អ្នក​ឃ្លាំ​មើល​ថា លោក ហ៊ុន សែន បន្ត​រំឭក​គុណ​ប្រទេស​ឈ្លាន​ពាន​ទឹក​ដី​ខ្មែរ

អ្នក​មាន​បទ​ពិសោធ​កិច្ចការ​ងារ​ព្រំដែន និយាយរិះ​គន់ មេដឹក​នាំបក្ស​កាន់​អំណាច លោក ហ៊ុន សែន ថា បន្ត​រំឭក​គុណ​វៀតណាម ដែល​បាន​លេប​ត្របាក់​ទឹកដី​ខ្មែរ​ត​ជំនាន់ តែនៅ​ចឹញ្ចឹម​ចិត្ត​កម្ទេច​ខ្មែរ​គ្នាឯង ដើម្បី​តែ​បុព្វហេតុ​បន្តវេន បង្កភាពផុយស្រួយដល់ការបែកបាក់ជាតិ សេដ្ឋកិច្ច និងបូរណភាពទឹកដី។

ការ​ថ្លែង​​នេះ ចំពេល​​ដែល​​គណបក្ស​​ប្រជាជន​​កម្ពុជា ដែល​​ដឹក​នាំ​​ដោយ​​គ្រួសារ​​ហ៊ុន បាន​ធ្វើ​ពិធី​ប្រារព្វ​ខួប​ថ្ងៃ​ជ័យ​ជម្នះ​៧មករា ខួប​ ៤៦​ឆ្នាំ ដែល​ជា​ថ្ងៃ​ដែល​កងទ័ព​វៀតណាម សហការ​បណ្តេញ​របប​ខ្មែរ​ក្រហម​ចេញ​ពី​អំណាច​នៅឆ្នាំ១៩៧៩។

ប្រធានក្រុម​អ្នក​ឃ្លាំមើល​កម្ពុជា លោក ម៉ែន ណាត បាន​និយាយ​ក្នុង​សេចក្តី​ប្រកាស​មួយ ចុះ​ថ្ងៃ​ទី​៧ ខែមករា នេះថា រដ្ឋាភិបាល​​​គ្រួសារ​ហ៊ុន ប្រើ​ប្រាស់​ទិវា ៧ មករា ខួប ៤៦ឆ្នាំ បន្ត​ភូតភរ បំបែក​បំបាក់​ស្មារតី​ជាតិ​ខ្មែរ ដោយលាក់បាំងអំពើឈ្លានពាន របស់​វៀតណាម​មក​លើកម្ពុជា។

ប្រភព​បន្តថា ការជួយ​រំដោះ​​ពលរដ្ឋ​​ខ្មែរ​​កាល​​នោះ ពិត​​មែន​​ជា​​ការ​​គួរ​​តែ​អរគុណ​​ ប៉ុន្តែ អ្វីដែល​​​នៅ​​​ពី​​ខាង​ក្រោយ​​ខ្នង ​នៃ​រឿង​រ៉ាវ​​ទាំង​ស្រុង​នោះ គឺជា​​ការ​​ឈ្លានពាន​​ប្រទេស​​កម្ពុជា។

លោក​សំអាង​ថា វៀតណាម ​បាន​​ត្រួតត្រា​​ជា​​ផ្លូវការ​​មក​​លើ​​កម្ពុជា រយៈ​​ពេល ១០​​ឆ្នាំ ដោយ​រំលោភ​​ច្បាប់​អន្តរជាតិ និង​​បង្ខំ​​ឱ្យ​​ភាគី​​កម្ពុជា ​ដែល​​នៅ​​ក្រោម​​អំណាច​​របស់​​ខ្លួន ធ្វើ​​សន្ធិសញ្ញានិង​កិច្ច​ព្រមព្រៀង​ខុស​ច្បាប់ ជា​ច្រើន រួមទាំង​សន្ធិសញ្ញា​ព្រំដែន​រដ្ឋ​ឆ្នាំ​១៩៨៥ កិច្ចព្រម​ព្រៀង​ដែន​ទឹក​ប្រវត្តិសាស្ត្រ​​ឆ្នាំ​១៩៨២ បង្ខំឱ្យ​លោក ហ៊ុន សែន «ទទួល​ស្គាល់ កោះត្រល់ ចង្កោម​កោះ​ក្រចក​សេះ ជា​របស់​វៀតណាម» និង សារាចរណ៍​​ណែ​នាំ ទទួល​​យក​​និគម​ជន​វៀត​ណាម (ជន​​អន្តោប្រវេសន៍) មក​រស់នៅ​កម្ពុជា។

