតស្ទើរគ្រប់សរីរាង្គ ក្នុងខ្លួនមនុស្សប្រសិនបើមានការទទួលទានច្រើនពេក។ វាក៏នាំឱ្យមានការផ្លាស់ប្តូរដំណើរការក្នុងសរីរាង្គ របស់អ្នកផឹកទាំងរាងកាយ ខួរក្បាល ហើយអ្នកទទួលទានជាប់អាចនាំឱ្យញៀន។
វេជ្ជបណ្ឌិត ជា សុគន្ធារី គ្រូពេទ្យទទួលបន្ទុកគ្លីនិករ៉ាក់ ចាក់អង្រែក្នុងរាជធានីភ្នំពេញលើកឡើងថា ការប្រើប្រាស់គ្រឿងស្រវឹងច្រើនហួសប្រមាណ អាចនាំទៅរកការវិវត្តនៃជំងឺរ៉ាំរ៉ៃ និងបញ្ហាធ្ងន់ធ្ងរដូចជាជំងឺលើសសម្ពាធឈាម ជំងឺបេះដូង ជំងឺដាច់សរសៃឈាមខួរក្បាល ជំងឺក្រិនថ្លើម ជំងឺទឹកនោមផ្អែម ជំងឺក្រពះ ពោះវៀន តម្រងនោម មហារីកសុដន់ មាត់ បំពង់ក បំពង់អាហារ ប្រអប់សំឡេង និងរន្ធគូទ និងធ្វើឱ្យមុខចាស់ជាងវ័យ។ ចំណែកស្រ្តីវិញ អាចប៉ះពាល់ទាំងសម្ភព និងរោគស្រ្តី និងអ្នកមានផ្ទៃពោះអាចប៉ះពាល់ទារកក្នុងផ្ទៃ អាចរលូតកូន កូនកើតមុនកំណត់ រឺកូនមានសតិបញ្ញាមិនល្អជាដើម។ល។ និងក៏ថែមទាំងធ្វើឱ្យមានបញ្ហាសុខភាពផ្លូវចិត្ត រួមទាំងជំងឺធ្លាក់ទឹកចិត្ត និងថប់បារម្ភថែមទៀតផង។
មិនអាចទាក់ទងលោកស្រី ឱ វណ្ណឌីន អ្នកនាំពាក្យក្រសួងសុខាភិបាលដើម្បីស្នើសុំការបញ្ជាក់ថាតើពេលណាទើបក្រសួងនេះបញ្ចប់សេចក្តីព្រាងច្បាប់គ្រប់គ្រងគ្រឿងស្រវឹង ដែលបានអូសបន្លាយអស់រយៈពេល១៥ឆ្នាំមកហើយនោះទេ។
យ៉ាងណាក្តីកាលពីពេលថ្មីៗនេះក្រសួងសុខាភិបាលបានចេញសេចក្តីប្រកាសព័ត៌មាន ដោយជំរុញឱ្យសាធារណជន អាជ្ញាធរមូលដ្ឋាន ក្រុមគ្រួសារ សាលារៀន និងសហគមន៍ចូលរួមក្នុងសកម្មភាពអប់រំ ផ្សព្វផ្សាយ និងលើកទឹកចិត្តអ្នកប្រើប្រាស់គ្រឿងស្រវឹង ឱ្យឈប់ប្រើប្រាស់គ្រឿងស្រវឹង ដើម្បីបង្កើតបរិយាកាសដែលរារាំងការប្រើប្រាស់គ្រឿងស្រវឹង។
ក្រសួងសុខាភិបាលក៏បានលើកឡើងផងដែរថា ការផឹកគ្រឿងស្រវឹងក្រៅពីធ្វើឱ្យប៉ះពាល់ធ្ងន់ធ្ងរដល់សុខភាព ដែលធ្វើឱ្យកើតជំងឺកាចសាហាវជាច្រើន ការផឹកគ្រឿងស្រវឹង ក៏ធ្វើឱ្យ ប៉ះពាល់ដល់សង្គម និងសេដ្ឋកិច្ច និងក៏អាចធ្វើឱ្យយុវ័យ ឈានទៅរកការប្រើប្រាស់គ្រឿងញៀន និងថ្នាំជក់ផងដែរ។
ទន្ទឹមនឹងនេះគ្រឿងស្រវឹងក៏បង្កឱ្យមានអំពើហិង្សា ជម្លោះ និងក៏បង្កឱ្យមានគ្រោះថ្នាក់ចរាចរណ៍ផងដែរ។
លោក គិមអេង លើកឡើងថា បច្ចុប្បន្ន ក្រុមហ៊ុនស្រាបៀរកំពុងធ្វើយុទ្ធនាការបំផុសពីការត្រូវរង្វាន់ជារៀងរាល់ថ្ងៃ ដើម្បីទាក់ទាញឱ្យមានការផឹកស្រាបៀរឱ្យបានកាន់តែច្រើន ខណៈអ្នកដែលឈឺកំពុងដេកព្យាបាលនៅមន្ទីរពេទ្យ ដើមហេតុមកពីការផឹកស្រាបៀរក៏ច្រើន ដែលគួរតែមានការពិចារណា ពីព្រោះបញ្ហាគ្រឿងស្រវឹងហ្នឹង គឺជាបញ្ហាប្រឈមធំណាស់។
លើសពីនេះទៅទៀត គួរតែកំណត់ការលក់ដូរគ្រឿងស្រវឹង ដែលអ្នកលក់ត្រូវមានអាជ្ញាបណ្ណ បើលក់ឱ្យក្មេង ត្រូវមើលបណ្ណសម្គាល់ខ្លួនក្មេងថាតើគាត់គ្រប់អាយុដែលច្បាប់បានកំណត់ឱ្យប្រើប្រាស់គ្រឿងស្រវឹងបានហើយឬនៅ?
