ពលរដ្ឋ​ជិត​ ៦០គ្រួសារ នៅ​ខេត្ត​កំពង់​ស្ពឺ​ប្តេជ្ញា​ការពារ​ដី​សហគមន៍​រួម កុំ​ឱ្យ​អ្នក​មាន​អំណាច​រំលោភ​យក

ពលរដ្ឋ​ជិត​ ៦០គ្រួសារ នៅភូមិ​ឈើ​ទាល​លើ ឃុំ​រលាំងគ្រើល ស្រុក​សំរោង​ទង ខេត្ត​កំពង់​ស្ពឺ បន្ត​ទាម​ទារ​ឲ្យ​​មន្ត្រី​សុរីយោ​ដី ខេត្ត​កំពង់​ស្ពឺ និង​អាជ្ញាធរ​ពាក់ព័ន្ធ​រក្សា​ទុក​សហគមន៍រួមជិត​១០​ហិកតា ឱ្យ​ប្រជាជន​ក្នុង​ភូមិ​បានប្រើ​ប្រាស់ជា​សម្បត្តិរួម ដោយ​មិន​ត្រូវ​វាស់​វែង​​ បែង​​ចែក​​ទៅ​​ឲ្យ​​មន្ត្រី និង​បុគ្គល​ឯកជន​ ជាង​ ១០គ្រួសារ ទៀត​​កាន់​​កាប់​​ផ្តាច់​​មុខ​​នោះទេ។

ការ​ទាមទារ​ជាថ្មី​ទៀត​នេះ ធ្វើ​ឡើង​​ស្របពេល​​រដ្ឋបាល​​ខេត្ត​​កំពង់​ស្ពឺ កាល​ពី​​ថ្ងៃទី៦ ខែធ្នូ ឆ្នាំ​២០២៤ បាន​ជូន​ដំណឹង​ ពីការ​ផ្សព្វផ្សាយ​កំណត់​​តំបន់​​វិនិច្ឆ័យ សម្រាប់​​ការ​​ចុះ​​បញ្ជី​ដី​ មាន​លក្ខណៈ​ប្រព័ន្ធ​នៅ​ភូមិ​ឈើ​ទាល​​លើ​ ជា​ទីតាំង​នៃ​ដី​ដែល​កំពុង​ទំនាស់​នោះ។

យោង​តាម​​លិខិត ​របស់​​ប្រជា​ពលរដ្ឋ ៥៧គ្រួសារ ​នៅ​ភូមិ​ឈើទាល​លើ បាន​បញ្ជាក់​ថា ដី​សហគមន៍​រួម​ដែល​មាន​ទំហំ ៨​ហិកតា ត្រូវបាន​​រដ្ឋ​អំណាច​ តាំង​ពី​​ក្រោយ​​ឆ្នាំ​១៩៧៩ មក បែង​ចែក​ទុក​ជា​សម្បត្តិ​​រួម​របស់​​ប្រជាជន​ក្នុង​​ភូមិ​ សម្រាប់​ប្រើ​ប្រាស់ ជា​ពិសេស ទុក​សម្រាប់​​ធ្វើ​ជា​ទី​ទួល​​សុវត្ថិភាព នៅ​ពេល​មាន​ទឹក​ជំនន់​​ម្តង​ៗ។

តែ​​នៅ​ក្នុង​​លិខិត​ ដែល​​មាន​​ផ្តិត​​ស្នាម​​មេ​ដៃ របស់​​ពលរដ្ឋ​នោះ បាន​អះអាង​ថា ដីនេះ​ត្រូវ​បាន​បុគ្គល​​ជាង​១០គ្រួសារ​ទៀត ក្នុង​នោះ មាន​ទាំង​មន្រ្តី​គយ​ឈ្មោះ ឆែ ចេង និងមន្ត្រី សាលា​ស្រុក​សំរោង​ទង​ឈ្មោះ យឹម ធា រួម​ទាំង​ឈ្មោះ ខេ ធឿន ជា​គ្រូ​បង្រៀន នៅ​វិទ្យាល័យ​ហ៊ុនសែន​ក្តីល្វា (ឌីប៉ុក) បាន​គប់គិត​គ្នា​មក​រំលោភ​បំពាន​​យក​ដី​រួមនោះ ទៅ​ជា​ធ្វើ​កម្ម​សិទ្ធិ​ផ្ទាល់​ខ្លួន។

