ប្រតិកម្ម​ចម្រុះ​ជុំវិញ​ឃាតកម្ម​លើ​តំណាង​រាស្រ្ត​បក្ស​សង្រ្គោះ​ជាតិ លោក លិម គិមយ៉ា លើ​ទឹក​ដី​ថៃ

ករណី​ឃាតកម្ម​បាញ់សម្លាប់ លោក លិម គិម​យ៉ា តំណាង​រាស្ត្រ​គណបក្ស​​សង្គ្រោះ​ជាតិ ជំរុញ​ឱ្យ​មាន​ការ​ថ្កោលទោស​ទង្វើ​ដ៏​ឃោរ​ឃៅ ខាង​នយោបាយ​នេះ និង​ជំរុញ​ឱ្យ​បោស​សម្អាត​ខ្មាន់​កាំភ្លើង​អ្នក​ពាក់ព័ន្ធ ដើម្បី​ទប់ស្កាត់​ទង្វើ​ឃោរឃៅ​ខាង​នយោបាយ។

នាយក​រង​​ប្រចាំ​​តំបន់​​អាស៊ី​ ​នៃ​​អង្គការ​​ឃ្លាំមើល​​សិទ្ធិមនុស្ស​​អន្តរជាតិ Human Rights Watch លោក ហ្វីលរ៉ូប៉ឺតសុន Phil Robertson បាន​បង្ហោះ​សេចក្តី​ថ្លែងការណ៍​ ស្តីពី​ការ​បាញ់​សម្លាប់​អតីត​សមាជិក​សភា​គណបក្ស​សង្គ្រោះ​ជាតិ លោក លិម គិមយ៉ា នៅ​ទីក្រុង​បាងកក។

លោក ហ្វីល រ៉ូប៉ឺតសុន និយាយថា ការ​បាញ់ប្រហារ​ដ៏​សាហាវ​ លើ​អតីត​សមាជិក​សភា​គណកបក្ស​សង្រ្គោះ​ជាតិ​ គឺ​លោក លិម គិមយ៉ា នៅ​ទីក្រុង​បាងកក សុទ្ធ​ជា​សញ្ញា​នៃការ​ធ្វើ​ឃាត​នយោបាយ ហើយ​មើល​ទៅ​ជាការ​កើន​ឡើង​ គួរឱ្យ​កត់​សម្គាល់​ក្នុង​​ការ​ប្រើប្រាស់​ការ​គាប​សង្កត់​ឆ្លង​ដែន។

ប្រភព​បន្ត​ថា​ ផល​ប៉ះពាល់​ដោយ​ផ្ទាល់​ នឹងគំរាម​កំហែង​យ៉ាង​ធ្ងន់ធ្ងរ​ដល់​​​​នយោបាយ​​កម្ពុជា សកម្មជន អង្គការ​​ក្រៅ​​រដ្ឋាភិបាល និង​អ្នក​​​ការពារ​​សិទ្ធិ​​មនុស្ស ដែល​​បាន​ភៀស​ខ្លួន​ទៅ​ប្រទេស​ថៃ ដើម្បី​គេច​ពី​យុទ្ធនាការ​គាប​សង្កត់​នយោបាយ​ របស់​នាយករដ្ឋ​មន្ត្រី ហ៊ុន ម៉ាណែត។ 

សម្រាប់ លោក រ៉ូប៉ឺតសុន យល់ថា កេរ្តិ៍ឈ្មោះ​អន្តរជាតិ​របស់​ថៃ គឺ​ស្ថិត​នៅលើ​បន្ទាត់​នេះ​ហើយ ប៉ូលីស និង​អ្នក​នយោបាយ​ថៃ​គួរ​តែ​ទទួល​ស្គាល់ថា ខ្លួន​មិន​អាច​បោស​សម្អាត​ឃាតកម្ម​ ដ៏​ឃោរ​ឃៅ​នេះ​ ដូច្នេះ​ចាំបាច់​ត្រូវ​មាន​ការ​ស៊ើបអង្កេត​ជា​បន្ទាន់ ហ្មត់​ចត់ និង​តម្លា​ភាព។