ជាងនេះទៅទៀត បើមានច្បាប់គ្រប់គ្រងគ្រឿងស្រវឹង ក៏អាចជួយដោះស្រាយឧបសគ្គ នៃការអភិវឌ្ឍសេដ្ឋកិច្ច សង្គមផងដែរពីព្រោះយើងដឹងហើយ បើគ្រួសារណាគាត់ផឹកគ្រឿងស្រវឹងរហូតដល់ញៀន គាត់មិនអាចធ្វើការបានទេ ហើយសេដ្ឋកិច្ចគ្រួសារគាត់គឺធ្លាក់ចុះ។
ប៉ុន្តែយ៉ាងណាក្តី លោក យង់ គិមអេង ថ្លែងថា ឆន្ទៈនៅក្នុងការចេញច្បាប់នេះរបស់រដ្ឋាភិបាលនៅតែមិនមានពន្លឺ និងមាននូវក្តីសង្ឃឹមនៅឡើយ។
មន្ត្រីសង្គមស៊ីវិលរូបនេះបានធ្វើការអំពាវនាវ និងទទូចហើយទទូចទៀត សូមឱ្យរាជរដ្ឋាភិបាលគួរតែពិចារណា នៅក្នុងការពន្លឿនធ្វើច្បាប់ និងអនុម័តច្បាប់នេះដើម្បីប្រយោជន៍សង្គម និងការពារយុវជន ការពារកុមារពីការរងគ្រោះ។
លោកថា៖ «សង្គមក៏ត្រូវតែមានការទទួលខុសត្រូវ ជាពិសេសរដ្ឋាភិបាលត្រូវតែមានការទទួលខុសត្រូវរឿងបងតូច បងធំនេះដែរ យើងអត់អាចប្រើតែវិធានការច្បាប់បានទេ គឺយើងត្រូវតែប្រើប្រាស់នូវការរៀបចំវិធានការដើម្បីរៀបចំបរិស្ថានសង្គមសម្រាប់ពួកគាត់រស់នៅ ដែលអាចចៀសផុតពីគ្រោះថ្នាក់គ្រឿងស្រវឹង ឬក៏អាចកាត់បន្ថយគ្រោះថ្នាក់ នៃគ្រឿងស្រវឹងកុំឱ្យពួកគាត់ធ្លាក់ចូលគ្រោះថ្នាក់នៃគ្រឿងស្រវឹងនេះ។ ចឹងនេះគឺវាមានទំនាក់ទំនងគ្នាយ៉ាងសំខាន់រវាងសង្គម ជាមួយនិងទង្វើរបស់យុវវ័យ»។
មន្ត្រីអង្គការសង្គមស៊ីវិលពាក់ព័ន្ធបានលើកឡើងថា បើច្បាប់ស្ដីពីការគ្រប់គ្រងគ្រឿងស្រវឹង ត្រូវបានបង្កើតឡើង វានឹងផ្ដល់ផលចំណេញ ៥ចំណុច ដល់សង្គម រួមមាន ទី១-កាត់បន្ថយគ្រោះថ្នាក់ នៃជំងឺមិនឆ្លងជាង២០០មុខ ដែលកើតឡើងដោយសារគ្រឿងស្រវឹង ទី២-កាត់បន្ថយហិង្សាក្នុងគ្រួសារ និងសហគមន៍ ទី៣-កាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ ទី៤-រដ្ឋចំណេញថវិកា ដែលថវិកានេះចំណាយទៅលើការខូចខាត ដែលបណ្ដាលមកពីគ្រឿងស្រវឹង និងទី៥-ធានាសុវត្ថិភាពសហគមន៍ ឆ្លើយតបនឹងគោលនយោបាយភូមិឃុំមានសុវត្ថិភាព។