ក្នុង​ន័យ​នេះ លោក​ថា រដ្ឋាភិបាល​​​គ្រួសារ​ហ៊ុន ល្មម​ដល់​ពេល​បញ្ចប់​នយោបាយ​អសុចរិត បញ្ឈប់​ការ​បំពាន​កិច្ច​ព្រមព្រៀង​ទី​ក្រុង​ប៉ារីស​​ឆ្នាំ១៩៩១ ត្រូវ​ទម្លាក់​ចោល​ទាំងស្រុង បទចោទ​ប្រកាន់ចំ​ពោះ​លោក កឹម សុខា លោក ថាច់ សេដ្ឋា កញ្ញា សេង ធារី លោក ស៊ុន ចន្ធី ជាដើម ។

បន្ថែម​​ពី​​នេះ​​លោក​​ថា ត្រូវ​​លុបចោល​សន្ធិសញ្ញា​​ព្រំដែន​​គោក ព្រំដែន​​ទឹក និង​កិច្ច​ព្រមព្រៀង​នានា​ ជា​មួយ​វៀតណាម ដែល​ផ្ទុយ​ពីស្មារតី​រដ្ឋធម្មនុញ្ញ​កម្ពុជា និង​កិច្ច​ព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​ឆ្នាំ១៩៩១ ត្រូវ​ប្តឹង​ប្រទេស​វៀតណាម សើ​រើ​ទាមទារ កោះត្រល់ និង​ទឹកដី​ដែល​បាត់​បង់ មក​ជូន​ពលរដ្ឋ​ខ្មែរ​វិញ តាម​យន្តការ​កិច្ច​​ព្រម​ព្រៀង​ទីក្រុង​​ប៉ារីស​ឆ្នាំ​១៩៩១ និង តុលាការ​អន្តរជាតិ។

លោក ម៉ែន ណាត ឱ្យ​ដឹង​បន្ថែម​នៅ​ថ្ងៃ ៧មករា នេះ​ថា ថ្ងៃ ៧មករា ជា​មហិច្ចតា​វៀតណាម​ឈ្លាន​ពាន​ទឹកដី​កម្ពុជា និង​ជាថ្ងៃ​ដែល​វៀតណាម​សម្រេច​ផែនការ​របស់គេ​​គ្រប់​គ្រង​កម្ពុជា​ រហូត​ដល់​ពេល​បច្ចុបុ្បន្ន ក្រោម​អំណាច​គ្រួសារហ៊ុន​នេះ​ឯង។

ម្យ៉ាង​វិញ​ទៀត​លោក​ថា វៀតណាម​បាន​យកលេស​គុណ​បំណាច់​ថ្ងៃ ៧មករា បញ្ជួន​ពលរដ្ឋ​គេ​រាប់​លាន​នាក់​ មក​រស់​នៅ​កម្ពុជា និង​សង់​ស្តូប​វៀតណាម​ជា​ច្រើន ដើម្បី​ឱ្យ​កម្ពុជា​បន្ត​ដឹងគុណ​វៀតណាម​ជានិច្ច។

