អ្នកចាញ់បោកអតីតឧកញ៉ា ហ៊ី គឹមហុង ម្នាក់ទៀតបានស្លាប់ ដោយសារវិបត្តិបំណុល ក្រោយ គ្មានលុយព្យាបាលជំងឺ ធ្វើឱ្យចំនួនអ្នកស្លាប់កើនដល់ជិត ២០នាក់ ដែលការណ៍នេះ ជំរុញឱ្យមានការរិះគន់ថា រដ្ឋាភិបាលគ្រួសារហ៊ុន កំពុង «ប្រមាថជីវិតពលរដ្ឋ» ដែលជាអ្នកបង់ពន្ធចិញ្ចឹមមន្រ្តី។
លោក ផល កញ្ញា រស់នៅខេត្តកណ្តាល ប្រាប់ វីអូឌី ថា ជីតារបស់លោកឈ្មោះ ផន វ័យជាង ៦០ឆ្នាំ បានស្លាប់កាលពីថ្ងៃទី២ ខែមករា ឆ្នាំ២០២៥ ដោយសារគ្មានលុយព្យាបាលជំងឺ ក្រោយខ្ចីលុយធនាគារ ទៅវិនិយោគជាមួយក្រុមហ៊ុនពិភពដីមាសចំនួន ២ម៉ឺនដុល្លារ អំឡុងឆ្នាំ២០២១។
ពលរដ្ឋរស់នៅភូមិជ្រោយសំបួរ ឃុំកោះចិន រូបនេះ បន្ថែមថា រូបលោកផ្ទាល់ ក៏បានចាញ់បោកចំនួន ១ម៉ឺន៥ពាន់ដុល្លារដែរ ហើយលោកបានស្នើឱ្យរដ្ឋាភិបាលពន្លឿនរឹបអូសទ្រព្យអតីតឧកញ៉ា ហ៊ី គឹមហុង មកសងក្រុមជនរងគ្រោះវិញ ដើម្បីដោះស្រាយវិបត្តិជីវភាព។
លោកថា៖ «ទើបបូជាហើយ ជំពាក់បំណុលធនាគារ ដោយសារចាញ់បោកក្រុមហ៊ុនពិភពដីមាស ទើបបូជាហើយ ត្រូវជាតាខ្ញុំដែរ គាត់ដូចជា ពីរម៉ឺនដុល្លារ ដែរហ្នឹងមានលុយណាមើលជំងឺ»។
ជនរងគ្រោះម្នាក់ទៀត លោក ប៊ុន ធឿន រស់នៅខេត្តកំពត ប្រាប់ វីអូឌី ថា បើគិតទាំងករណីចុងក្រោយនេះ មានអ្នកស្លាប់កើនឡើងដល់ ១៧នាក់ ហើយ គិតត្រឹមថ្ងៃទី៧ ខែមករា ឆ្នាំ២០២៥នេះ។
ជនរងគ្រោះចាញ់បោកក្រុមហ៊ុនពិភពដីមាសចំនួន ២ម៉ឺនដុល្លារ រូបនេះ ឱ្យដឹងថា ការជឿជាក់យកលុយទៅវិនិយោគក្នុងក្រុមហ៊ុនពិភពដីមាសនេះ ដោយសារតែឃើញក្រុមហ៊ុននេះ មានការទទួលស្គាល់ពីស្ថាប័នរដ្ឋ តែពេលមានអំពើឆបោក លោកថាបែរជារដ្ឋាភិបាលមិនអើពើជួយរកយុត្តិធម៌ សម្រាប់ជនរងគ្រោះទៅវិញ។
លោកថា ៖ «គេថាក្រុមហ៊ុនគេមានអាជ្ញាប័ណ្ណក្រុមហ៊ុនគេស្របច្បាប់ ក្រុមហ៊ុនគេមានទំនួលខុសត្រូវ ក្រុមហ៊ុនគេមានរដ្ឋបើកអាជីវកម្មឲ្យពេញសិទ្ធិត្រឹមត្រូវ។ ឥលូវ អាជ្ញាប័ណ្ណយកមកបោកប្រជាពលរដ្ឋ គេមានថ្នាក់ដឹកនាំគេទទួលដឹងឮ ចេញអាជ្ញាប័ណ្ណ ឥលូវបែរជាយកអាជ្ញាប័ណ្ណហ្នឹងយកមកបោកពលរដ្ឋ។ សួរថាក្រុមហ៊ុនហ្នឹងអត់មានគេចវេសទៅណាទេ ហេតុអីច្បាប់ ធ្វើមិនចេញ។ អ៊ីចឹងច្បាប់ស្រុកខ្មែរយើងត្រូវការតែលុយ បើអ្នកណាមានលុយនឹងឈ្នះ បើអ្នកអត់លុយ គឺចាញ់ ទុកឲ្យស្លាប់ឈឺបន្តទៅទៀត អ៊ីចឹងប្រជាពលរដ្ឋឈឺចាប់»។
