អតីត​ឧកញ៉ា ហេង សិទ្ធី ទម្លាយ​រឿង​ឧកញ៉ា ហ៊ុន តូ នៅ​ពី​ក្រោយ​ឧក្រិដ្ឋជន​គ្រឿង​ញៀន​ និង​ឆ​បោក

អតីត​ឧកញ៉ា ហេង សិទ្ធី បន្ត​លាត​ត្រដាង​រឿង​ឧកញ៉ា ហ៊ុន តូ ជា​មេខ្លោង​ឧក្រិដ្ឋកម្ម​ឆបោក​តាម​អនឡាញ និង​គ្រឿង​ញៀន យក​លុយចិញ្ជឹម​អំណាច​គ្រួសារ​ហ៊ុន ដែល​កំពុង​បង្ក​ការ​គំរាម​កំហែង​ ដល់​ក្រុម​អ្នក​រកស៊ី​បរទេស បើគ្មាន​ការ​វះកាត់​បន្ទាន់។

តាម​រយៈ​សារ​សំឡេង​របស់​អតីត​ឧកញ៉ា លោក ហេង សិទ្ធី ជាង​៩នាទី បង្ហោះ​នៅថ្ងៃទី៥ ខែមករា បាន​ទម្លាយ​ថា ឧកញ៉ា ហ៊ុន តូ បាន​ប្រើ​ឈ្មោះ​ថ្នាក់​ដឹកនាំ​កម្ពុជា បោក​បា្រស់​អ្នក​រកស៊ី​បរទេស និង​គំរាម​មន្រ្តី មិនឱ្យ​លូក​ដៃ​ ក្នុង​អំពើ​រក​ស៊ី​ខុសច្បាប់​របស់​ខ្លួន រួមមាន​ឧក្រិដ្ឋ​កម្ម​ព្រៃ​ឈើ លក់​គ្រឿង​ញឿន និង​ការ​ឆបោក​តាម​អន​ឡាញ ជាដើម។

ក្នុង​សារ​សំឡេង​នោះ លោក ហេង សិទ្ធី ក៏​បាន​រំលេច​ឈ្មោះ​លោក គួច ចំរើន អតីត​អភិបាល​ខេត្ត​ព្រះសីហនុ និង​ស្នង​ការ​​នគរបាល​​ជាតិ លោក ស ថេត បាន​រួម​ដៃ​ជា​មួយ​ឧកញ៉ា ហ៊ុន តូ ប្រព្រឹត្ត​អំពើ​ឧក្រិដ្ឋ​កម្ម​ឆបោក​នៅ​កម្ពុជា។

លោកថា៖ «កាល​ពីមុន​គេ​ស្គាល់​កម្ពុជា ជា​ប្រទេស​អច្ឆរិយ អង្គរវត្ត ឥឡូវ​នេះ​គេ​ស្គាល់​កម្ពុជា​ដោយ​សារ​ ហ៊ុន តូ ដោយ​សារ​មន្ត្រី​ប៉ូលិស ស ថេត ការពារ​ឧក្រិដ្ឋជន​អន​ឡាញ។ កម្ពុជា​ក្លាយ​ទៅ​ជាកន្លែង​បោកប្រាស់​ រក​ស៊ី​អន​ឡាញ​ខុស​ច្បាប់ »

អតីត​ឧកញ៉ា​រូប​នេះ បាន​ទម្លាយ​ទៀត​ថា​លុយ​ដែល លោក ហ៊ុន តូ ទទួល​បាន​ពី​ពួក​ឧក្រិដ្ឋជន គឺមួយ​ផ្នែក​បាន​ជួយ​ទៅ​កាន់​រដ្ឋាភិបាល គណបក្ស​កាន់​អំណាច ហើយ​ថា ក្មួយ​បង្កើត​របស់​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា លោក ហ៊ុន សែន រូប​នេះ​កំពុង​រៀប​ល្បិច​បោក​ប្រាស់​ ក្រុម​អ្នក​រកស៊ី​គ្រាក់ៗ​នៅ​កម្ពុជា​ថែម​ទៀត។

