ស្របពេលគណបក្សប្រជាជនកម្ពុជា រៀបចំខួបលើកទី៤៦ នៃទិវាជ័យជំនះលើរបបវាលពិឃាតខ្មែរក្រហម ដែលព្រឹត្តិការណ៍នេះ គណបក្សគ្រប់គ្រងអំណាច តែងធ្វើជារៀងរាល់ឆ្នាំនោះ សម្រាប់ក្រុមអ្នកឃ្លាំមើលសង្គម យល់ឃើញថា ថ្ងៃ៧មករា មិនមែនជាអ្វីដែលពលរដ្ឋកម្ពុជាត្រូវរំលឹក និងដឹងគុណឡើយ ព្រោះថ្ងៃនោះជាពេលដែលវៀតណាម មានគោលបំណងពិត គឺចង់លេបទឹកដីកម្ពុជា តាមរយៈការបណ្តេញក្រុមខ្មែរក្រហម ដែលជាក្រុមបង្តើតឡើងដោយវៀតណាម ដូចធ្លាប់បានបង្កើតគណបក្សប្រជាជនកម្ពុជាដែរ។
លោក ម៉ែន ណាត ប្រធានក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា ឱ្យដឹងថា តាមពិតទៅថ្ងៃ៧មករា នេះ មិនមែនដូចការឃោសនារបស់គណបក្សប្រជាជនកម្ពុជា ដែលជួយកម្ពុជាឡើយ។ ផ្ទុយទៅវិញ ថ្ងៃនេះវាគឺជាព្រឹត្តិការណ៍ ដែលវៀតណាម ត្រួតត្រាកម្ពុជាជាថ្មីទៀត បន្ទាប់ពីមិនអាចបញ្ចុះបញ្ចូលក្រុមខ្មែរក្រហម ឱ្យដើរតាមមាគ៌ារបស់ខ្លួន។
លោកបន្តថា ក្បាលម៉ាស៊ីនដឹកនាំរបស់បក្សកាន់អំណាច មានលោក ហ៊ុន សែន ជាដើម គឺការលើកបន្តុបដោយវៀតណាម។ ហេតុនេះ មន្រ្តីក្នុងជួរគណបក្សប្រជាជន តាំងពីថ្នាក់មូលដ្ឋាន ដល់ថ្នាក់ជាតិ ធ្វើសព្វបែបយ៉ាង ឱ្យតែមានតម្រូវការចាំបាច់ពីភាគីវៀតណាម។
ការឆ្លើយតបដែលគេមើលឃើញ លោក ម៉ែន ណាត បញ្ជាក់ថា ដូចជាលោក ហ៊ុន សែន និងគណបក្សប្រជាជនកម្ពុជា ជួយសម្រេចបំណងវៀតណាម អាចសាងសង់ស្តុបលើទឹកដីខ្មែរ ឱ្យបានគ្រប់រាជធានី ខេត្តក្រុង។
បន្តបញ្ជូនជនអន្តោប្រវេសន៍ខុសច្បាប់រាប់ម៉ឺនគ្រួសារ មករស់នៅទាំងលើទឹក និងដីគោក ជាពិសេសនៅតាមបឹងទន្លេសាប។ មិនតែប៉ុណ្ណោះ ជួយសម្រេចមហិច្ចតាវៀតណាម ក្នុងការកំណត់ នៃការបោះបង្គោលព្រំដែនទាំងដែនគោក និងសមុទ្រ ទៅតាមការចង់បានរបស់វៀតណាម។
លោកថា៖ «ថ្ងៃ៧មករា ឆ្នាំ១៩៧៩ ឬក៏ថ្ងៃ៧មករា ដែលគេឲ្យឈប់សម្រាកហ្នឹង តាមពិតទៅថ្ងៃហ្នឹងជាថ្ងៃដែលរំលឹកគុណវៀតណាម លើកទ័ពមកឈ្លានពានប្រទេសកម្ពុជា។ វាមិនមែនជាថ្ងៃរំដោះ ដែលលោក ហ៊ុន សែន និងលោក ហេង សំរិន អះអាងអីទេ។ ហើយជាការអនុវត្តផែនការយួន ដែលលេបត្របាក់ទឹកដីកម្ពុជា។ បើទោះជាឥឡូវនេះ លេបត្របាក់មិនបានមែន ប៉ុន្តែនយោបាយវៀតណាមនៅកម្ពុជា នៅតែជាបងធំរបស់លោក ហ៊ុន សែន លោក ហេង សំរិន និងលោក ហ៊ុន ម៉ាណែត អញ្ចឹង»។