ម្យ៉ាង​វិញ​ទៀត​​លោក​​ថា ត្រូវ​ចាត់​វិធានការ​បន្ទាន់ ដើម្បី​ចាប់​ខ្លួន​ជន​សង្ស័យ និង​មេក្លោង​នៅ​ពីក្រោយ​រឿង​នេះ ហើយ​រដ្ឋាភិបាល​បារាំង​ត្រូវ​តែស្វែង​រក​យុត្តិធម៌​ផង​ដែរ សម្រាប់​ពលរដ្ឋ​ខ្លួន គឺ​លោក លិម គិមយ៉ា។

បន្ថែម​ពី​នេះ លោក ហ្វីល រ៉ូប៉ឺតសុន ជំរុញ​ឱ្យ​រដ្ឋាភិបាលថៃ​ស៊ើប​អង្កេត​ប្រកប​ដោយ​ប្រសិទ្ធ​ភាព និងហ្មត់ចត់ចំពោះការ​ធ្វើឃាត​នេះ មិនថា​​តាម​​វិធីណាក៏ដោយ។

ចំណែក សម រង្ស៊ី បាន​បង្ហោះ​សេចក្តី​ថ្លែង​ការណ៍ គណបក្ស​សង្គ្រោះ​ជាតិ​លើ​ហ្វេសប៊ុក​របស់​លោក នា​ថ្ងៃទី​៨ ខែមករា នេះថា លោក​មាន​ក្តី​រន្ធត់ និង​សោកស្តាយ​ជា​ពន់​ពេក ចំពោះ​ដំណឹង​នៃ​អំពើ​ឃាតកម្ម បាញ់​សម្លាប់ ឯកឧត្តម លិម គិមយ៉ា តំណាង​​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​មណ្ឌល​ខេត្ត​កំពង់​ធំ យ៉ាង​សាហាវ​ឃោរ​ឃៅ និង​អមនុស្ស​ធម៌​បំផុត នៅ​​វេលា​ម៉ោង៥ កន្លះល្ងាច កាលពីថ្ងៃទី៧ ខែមករា ឆ្នាំ២០២៥ នៅទីក្រុងបាងកក ប្រទេសថៃ។

លោក ថ្កោលទោស​​យ៉ាង​​ដាច់​​អហង្ការ ចំពោះ​អំពើ​​ដ៏ព្រៃ​​ផ្សៃ​​នេះ ដែល​​ថា ជា​​ការ​​គំរាម​​កំហែង​យ៉ាង​​ធ្ងន់ធ្ងរ​ដល់​​សិទ្ធិ​​​​​សេរីភាព​​ផ្នែក​​នយោបាយ និង​អំពាវ​នាវ​​​​ឱ្យ​​អាជ្ញាធរ​ថៃ ធ្វើការ​​ស៊ើប​​អង្កេត​​ដោយ​​ហ្មត់​​ចត់ និង​​មិន​លំអៀង ហើយ​លោក ​សម រង្ស៊ី ចោទ​​ថា លោក ហ៊ុន សែន នៅ​​ពី​ក្រោយ​​ឃាតកម្ម​​នេះ។

សម្រាប់ លោក សម រង្ស៊ី លោក លិម គិមយ៉ា ធ្លាប់​​រស់​នៅ​​ប្រទេស​បារាំង​​ច្រើន​​ឆ្នាំ ហើយ​​កាន់​​សញ្ជាតិ​បារាំង-ខ្មែរ ហើយ លោក លិម គិមយ៉ា ជាសកម្មជន​សកម្ម​បំផុត​របស់​បក្ស​ប្រឆាំង ដែល​ស្ថិត​ក្នុង​បញ្ជី​ខ្មៅ​របស់ ហ៊ុន សែន។

បន្ថែម​ពី​នេះ លោក សម រង្ស៊ី ​សង្ឃឹម​ថា អាជ្ញាធរ​ថៃ នឹង​សហការ​ជាមួយ​ប៉ូលីស​បារាំង បង្រ្កាប​ប្រតិបត្តិការ​របស់ ហ៊ុន សែន ដែល​កំពុង​ធ្វើ​សកម្មភាព​នៅ​លើទឺក​ដី​​នៃប្រទេស​ថៃ។