លោកថា៖ «តើ​បាន​ជួយ​ទៅដល់​រាជរដ្ឋាភិបាល​ទេ! ជួយ​មែន​១០% ​ទៅ​២០%។ ៨០% ទៀត ដែល​លាក់​ទុក​ខ្លួន​ឯង​តាមរយៈ គ្រីប​តូ។ តិច​ទៀត អស់​អី​ស៊ី​វា​ស៊ីតែ​ម្ដង​មួយៗ។​ ខ្ញុំ​គ្រាន់​តែ​ប្រាប់​ទេ ឥឡូវ​នេះ​វាកំពុង​តែ​អស់​ផ្លូវ វា​គ្មាន​អ្នក​ណា​ទៅ​ផ្ទះ​វា​ទៀត​ទេ ព្រោះ​អ្នក​ឯង​ទៅ​ផ្ទះ​វា​ទៅ បន្តិច​ទៀត​ហ្នឹង​ គឺ​អន្តរជាតិ​កុំ​ស្មាន​តែ​គេ​មិន​ដឹង សាត់​តា​ឡាយ​ហ្នឹង ចាប់​ពី​លើ​មក​គេ​ឃើញ​ដល់​មុខ ខ្ញុំ​គ្រាន់​តែ​ប្រាប់។ ទៅ​​ឱ្យ​វា​ជាប់​ទាំង​អស់​ទៅ​ទៀត តិច​ទៀត​ដើរ​ទៅ​ណា​ ប៉ូលិស​អន្តោ​ប្រវេសន៍​គេ​ហៅ បាន​ដឹង​ខ្លួន»

ឧកញ៉ា ហ៊ុន តូ ត្រូវ​​បាន​អន្តរជាតិ​រក​ឃើញ​ជា​បន្តបន្ទាប់​ថា ជា​ឧក្រិដ្ឋជន​លាង​លុយ​កខ្វក់​ មេ​ខ្លោង​ឆបោក​តាម​អន​ឡាញ និងឧក្រិដ្ឋជន​គ្រឿង​ញៀន ប៉ុន្តែ​គ្មាន​ស្ថាប័ន​ជាតិ​នៅ​កម្ពុជា​បើក​ការ​ស៊ើប​អង្កេត​នោះទេ។

ប្រភព​​ពីអន្តរជាតិ ដែល​រកឃើញ​ពី​បទ​ឧក្រិដ្ឋ​របស់ លោក ហ៊ុន តូ រួម​មាន​ដូចជា កា​សែត DL News នៅ​ទី​ក្រុង​ឌូបៃ ក្រុម​ហ៊ុន​​វិភាគ​​កាក់​​​ឌីជីថល Elliptic ​នៅ​ប្រទេស​​អង់​​គ្លេស សារ​ព័ត៌​មាន The Australian និង​ទូរទស្សន៍​អាល់​ចា​ហ្សី​រ៉ា (Al Jezera)  ជាដើម។

ក្នុង​ពេល​ថ្មីៗ​នេះ ក្រៅពី​សារ​សំឡេង​និយាយ​លើ​ហ្វេសប៊ុក​ហើយ​នោះ អតីត​ឧកញ៉ា ហេង សិទ្ធី ក៏បាន​បង្ហោះ​ពាក្យ​បណ្តឹង​ចុះ​ថ្ងៃ​ទី៣ ខែមករា ឆ្នាំ២០២៤ របស់​ខ្លួន ដោយ​ទាម​ទារ​ឱ្យ​លោក កើត រិទ្ធ រដ្ឋ​មន្ត្រី​ក្រសួង​យុត្តិ​ធម៌ បើក​ការ​ស៊ើប​អង្កេត​លើ​លោក ហ៊ុន តូ ផង​ដែរ។

ជុំវិញ​រឿង​នេះ​ក្រសួង​យុត្តិធម៌ បាន​ឆ្លើយ​តប​តាម​បណ្តាញ​សង្គម​ហ្វេស​បុក​ខ្លួន នៅថ្ងៃទី៦ ខែមករា នេះ ដោយ​ជំរុញ​ឱ្យ​លោក ហេង សីទ្ធី ដែល​ជា​ម្ចាស់​បណ្តឹង​ចូល​ខ្លួន​មក​ដោយ​ផ្ទាល់ ដើម្បី​ផ្តល់​ព័ត៌មាន​លម្អិត​ទាក់​ទង​នឹង​បណ្តឹង​របស់​ខ្លួន ដោយ​ថា ពាក្យ​បណ្តឹង​ ដែល​បង្ហោះ​លើ​បណ្តាញ​សង្គម​មិន​ផ្លូវ​ការ​ទេ។

ប៉ុន្តែ​លោក ហេង សិទ្ធី ចាត់​ទុក​ការ​ឆ្លើយ​តប​របស់​ក្រសួង​ថា ជា​ល្បិច​ចូល​ដៃ​ជា​មួយ លោក ហ៊ុន តូ ដើម្បី​ចាប់​ខ្លួន​លោក​តែ​ប៉ុណ្ណោះ ព្រោះ​ថា បើ​លោក​ហ៊ាន​ទៅ​ទឹក​ដី​កម្ពុជា ដើម្បី​ដាក់​ពាក្យ​បណ្ដឹង​អាច​ប្រឈម​មុខ​នឹង​ការ​សម្លាប់ ឬហានិភ័យ​ផ្សេងៗ។

