ក្រ​សួង​២​​គ្រោង​​​ជួប​​​សមាគម​​ដំ​ឡូងមី ដើម្បី​រក​ដំណោះ​ស្រាយ​​រឿង​​ដំឡូង​​មី​ធ្លាក់​​​ថ្លៃ​​ខ្លាំង

ក្រសួង​​ចំនួន​២ និង​​សមាគម​ដំឡូង​មី គ្រោ​ង​ជួប​ប្រជុំ​គ្នា​​ ដើម្បី​រក​ដំណោះស្រាយ​​ពីបញ្ហា​តម្លៃ​​ដំឡូង​​​មី ខណៈ​​​ប្រជាកសិករ​ ​ដែល​ដាំ​ដំណាំ​ប្រភេទនេះ បាន​​ត្អូញត្អែរ​ពី​តម្លៃ​ដំឡូង​​មី​​ធ្លាក់​​ថ្លៃ​​ដល់​​​ក្រោម ២០០​រៀល​​ក្នុង​​មួយ​គីឡូ​ក្រាម​ ដែល​ធ្វើ​ឱ្យ​​ពួក​គាត់​​ប្រឈម​​​នឹង​ការ​​ខាត​​បង់​​ច្រើន។

នៅ​ចុង​ឆ្នាំ​២០២៤ និង​ដើម​ឆ្នាំ២០២៥ នេះ ប្រជាកសិករ​ដែល​ដាំ​ដំឡូង​មី បាន​ត្អូញត្អែរ​​ជា​បន្ត​​បន្ទាប់ និង​មាន​កសិករ​ខ្លះ​បាន​បង្ហោះ​ក្នុង​បណ្តាញ​សង្គម ​​ពី​​តម្លៃ​​ដំឡូ​ង​មី​ធ្លាក់​​ថ្លៃ​ខ្លាំ​ង និង​​ពិបាក​​ក្នុង​​ការ​​រក​​ទីផ្សារ។

ករណី​នេះ រដ្ឋ​លេខាធិការ​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ លោក​បណ្ឌិត យ៉ង សាំង​​កុមារ​ មាន​ប្រសាសន៍​នៅ​ថ្ងៃទី០៧ ខែមករា នេះ​ថា បញ្ហា​ទី​ផ្សារ និង​ដំឡូង​មី​ធ្លាក់​ថ្លៃ​នេះ ខាង​​ក្រសួង​ពាណិជ្ជកម្ម និង​ក្រសួង​កសិកម្ម គ្រោង​​ជួប​ពិភាក្សា​គ្នា​ជា​មួយ​សមាគម​ដំឡូង​មី ក្នុង​​ពេល​​​ឆាប់ៗ​នេះ ដើម្បី​រក​ដំណោះ​ស្រាយ។ តែ​យ៉ាង​ណា លោក​មិន​បាន​បញ្ជាក់​ពីកាល​បរិ​ច្ឆេទ​ច្បាស់​លាស់​នៅ​ឡើយ។

លោកថា៖ «ក្រសួង​ពាណិជ្ជកម្ម នឹង​រៀប​ចំការ​ធ្វើការ​ប្រជុំ​ពិភាក្សា​គ្នា​​ជាមួយ​​​សមាគម​ដំឡូង​មី នៅ​ក្នុង​ពេល​ឆាប់ៗ​នេះ ដើម្បី​ស្វែង​យល់​ពី​បញ្ហា​ហ្នឹង ហើយ​រក​ដំណោះ​ស្រាយ​សម​ស្រប​ណាមួយ​ជូន​ដល់កសិករ​ដាំ​ដំឡូង​មី អីចឹង​យើង​នឹង​ចូលរួម​ជាមួយ​ក្រសួង​ពាណិជ្ជកម្ម​ដែរ ដើម្បី​ធ្វើការ​ងារ​ហ្នឹង»