ដូច​គ្នានេះ​ដែរ ប្រធាន​ក្រុម​ឃ្លាំ​មើល​កម្ពុជា លោក ម៉ែន ណាត បាន​បង្ហោះ​សារ​ ថ្កោលទោស​យ៉ាង​ដាច់​អហង្ការ ចំពោះ​ករណីឃាតកម្មនេះ ។

ប្រភព​បន្តថា ថ្វី​ត្បិត​ឃាតកម្ម​នេះ កើត​ឡើង​នៅ​ប្រទេស​ថៃ ក៏ប៉ុន្តែ​គឺ​ពិត​ជា​មាន​ពាក់ព័ន្ធ​យ៉ាង​ជ្រៅ​ទៅ​នឹង នយោបាយ​អសុចរិត​របស់​រដ្ឋាភិបាល​លោក ហ៊ុន ម៉ាណែត នៅ​កម្ពុជា។

លោក ម៉ែន ណាត សំអាង​ថា មុខ​ឃាតកម្ម លោក លិម គិមយ៉ា បាន​ប្រើ​ហ្វេស​ប៊ុក​របស់​លោក រិះគន់​ធ្ងន់ៗ ចំ​ពោះ លោក ហ៊ុន ម៉ានី ជា​កូន​ប្រុស​លោក ហ៊ុន សែន ដែល​ពាក់ព័ន្ធ​អគ្គិភ័យ​ឆេះ​ព្រះ​ឆាយាល័ក្ខណ៍​ព្រះមហាក្សត្រ ក្នុង​ថ្ងៃ​ឆ្លង​ឆ្នាំ​សកល និង​ការ​រិះគន់​ត្រកូល ហ៊ុន លើ​សំណុំ​រឿង កោះគុត ជាមួយថៃ។

សម្រាប់ លោក ម៉ែន ណាត យល់​ថា ទោះបី​គ្រួសារ​នាយករដ្ឋមន្ត្រី​ថៃ រាប់​អាន​ជា​បងប្អូន​ធម៌ ជាមួយ​រដ្ឋាភិបាល​គ្រួសារ​ហ៊ុន ក្តី ក៏​ប៉ុន្តែ​លោក​ជំរុញ​ឱ្យ អាជ្ញាធរ​សមត្ថកិច្ច​ថៃ ត្រូវ​ចាប់​ឃាតករ​ ទៅ​ផ្តន្ទាទោស​តាម​ច្បាប់ និងត្រូវ​វែក​មុខ​ជន​ជាប់​​ពាក់​ព័ន្ធ​នៅ​ពីខាង​ក្រោយ​ខ្នង នៃ​សំណុំ​រឿង​ឃាតកម្ម​នេះ។

លោក​ ម៉ែន ណាត ចាត់​ទុក​ថា ប្រទេសថៃ​នឹង​លែង​ជា​ទី​កន្លែង​មាន​សុវត្ថិភាព​សម្រាប់​អ្នក​ប្រជាធិបតេយ្យ​ខ្មែរ សកម្មជន​សង្គម និងអ្នក​ការពារ​សិទ្ធិមនុស្ស ដែល​ភៀស​ខ្លួន​នយោបាយ​នៅ​ទីនោះ​ទៀត​ហើយ។