ប្រជា​ពលរដ្ឋ​បាន​ចោទ​ប្រកាន់​ថា មន្ត្រី​ទាំង​នោះ បានគប់គិត​គ្នា​ជាមួយ​មន្ត្រី​​សុរិយោដី និងអាជ្ញាធរ​ ឃុំ​រលាំង​​គ្រើល​ ប្តឹង​​ប្រជាពលរដ្ឋ ​ដែល​ជា​ចាស់​ទុំ​នៅ​ក្នុង​​ភូមិ រួម​ទាំង​យុវជន​ចំនួន ៩នាក់ ទៅ​អភិបាល​ខេត្ត​កំពង់​ស្ពឺ លោក ជៀម ច័ន្ទ​​សោភ័ណ្ឌ ​ដោយ​​ចោទ​​ថា ពលរដ្ឋ​ទាំង​នោះ ជា​មេ​ក្លោង​ និង​ជា​អ្នក​រារាំង ការ​​ចុះ​វាស់​វែង​​ដី​របស់​​មន្ត្រី​​សុរិយោដី នៅ​ដើម​​ខែ​ធ្នូ ​ឆ្នាំ​២០២៤។

តែ​​ពលរដ្ឋ​ដែល​​រង​​បណ្តឹង បាន​បញ្ជាក់​ថា ពួក​គេ​​គ្រាន់​​តែ​​ទៅ​សួរ​នាំ​​មន្ត្រី​​សុរិយោដី និង​​បាន​​ប្រាប់​​មន្ត្រី​សុរិយោ​​ដី​ថា ដី​សហគមន៍​ទាំង ៨ហិកតា នោះ កំពុង​តែ​មាន​ទំនាស់​មិន​ទាន់​បាន​ដោះស្រាយ​នៅ​ឡើយ​ទេ។

តាម​​ច្បាប់ ​​គឺ​​ហាម​ដាច់​ខាត មិន​ឱ្យ​​​មន្ត្រី​​ធ្វើ​ការ​វាស់​វែង​ដី ​ដែល​មាន​ទំនាស់​ ដើម្បី​​ផ្តល់​ប័ណ្ណ​កម្មសិទ្ធិ​នោះ​ទេ។ តែ​មេឃុំ​​រលាំង​គ្រើល ​ប្តឹង​ចោទ​​ប្រជាពលរដ្ឋ​ខ្លួន​ឯងថា ជា​អ្នក​រារាំង​​ការងារ​​មន្ត្រី​រាជការ​ទៅ​វិញ។

លោក ស្រី ភុន អាយុ ៧៨ឆ្នាំ ជា​សាក្សី​រស់​នៅ​ភូមិ​ឈើទាល​លើ បាន​បញ្ជាក់​ថា ដី​សហគមន៍​ទាំង ៨ហិកតា នោះ​គឺ​ប្រជាពលរដ្ឋ​បាន​កាន់​កាប់​អាស្រ័យ​ជា​ទ្រព្យ​សម្បត្តិ​រួម តាំង​ពី​ក្រោយ​​ឆ្នាំ​១៩៧៩ ជា​ពិសេស​ទុក​សម្រាប់​​ធ្វើ​ជា​ទី​ទួល​​សុវត្ថិភាព នៅ​ពេល​​មាន​ទឹក​ជំនន់​​ម្តងៗ។

លោក​បញ្ជាក់​ថា នៅ​ប៉ុន្មាន​ឆ្នាំមក​នេះ ដី​សហគមន៍​​រួម​នោះ ត្រូវ​បាន​បុគ្គល​មួយ​ចំនួន​រំលោភ​កាន់​កាប់​ជា​ដីកម្ម​សិទ្ធិ​​ផ្តាច់​​មុខ​​ទៅវិញ។ លោក​បញ្ជាក់​ថា អ្នកភូមិ​ទាំង​ជិត ​៦០គ្រួសារ ទាម​ទារ​ដាច់​ខាត​ឲ្យ​អាជ្ញាធរ​រក្សា​ដី​នោះ ទុក​ជា​​សម្បត្តិ​​រួម​ដដែល។