លោកថា៖ «ថ្ងៃ ៧មករា អាច​ជួយ​ឱ្យ​ពួក​លោក ហ៊ុន សែន លោក ជា ស៊ីម លោក ហេង សំរិន អស់​នឹង​មាន​ឱកាស​ឡើង​កាន់​អំណាច​ ដើម្បី​បម្រើ​មហិច្ឆតា​វៀត​ណាម។ វៀតណាម​ចង់​បាន​ស្អី គឺ​ពួកហ្នឹង​ព្រម​ទាំង​អស់ ព្រមធ្វើ​សន្ធិ​សញ្ញា​ព្រំដែន ព្រម​ទទួល​ជន​អន្តោប្រវេសន៍​វៀតណាម​ខុសច្បាប់​មក​នៅ​កម្ពុជា ហ៊ាន​ទទួល​ស្គាល់​កោះត្រល់ កោះក្រចក​សេះ ថា​ជា​របស់​វៀត​ណាម​អី​ជាដើម។ល។ ហើយ​យល់​ព្រម​ជា​មួយ​វៀតណាម នៅ​ក្នុង​ការ​បញ្ជូនខ្មែរ​ឱ្យ​ទៅ​ស្លាប់​ក្នុង​ផែនការ​ ក៥ រាប់​ម៉ឺន​នាក់​ទៀត អាហ្នឹង​ផល​ដែល​ពួក​ហ្នឹង​បាន​បម្រើ​វៀតណាម»

សម្រាប់​លោក ម៉ែន ណាត អះអាង​ថា ការ​បន្ត​រំ​ឮក​ខួប ៧មករា ជារៀង​រាល់ឆ្នាំ​ឆ្លុះបញ្ចាំង​ថា គ្រួសារ​ហ៊ុន​ ជា​អ្នក​បម្រើ​មហិច្ចតា​វៀតណាម បំផ្លាញ​ជាតិ​ខ្លួន​ឯង ដើម្បី​ផ្គាប់​ចិត្ត​ចៅហ្វាយនាយ​ខ្លួន គឺ​វៀតណាម។

លោក​បន្ត​ថា តាម​ប្រវត្តិសាស្រ្ត​កម្ពុជា​ ការ​កើត​ឡើង​​នៃ​​របប​ខ្មែរ​ក្រហម និង​​ការ​ដួល​រលំ​​ទៅ​​វិញ​ សុទ្ធ​​ជា​ការ​រៀប​ចំ​​របស់​​វៀត​​ណា​ម​ ព្រោះ​វៀតណាម​ចង់​គ្រប់គ្រង​កម្ពុជា​តាម​ផែនការ​ឥណ្ឌូចិន​ របស់ ហូ ជីមិញ។

លោកថា៖ «ថ្ងៃ ៧មករា គឺជា​ថ្ងៃ​ដែល​ជាការ​សម្រេច នៃ​យុទ្ធសាស្ត្រ​របស់​វៀតណាម​ ក្រោម​លេស​ឈ្លាន​ពាន​ស្រុក​ខ្មែរ និង​បាន​ជោគ​ជ័យ ដោយ​ប្រើ​ដៃ​ពួក​ជន​ភៀស​ខ្លួន ដែល​គ្មាន​គោល​បំណង​អី​ទេ ជន​ភៀស​ខ្លួន​ ដូចលោក ហ៊ុន សែន លោក ហេង សំរិន លោក ជា ស៊ីម គាត់​ភៀស​ខ្លួន​យក​តែ​ប្រាសអាយុ ពី​របប​ខ្មែរ​ក្រហម ពីព្រោះ​ពួកគាត់​ជា​ទាហាន​ក្បត់ ដែល​ជំនាន់​នោះ គេ​ហៅថា​ទាហាន​ក្បត់ រត់​ចូល​ស្រុក​យួន រួច​ទៅ​ក៏​វៀតណាម​ហ្នឹង​គេ​រៀប​ចំ​អ្នក​អស់​ហ្នឹង​ឱ្យមក​តំណាង​ឱ្យ​កម្ពុជា»