សម្រាប់ការៀបចំព្រឹត្តិការណ៍ នៃការរំលឹកខួបលើកទី៤៦ នៅឆ្នាំនេះ គណបក្សប្រជាជនកម្ពុជា ហាក់ធ្វើពិធីធំជាងមុន បើធៀបក្រោយពីការកម្ទេចក្រុមប្រឆាំង និងគណបក្សនយោបាយ ដែលមានសំឡេងផ្ទុយ បានសម្រេចជាជំហានៗមក។ មីទ្ទិញនៅឆ្នាំនេះ គណបក្សប្រជាជនកម្ពុជា រៀបចំនៅទីក្រុងកោះពេជ្រវិញម្តង ដែលខុសពីសព្វមួយដង តែងប្រារព្វឡើងនៅទីស្នាក់ការកណ្តាល គ៨៥ ក្នុងខណ្ឌចំការមន។
តាមការផ្សាយដោយបណ្តាញព័ត៌មានរបស់រដ្ឋ បានបង្ហាញពីការចូលរួមកុះករ បើធៀបនឹងមីទ្ទិញមុនៗ ក្នុងនោះ មានទាំងអតីតអ្នកគាំទ្រ គណបក្សសង្រ្គោះជាតិ ដែលចុះចូលជាមួយនិងគណបក្សប្រជាជនដែរ។ នៅក្នុងសាររបស់គណបក្សប្រជាជនលើកនេះ ក៏មិនខុសពីលើកមុនៗដែរ គឺថ្ងៃ៧មករា គឺជាថ្ងៃរំដោះពីនឹមត្រួតត្រា ដោយក្រុមខ្មែរក្រហម ហើយក៏ជាថ្មីនៃកំណើតទី២ របស់ប្រជាជនកម្ពុជាដែរ។
បដិសេធនឹងសារនយោបាយនេះ លោក ជែម សុខ អ្នកធ្វើអត្ថាធិប្បាយ និងរៀបចំមាតិកានៅលើបណ្តាញសង្គម ជំទាស់ថាតាមពិតទៅ ថ្ងៃ៧មករានេះ មិនមែនជាថ្ងៃដែលត្រូវបញ្ចប់សង្រ្គាមស៊ីវិលនៅខ្មែរឡើយ ហើយក៏មិនមែនជាថ្ងៃកំណើតទី២ ដូចការអួតអាងរបស់គណបក្សប្រជាជននោះដែរ។
មានន័យថា ថ្ងៃ៧មករា នេះ គឺជាផែនការឈ្លានពានប្រទេសកម្ពុជា ជាថ្មីទៀតរបស់វៀតណាម ក្រោយពីផ្តួលកូនជើង គឺរបបខ្មែរក្រហមបានសម្រេច ដែលមិនស្តាប់បង្គាប់វៀតណាម ហើយផែនការទាំងថ្ងៃ៧មករា និងថ្ងៃ២ធ្នូ នេះត្រូវបង្កើតឡើងជាថ្មីទៀត ដោយមេដឹកនាំវៀតណាមឈ្មោះ ឡេ ឌឹកថរ។
លោកថា៖ «២ធ្នូ ឡេ ឌឹកថរ បង្កើតនៅ ដាឡាក់ទេ មិនមែននៅស្នួល ខេត្តក្រចេះអីហ្នឹងទេ កុំច្រឡំណាបងប្អូន។ នេះជាការបោកប្រាស់ របស់យួនដែលវាបង្កើត ហើយឥឡូវយួនវាដាំអាមួយហ្នឹងទុកនៅនឹងកម្ពុជា (ហ៊ុន សែន)។ នាំគ្នាមើលមុខវាឲ្យហើយទៅ។ ដាំទុកនៅកម្ពុជា គឺដើម្បីបំផ្លាញខ្មែរ មិនឲ្យខ្មែរមានការអភិវឌ្ឍន៍។ ពេលណាខ្មែរ មានសុខដុមរមនា និងសុខសន្តិភាព វាវ៉ៃឆ្នាំងបាយខ្មែរ ហើយពេលខ្មែរមានប្រជាធិបតេយ្យវាបំផ្លាញខ្មែរ»។