រដ្ឋលេខាធិការ​ក្រសួង​ពាណិជ្ជកម្ម លោក វ៉ា រុតសាន មាន​ប្រសាសន៍​ដែរ​ថា ក្រសួង​បាន​ដឹង​​ពី​​បញ្ហា​​របស់​ប្រជាកសិករ​ដាំ​ដំឡូង​មី ដែល​​ជួប​ការ​លំបាក​រឿង​តម្លៃ​ធ្លាក់ចុះ និង​ការ​ពិបាក​​រក​​ទីផ្សារ​​​នេះ​​ដែរ។ លោក​បន្ត​ថា កន្លង​មក​ ប្រទេស​​ចិន ជា​ទីផ្សារ​ធំ​មួយ​ក្នុង​ការ​​នាំ​ចូល​​ដំឡូង​​មី​ច្រើន​​ជាង​​គេ ដោយ​សារ​គេយក​ដំឡូង​មី​ទៅ​ធ្វើ​​អេតា​ណុល ប៉ុន្តែ​​កាល​ពី​អំឡុង​ឆ្នាំ២០២៣ ប្រទេស​​​នេះ បាន​ស្រាវ​ជ្រាវ​​រក​ឃើញ​ថា​ការ​​​យក​ធ្បូង​ថ្មី​ទៅ​ធ្វើ​ជា​អេតាណុល មាន​តម្លៃ​ថោក​​ជាង​​ដំឡូង​មី ទើប​បណ្តាល​ឱ្យ​​ការ​នាំចូល​​ដំឡូង​មី​ ទៅ​កាន់​ប្រទេស​នេះ​ធ្លាក់​ចុះ។

លោកថា៖ «ប្រទេស​ដែល​ត្រូវការ​ដំឡូងមី ដែល​មិន​យក​ទៅ​ធ្វើ​អេតាណុល​​ហ្នឹង យក​ទៅ​ធ្វើ​ចំណី​អាហារ យក​ធ្វើ​ស្អីៗ​ហ្នឹង គឺគេ​ត្រូវការ​ប្រភេទ​ដំឡូងមី​ ដែល​មាន​គុណភាព​​​ខ្ពស់ ​​​មិនមែន​ដូច​យើង​សព្វ​ថ្ងៃ ដែលយើង​ផលិត​នៅ​កម្រិត​ទាប អត់ទាន់​មាន​គុណភាព​ខ្ពស់ ដើម្បី​ធ្វើការ​នាំ​ចេញ​ទេ កាល​ណោះ​យើង​សំរុក​ទៅតែ​ចិន គុណភាព​ល្មមៗ​គេ​យក​ទៅ​​ធ្វើ​អេតាណុល គុណភាព​ល្អ គេយក​ទៅ​ធ្វើ​ចំណី​អាហារ​អី​ចឹង​ទៅ។ ថៃ និងវៀតណាម គេ​​យក​ពី​យើង យក​​​ទៅ​ចិន​​​ដូគ្នា​ហ្នឹង ទីផ្សារ​ធំ​ជាង​គេ​គឺ​ចិន​ហ្នឹង​ហើយ»

ក្នុង​ចំណោម​កម្ម​វិធី​នយោបាយ​​អាទិភាព​ទាំង​៦​ របស់​រាជរដ្ឋាភិបាល​​នៅ​អាណត្តិ​ទី​៧ គឺ​កម្មវិធី​​លេខ​​រៀង​ទី៥ បាន​បញ្ជាក់​​ពី​ការ​ដាក់​ចេញ​កញ្ចប់​ថវិកា​ជាក់​ស្តែង​ចំនួន ១០០លានដុល្លារ ដើម្បី​​លើក​​ស្ទួយ​ការ​​ដាំ​ដុះ​ និង​រក​ទីផ្សារ ហើយ​​ចំនួន​ថវិកា​​នេះ អាច​​ដាក់​​ចេញ​​បន្ថែម​ទៀត ​ក្នុង​​ករណី​​តម្រូវ​ការ​​ចាំបាច់។