មាត្រា ៣៥ នៃរដ្ឋធម្មនុញ្ញ ចែងថា សេចក្ដីស្នើទាំងឡាយរបស់ប្រជាពលរដ្ឋ ត្រូវបានទទួលការពិនិត្យ និងដោះស្រាយយ៉ាងហ្មត់ចត់ពីអង្គការរដ្ឋ។
រីឯ មាត្រា ៥២ បញ្ញត្តិថា រដ្ឋយកចិត្តទុកដាក់ជាអាទិភាព ចំពោះជីវភាពរស់នៅ និងសុខុមាលភាពរបស់ប្រជាពលរដ្ឋ។
ទោះជារដ្ឋធម្មនុញ្ញចែងបែបនេះក្តីប៉ុន្តែ ជនរងគ្រោះអះអាងថាពួកគេសរុប ៨០០០នាក់ ដែលចាញ់បោកក្រុមហ៊ុនឆបោករបស់អតីតឧកញ៉ា ហ៊ី គឹមហុង មិនទទួលបានការអើពើពីរដ្ឋាភិបាលទេ ទោះបីពួកគេផ្ទុះការតវ៉ាជាច្រើនដងក្តី។
ផ្ទុយទៅវិញ តំណាងរបស់ពួកគេត្រូវក្រុមឆបោក នៅក្រុមហ៊ុនពិភពដីមាសប្តឹងពីបទញុះញង់ ទៅវិញ ក្រោយសកម្មទាមទារយុត្តិធម៌ ឱ្យអ្នករងគ្រោះរាប់ពាន់គ្រួសារ តែបណ្តឹងជនរងគ្រោះប្តឹងក្រុមលោក ហ៊ី គឹមហុង ត្រូវបានផ្អឹបចោលគ្មានការដោះសា្រយ។
ជាក់ស្តែងកាលថ្ងៃទី២ ខែមករា ជនរងគ្រោះប្រមាណ ៣០០នាក់ បានប្រមូលផ្តុំគ្នាតវ៉ានៅមុខតុលាការក្រុងភ្នំពេញ ទាមទារឱ្យចាប់ខ្លួនមេឆបោកអតីតឧកញ៉ា ហ៊ី គឹមហុង និងបក្ខពួក ដែលការជួបជុំគ្នានេះចំថ្ងៃលោក មុត ពិសី តំណាងជនរងគ្រោះត្រូវចូលឆ្លើយ នៅសាលាដំបូងរាជធានីភ្នំពេញ តាមបណ្តឹងរបស់ អ៊ែល ស៊ីធីន ជាបក្ខពួកលោក ហ៊ឺ គឹមហុង។
អនុប្រធានអង្គការ ពលរដ្ឋយើង លោក មាន ព្រហ្មមុនី បានស្តីបន្ទោសរដ្ឋាភិបាលបក្សកាន់អំណាចថា គ្មានឆន្ទៈគិតគូពីសុខទុក្ខ របស់រាស្រ្តជាធំនោះទេ ហើយថា ការទុកឱ្យមានជនរងគ្រោះសា្លប់បែបនេះ បង្ហាញយ៉ាងច្បាស់ថាឈ្មួញទុច្ចតិត និងរដ្ឋាភិបាលជាបក្ខពួកតែមួយ។
លោកថា៖ «រដ្ឋាភិបាលរបៀបហ្នឹង គឺរដ្ឋាភិបាលត្រូវរ៉ូវជាមួយឈ្មួញ ជាមួយជនឆបោក ឬក៏អ្នករកស៊ីទុច្ចរិត។ រដ្ឋាភិបាលបែបហ្នឹង គឺជារដ្ឋាភិបាលមិនមានសុចរិតភាព ហើយជារដ្ឋាភិបាលដែលដឹកនាំបែបទុច្ចរិត បែបខ្មៅងងឹត គឺយកសុខតែគ្រួសារខ្លួនឯង មិនដឹងសុខទុក្ខរបស់ប្រជាពលរដ្ឋ មិនបម្រើសេវាប្រជាពលរដ្ឋទេ»។
ការលើកឡើងរបស់អ្នកឃ្លាំមើលសង្គមរូបនេះ ហាក់ស៊ីគ្នាទៅនឹងសាររបស់នាយករដ្ឋមន្រ្តីកម្ពុជា លោក ហ៊ុន ម៉ាណែត ដែលធ្លាប់ថ្លែងជាសារធារណៈថា លោកមិនសម្លាប់មេមាន់នោះទេ គឺលោកទុកមេមាន់ដើម្បីយកពង។
