កសិករដាំដំឡូងមី នៅតាមបណ្តាខេត្តមួយចំនួន បានសម្តែងការអស់សង្ឃឹម ខណៈឆ្នាំនេះដំឡូងមីបានធ្លាក់ថ្លៃយ៉ាងគំហុក ដែលការណ៍នេះ ជំរុញឱ្យមានការលើកឡើងថា បញ្ហាទាំងអស់នេះ មកពីកម្សោយនៃការប្តេជ្ញាចិត្ត របស់រដ្ឋាភិបាល ធ្វើឱ្យក្រុមឈ្មួញកំណត់វាសនាកសិករខ្មែរ។
ពួកគាត់មួយចំនួនបានលើកជាសំណួរថា តើឆ្នាំក្រោយពួកគាត់គួរបន្តដាំដំឡូងមីទៀត ឬក៏ត្រូវទុកដីចោលដើម្បីធ្វើចំណាកស្រុក ទៅរកការងារធ្វើនៅក្រៅប្រទេស ដើម្បីរកប្រាក់មកដោះបំណុលគេ?
លោក មេឃ អូន វ័យ ៣០ឆ្នាំ ជាកសិករដាំដំឡូងមី នៅស្រុកវាលវែង ខេត្តពោធិ៍សាត់ បានឱ្យដឹងថា ឆ្នាំនេះលោកដាំដំឡូងមីបាន ១៦ហិកតា ដោយចំណាយទុនអស់ ៤២លានរៀល មិនទាន់គិតលើការចំណាយពេលប្រមូលផលនៅឡើយ។
កសិកររូបនេះ បានប្រាប់ វីអូឌី នៅថ្ងៃទី៧ ខែមករា ឆ្នាំ២០២៥ ថា ការដាំដំឡូងមីមួយហិកតា ត្រូវចំណាយអស់ខ្ទង់ពី ២លានកន្លះ ទៅ ៣លានរៀល គិតត្រឹមធ្វើស្មៅហើយ។
លោកថា នៅពេលប្រមូលផល ត្រូវចំណាយអស់ក្នុងមួយហិកតាខ្ទង់ ២លានរៀល ទៀត សរុបក្នុងមួយហិកតា ចំណាយអស់ប្រហែល ៥លានរៀល។
លោក មេឃ អូន បានឱ្យដឹងថា ជាធម្មតាដំឡូងមី ក្នុងមួយហិកតា ជាមធ្យម ទទួលបានផលប្រមាណ២០តោន ហើយថា នៅស្រុកវាលវែងឈ្មួញទិញក្នុងតម្លៃ ២២០រៀល ក្នុងមួយគីឡូ ដូច្នេះដំឡូងមីស្រស់២០តោន លក់បានតែ ៤លាន៤០ម៉ឺនរៀល ទេ គឺខាតអស់ ៦០ម៉ឺនរៀល ក្នុង ១ហិកតា។
លោកថា៖«សម្រាប់ខ្ញុំបើអត់ដាំដំឡូង ខ្ញុំមិនដឹងដាំអ្វីទេ បើកើតមកក្នុងគ្រួសារកសិករភាគច្រើន គឺដាំដំឡូង ដាំពោត ហីឥឡូវដំឡូងក៏ធ្លាក់ ពោតក៏ធ្លាក់។ ហីបងប្អូនដឹងហើយ ដំឡូងមិនមែនដាំ ១ថ្ងៃ បានដកទេ ខ្ញុំនេះ ៨ខែហើយ ហីខំប្រឹងឡើងចង់ងាប់។ យើងដាំដំឡូង យើងសង្ឃឹមលើដំឡូង យើងដាំស្រូវយើងសង្ឃឹមលើស្រូវ ហីដល់ពេលប្រមូលផលចុះថោកចឹង»។