បើតាមលោក ជែម សុខ ក្រោយពីផ្តួលរំលំរបបកម្ពុជាប្រជាធិបតេយ្យហើយ វៀតណាមបានដាក់ចេញនូវផែនការថ្មីមួយទៀត គឺបង្កើតឱ្យមាន ក៥។
ផែនការក៥ នេះ ជាវិធីសម្លាប់ខ្មែរមួយជាន់ទៀត តាមរូបភាពកែនខ្មែរ ឱ្យកាប់ព្រៃ ហើយមានមនុស្សពេញកម្លាំង ដែលសេសសល់ពីរបបខ្មែរក្រហម រាប់ពាន់នាក់ទៀតត្រូវស្លាប់ដោយជាន់មីន អត់បាយ និងគ្រុនចាញ់ ជាពិសេសបានបន្សល់ទុកជនមានពិការភាពដល់សព្វថ្ងៃនេះ។
ប៉ុន្តែដោយមានកិច្ចព្រមព្រៀងនយោបាយសន្តិភាពទីក្រុងប៉ារីស ឆ្នាំ១៩៩១ ទើបវៀតណាម ត្រូវបង្ខំចិត្តដកទ័ព ចេញពីទឹកដីកម្ពុជា តែបានបន្សល់ទុកជំនាញការវៀតណាម ជាច្រើនរយនាក់ ធ្វើការនៅក្នុងជួរមន្រ្តីរាជការខ្មែរ ដល់សព្វថ្ងៃនេះ។
ប្រភពដដែលបន្តថា ដើម្បីកែប្រែប្រវត្តិសាស្រ្តរបស់ខ្លួន គណបក្សប្រជាជនកម្ពុជា បានផ្លាស់ប្តូរឈ្មោះ និងត្រកូលជាបន្តបន្ទាប់ ពីគណបក្សពលករកម្ពុជា មកជាគណបក្សបដិវត្តន៍កម្ពុជា ហើយចុងក្រោយបានជាគណបក្សប្រជាជនកម្ពុជា។ គណបក្សនេះ បង្កើតឡើងដោយវៀតណាម តាំងពីឆ្នាំ១៩៥១ ដែលទិសដៅ គឺត្រូវការគ្រប់គ្រងឥណ្ឌូចិនទាំងមូល គឺកម្ពុជា និងឡាវ ដើម្បីទប់ទល់ឥទ្ធិពលរបស់ចិន។
លោកថា៖ «អញដឹងច្បាស់ថាយួនវាបង្កើត អាហ្នឹងហេតុអីបានអញត្រូវអរគុណយួន។ អា ១៧ មេសា យួនវាជាអ្នកបង្កើត ហើយទើបវាមានសេចក្តីទុក្ខវេទនានៅស្រុកអញ។ អញភ្លើទៅ ៧មករា ហ្នឹងថាឲ្យជីវិតអញយ៉ាងម៉េចកើត។ ម៉ែអញទេជាអ្នកឲ្យកំណើត។ ត្រង់ហ្នឹងហើយដែលយួនវាយល់ថាខ្មែរយើង វាល្ងង់ពេក»។
ផ្ទុយពីការលើកឡើងរបស់លោក ជែម សុខ នេះ លោក ហ៊ុន សែន ដែលត្រូវគេមើលឃើញថា ជាអ្នកនយោបាយ ដែលមានអំណាចមូលដូចបាល់នៅក្នុងដៃ នៅចំថ្ងៃរំលឹកខួបក្នុងឆ្នាំនេះ លោកនៅតែបន្តផ្ញើសារទៀតថា ការដែលកម្ពុជាមានដូចសព្វថ្ងៃនេះ គឺជាការជ្រោមជ្រែងទាំងផ្នែកស្មារតី និងបច្ចេកទេស ជាពិសេស បានរួមចំណែកកម្ចាត់អង្គការចាត់តាំងរបស់ខ្មែរ។