បន្ថែម​ពីនេះ មនុស្ស​ជំនិត​លោក កឹម សុខា គឺលោក មុត ចន្ថា បាន​បង្ហោះសារ​លើ​ហ្វេសប៊ុក​ របស់​លោក​ថា នៅ​ថ្ងៃ​ទី៧​ ខែមករា​ ឃាតករ​ស៊ី​ឈ្នួល​បាន​រង់​ចាំ​បាញ់​សម្លាប់​ លោក​ លិម​ គិមយ៉ា​ តំណាង​រាស្រ្ត​មណ្ឌល​កំពង់ធំ​ នៃគណបក្សសង្រ្គោះជាតិ​ ពេលលោកចុះពីលើ​រថយន្ត​ក្រុង​ក្នុង​ទីក្រុង​បាងកក​ នៃ​ប្រទេសថៃ។ ប្រភព​បន្ត​ថា យោង​តាម​របាយការណ៍​ ឃាតករ​បាន​ត្រៀម​ចាំ​ជា​មុន​ នៅ​ចំណត​រថយន្ត​ក្រុង​ធ្វើ​ដំណើរ​ពីខេត្ត​សៀមរាប​ ហើយ​បាន​បាញ់​ចំនួន​ ៣គ្រាប់​ សំដៅ​លើ​លោក​ លិម​ គិមយ៉ា​ បណ្តាល​ឱ្យ​ស្លាប់​ភ្លាមៗ។

សម្រាប់ លោក មុត ចន្ថា យល់ថា ករណី​នេះ ជាអំពើ​ស៊ី​ឈ្នួល​សម្លាប់​មនុស្ស​ ដែល​រៀប​ចំ​ផែនការ​ពី​ប្រទេស​កម្ពុជា​ ដោយ​សំអាង​ថា​លោក​ លិម គិមយ៉ា​ ពុំ​ដែល​មាន​រឿង​រ៉ាវ​ ឬទំនាក់​ទំនង​ខាង​ពាណិជ្ជកម្ម​ ជម្លោះ​ ឬសកម្មភាព​អ្វី​នៅ​ក្នុង​ប្រទេស​ថៃ​ពី​មុន​មកទេ​។

មួយ​វិញ​ទៀត លោក​ លិម​ គិមយ៉ា​ ជា​អ្នក​នយោបាយ​ប្រឆាំង ដែល​រិះគន់​លោក​ ហ៊ុន​ សែន​ តាំង​តែ​ពី​លោក​នៅ​ជា​តំណាង​រាស្រ្ត​ រហូត​ដល់​ពេល​លោក​ត្រូវ​បាន​ឃាតករ​ស៊ីឈ្នួល​បាញ់​សម្លាប់​​នេះ។​

ខណៈ​រយៈ​ពេល ៣ថ្ងៃ មុន​ការ​បាញ់​សម្លាប់​ គឺនៅថ្ងៃទី​០៤​ ខែមករា​ លោក​បាន​សរសេរ​រិះគន់​យ៉ាង​ខ្លាំង​ទៅលើ​លោក​ ហ៊ុន​ ម៉ានី​ កូនប្រុស​ពៅ​របស់​លោក​ ហ៊ុន​ សែន​ ដែល​ជា​ឧបនាយក​រដ្ឋមន្រ្តី​ និង​ជា​រដ្ឋមន្រ្តី​ក្រសួង​មុខងារ​សាធារណៈ​ ពាក់​ព័ន្ធ​នឹង​ការ​រៀបចំ​ព្រឹត្តិការណ៍​ «សាទរកម្ពុជា»។​

ក្រៅ​ពីនេះ​អត្ថបទ​ថ្មីៗ ដែល​លោក​បាន​សរសេរ​រិះគន់​នៅ​លើ​ហ្វេសប៊ុក​របស់​លោក​ គឺ​មាន​ពាក់ព័ន្ធ​នឹង​បញ្ហា​កោះគុត​ ជាដើម។

ដូចគ្នា​នេះ​ដែរ កូនស្រី​លោក កឹម សុខា គឺ​អ្នកស្រី កឹម មនោវិទ្យា បាន​បង្ហោះ​សារ​លើ​ហ្វេស​ប៊ុក​ខ្លួន ដោយ​និយាយ​ថា ជា​ការ​សោក​សង្វេក​ជា​ពន់​ពេក និង​ថ្កោល​ទោស​យ៉ាង​ដាច់​អហង្ការ ដល់​ជន​ដៃ​ដល់ និង​ពាក់​ពន្ធ័​នឹង​អំពើ​ដ៍​សែន​យង់ឃ្នង​នេះ និង​អំពាវ​នាវ​ដល់​រដ្ឋាភិបាល​ថៃ និង​រដ្ឋាភិបាល​បារាំង​ឱ្យ​ស្វែង​រក​ការពិត និង​ផ្តន្ទាទោស​ដល់​ជន​ ឬក្រុម​ដៃ​ដល់។