នៅឆ្នាំនេះ កសិករដាំដំឡូងមី ជួបឧបសគ្គច្រើន ដោយសារពេលដាំចំពេលអត់មានភ្លៀង ដូច្នេះធ្វើឱ្យដំឡូងមួយចំនួនងាប់ ត្រូវដាំឡើងវិញខ្លះ ជួសឡើងវិញខ្លះ ថែមទាំងត្រូវស្រោចទឹកផង ហើយមេរោគក៏ច្រើន មានសត្វល្អិតដូចជាចៃស និងពីងពាងក្រហមរំខានច្រើន ដែលត្រូវចំណាយដើមទន់ច្រើន ក្នុងការថែទាំ។
តែផ្ទុយទៅវិញ លោកថា ពេលប្រមូលផល តម្លៃដំឡូងមីធ្លាក់ចុះទាប ដែលគ្រប់គ្នាមិននឹកស្មានដល់។ កសិកររូបនោះបញ្ជាក់ថាឆ្នាំមុន ដំឡូងស្រស់ លក់បានតម្លៃ ចន្លោះពី ៣៧០រៀល ទៅ ៤០០រៀល តែពេលនេះតម្លៃបានតែ ២២០រៀល ពោលគឺធ្លាក់ចុះពាក់កណ្តាល។
លោក មេឃ អូន បញ្ជាក់ថា បញ្ហានេះ ត្រូវបង្ខំចិត្ត មិនទាន់បានប្រមូលផលនៅឡើយទេ ដោយរង់ចាំតម្លៃទីផ្សារងើបឡើងវិញ។ ប៉ុន្តែថា កសិករផ្សេងទៀត បានសម្រេចប្រមូលផលទាំងដឹងថា មិនរួចថ្លៃដើម។
លោកបានឱ្យដឹងថា កាលពីឆ្នាំមុនដំឡូងមួយហិកតា លក់បានប្រាក់ពី ៨ ទៅ ៩លានរៀល តែឆ្នាំនេះ មួយហិកតា លក់បានតែ ៤លាន ទៅ ៥លានរៀល ប៉ុណ្ណោះ។
លោកថា៖«ម្នាក់ៗ វាអស់សង្ឃឹម ពីព្រោះតម្លៃវាធ្លាក់ថ្លៃខ្លាំងពេក អ្នកខ្លះមិនទាន់ដកផង ដូចខ្ញុំប៉ុន្តែអស់សង្ឃឹមបាត់ទៅហើយ ពីព្រោះតម្លៃវាធ្លាក់ថ្លៃខ្លាំងពេក។ មិនធម្មតាទេឥឡូវដល់ថ្នាក់ខុសគ្នាដល់ជាង ១០០(រៀល) បើប្រៀបធៀបជាមួយឆ្នាំទៅ ខុសគ្នាតែ ១កាក់ ២កាក់ ក៏ខ្លាំងដែរ ដំឡូង ១ហិកតាៗ មិនមែនតិចតោនទេ ហើយត្រូវចំណាយច្រើនណាស់ជី ថ្នាំ។ បងប្អូនយើងពិចារណាមើលទៅ ឱ្យតែកសិករយើងដាំអីបានច្រើន គឺថោកធ្លាក់ថ្លៃ។ ប៉ុន្តែមុខទំនិញរបស់របរដែលយើងទៅទិញគេនៅទីផ្សារដូចមិនឃើញមានអ្វីធ្លាក់ថ្លៃទេ ថ្នាំ ជី និងរបស់ហូបចុក អត់ឃើញមានធ្លាក់ថ្លៃសោះ»។
រហូតមកដល់ដើមខែមករា ឆ្នាំ២០២៥ នេះ កសិករនៅស្រុកវាលវែង ទើបតែប្រមូលផលដំឡូងមីបានប្រហែល ១៥% ប៉ុណ្ណោះ ដោយសារចាំមើលតម្លៃ ខណៈអ្នកដែលប្រមូលផលពេលនេះ គឺដោយសារពួកគាត់ទាល់ច្រក គ្មានលុយបង់ធនាគារ និងការហូបចុកប្រចាំថ្ងៃ។