កសិករ​​មួយ​រូប​ រស់​នៅស្រុក​អន្លង់​វែង ខេត្ត​ឧត្ដរមានជ័យ ​ដែល​មាន​ដី​ដាំ​ដំឡូងមី​​ប្រមាណ ២០ហិកតា លោក រ៉ន រ៉ប មាន​ប្រសាសន៍​ថា តម្លៃ​ដំឡូងមី​ធម្មតា​បច្ចុប្បន្ន ឈ្មួញ​​ប្រមូល​​​ទិញ​ពីកសិករ​​​​ក្នុង​តម្លៃ ១៧០​រៀល ទៅ​២០០រៀល ក្នុង​មួយ​គីឡូ ទៅ​តាម​គុណ​ភាព ដែល​​ធ្វើ​ឱ្យ​​​កសិករ​​ខាត​ជាង​ពាក់​កណ្តាល​​​បើធៀប​​​នឹង​​​ការ​​ចំណាយ​​ផ្សេងៗ ដូចជា ការ​ដាំដុះ ការ​ដាក់​ជី និង​​ការ​​ប្រើ​​ប្រាស់​​កម្លាំង​​ពលកម្ម​។

លោកថា៖ «​ព្រោះ​ក្នុង​មួយ​ហិកតា​យើង​ចំណាយ​​ដើម​ធ្វើ​​មិនក្រោម​លានរៀល ទៅ​ ៣លានរៀល ​​ទេ កាត់​ថ្លៃ​អាត្រាក់ ថ្លៃ​ជី ថ្លៃ​ថ្នាំទៅ​។ បើ​តម្លៃ​ត្រឹម ៣០០រៀល ​[ក្នុងមួយគីឡូក្រាម] កសិករ​​នៅ​ខាង​នេះ អាច​ទទួល​យកបាន វា​មិន​សល់​ចំណេញ​ច្រើន វា​អាច​សល់​ចំណេញ​តិច​តួច ​​​បើ​តម្លៃ​នៅ​​ត្រឹម ១៧០រៀល ១៨០រសៀល ១៩០រៀល គឺ​កសិករ​ខាត​ទាំង​ស្រុង​តែម្តង មិន​បាន​ដើម​វិញ​ទេ ខាត ខាត​ជាង​ពាក់​កណ្តាល»

កសិករ​​​ដាំ​ដំ​ឡូង​មី​​នៅខេត្ត​ពោធិ៍សាត់ លោក គុច វ៉េង មាន​ប្រសាសន៍​​ថា តម្លៃ​ដំឡូង​មី​ធម្មតា បាន​ធ្លាក់​ចុះ​ដល់ ១៨០រៀល ក្នុង​មួយ​គីឡូ​​ក្រាម ខណៈដំឡូង​​មី​​ដែល​​ហាល​​​​​ស្ងួត ឈ្មួញ​​​បាន​​​ទម្លាក់​​​តម្លៃ​ពី​ ៩០០រៀល មកនៅ​​​​ត្រឹម​ ៥០០រៀល ទៅ ៥៥០រៀល ក្នុង​​មួយ​​គីឡូ​​ក្រាម ទៅ​តាម​​គុណ​ភាព។ លោក​​បន្ត​ថា តម្លៃ​នេះ មិន​អាច​ទូទាត់​នឹង​​ថ្លៃដើម​ក្នុង​​ការ​​ដាំដុះ​​នោះ​ទេ ខណៈ​​កសិករ​​ខ្លះ​បានខ្ចី​បុល​គេ​​ដើម្បី​ធ្វើ​ជា​ដើមទុក​​ ក្នុង​ការ​ដាំដុះ។