ប្រធាន​ក្រុម​ឃ្លាំ​មើល​កម្ពុជា លោក ម៉ែន ណាត ឱ្យ វីអូឌី ដឹង​បន្ថែម​ថា ករណី​ឃាតកម្ម​នេះ​ អាច​ជាប់​ពាក់ព័ន្ធ​នឹង​មេដឹក​នាំ​បក្ស​កាន់​អំណាច ខណៈ​មុន​ការ​បាញ់​សម្លាប់​ ៣ថ្ងៃ ​លោក​បាន​រិះ​គន់​ការ​ដឹកនាំ​គ្រួសារ​ហ៊ុន ធ្វើ​ឱ្យ​ឆេះ​ព្រះ​ឆាយា​លក្ខណ៍ និង​បញ្ហា​បូរណភាព​ទឹក​ដី​កោះ​គុត​ជា​ដើម។

លោកថា៖ «ឃាតកម្ម​ទៅលើ​លោក លិម គិមយ៉ា ប្រាដក​ជា​មាន​ការ​ជួល​ពី​ពួក​មន្ត្រី​រដ្ឋាភិបាល​ខ្មែរ ហើយ​ជា​ពិសេស គឺ​ពាក់ព័ន្ធ​ទៅនឹង​នយោបាយ​របស់​លោក​ ហ៊ុន សែន យ៉ាង​ជ្រៅ គឺ​ពាក់ព័ន្ធ​នយោបាយ​លោក​ ហ៊ុន សែន យ៉ាង​ជ្រៅ​​ដែល​តាម​កម្ចាត់​អ្នក​ប្រជាធិបតេយ្យ​ខ្មែរ សូម្បី​តែ​កន្លង​មក​ជន​ភៀស​ខ្លួន​ខ្មែរ​នៅ​ស្រុក​ថៃ​ហ្នឹង​ ដែល​ទទួល​ស្គាល់​ដោយ​អង្គការ​សហ​ប្រជាជាតិ​ហើយ​ហ្នឹង ក៏​លោក ហ៊ុន សែន បញ្ជា​ឲ្យគេ​ចាប់​អ្នក​អស់​ហ្នឹង​ ត្រឡប់​មក​ស្រុក​ខ្មែរ​វិញ​ដែរ បើ​អ្នក​ណា​សុំទោស​ឲ្យ​រួច​ខ្លួន បើ​មិន​សូម​ទោស​គេ​ទេ គឺ​ចាប់​ដាក់​គុក​តែ​ម្តង ហើយ​បច្ចុប្បន្ន​នេះ ការ​ស្លាប់​របស់​លោក លិម គិមយ៉ា យ៉ាង​អយុត្តិធម៌​ ហើយ​កណ្តាល​ទីក្រុង​បាងកក​ហ្នឹង ប្រាដក​ជា​មាន​ពាក់ព័ន្ធ​យ៉ាង​ជ្រៅ​ ជាមួយ​នឹង​នយោបាយ​របស់​លោក ហ៊ុន សែន លោកហ៊ុន ម៉ាណែត»

សម្រាប់​លោក ម៉ែន ណាត អះ​អាង​ថា នេះ​ជា​ឃាតកម្ម​នយោបាយ​របស់​កម្ពុជា ដែល​ខ្ចី​ទឹកដី​ថៃ​ ធ្វើ​ជា​ទីលាន​បាញ់​សម្លាប់​អ្នក​នយោបាយ​បក្ស​ប្រឆាំង មិន​ឱ្យ​មាន​ឳកាស​ប្រជួត​ប្រជែង​ជា​មួយ​មេ​ដឹក​នាំ​គ្រួសារ​ហ៊ុន។