តែ​ផ្ទុយ​ពី​នេះ ប្រធាន​គណបក្ស​ប្រជាជនកម្ពុជា លោក ហ៊ុន សែន ថ្លែង​ក្នុង​ទិវា​អបអរសាទរ​ខួប ៤៦ឆ្នាំ នៃ​ថ្ងៃ​ជ័យ​ជម្នះ «៧មករា» នាថ្ងៃទី៧ ខែមករា​នេះ​ថា ស្មារ​តី ៧មករា បាន​ឆ្លុះបញ្ចាំង​អំពី​កម្លាំង​មហា​សាមគ្គី របស់​ជាតិ​យើង អំពី​ការ​ប្តេជ្ញា​ចិត្ត​យ៉ាង​មោះមុត​ឥត​រាថយ ចំពោះ​ឧបសគ្គ​គ្រប់​យ៉ាង ដើម្បី​ភាព​គង់​វង្ស​ ស្ថិត​ស្ថេរ និងរីក​ចម្រើន​របស់​ជាតិ មាតុភូមិ។

លោក ហ៊ុន​ សែន សង្កត់​ធ្ងន់​ថា ក្នុង​ស្មារតី​នេះ វា​ដល់​ពេល ត្រូវ​កសាង​ច្បាប់ ដើម្បី​កំណត់​ចំពោះ​ជនណា ឬ​ក្រុមណា ដែល​មាន​គម្រោង​ការ ឬអំពើ​គប់គិត បង្កើត​ចលនា​ប្រឆាំង​ជ្រុល​និយម បង្កភាព​វឹក​វរ អសន្តិសុខ ក្នុង​សង្គម បង្ក​ឱ្យ​មាន​ជម្លោះ​ជាមួយ​រដ្ឋ​ដទៃ និង​​ប៉ុនប៉ង​ផ្តួល​រំលំ​រាជរដ្ឋាភិបាល​ស្រប​ច្បាប់ គឺ​ជា​ភេរ​វករ ដែល​ត្រូវតែ​នាំ​ខ្លួន​យក​មក​វិនិច្ឆ័យ​ទោស ដើម្បី​ការពារ​សន្តិភាព។

ក្នុង​ន័យ​នេះ​លោក​សំអាង​ថា សន្តិភាព​នឹង​មិន​អាច​គង់វង្ស​បាន​យូរ​អង្វែង​ឡើយ ប្រសិន​បើ​ពុំ​មាន​ការ​ផ្សះ​ផ្សា​ជាតិ យុត្តិធម៌ និង​ការ​អភិវឌ្ឍ​ ប្រកប​ដោយ​ចីរភាព និងបរិយាបន្នទេ​នោះ។

លោកថា៖ «នៅ​ក្នុង​មហា​ចលនា​នេះ កម្លាំង​ផ្ទាល់​របស់​កម្ពុជា ដែល​បាន​រីក​ធំធាត់​យ៉ាងឆាប់​រហ័ស​ ជា​មួយ​នឹង​ការ​ជួយ​ឧបត្ថម្ភ របស់​កង​ទ័ព​ស្ម័គ្រ​ចិត្ត​វៀត​ណាម បាន​សម្រេច​ជ័យ​ជម្នះ​ដ៏​ត្រចះ​ត្រចង់ នាថ្ងៃ ៧មករា ឆ្នាំ១៩៧៩ ដែល​បាន​សង្គ្រោះ​អាយុ​ជីវិត​របស់​ប្រជាជន​ រាប់​លាន​នាក់​ពីមាត់​ជ្រោះ​មរណៈ បាន​ទាន់​ពេលវេលា នឹង​បាន​នាំមក​ជូន​ប្រជាជន​វិញ នូវ​សិទ្ធិ សេរី​ភាព​គ្រប់​យ៉ាង​ដែល​ត្រូវ​បាត់​បង់​ទាំង​ស្រុង​ក្នុង​របប​ប៉ុលពត»