លោក​បន្ថែម​ថា បញ្ហា​អាកាសធាតុ​ក៏​ជា​មូលហេតុ​មួយ ​ដែល​ធ្វើ​ឱ្យ​​​ដំឡូង​មី​​មិន​ទទួល​​បាន​​ទិន្ន​ផល​​​ខ្ពស់ និង​​​ខូច​​គុណ​ភាព ដែល​ជា​ការ​ខាតបង់​មួយ​រួច​ទៅ​ហើយ  ហើយ​នៅ​​ពេលដែល​​ប្រ​មូល​ផល​ ​​តម្លៃ​​ដំឡូង​​មី​ធ្លាក់​​ចុះ​​ខ្លាំង​ទៀត កាន់តែ​ធ្វើ​ឱ្យ​​កសិករ​ជួប​ការ​លំបាក​ខ្លាំង។

លោកថា៖ «ដល់​ចឹង​ទៅ​វា​បះដៃ​បះជើង​ម្នាក់ៗ ទាំង​គេ​ និង​ទាំងខ្ញុំ ឥលូវ​​ហ្នឹង​​ដាក់​​បឈ្ឈរ​​ចោល​ ​៣០​ ​ទៅ​៤០​​ការ៉ុង អត់​​មាន​​ឈ្មួញ​​មក​​​ទិញ​​ទេ ហើយ​មក​ដល់​ឱ្យ ៥០០​រៀល ​​ក្នុង​​មួយ​​គីឡូ​អី វា​ដោយ​​សារ​​​ជីវ​ភាព​ខ្វះ​ខា​ត​​ហ្នឹង​​ហើយ បាន​​យើង​បង្ខំ​​លក់​ទៅ អា​​ថោក​​អី​​ក៏​​លក់​​ទៅ បាន​លុយ​សង​គេ​សងអី​ចឹង​ទៅ​។ ជីវភា​ព​​យើង​រក​​សម្រាប់​មួយ​ថ្ងៃ​ហូប​មួយ​ថ្ងៃ ដល់​​របស់​​យើង​ផលិត​បាន​មក​ យើង​យក​ទៅលក់​ឱ្យ​គេ​​ អត់​រួច​​ខ្លួន គិត​ថា វាអត់​​មាន​​ជីវភាព​​អីរុង​រឿង​​ទៅ​មុខ​ទៀត​​ទេ»

ករណី​នេះ លោក​​បាន​​អំពាវនាវ​​ដល់​រដ្ឋាភិបាល ក៏​ដូចជា​ក្រសួង​ពាក់ព័ន្ធ ឱ្យ​ជួយ​អន្តរាគមន៍​​ទៅ​​ក្រុម​​ឈ្មួញ កុំ​ឱ្យ​ទម្លាក់​តម្លៃ​ខ្លាំង​ពេក និង​ជួយ​​ដល់​​កសិករ​​ក្នុងការ​​​រ​ក​​ទីផ្សារ​ ដើម្បី​ឱ្យ​ផល​​ដំណាំ​របស់​ពួកគាត់​មាន​ទីផ្សារ​ឡើង​វិញ។

លោកថា៖ «សំខាន់​ឱ្យតែ​អាជ្ញាធរ​​គាត់​យក​ចិត្ត​ទុកដាក់​ជាមួយ​កសិករ​​ហ្នឹង​ផង​ទៅ វា​​រីក​​ចម្រើន​​​បាត់​ទៅ​ហើយ ប៉ុន្តែ​បើក​ដៃ​ឱ្យ​ឈ្មួញ​ហ្នឹង​​ទិញ​តាម​អំពើ​ចិត្ត​អី​ចឹង បន្ថោក​​តាម​អំពើ​ចិត្ត​អី​ចឹង វា​ដូច​ជា អត់​មាន​មេ​ អត់​មាន​កើយ​ អី​ចឹង​ទៅ​ណា ហើយ​​បើ​រដ្ឋាភិ​បាល​ អាជ្ញាធរ​​ត្រូវ​យក​ចិត្ត​ទុក​ដាក់ ពេល​ដែល​​ប្រជា​​ពលរដ្ឋ​បោះឆ្នោត​ឱ្យ​ជាប់ ធ្វើ​ជា​អ្នក​ដឹកនាំ ថ្នាក់​​ដឹក​នាំឃើញ​កសិករ​​រង​​ទុក្ខ​ហើយ គាត់​ធ្វើ​មិន​ឃើញ​ចឹង ខ្ញុំ​មិន​​ដឹង​ថា​​គិត​​យ៉ាង​​ម៉េច»