ក្នុងនាមជាកសិករដាំដំឡូងមីម្នាក់ លោក មេឃ អូន បានសំណូមពរឲ្យក្រសួងកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទ និងក្រសួងពាក់ព័ន្ធ ជួយរកទីផ្សារដំឡូងមី ឱ្យកសិករលក់បានតម្លៃសមរម្យផង ពីព្រោះតម្លៃត្រឹម១៨០ ឬ ២២០ (រៀល) ដូចបច្ចុប្បន្ននេះ ដូចកំពុងតែសម្លាប់កសិករអ៊ីចឹង។
ចំណែកលោកម៉ាប់ ផាន់ណា រស់នៅភូមិត្រពាំងក្អែក សង្កាត់វាលពង់ ក្រុងឧដុង្គម៉ែជ័យ ដែលដាំដំឡូងមីនៅក្នុងខេត្តកំពង់ឆ្នាំង លើផ្ទៃដីទំហំ ២០០ហិកតា បានថ្លែងប្រាប់ វីអូឌី នៅថ្ងៃទី៧ ខែមករា ថា នៅឆ្នាំនេះដំឡូងមីធ្លាក់ថ្លៃខ្លាំង ទាំងដំឡូងមីស្រស់ ទាំងដំឡូងមីក្រៀម។
លោកថា ទាំងលទ្ធផល ទិន្នផល និងគុណភាពដំឡូងមីរបស់ប្រជាកសិករខ្មែរនាពេលបច្ចុប្បន្ន គឺដាំបានល្អ នៅឡើយតែតម្លៃដែលបងប្អូនកសិករមិនអាចទទួលយកបានឡើយ។
លោកថា៖ «ដំឡូងក្រៀមបើប្រៀបធៀបកាលពីឆ្នាំទៅ គឺធ្លាក់ថ្លៃខ្លាំង ពីព្រោះកាលពីឆ្នាំទៅ លក់បាន ៨០០រៀល ជាង ប៉ុន្តែឆ្នាំនេះលក់បានតែជាង ៦០០រៀល ទេ ហើយរហូតមកដល់ពេលនេះនៅវៀតណាមមិនទាន់បើកទិញទូលំទូលាយនៅឡើយទេ។ ចំណែកដំឡូងស្រស់ក៏ធ្លាក់ថ្លៃខ្លាំងណាស់ដែរ ពីព្រោះកាលពីឆ្នាំទៅ លក់បានជាង ៥០០(រៀល) ហើយគេកាត់តែ ១៦-១៧% ទេ តែឆ្នាំនេះលក់បានតែ ៣០០រៀល តែគេកាត់ដល់ ២០% អ៊ីចឹងបានន័យថា ១តោន កាត់អស់ ២០០គីឡូក្រាម»។
រហូតមកដល់ពេលនេះ លោក ផាន់ ណា មិនទាន់ប្រមូលផលដំឡូងអស់នៅឡើយទេ។ ក្រៅពីដាំដំឡូងមីដោយខ្លួនឯង លោក ផាន់ណា ក៏ជាអ្នកដើរប្រមូលទិញដំឡូងមី របស់កសិករនៅតាមភូមិមួយចំនួន ដើម្បីយកមកកាត់ហាលឱ្យក្រៀម មុននឹងដឹកយកទៅលក់ឱ្យសិប្បកម្មផលិតចំណីគោផងដែរ។
ដោយសារតែឆ្នាំនេះ ដំឡូងមីធ្លាក់ថ្លៃខ្លាំង ដែលដំឡូងមីស្រស់អាចលក់បានត្រឹមតែពី ១៨០ ទៅ២៤០ ឬក៏ ៣០០រៀល កសិករដាំដំឡូងមី បានចោទសួរគ្នាទៅវិញទៅមក តាមបណ្តាញសង្គមថា តើទៅមុខទៀតគួរដាំដំឡូងមីទៀត ឬក៏ឈប់ដាំដោយទុកដីចោលហើយទៅស្វែងរកការងារធ្វើនៅក្រៅប្រទេស។