យ៉ាង​ណា ប្រធាន​ចលនាជាតិ​តស៊ូ​នៅ​ក្រៅ​ប្រទេស លោក សម រង្ស៊ី បាន​បង្ហោះ​សារ​លើ​ហ្វេសប៊ុក​របស់​លោក ដោយ​និយាយ​ថា ថ្ងៃ ៧​មករា គឺ​​ថ្ងៃ​​ដែល​​ខ្មែរ​​បាត់​បង់​​អធិបតេយ្យ​​ភាព ខ្មែរ​​បាត់​បង់​ដី ​​ខ្មែរ​បាត់​បង់​ដែន​​សមុទ្រ ​និង​ជា​​ថ្ងៃ​​ដែល​​ក្រុម​​មេដឹក​នាំ​ នៃ​​របប​​ក្រុង​​ភ្នំពេញ​ យក​​មក​​ធ្វើ​ជា​​ជំនួញ​​នយោបាយ​ ​ដើម្បី​​កេង​ចំណេញ​​ពី​​ព្រឹត្តិការណ៍​​ប្រវត្តិសាស្ត្រ​ ដ៏​​ចម្រូង​ចម្រាស់​ ដែល​​ពួក​​គេ​​ព្យាយាម​​បំ​ភ្លៃ​។

ប្រធាន​​​អង្គការ​​​ប្រជាធិបតេយ្យ​​​ខ្មែរ​​ប្រចាំ​​​ប្រទេស​​​អូស្ត្រាលី លោក ស៊ឹងសែន ករុណា និយាយ​ថា ក្រោយ​ថ្ងៃ​រំដោះ ៧មករា ជាង ៤០ឆ្នាំ ទៅ​នេះ កម្ពុជា​គ្មាន​ការ​ឯកភាព​ជាតិ​ទេ រួម​ទាំង​ការ​បោះ​បង្គោល​ព្រំ​ដែន។

លោក​ថា បន្ថែម​ពី​ការ​បែក​បាក់​ជាតិ បន្ទាត់​នយោបាយ​គ្រួសារ​ហ៊ុន ក៏បាន​រំលាយ​ប្រព័ន្ធ​ប្រជាធិបតេយ្យ រំលោភ​រដ្ឋធម្មនុញ្ញ ធ្វើឱ្យកម្ពុជាស្អុយឈ្មោះ​លើឆាក​អន្តរជាតិ ដោយ​សារ​ការ​រំលោភ​សិទ្ធិ​មនុស្ស​ធ្ងន់ធ្ងរ និង​គ្មាន​ការ​ផ្សះជាតិ​ណា​មួយ​កើត​ឡើង ក្រៅពី​រំលោភ​ឆន្ទៈ​រាស្ត្រ​រាប់​លាន​នាក់ តាមរយៈ​ប្រើ​ដៃ​តុលាការ រំលាយ​គណបក្ស​ប្រឆាំង​ ដែល​ជា​ដៃ​គូ​ប្រកួត ចេញ​ពី​ឆាក​នយោបាយ ដើម្បី​សម្រេច​មហិច្ឆតា​បែប​គ្រួសារ​និយម។