ក្រៅ​ពី​បណ្តឹង​ផ្ទាល់​ខ្លួន​ហើយ លោក ហេង សិទ្ធី ក៏​បាន​បង្ហាញ​បណ្តឹង​មួយ​ទៀត របស់​លោក SUN RUIFENG (សាន់ រ៉ូហ្វាង) ជា​អ្នក​ជំនួញ ជន​ជាតិ​ចិន បាន​ប្តឹង​លោក ហ៊ុន តូ ពី​បទ​រំលោភ​សេចក្តី​ទុក​ចិត្ត និងបោក​ប្រាស់​អ្នក​វិនិយោគ​បរទេស ដោយ​ទាមទារ​ឱ្យ​លោក កើត រិទ្ធ ជួយ​រក​យុត្តិធម៌។

ពាក្យ​បណ្តឹង​ចុះ​ថ្ងៃទី៥ ខែមករា នោះ សរសេរ​រៀប​រាប់​ថា កាល​ពី​ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៤ លោក ហ៊ុន តូ បានទទួល​ប្រាក់​ពី​លោក​ចំនួន ៩លាន​ដុល្លារ​អាមេរិក ដើម្បី​រត់​ការ​អាជីវកម្ម​រ៉ែ​មាស នៅ​ខេត្ត​មណ្ឌល​គីរី។

ប៉ុន្តែ​ពេល​ទទួល​ប្រាក់​គ្រប់​ចំនួន លោក ហ៊ុន តូ មិន​បាន​បំពេញ​ការងារ​នោះ​ទេ ថែម​ទាំង​បាន​បញ្ជូន​ក្រុម​ជន​អន្ធពាល​ចង់​ចាប់​ជំរិត​រូប​លោក ហើយ​ក្រោយ​មក​លោក​បាន​គេច​ខ្លួន​ចេញ​ពី​កម្ពុជា ដើម្បី​សុវត្ថិភាព។

វីអូឌី មិន​ទាន់​អាច​សុំការ​ឆ្លើយ​តប​ពី​លោក ហ៊ុន តូ បាន​ទេ គិត​ត្រឹម​ម៉ោង​ផ្សាយ​នេះ។

ជុំវិញ​រឿង​នេះប្រធាន​​អង្គការ​​ប្រជាធិបតេយ្យ​​ខ្មែរ​ប្រចាំ​​ប្រទេស​​អូស្ត្រាលី លោក ស៊ឹង សែន ករុណា យល់​ថា ការ​មិន​អើពើ​ស៊ើប​អង្កេត​រឿង​នេះ​បញ្ជាក់​ថា ឧក្រិដ្ឋជន​ និង​គ្រួសារហ៊ុន ជា​បក្ស​ពួក​តែ​មួយ ហើយ​ថា ការ​ដឹកនាំ​បែប​គ្រួសារ​និយម​នៅ​កម្ពុជា មាន​តែ​មេដឹក​នាំកំ​ពូល​ទេ​ ទើប​មាន​អំណាច​វះ​កាត់​ឧក្រិដ្ឋជន​ជាប់​សែស្រឡាយ​នឹង​ខ្លួន​ដូច​ឧកញ៉ា ហ៊ុន តូនេះបាន។

លោកថា ៖ «ការ​ឆបោក​ ធ្វើ​ឲ្យ​អ្នក​វិនិយោគ​ទុន​ភ័យខ្លាច​ក្នុង​ការ​ចូល​ទៅ​វិនិយោគ​នៅ​ក្នុង​ប្រទេស​កម្ពុជា​អី​ទាំងអស់​ នេះ​ខ្ញុំ​យល់ថា​មិន​អាច​ចៀស​ផុត​ពី​ភ្នែក​ របស់​មេ​ដឹកនាំ​ប្រទេស​បច្ចុប្បន្ន​នោះ​ទេ។ ប៉ុន្តែ​អ្វី​ដែល​សំខាន់​គឺ​មេដឹក​នាំ​ប្រទេសបច្ចុប្បន្ន​ហ្នឹង ហ៊ាន​អារ​កាត់​ទៅ​លើ​សាច់​​ឈាម​​​ខ្លួន​ឯង​ ​ដែល​​ជា​ជន​​ប្រព្រឹត្ត​​ដោយ​​ប្រើ​ប្រាស់ វិធានការ​ផ្លូវ​ច្បាប់​ក្នុងការ​ចាត់​វិធាន​ការ​ ឬអត់! បើ​ឲ្យ​ទៅ​មន្ត្រី ឬ​ក៏​តុលាការ​ដែល​មាន​ឋានៈ​តូច​ទាប​ ខ្ញុំ​ថា​មិន​ហ៊ាន​ប៉ះ​ពាល់​សែ​ស្រឡាយ​គ្រួសារ​របស់​មេ​ដឹកនាំ»