បច្ចុប្បន្នកម្ពុជាមានក្រុមហ៊ុនធំៗ ដែលផលិតស្រាបៀរចំនួន៧។ កាលពីថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅក្នុងឱកាស បិទសន្និបាតបូកសរុបលទ្ធផលការងារក្រសួងរ៉ែ និងថាមពល ឆ្នាំ២០២៣-២០២៤ និងទិសដៅការងារឆ្នាំ២០២៥ លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានប្រកាសថា រដ្ឋាភិបាលឈប់ផ្តល់អាជ្ញាបណ្ណ ឱ្យបង្កើតក្រុមហ៊ុនផលិតគ្រឿងស្រវឹង នៅកម្ពុជាបន្ថែមទៀតហើយ ដោយនៅរក្សាត្រឹមតែ ៧ក្រុមហ៊ុន ប៉ុណ្ណោះ។
ទាក់ទងនឹងគ្រោះថ្នាក់ចរាចរណ៍វិញ គ្រាន់តែក្នុងឆមាសទី១ ឆ្នាំ២០២៤ អត្រាចំនួនគ្រោះថ្នាក់ចរាចរណ៍នៅទូទាំងប្រទេសបានកើតឡើងរហូតដល់ ១៥៣៤ករណី បណ្ដាលឲ្យ ស្លាប់ចំនួន ៧៩៣នាក់ របួស ២១១៦នាក់ ក្នុងនោះមាន ៣% បើកបរក្នុងស្ថានភាពស្រវឹង។
បច្ចុប្បន្នមានការផ្សព្វផ្សាយព្រោងព្រាត តាមបណ្តាញសង្គមពីបញ្ហាគ្រោះថ្នាក់ចរាចរណ៍ បណ្តាលឱ្យស្លាប់របួស និងការធ្លាក់ខ្លួនឈឺរ៉ាំរ៉ៃ ហើយខ្លះបានស្លាប់ជាបន្តបន្ទាប់ ដោយសារតែការផឹកគ្រឿងស្រវឹង។
ក្នុងនោះក៏មានលោក ខាន់ ចាន់សុផល អ្នកធ្វើអត្ថាធិប្បាយគាំទ្រគណបក្សប្រជាជនកម្ពុជាផ្កាប់មុខ ហើយតែងតែជេរប្រមាថថ្នាក់ដឹកនាំ និងអ្នកគាំទ្រគណបក្សប្រឆាំងម្នាក់ផងដែរ ដែលបានធ្លាក់ខ្លួនឈឺទុរន់ទុរាដោយសារកាផឹកស្រាជោគជាំ បានចេញសារដាស់តឿនមួយដល់អ្នក ដែលចូលចិត្តផឹកស្រាថា បើមិនជឿកុំប្រមាថ ត្រូវចេះស្រលាញ់ និងថែរក្សាសុខភាព នៅពេលវាមិនទាន់ឈឺ។
លោកបានសរសេរបង្ហោះលើទំព័រហ្វេសប៊ុក ឈ្មោះ Khan Chan Sophal កាលពីថ្ងៃទី៥ ខែមករា ឆ្នាំ២០២៥ ថា លទ្ធផលដែលលោកចូលចិត្តផឹកស្រា ហូបសាច់ មិនហាត់កីឡា ចាប់តាំងពីអាយុ ១៨ ឆ្នាំ មកដល់ជាងអាយុ ៤០ នេះ វាបានធ្វើឱ្យគ្រឿងក្នុង ទ្រុឌទ្រោម គ្រលៀន លំពែង ថ្លើម ចុះខ្សោយ មិនអាចចម្រោះជាតិពុលបាន ប្រឈមជំងឺទឹកនោមប្រៃ ហើយត្រូវលាងឈាម បើជាតិពុលមិនបានថមថយ គឺវាទៅស៊ីសន្លាក់ ធ្វើឲ្យសន្លាក់ខូច ឈឺហើមចុកចាប់ រកនិយាយពុំបាន គឺដេកនៅលើកន្ទេល ១កន្លែង។ លោកបានផ្តាំផ្ញើថា សូមថែរក្សាសុខភាពទាំងអស់គ្នា ដោយឈប់ហូបស្រា តមសាច់គោ គ្រឿងសមុទ្រ របបអាហារឲ្យបានល្អ និងហាត់កីឡាជាប្រចាំ។ ជីវិតមួយនេះ ទុកដូចជាសុបិន្ត រីករាយ ក្នុងមួយគ្រាខ្លី ប៉ុណ្ណោះ ថាសប្បាយ ក៏សប្បាយ ពេលខ្លះកើតទុក្ខ ក៏កើតទុក្ខរួមរឹតពេញប្រាណ គ្មានសល់អ្វីក្រៅពីជំងឺបន្សល់ពីមុនៗ។ ជីវិតគេជោគជ័យ អស់ហើយ នៅឡើយជីវិតលោកជោគជាំ និងរោគា ពិតជាកម្មក្រាស់ណាស់។