យោង​តាម​​របាយការណ៍ ដែល​ទទួល​បាន ទំនាស់​​​ដី​សហគមន៍​រួម​នៅ​ភូមិ​ឈើទាល​លើ ឃុំ​រលាំង​គ្រើល ស្រុក​​សំរោង​ទង ខេត្ត​​កំពងស្ពឺ បាន​ឈាន​ដល់​មាន​អំពើ​​ហិង្សា​​កើតឡើង​នៅ​ថ្ងៃទី​២០ ខែ​ធ្នូ ឆ្នាំ២០២០។ ពេល​នោះ ប្រជា​ពលរដ្ឋ បាន​ទៅ​សុំ​អន្តរាគមន៍​ពី​អភិបាល​ស្រុក​សំរោងទង តែ​ខាង​ថ្នាក់​​ស្រុក​បាន​រុញ​ឲ្យ​ទៅ​ខាង​​ថ្នាក់​ខេត្ត ហើយ​ពេល​ពលរដ្ឋ​ទៅ​ប្តឹង​នៅ​ថ្នាក់​ខេត្ត ខាង​​ថ្នាក់​ខេត្ត​បាន​រុញ​មក​ខាង​ស្រុក​វិញ។

ករណី​នេះ​ប្រជា​ពលរដ្ឋ ជា​ជន​រង​គ្រោះ ​បាន​សំដែង​ការ​​ខក​ចិត្ត​យ៉ាង​ខ្លាំង ចំពោះ​អាជ្ញាធរ​ខេត្ត​កំពង់ស្ពឺ ក្នុង​ករណី​ទំនាស់​ដីធ្លី​មួយ​កន្លែង​នេះ។

លោក ម៉ែន សុខុម អាយុ៧០ឆ្នាំ ជា​ចាស់​ទុំ​ក្នុង​ភូមិ​ឈើ​ទាល​លើ បាន​បញ្ជាក់​ថា អ្នក​មាន​អំណាច​មួយ​ចំនួន​​ក្នុង​​ខេត្ត​​កំពង់​​ស្ពឺ ជា​អ្នក​គប់គិត​ជាមួយ​មេភូមិ​ដើម្បី​​យក​​ដី​សហគមន៍រួម ទៅ​ធ្វើ​ជា​កម្មសិទ្ធិ​ផ្ទាល់​ខ្លួន។

ដោយ​សារ​អស់​សង្ឃឹម​លើ​ការ​ដោះស្រាយ​ របស់​អាជ្ញាធរ​ខេត្ត​កំពង់​ស្ពឺ កាល​ពី​ថ្ងៃ​ទី១៩ ខែ​មករា ឆ្នាំ​២០២១ តំណាង​ប្រជាពលរដ្ឋ​ទាំង ៥៧គ្រួសារ បាន​ដាក់​​លិខិត​​សុំអន្តរាគមន៍​ទៅ​ លោក ហ៊ុន សែន ដែល​កាល​នោះ​នៅ​ជា​នាយក​រដ្ឋ​មន្ត្រី ដោយ​​ប្តឹង​​មន្ត្រី និង​បុគ្គល​ចំនួន​​ ១២នាក់ ដែល​បាន​គប់គិត​គ្នា​រំលោភ​បំពាន​​យក​​​ដី​សហគមន៍​រួម​នោះ មាន​ឈ្មោះ ចែ ឆេង, ចែ ទ្រី, យឹម ខុន, សុខ ថន, កឹម តន, ញឹម វ៉ាន ,ស្រី ឆន, អ៊ុក យ៉ន, ស៊ុំ ភឿន, រស់ សាវ៉េត, ឈុន សុគន្ធ និង សាយ អ៊ីម។

ក្នុង​​លិខិត​​សុំ​អន្តរាគមន៍​នេះ តំណាង​ពលរដ្ឋ​ បាន​បញ្ជាក់ថា ការ​រំលោភ​​យក​ដី​សហគមន៍​រួម​ទៅធ្វើ​ជា​កម្មសិទ្ធិ​ផ្ទាល់​ខ្លួននេះ មាន​ការ​ចូលរួម​ពី​ឈ្មោះ ម៉េង សុខគា ជា​មេភូមិ​ឈើ​ទាល​លើ។ មក​ទល់​ពេល​នេះ អាជ្ញាធរ​ខេត្ត​កំពង់ស្ពឺ នៅ​មិនទាន់​មាន​ចំណាត់​ការ​ណា​មួយ លើ​​មន្ត្រី​​ក្នុង​​ខេត្ត​នេះ ​ដែល​ពលរដ្ឋ​ចោទ​ថា បាន​គប់គិត​គ្នា យក​ដី​សហគមន៍​រួម ទៅ​ធ្វើជា​កម្មសិទ្ធិ​ផ្ទាល់​ខ្លួន ​ដែល​រំលោភ​បំពាន​ច្បាប់​ភូមិបាល និងរំលោភ​បំពាន​ច្បាប់ ​ស្តីពី​លក្ខខន្តិកៈ​មន្ត្រី​រាជការ​នោះទេ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