លោក សាន ម៉ៅ ដែលជួលដីគេដាំដំឡូងមី ៩០ហិកតា នៅស្រុកវាលវែង ខេត្តពោធិ៍សាត់បាននិយាយថា ដោយសារកាលពីឆ្នាំមុន ដំឡូងមីលក់រាងបានថ្លៃគ្រាន់បើ គឺដំឡូងមីស្រស់លក់បានថ្លៃ ៤០០រៀល ក្នុង១គីឡូក្រាម ឆ្នាំនេះ លោកបានជួលដីគេបន្ថែម ៩០ហិកតាទៀត ពីលើដីរបស់លោក ៦០ហិកតា ដើម្បីដាំដំឡូងមី ដោយសង្ឃឹមថា ឆ្នាំនេះនឹងលក់បានថ្លៃជាងឆ្នាំមុន ឬយ៉ាងហោចណាស់ក៏លក់បានតម្លៃស្មើឆ្នាំមុនដែរ។ ប៉ុន្តែលោកថា ឆ្នាំនេះដំឡូងមីស្រស់ បែរជាធ្លាក់ថ្លៃ មកនៅត្រឹម ២២០រៀល ទៅវិញ។
ដោយសារតែមានការខាតបង់ប្រាក់ ខាតកម្លាំង និងពេលវេលា ថែមទាំងត្រូវជំពាក់បំណុលធនាគារទៀត ក្នុងការដាំដំឡូងមី នៅឆ្នាំនេះលោក ម៉ៅ ដែលមានកូន ៤នាក់ ក្នុងបន្ទុក បាននិយាយថា លោកមិនទាន់ប្រាកដថា តើឆ្នាំក្រោយត្រូវបន្តដាំដំឡូងមីទៀត ឬក៏រកផ្លូវធ្វើចំណាកស្រុកទៅរកការងារធ្វើនៅស្រុកគេ ដើម្បីរកប្រាក់មកដោះបំណុលគេ ឬក៏យ៉ាងណានៅឡើយទេ។
ចំណែក លោក ក្លឹង ទូច ជាកសិករដាំដំឡូងមីលើផ្ទៃដី ៥០ហិកតា នៅខេត្តស្ទឹងត្រែងបានឱ្យដឹងថា នៅខេត្តភាគឦសាន ដំឡូងមីស្រស់មួយគីឡូក្រាម លក់បានតម្លៃ ២៨០រៀល។
លោកនិយាយថា បើលក់បានតម្លៃពី ៣០០ ទៅ ៤០០រៀល គ្រាន់បានសងគេខ្លះ ប៉ុន្តែឥឡូវ បែរជាលក់បានតែ ២៨០រៀល គឺមិនរួចថ្លៃដើមនោះទេ។
លោក ទូច មិនប្រាកដថា នៅឆ្នាំក្រោយ លោកនឹងបន្តដាំដំឡូងមីទៀត ឬក៏ប្តូរទៅដាំដំណាំអ្វីផ្សេង ឬក៏ត្រូវធ្វើចំណាកស្រុក ទៅរកការងារធ្វើនៅក្រៅប្រទេសនោះទេ ពីព្រោះនៅពេលនេះ លោកកំពុងជាប់ដៃប្រមូលផលដំឡូងមី ដើម្បីលក់សងបំណុលគេសិន។
វីអូឌី មិនអាចទាក់ទងលោក ឃឹម ហ្វីណង់ អ្នកនាំពាក្យ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដើម្បីស្នើសុំធ្វើអត្ថាធិប្បាយលើបញ្ហាដំឡូងមីធ្លាក់ថ្លៃនេះបានទេ នៅថ្ងៃទី៧ ខែមករា ឆ្នាំ២០២៥ នេះ។
ប៉ុន្តែនៅថ្ងៃទី៨ ខែមករា នេះប្រព័ន្ធផ្សព្វផ្សាយស្និទ្ធនឹងរដ្ឋាភិបាល បានចុះផ្សាយថា នាយករដ្ឋមន្ត្រីលោក ហ៊ុន ម៉ាណែត បានពិភាក្សាបញ្ហានេះ ជាមួយប្រតិភូសហព័ន្ធស្រូវអង្ករកម្ពុជា ដើម្បីរកដំណោះស្រាយ។