លោកបន្តថា វៀតណាមមិនមែនត្រឹមតែដើរតួនាទីក្នុងការពន្លត់ភ្លើងសង្រ្គាមនៅកម្ពុជាប៉ុណ្ណោះទេ ថែមទាំងជាផ្នែកមួយ ដែលជួយបង្កើនអនុភាពកម្លាំងយោធាកម្ពុជា ឱ្យមានសមត្ថភាពថែមទៀតផង។
លោកថា៖ «នៅក្នុងឱកាសនេះដែរ ខ្ញុំសូមថ្លែងរំលឹកជាថ្មី នូវការដឹងគុណចំពោះប្រទេសវៀតណាម និងថ្នាក់ដឹកនាំវៀតណាម ដែលបានជួយ និងកសាងកងទ័ពកម្ពុជា និងការបញ្ជូនកងទ័ពស្ម័គ្រចិត្តរបស់ខ្លួន មកជួយរំដោះកម្ពុជា ឲ្យរួចផុតពីរបបប្រល័យពូជសាសន៍ ប៉ុល ពត»។
ទីប្រឹក្សាគណបក្សកម្លាំងជាតិ លោក រ៉ុង ឈុន ក៏បដិសេធដែរថា ថ្ងៃ៧មករានេះ មិនមែនជាថ្ងៃដែលខ្មែរជោគជ័យលើរបបខ្មែរក្រហមឡើយ។ លោក រ៉ុង ឈុន ក៏ឯកភាពដែរថា ដោយសារព្រឹត្តិការណ៍នេះហើយ ដែលនាំឱ្យកម្ពុជា ត្រូវធ្លាក់ខ្លួនម្តងទៀត ក្រោយការគ្រប់គ្រងដោយវៀតណាម។
ហើយករណីដែលថាថ្ងៃ៧មករា ជាថ្ងៃនៃកំណើតទី២ ជាដើមនេះ វាគ្រាន់តែជាយុទ្ធសាស្រ្តរបស់អ្នកនយោបាយ ដើម្បីទាក់ទាញប្រជាប្រិយភាពខាងនយោបាយប៉ុណ្ណោះ។ បើតាមពិតទៅ បើទោះជាមិនមានថ្ងៃ៧មករានេះ ក៏កម្ពុជាត្រូវរំដោះដូចគ្នាដែរពីសហគមន៍អន្តរជាតិ។
លោកថា៖ «រឿងហ្នឹងបើយើងសិក្សាពីប្រវត្តិសាស្រ្តទៅ បើទោះបីមិនមានគណបក្សប្រជាជន ក៏អន្តរជាតិគេនឹងមានវិធានការណ៍ ជួយអន្តរាគមន៍កម្ពុជាយើងហើយ។ បើយើងមានឯកសារកន្លងមក ដែលជាឯកសារប្រវត្តិសាស្រ្ត។ អញ្ចឹងវាមិនមែនជាគុណបំណាចអ្វី ដែលត្រូវចាត់ទុកថ្ងៃកំណើតទី២ នោះទេ។ ដូចដែលខ្ញុំថាថ្ងៃហ្នឹងគ្រាន់តែជាថ្ងៃ ដែលយួនគ្រប់គ្រងស្រុកខ្មែរយើងទេ»។
គេសង្កេតឃើញថា គណបក្សប្រជាជនកម្ពុជាសព្វថ្ងៃនេះ ព្យាយាមកាយកប់ធម្មនុញ្ញអន្តរជាតិ ដូចជាថ្ងៃសិទ្ធិមនុស្ស១០ ធ្នូ និងកិច្ចព្រមព្រៀងនយោបាយ សន្តិភាពទីក្រុងបារីស ដោយជំនួសមកវិញលើកកម្ពស់ថ្ងៃ៧ មករា និងព្រឹត្តិការណ៍ផ្សេងទៀតជាដើម។