កាល​ពីថ្ងៃទី​១៧ ខែធ្នូ ឆ្នាំ២០២៤ ក្នុង​ជំនួប​ពិភាក្សា អំពី​យុទ្ធសាស្ត្រ​ជំរុញ​​ការ​អភិវឌ្ឍ​​អនុ​វិស័យ​​ដំឡូង​​មី​របស់​​កម្ពុជា ឧកញ៉ា ច្រាយ សុន ប្រធាន​សហព័ន្ធ​ដំឡូងមី​កម្ពុជា ឱ្យដឹង​​​ថា កម្ពុជា​​​ជាប់​ចំណាត់​ថ្នាក់​ជា​ប្រទេស​​នាំចេញ​ដំឡូង​មី​​ធំ​ជាង​គេ​ទី៤ នៅ​អាស៊ី និង​ទី១០ នៅ​លើ​ពិភព​លោក ដែល​មាន​ផ្ទៃ​ដី​ដាំ​ដំឡូង​មី​ប្រមាណពី ៦០០,០០០(៦សែន) ទៅ ៨០០,០០០(៨សែន)ហិកតា។ លោក​បន្ត​ថា បច្ចុប្បន្ន កម្ពុជា​បាន​នាំចេញ​ដំឡូងមី​ស្រស់ ៩៥% ហើយ​កែច្នៃ​​ក្នុងស្រុក​​បាន ៥% ដោយ​បាន​រួមចំណែក​ប្រមាណ ៧២៨ លានដុល្លារ​​អាមេរិក ​ដល់​​សេដ្ឋកិច្ច​​ជាតិ។ នេះ​​បើតាម​ការ​​ស្រង់​សម្តី​របស់​លោក​​មក​ចុះ​ផ្សាយ​ ​ដោយ​សារព័ត៌មាន​ក្នុង​ស្រុក​នានា។

មើម​ដំឡូងមី​អាច​ត្រូវ​បាន​គេ​កែច្នៃ​ទៅ​ជា​ផលិតផល​ច្រើន​ប្រភេទ រួមមាន ម្សៅ​ដំឡូងមី និង​កែ​​ច្នៃ​​បន្ត​ទៅ​ជា​ផលិតផល​ចំណី​អាហារ ដូច​ជា នំប៉័ង នំស្រួយ ភេសជ្ជៈ ឬចំណី​សត្វ​ជាដើម។

របាយការណ៍​របស់​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បង្ហាញថា នៅក្នុង​ឆ្នាំ២០២៣ កម្ពុជា​នាំចេញ​ដំឡូង​មី​សរុប​ជាង ៣លាន​តោន ក្នុង​នោះ នាំចេញ​ដំឡូង​មី​ក្រៀម​ចំនួន​ជាង​ ១លាន២សែនតោន (១ ២៨៩ ៧៣៩,០៤តោន) ធ្លាក់ចុះ​ ៣៧,៦៤ភាគរយ, ដំឡូង​មី​ស្រស់ ចំនួន​ជិត ២លានតោន (១ ៩៦១ ៣៧៥ តោន) កើនឡើង ២៦,៥១% និង​នាំ​ចេញ​​ម្យ៉ៅ​​ដំឡូង​​មី​​ជាង ៣ម៉ឺន៦ពាន់តោន (៣៦ ២៥៦,៨០តោន) ថយចុះ ៤៥,៣៩%។