លោកថា ករណីនេះ​មិនមែន​ជា​រឿង​ទំនាស់​បុគ្គល​ទេ ជា​រឿង​នយោបាយ និង​អាច​ជា​ទង្វើ​ទុច្ចរិត​មេ​ដឹកនាំ​បក្ស​កាន់​អំណាច ចង់​ធ្វើ​បាប​សកម្មជន​បក្ស​ប្រឆាំង មិន​ឱ្យ​ហ៊ាន​រិះគន់​ការ​ដឹកនាំ​ផ្តាច់​ការ​បស់​ខ្លួន។

លោកថា៖ «ករណី​ឃាតកម្ម​លោក លិម គិមយ៉ា ជា​អតីត​សមាជិក​សភា​នៃគណបក្ស​សង្គ្រោះ​ជាតិ​ នេះ​ប្រាកដ​ជា​មាន​ពាក់ព័ន្ធ​យ៉ាង​ជ្រៅ​ណាស់ ជា​មួយ​និង​នយោបាយ​របស់​ក្រុម​គ្រួសារ​លោក ហ៊ុន សែន ជា​មេ​ដឹកនាំ​ដោយ​ឧក្រិដ្ឋ​នៅ​កម្ពុជា។ មាន​អង្គ​ហេតុ​ខ្លះ ដែល​ពាក់ព័ន្ធ​នឹង​រឿង​នេះ​ដូច​ជា​ប៉ុន្មាន​ថ្ងៃ​មុន​នោះ​ លោក លិម គិមយ៉ា បាន​ធ្វើការ​ទិតៀន​ធ្ងន់ៗ​ ទៅលើ​លោក ហ៊ុន ម៉ានី ដែល​ជា​កូន​ប្រុស​ របស់​លោក​ ហ៊ុន សែន ពាក់ព័ន្ធ​នឹង​រឿង​ឆេះ​ព្រះ​​ឆាយា​លក្ខណ៍​ព្រះ​មហាក្សត្រ​ នៅ​ដំណាច់​ឆ្នាំ​សកល ចូល​ឆ្នាំ​សកល​ ឆ្នាំ​ថ្មី​កន្លង​ទៅ នឹងទី១ ហើយ​ទី២ គឺ​លោក លិម គិមយ៉ា បាន​ទិតៀន​ធ្ងន់ៗ​ដែរ ពាក់ព័ន្ធ​រឿង​ភាព​ស្ងាត់​ស្ងៀម​ របស់​លោក ហ៊ុន ម៉ាណែត ជុំវិញ​រឿង​វិវាទ​កោះ​គុត»

ឆ្លើយ​តប​រឿង​នេះ អ្នក​នាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន បដិសេធ​ចំពោះ​ការ​ចោទ​ប្រកាន់​ថា​ ការ​បាញ់​សម្លាប់​អតីត​តំណាង​រាស្រ្ត លោក លិម គិមយ៉ា មិន​មាន​ជាប់​ពាក់ព័ន្ធ​មេដឹក​នាំកម្ពុជា។

លោក​អះអាង​ថា រដ្ឋាភិបាល​គណបក្ស​ប្រជាជន​កម្ពុជា មិន​ជាប់​ពាក់ព័ន្ធ​អំពើ​អមនុស្សធម៌ ឬ​ទង្វើ​ឃោរឃៅ​បាញ់​សម្លាប់​មនុស្ស​នោះ​ទេ ដោយ​លោក​បញ្ជាក់​ថា​រដ្ឋាភិបាល​គោរព​សិទ្ធិ​មនុស្ស​ជា​អាទិភាព។

លោកថា៖ «ចឹង​ខ្ញុំ​និយាយ​ឱ្យ​ខ្លី គឺថា​គ្មាន​ពាក់ព័ន្ធ​ជាមួយ​នឹង​រាជ​រដ្ឋាភិបាល​កម្ពុជា ដែល​ដឹក​នាំ​ប្រទេស​កម្ពុជាទេ ហើយ​បាតុភាព​ដែល​កើត​ឡើង​នៅ​ក្នុង​ទីក្រុង​បាងកក​ វាជា​ការ​ទទួល​ខុស​ត្រូវ របស់​សមត្ថកិច្ច​ថៃ ហើយ​និង​រាជ​រដ្ឋាភិបាល​ថៃ អត់មាន​ពាក់ព័ន្ធ​អី​ ជាមួយ​នឹង​រាជ​រដ្ឋាភិបាល​កម្ពុជា​របស់​គណបក្ស​ប្រជាជន​កម្ពុជា​ទេ»