ដោយឡែក រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោកបណ្ឌិត យ៉ង សាំងកុមារ ប្រាប់ វីអូឌី កាលពីថ្ងៃទី០៧ ខែមករា ថា ក្រសួងពាក់ព័ន្ធកំពុងរកដំណោះស្រាយបញ្ហានេះ។
លោកថា៖ «ក្រសួងពាណិជ្ជកម្ម នឹងរៀបចំការធ្វើការប្រជុំពិភាក្សាគ្នា ជាមួយសមាគមដំឡូងមី នៅក្នុងពេលឆាប់ៗនេះ ដើម្បីស្វែងយល់ពីបញ្ហាហ្នឹង ហើយរកដំណោះស្រាយសមស្របណាមួយជូនដល់កសិករដាំដំឡូងមី អីចឹងយើងនឹងចូលរួមជាមួយក្រសួងពាណិជ្ជកម្មដែរ ដើម្បីធ្វើការងារហ្នឹង»។
ទីប្រឹក្សាបច្ចេកទេស របស់អង្គការសាមគ្គីភាពកសិករ លោក ឌី គន្ធា និយាយថា ហានិភ័យនៃការធ្លាក់ចុះតម្លៃស្រូវ និងដំឡូងមី របស់កសិករខ្មែរ ដែលត្រូវបន្តុះបង្អាប់ ដោយបណ្តាញរបស់ឈ្មួញធំៗ នៅក្នុងស្រុក និងប្រទេសជិតខាង គេបានសហការគ្នាកំណត់តម្លៃ។
ហានិភ័យទី២ ដោយសារតែកសិករខ្មែរ មិនបានធ្វើផលិតកម្ម តាមកិច្ចសន្យា ដែលលោកសំដៅ ដល់ការធ្វើការចរចាកំណត់តម្លៃដោយសមធម៌សង្គម យុត្តិធម៌ ក្នុងតម្លៃមួយ ដែលអាចទទទួលយកបាន សមរម្យ ទៅនឹងការចំណាយថ្លៃផលិត និងបញ្ហាមួយទៀត គឺភាពចន្លោះប្រហោង របស់មន្ត្រីរដ្ឋាភិបាល ពាក់ព័ន្ធ ចាប់ពីថ្នាក់ជាតិ រហូតដល់ក្រោមជាតិ រួមទាំងគណៈកម្មាធិការជាតិទទួលបន្ទុកផ្នែកធ្វើផលិតកម្មតាមកិច្ចសន្យា រហូតដល់គណៈកម្មការថ្នាក់ក្រោមជាតិ ដែលតួអង្គនីមួយៗដើរតួនាទីយ៉ាងសំខាន់ ក្នុងការសង្គ្រោះទីផ្សារតម្លៃផលិតផល របស់កសិករ និងកត្តាចម្បងមួយទៀត គឺគ្មានការប្តេជ្ញាចិត្តខ្ពស់ របស់រដ្ឋាភិបាល លើយន្តការជំរុញប្រកបដោយការទទួលខុសត្រូវ ចំពោះមុខកសិករ។
ជុំវិញបញ្ហានេះ លោក ជំរុញឱ្យរដ្ឋាភិបាលត្រូវមានឆន្ទៈនយោបាយខ្ពស់ ដោយត្រូវធានាថា ក្នុងរូបភាពណាក៏ដោយ ត្រូវធានាតម្លៃទីផ្សារកសិផល ស្រូវ និងដំឡូងមី របស់កសិករឱ្យបានសមរម្យ ធៀបនឹងតម្លៃថ្លៃដើម និងមួយទៀត ត្រូវពង្រឹងតួនាទីរបស់គណៈកម្មាធិការជាតិ ផ្នែកធ្វើផលិតកម្មតាមកិច្ចសន្យា រវាងតួអង្គវិស័យឯជន ដែលជាឈ្មួញកណ្តាល ដែលជាអ្នកប្រមូលទិញនៅក្នុងស្រុក និងក្រៅប្រទេស ជាមួយតំណាងកសិករ។