សូមជម្រាបថា ទីផ្សារស្រាបៀរកម្ពុជាមានការរីកចម្រើន គួរឱ្យកត់សម្គាល់ក្នុងឆ្នាំ២០២៣ ដោយរកប្រាក់ចំណូលបានចំនួន ១៣៦០ លានដុល្លារអាមេរិក។ នេះបើតាមការចុះផ្សាយរបស់គេហទំព័រ Ziemann Holvrieka។ ដោយឡែក តាមការស្រាវជ្រាវមួយផ្សេងទៀត របស់ក្រុមហ៊ុនជប៉ុនឈ្មោះថា Kirin ពលរដ្ឋខ្មែរបានចំណាយប្រាក់សរុប រហូតដល់ប្រមាណជា ២៣០០លានដុល្លារក្នុងមួយឆ្នាំសម្រាប់តែស្រាបៀរ។
ជាមួយគ្នានេះ បើតាមការចុះផ្សាយរបស់គេហទំព័រ Ziemann Holvrieka ទីផ្សារស្រាបៀរកម្ពុជាមានការរីកចម្រើន គួរឱ្យកត់សម្គាល់ក្នុងឆ្នាំ២០២៣ ដោយរកប្រាក់ចំណូលបានចំនួន ១៣៦០ លានដុល្លារអាមេរិក។
នៅតាមបណ្តាប្រទេសជុំវិញកម្ពុជា ដូចជាថៃ ឡាវ និងវៀតណាម គេបានបង្កើតច្បាប់គ្រប់គ្រងគ្រឿងស្រវឹង ដាក់ឱ្យប្រើប្រាស់ជាច្រើនឆ្នាំមកហើយ ខណៈដែលកម្ពុជាដូចជាលើកតម្កើងឱ្យមានការផឹកស្រាច្រើនហួសប្រមាណ ដែលកំពុងតែធ្វើឱ្យមានបញ្ហាសង្គមធ្ងន់ធ្ងរ។ មន្ត្រីជាន់ខ្ពស់ ជាពិសេសថ្នាក់ដឹកនាំរដ្ឋាភិបាលកម្ពុជា ត្រូវបានគេមើលឃើញថា បានគប់គិតរកស៊ីជាមួយក្រុមហ៊ុនផលិតស្រាបៀរ ដោយបើកឱ្យមានការផ្សព្វផ្សាយ និងលើកស្ទួយការផឹកស្រា យ៉ាងទូលំទូលាយ គ្មានអនុវត្តវិធានការ គោលនយោបាយ ឬច្បាប់អ្វីច្បាស់លាស់ឡើយ។ ប្រទេសដទៃគេមានការរិតបន្តឹងខ្លាំងណាស់ ក្នុងការលក់ស្រាបៀរ ឧទាហរណ៍ ប្រទេសថៃគេហាមការលក់ស្រាឱ្យអតិថិជនចាប់ពីម៉ោង៥ល្ងាច ឡើងទៅ រីឯប្រទេសអាមេរិកហាមក្មេងក្រោមអាយុ ២១ឆ្នាំ ទិញ ឬផឹកស្រាជាដើម ខណៈដែលរដ្ឋាភិបាលកម្ពុជាហាក់បីដូចមិនបានគិតពីផលប៉ះពាល់ ដល់សង្គមដោយសារគ្រឿងស្រវឹងនេះទេ តែបែរជាគិតតែ ពីអោយខ្មែរអរគុណសន្តិភាព ដឹងគុណ៧មករា និងដឹងគុណវៀតណាមទៅវិញ៕