ថ្ងៃ៧មករា ត្រូវបានរដ្ឋាភិបាល ដាក់បញ្ចូលទៅក្នុងប្រតិទិន នៃថ្ងៃបុណ្យជាតិ ដែលគ្រប់គ្នាត្រូវមានច្បាប់ឈប់សម្រាក។ ដោយឡែក ទិវាសិទ្ធិមនុស្ស ១០ ធ្នូ និងកិច្ចព្រមព្រៀងសន្តិភាពទីក្រុងបារីស ត្រូវដកចេញពីថ្ងៃបុណ្យជាតិ ដែលត្រូវឈប់សម្រាក ក្រោមហេតុផលថា នាំឱ្យខាតបង់កម្លាំងពលកម្ម។
លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា អះអាងដោយសុទិដ្ឋិនិយមថា ថ្ងៃ៧មករា នេះនាំឱ្យកម្ពុជាកសាងបានអ្វីៗគ្រប់យ៉ាង រួមទាំងសិទ្ធិ សេដ្ឋកិច្ច និងវប្បធម៌សង្គម រួមទាំងជំនឿសាសនាផង។
អ្នកនាំពាក្យរូបនេះ បដិសេធដោយចំអកឱ្យក្រុមអ្នកនយោបាយបក្សជំទាស់ និងអ្នករិះគន់ដោយមិនសំចៃមាត់ថា ពួកគេព្យាយាមលើកកម្ពស់ធម្មនុញ្ញអន្តរជាតិទាំងនេះ នោះក៏ព្រោះតែមិនពេញចិត្តនឹងអ្វីដែលគណបក្សប្រជាជនសម្រេចជូនជាតិ និងមាតុភូមិ។
ប៉ុន្តែតាមពិតទៅទាំងកិច្ចព្រមព្រៀងនយោបាយ ស្តីពីទីក្រុងបារីស និងទិវាសិទ្ធិមនុស្ស ១០ធ្នូ ជាដើម វាមិនមែនជាបុព្វហេតុ ដែលជួយឱ្យកម្ពុជាមានសុខសន្តិភាព និងបញ្ចប់សង្រ្គាមបង្ហូរឈាមនៅកម្ពុជាឡើយ បើមិនមានថ្ងៃ៧មករាទេ។
លោកថា៖ «ថ្ងៃ៧មករាហ្នឹងធ្វើឲ្យខ្មែរមានការជួបចរចា ក្នុងនាមភាគីខ្មែរដែលមានជម្លោះ ហើយរហូតដល់សម្រេចបានកិច្ចព្រមព្រៀងទីក្រុងបារីស ដែលមកធ្វើប្រតិបត្តិការ ដោយអ៊ុនតាក់ហ្នឹង។ ក៏ប៉ុន្តែសួរថាថ្ងៃ២៣តុលា ឆ្នាំ១៩៩១ ហ្នឹងសួរថាកម្ពុជាមានសន្តិភាពហើយនៅ គឺអត់មានទេ»។
បើទោះជាបែបណា សម្រាប់លោក ស៊ឹង សែនករុណា ប្រធានអង្គការ ប្រជាធិបតេយ្យខ្មែរ ប្រចាំប្រទេសអូស្ត្រាលី មិនជំទាស់ទេថា នៅកម្ពុជាពិតជាមានព្រឹត្តិការណ៍ថ្ងៃ៧មករាមែន ប៉ុន្តែថ្ងៃនេះពុំមែនធ្វើឱ្យកម្ពុជា ត្រូវមានសុខសន្តិភាព និងបញ្ចប់សង្រ្គាមស៊ីវិលឡើយ។ ផ្ទុយមកវិញ បើកុំតែមានកិច្ចព្រមព្រៀងនយោបាយ ជាអន្តរជាតិ ម៉្លេះកម្ពុជា មិនអាចរកទីបញ្ចប់បាន នៃសង្រ្គាមហែកហួរគ្នា នៅក្នុងប្រទេសបានឡើយ។ ធម្មនុញ្ញជាអន្តរជាតិនេះហើយ ដែលនាំឱ្យកម្ពុជាទទួលបានជំនួយជាអន្តរជាតិ និងមានការបោះឆ្នោតជាលើកដំបូងនៅកម្ពុជា៕
ដោយ៖ លោក សែន សច្ចៈ