លោកថា៖«កម្ពុជា​បច្ចុប្បន្ន នឹង​កំពុង​តែ​ដើរ​ប្រាស​ចាក​ផ្ទុយ​ពីការ​គោរព​សិទ្ធិមនុស្ស ហើយ​ផ្ទុយ​ទៅវិញ​មាន​តែ​ប្រើប្រាស់​ នូវ​សម្ពាធ​គ្រប់​រូបភាព​គ្រប់​មធ្យោបាយ ធ្វើទុក្ខ​បុកម្នេញ​ទៅលើ​សកម្មជន​សង្គម សកម្មជន​នយោបាយ សកម្មជន​បរិស្ថាន ដោយ​ចាប់​ចង ចោទ​ប្រកាន់ គំរាម​កំហែង ប្រើ​ប្រាស់​ហិង្សា​អ្នក​ខ្លះហ្នឹង​ក៏​ជាប់​ពន្ធនាគារ អ្នក​ខ្លះ​ក៏​ភៀសខ្លួនចេញទៅក្រៅប្រទេសទៅ ហើយ​អ្នកខ្លះ​ក៏រង​គ្រោះ​ដោយ​ការ​វាយ​ដំ ការ​សម្លាប់​ដោយ​ហិង្សា​ជាដើម អ៊ី​ចឹង​វា​ជា​រូបភាព​មួយ​ ដែល​បង្ហាញ​យ៉ាង​ជាក់​ស្ដែង ដែល​ការ​ដឹកនាំ​បច្ចុប្បន្ន​ នឹងនៅ​តែ​បន្ត​ធ្វើ​ការ​រំលោភ​បំពាន​ទៅលើ​សិទ្ធិ​មនុស្ស បំផ្លាញ​លទ្ធិ​ប្រជាធិបតេយ្យ​នៅ​ក្នុង​ប្រទេសកម្ពុជា​ហ្នឹង​ឯង»

ដោយ​ឡែក​ក្រៅ​ពីនេះ ក្រុម​អ្នក​តស៊ូ​មតិ​កម្ពុជា បាន​និយាយ​ក្នុង​លិខិត​ចុះ​ថ្ងៃ​ទី២ ខែមករា ឆ្នាំ​២០២៥ ថា រយៈ​ពេល​ ១៦ខែ នៃ​រដ្ឋា​ភិបាល​របស់​លោក ហ៊ុន ម៉ាណែត បាន​សម្រេច​បោះ​ចោល​សុច​រិតភាព យុត្តិធម៌ ហើយ​ចាប់​យក​គ្រួសារ​និយម បក្ខ​ពួក​និយម អញ​និយម ដើម្បី​បុព្វហេតុ​បន្ត​វេន។

អំណាច​ទាំង​អស់ គឺស្ថិត​លើមនុស្ស​តែ​ម្នាក់ និងគ្រួសា​រតែ​មួយ។ រីឯ​រដ្ឋសភា​វិញ មិនដែល​កោះ​អញ្ចើញ​រដ្ឋមន្ត្រី​មក​សាក​សួរ ពី​បញ្ហា​អាយុ​ជីវិត​ប្រទេស​ជាតិ ដូចជា​បញ្ហា​ព្រំដែន​ជា​មួយ​ប្រទេស​វៀតណាម និងបញ្ហា​ជន​អន្តោប្រវេស។

ប្រទេស​កម្ពុជា ដែល​ដឹកនាំ​ដោយ​គ្រួសារ​ហ៊ុន កំពុង​ខិត​ខំ​ធ្វើអ្វីៗ​គ្រប់​យ៉ាង ដើម្បី​រក្សា​អំណាច​របស់​ខ្លួន តាមរយៈ​បំភិត​បំភ័យ និង​កម្ទេច​អ្នក​ប្រជែង​នឹង​ខ្លួន ដោយ​មិន​ផ្តល់​អាទិភាព ដល់​ការ​កសាង​ប្រទេសជាតិ​ តាម​បែប​ប្រជាធិបតេយ្យ សុចរិត ​យុត្តិធម៌ និងការ​បង្រួបបង្រួម​ជាតិ​ឡើយ។ គណបក្ស​ប្រជាជនកម្ពុជា បាន​សម្រេច​ជ្រើសរើស​យក​ការ​ដឹកនាំ​បែប​បំភិតបំ​ភ័យ ដើម្បី​បន្ត​អំណាច​ក្រុម​គ្រួសារនិង បក្សរ​បស់​ខ្លួន ដោយ​មិនឱ្យ​មាន​ការប្រកួត​ប្រជែង​ ក្នុង​ការ​បោះឆ្នោត​ពិត​ប្រាកដ​នោះ​ទេ៕

ដោយ៖ លោក ប៉ុល សម្បត្តិ

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