លោកថា៖ «រដ្ឋាភិបាលពិតណាស់ មិនងាកឆាប់ៗនោះទេ ត្រូវធ្វើយ៉ាងម៉េចគោលដៅធំបំផុត គឺដោះស្រាយបញ្ហាជូនអតិថិជន ហើយធ្វើយ៉ាងម៉េចឲ្យក្រុមហ៊ុនអភិវឌ្ឍន៍នៅមានលំនឹងបន្តដោះជូនទៀត បញ្ជាក់ថារាជរដ្ឋាភិបាលខិតខំជាប្រចាំ ដើម្បីដោះស្រាយបញ្ហានេះ ព្រោះយើងមិនអាចបំផ្លាញសេដ្ឋកិច្ចយើងនៅក្នុងរយៈពេលមួយឆ្នាំនេះទេ។ វាឡើងចុះពេលលំបាក យើងរួមគ្នាដោះ យើងមិនអាចយករូបមន្ត សម្លាប់មេមាន់នោះទេ យើងត្រូវធ្វើម៉េចឲ្យមេមាន់នៅរស់ ដើម្បីយកពងមាន់ទៅឲ្យបងប្អូនប្រជាពលរដ្ឋ នេះជាគោលដៅធំ»។
តំណាងរាស្រ្តគណបក្សសង្រ្គោះជាតិ លោក អ៊ំ សំអាន ថាការថ្លែងរបស់លោក ហ៊ុន ម៉ាណែត បែបនេះ គឺ កំពុងបើកផ្លូវឱ្យក្រុមឈ្មួញទុច្ចរិតដើរបោកពលរដ្ឋ ដើម្បីជួយរកលុយចិញ្ជឹមអំណាចរបស់ខ្លួន ដែលធ្វើឱ្យប្រព័ន្ធច្បាប់ជាប់គាំង មិនអាចរកយុត្តិធម៌ឱ្យជនរងគ្រោះ បានដូចករណីអតីតឧកញ៉ា ហ៊ី គឹមហុង នេះជាដើម។
លោក សំអាន សង្កត់ធ្ងន់ថា រដ្ឋាភិបាលគ្រួសារហ៊ុនដែលបណ្តោយឱ្យមានពលរដ្ឋស្លាប់ ជាបន្តបន្ទាប់ ក្រោមដៃឧកញ៉ាខិលខូចបែបនេះ គឺជាការប្រមាថជីវិតពលរដ្ឋយ៉ាងធ្ងន់ធ្ងរ។
លោកថា៖ «ទុកឲ្យពលរដ្ឋស្លាប់ជាបន្តបន្ទាប់បែបនេះ ជាការប្រមាថទៅដល់អាយុជីវិត របស់ប្រជាពលរដ្ឋ។ ចាត់ទុកប្រជាពលរដ្ឋដូចជាសត្វ អត់មានតម្លៃនោះទេសម្រាប់មេដឹកនាំកម្ពុជាព្រោះអ្នកដែលមានតម្លៃសម្រាប់មេដឹកនាំកម្ពុជា គឺឧកញ៉ា ព្រោះឧកញ៉ា គេបានយកលុយទៅឱ្យត្រកូលហ៊ុន និងគណបក្សប្រជាជន ដើម្បីពង្រឹងអំណាចដល់ប្រជាពលរដ្ឋ គេចាត់ទុកដូចជាសត្វហ្នឹងឯង ព្រោះសព្វថ្ងៃលែងមានការបោះឆ្នោតប្រកួតប្រជែងពីគណបក្សប្រឆាំង ទោះបីជាបោះរបៀបម៉េច គេនៅតែជាប់ចឹង ព្រោះអត់មានគូប្រកួតប្រជែងផង អត់មានការបោះឆ្នោតដោយសេរី និងយុត្តិធម៌ផងហ្នឹង»។
អតីតឧកញ៉ា ហ៊ី គឹមហុង ត្រូវបានចាប់ខ្លួនកាលពីខែសីហា ឆ្នាំ២០២៣ ពីបទឆបោកពលរដ្ឋ តែប្រមាណ ៤ខែ ក្រោយមកពោលគឺនៅខែវិច្ឆិកា ឆ្នាំ២០២៣ តុលាការដោះលែងវិញ ក្រោយសន្យារកលុយសងជនរងគ្រោះវិញ តែពេលបាននៅក្រៅឃុំ លោកបានគេចវេសមិនគោរពសន្យានោះទេ។ ជុំវិញបញ្ហានេះ ក្រោយយុត្តិធម៌ពួកគេត្រូវបានកប់ចោលច្រើនឆ្នាំ និងមានអ្នកស្លាប់កើនឡើងជិតដល់ ២០នាក់ នៅតែគ្មានដំណោះស្រាយនោះ ក្រុមជនរងគ្រោះបានធ្វើយុទ្ធនាការលើបណ្តាញសង្គមចោទថា ឧបសគ្គរារាំងដល់ការស្វែងរកយុត្តិធម៌ពួកគេ អាចជាប់ពាក់ព័ន្ធមន្ត្រីមានអំណាច នៅពីក្រោយក្រុមហ៊ុនឆបោកនេះ ដោយក្នុងនោះ ពួកគេបានរំលេចមុខ អនុប្រធានគណបក្សប្រជាជនកម្ពុជាលោកស្រី ម៉ែន សំអន និងអតីតប្រធានរដ្ឋសភាលោក ហេង សំរិន ផងដែរ៕
ដោយ៖ លោក សែន សច្ចៈ