របាយការណ៍​របស់​ក្រសួង បាន​ឱ្យដឹង​ដែរ​ថា រយៈពេល ៥ខែ នៅ​ក្នុង​ឆ្នាំ២០២៤ ការ​​នាំ​ដំឡូង​​មី​​ចេញ​​មាន​ចំនួនជាង ១លាន៥សែនតោន (១ ៥៩៩ ១៦០ តោន) ចំនួន​នេះ​​កើន​ឡើង​​បើ​​ប្រៀប​​ធៀប​​នឹង​រយៈ​ពេល​ ៥ខែ ដំ​បូង​ក្នុង​ឆ្នាំ២០២៣ ដែល​ការ​នាំចេញ​មាន​តែ​ជាង​ ២សែនតោន (២៥៦ ១១០តោន) តែប៉ុណ្ណោះ។ ទីផ្សារ​នៃការ​នាំចេញ​ដំឡូងមី​មាន​ប្រទេស​គោលដៅ​ចំនួន៣ គឺថៃ វៀតណាម និងចិន។

របាយការណ៍​ដដែល​បន្ថែម​ថា  កម្ពុជា​មាន​ផ្ទៃដី​អំណោយផល​ អាច​ដាំ​ដំឡូងមី​បាន​ជាង ១លានហិកតា នៅ​ក្នុង​ខេត្ត​គោលដៅចំនួន​១៧។

បញ្ហា​​គ្មាន​​ទីផ្សារ​ សម្រាប់​​លក់​ផលិតផល​​កសិកម្ម ក្នុង​តម្លៃ​សមរម្យ​នេះ ត្រូវ​បាន​​អ្នក​​ជំនាញ​ពាក់​ព័ន្ធ​​​បាន​លើក​ឡើ​ង​​​ថា បាន​ក្លាយ​ទៅ​​ជា​វិបត្តិ​សង្គម​ធំ​មួយ ដែល​​ធ្វើ​ឱ្យ​កសិករ​ខ្មែរ​​ងើប​មុខ​មិន​រួច​ ​ថែម​​ទាំង​ធ្លាក់​​ខ្លួន​ជំពា​ក់​​​​បំ​ណុ​ល​​ធនាគារ។

ការ​បន្សល់​ទុក​វិបត្តិទីផ្សារ​ សម្រាប់​កសិករ វាមិន​ត្រឹម​តែ​គំរាម​កំហែង​ជីវិត​កសិករ ធ្វើ​ឱ្យ​ពួកគេ​រួម​រឹត​ដោយ​បំ​ណុល​​ប៉ុណ្ណោះ​ទេ វា​ក៏​ឆ្លុះ​បញ្ចាំង​ពី​ការ​បរាជ័យ លើការ​អនុវត្ត​កម្មវិធី​នយោបាយ និង​មិន​បាន​បំពេញ​កាតព្វកិ​ច្ច តប​តាម​រដ្ឋធម្មនុញ្ញ ដែល​ជា​ច្បាប់កំពូល​របស់​ជាតិ​ផង​ដែរ។

មាត្រា៦២ និង៦៣ នៃ​រដ្ឋធម្មនុញ្ញ​ចែងថា «រដ្ឋ​យក​ចិត្ត​ទុកដាក់​ជួយ​ដោះ​ស្រាយ​មធ្យោបាយ​ផលិត​ការពារ​ថ្លៃ​ផលិត​ផល ជូន​កសិករ សិប្បករ និង​ជួយ​រក​ទីផ្សារ​លក់​ផលិត​ផល។ រដ្ឋ​យក​ចិត្តទុក​ដាក់​គ្រប់​គ្រង​ទីផ្សារ​ ជួយ​ឱ្យ​ជីវភាព​រស់​នៅ របស់​ប្រជា​ពលរដ្ឋ​មាន​កម្រិត​សមរម្យ»៕

ដោយ៖ កញ្ញា កែវ មរកត

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