ចំ​ណែក តំណាង​រាស្រ្ត​គណបក្សសង្រ្គោះ​ជាតិ​លោក ម៉ែន សុថាវរិន្ទ មើល​ឃើញ​ថា ការ​ទម្លាយ​របស់​លោក ហេង សិទ្ធី នេះ វា​អាច​កើត​ចេញ​ពី​ទំនាស់​ផល​ប្រយោជន៍ លើ​ទីលាន​រក​ស៊ី​ របស់ក្រុម​ឧកញ៉ា​នៅ​កម្ពុជា ហើយ​អ្នក​គ្មាន​ខ្សែ គ្មាន​អំណាច នឹង​ក្លាយជាជនរងគ្រោះក្រោមដៃឧក្រិដ្ឋស្និទ្ធិនឹងគ្រួសារហ៊ុន។

លោកថា ដើម្បី​ចាក​ចេញ​ពី​វិបត្តិ​សង្គម​នេះ ទាល់​តែ​កម្ពុជា​មាន​ប្រព័ន្ធ​ត្រួត​ពិនិត្យ​អំណាច​ តាម​គន្លង​ប្រជាធិបតេយ្យ ឡើងវិញ។

លោកថា ៖«តាំង​ពី​ចាប់​ផ្តើម​​ពី​​ប្រទេស​​កម្ពុជា​​យើង​បាត់​ប្រជាធិបតេយ្យ​ពិត​ប្រាកដ បាត់​រឿងសិទ្ធិ​មនុស្ស តាំង​ពី​ឆ្នាំ២០១៧ តាំង​ពី​រំលាយ​គណបក្ស​ជំទាស់​​អតីត​បក្ស​សង្គ្រោះជាតិ​មក  ហើយ​គាត់​រំលាយ​សារព័ត៌​មាន​ឯករាជ្យ វីអូឌី អាស៊ីសេរី ខេមបូឌាឌែល​លី ទាំង​អស់​មក គឺ​គ្រឿង​ញៀន​ក៏​ពេញ​ទូទាំង​ប្រទេស​ច្រើន​រាប់​តោន ហើយ​រឿង​អ្នក​ចាប់​ជំរិត​តាម​អន​ឡាញ​ រដ្ឋាភិបាល​អត់​មាន​តាំង​ពី​អតីត  លោក​ហ៊ុន ​សែន រហូត​ដល់​កូន​ចៅ អត់​មាន​ចាត់​វិធានការ​ទាំង​អស់​រក​មិន​ឃើញ​អ្វី​ទាំង​អស់»

ជុំវិញ​រឿង​ឧក្រិដ្ឋកម្ម​តាម​អន​ឡាញ​​នេះ កាល​​​ពី​​ខែធ្នូ ឆ្នាំ២០២៤ ភារ​ធារី​​ស្តីទី​​នៃ​ស្ថាន​ទូត​សហរដ្ឋ​អាមេរិក ប្រចាំ​​កម្ពុជា​​គឺ អ្នកស្រី ប្រៃហ្គេត អែលវ៉កឃឺរ បាន​​លើក​ឡើង​​ចំពោះ​​មុខ​​អតីត​នាយករដ្ឋមន្ត្រី​​កម្ពុជា​​លោក ហ៊ុន សែន ពី​ការ​​ព្រួយ​​បារម្ភ​​​អំពី​​បទ​ល្មើស​​ឆបោក​​អន​​ឡាញ ដែល​ជះ​​ឥទ្ធិពល​​​មិន​ល្អ​​ដល់​​បរិយាកាស​​វិនិ​យោគ សេដ្ឋកិច្ច​នៅកម្ពុជា និង​នៅ​ក្នុង​តំបន់។ របាយការណ៍​​របស់​​អង្គការ​​សហប្រជាជាតិ​ ចេញ​​ផ្សាយ​​នៅ​​ចុង​​ខែ​​សីហា ឆ្នាំ២០២៣ បង្ហាញ​​ថា កម្ពុជា​ និង​​មីយ៉ាន់ម៉ា ជា​​ប្រទេស​​ដែល​​មាន​ការ​​ឆបោក និង​ជួញ​​ដូរ មនុស្ស​​ទ្រង់​​ទ្រាយ​​ធំ ​នៅ​តំបន់​អាស៊ី​​អាគ្នេយ៍។ របាយការណ៍​​នេះ​​រក​​ឃើញ​ថា មនុស្ស​​ប្រមាណ ១សែន​នាក់ រង​​គ្រោះ​​ក្នុង​អំពើ​​ឆបោក និង​​ចាប់​​ជំរិត​​នៅ​​កម្ពុជា៕

ដោយ៖ លោក សែន​ សច្ចៈ

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