លោកថា៖ «បើសិនជាមុខរបររបស់គាត់ធ្វើកសិកម្មចេះតែខាតបង់ ពីមួយឆ្នាំ ទៅមួយឆ្នាំ ពីមួយរដូវ ទៅមួយរដូវ អាចធ្វើឱ្យគាត់ប្រឈមបំណុលវ័ណ្ឌក ទីពីរ អាចលក់ទ្រព្យសកម្មរបស់គាត់ គឺជាដីស្រែ ឬដីផ្ទះសម្បែងរបស់គាត់លក់ទូទាត់សងមកធនាគារ ហើយអាចធ្វើឲ្យកូនចៅរបស់គាត់ នឹងបោះបង់ការសិក្សា ហើយអាចធ្វើឲ្យកូនចៅរបស់គាត់ហ្នឹងចំណាកស្រុក ទៅធ្វើពលករនៅឯនាយសមុទ្រ»។
បន្ថែមពីនេះលោកក៏ជំរុញផងដែរ ឱ្យមេដឹកនាំខ្មែរ ក្រឡេកមើលពីគម្រូជោគជ័យរបស់ប្រទេសជិតខាង មានប្រទេសថៃ និងវៀតណាម ដែលថាប្រទេសទាំងពីរនេះ មិនដែលធ្វើឱ្យកសិករពួកគេអស់សង្ឃឹម ទៅលើការប្រកបមុខរបរកសិកម្មនេះទេ ទោះប្រទេសគេធ្លាប់ជួបបញ្ហាជាច្រើនក្តី។
លោកថា៖ «ទោះជាប្រទេសរបស់គេប្រឈមមុខ នឹងវិបត្តិសេដ្ឋកិច្ចហិរញ្ញវត្ថុ ឬក៏ប្រឈមមុខនឹងអតិផរណាសេដ្ឋកិច្ចយ៉ាងណាក៏ដោយ ឬប្រឈមមុខនឹងបញ្ហាបម្រែបម្រួលអាកាសធាតុ ឬយ៉ាងណាក៏ដោយ ក៏រដ្ឋាភិបាលប្រទេសទាំងពីរនេះនៅតែធានា នូវគោលនយោបាយមួយផ្ដល់សារនូវតម្លៃទីផ្សារផលិតផលដំឡូងមី និងស្រូវបានសមរម្យ ដើម្បីសម្របសម្រួលទៅលើការធ្វើផលិតកម្មតាមកិច្ចសន្យា ដោយធានាបាននូវការគ្រប់គ្រងហានិភ័យវិបត្តិទីផ្សារ របស់កសិករ»។
សូមបញ្ជាក់ថា កម្ពុជាបានជាប់ចំណាត់ថ្នាក់ជាប្រទេសនាំចេញដំឡូងមីធំជាងគេទី៤ នៅអាស៊ី និងទី១០ នៅលើពិភពលោក ដែលមានផ្ទៃដីដាំដំឡូងមីប្រមាណពី ៦០ម៉ឺន ទៅ ៨០ម៉ឺនហិកតា និងបាននាំចេញដំឡូងមីស្រស់ ៩៥% ហើយកែច្នៃក្នុងស្រុកបានតែ ៥% ប៉ុណ្ណោះ។ ដំឡូងមីបានរួមចំណែកប្រមាណ ៧២៨លានដុល្លារ ដល់សេដ្ឋកិច្ចជាតិក្នុង ១ឆ្នាំៗ។ ប៉ុន្តែ កសិករដែលជាអ្នកផលិត បានត្អូញត្អែរជារៀងរាល់ឆ្នាំ ពីហានិភ័យ នៃការបន្តុះបង្អាប់ ទម្លាប់តម្លៃ ពីសំណាក់ មាត់ឈ្មួញ ដែលចុះប្រមូលទិញ ធ្វើឱ្យពួកគេជួបវិបត្តិជីវភាព មិនអាចរើខ្លួនពីវិបត្តិបំណុលបាន៕
ដោយ៖ កញ្ញា កែវ មរកត