កាល​​ពី​ថ្ងៃ​​ទី​១០ ខែ​កក្កដា ឆ្នាំ​២០១៦ អ្នក​វិភាគ​​​នយោបាយ​លោក​បណ្ឌិត កែម ឡី ​​ត្រូវ​​បាន​​ខ្មាន់​កាំភ្លើង​បាញ់​​​សម្លាប់ ក្រោយ​ពី​លោក​ធ្វើការ​វិភាគ​លើ​របាយការណ៍​ស៊ើប​អង្កេត​របស់​អន្តរជាតិ​មួយ ដែល​ដាក់​ចំណង​ជើង​ថា អាណាចក្រ​ជំនួញ​ត្រកូល​ហ៊ុន ដែល​បាន​រក​ឃើញ​ថា គ្រួសារ​ហ៊ុន បាន​ក្តោប​ក្តាប់​មុខ​ជំនួញ​ធំៗ​ ស្ទើរ​ទាំង​អស់​នៅ​កម្ពុជា។

កាល​ពីថ្ងៃ​ទី២៦ ខែមេសា ឆ្នាំ២០១២ ​ប្រធាន​​អង្គការ​ការពារ​ធន​ធាន​ធម្មជាតិ និង​ជា​សកម្មជន​ព្រៃ​ឈើ​ដ៏​ឆ្នើម លោក ឈុត វុទ្ធី ក៏​ត្រូវ​បាន​ខ្មាន់​កាំ​ភ្លើង​បាញ់​សម្លាប់​ផង​ដែរ ខណៈ​លោក​ចុះ​ធ្វើការ​ស៊ើប​អង្កេត​ផ្ទាល់​ជុំវិញ​ករណី​ការ​កាប់​បំផ្លាញ​ព្រៃឈើ​ នៅ​ខេត្ត​កោះកុង ក្នុង​ប្រទេស​កម្ពុជា​ ដែល​គេ​ស្គាល់​ថា​ទីតាំង​នោះ​ជា​ប់​បាក់ព័ន្ធ​នឹង​គ្រួសារ​ហ៊ុន។

ដោយ​ឡែក អនុ​ប្រធាន​​ផ្នែក​​សិទ្ធិ​​មនុស្ស ​និង​​ដីធ្លី​ នៃ​​សមាគម​​ការពារ​​សិទ្ធិ​​មនុស្ស​​អាដ​ហុក លោក យិន ម៉េងលី យល់​ថា​ ករណី​ឃាតកម្ម​លើ​អ្នក​នយោបាយ​ខ្មែរ រដ្ឋាភិបាល​កម្ពុជា​គួរ​តែ​បង្ហាញ​ឆន្ទៈ​ ជំរុញ​ការ​ស៊ើប​អង្កេត​ ដើម្បី​ផ្តល់​យុត្តិធម៌ជូន​ពលរដ្ឋ​ខ្មែរ។

លោក​បារម្ភ​ថា អយុត្តិធម៌​សង្គម​ចេះ​តែ​បន្ត​កើត​មាន ភាព​អាថិ៍​កំបាំង​នៃ​ឃាតកម្ម​បាញ់​សម្លាប់​អ្នក​នយោបាយ និងអ្នកវិភាគ​ខ្មែរ​បន្ត​កប់​យ៉ាង​ជ្រៅ​ហាក់​គ្មាន​យុត្តិធម៌ បង្ក​ការ​ភ័យខ្លាច​ដល់​ពលរដ្ឋ​ជា​ច្រើន​លាន​នាក់។

លោកថា៖«ចឹង​រដ្ឋា​ភិបាល​​ត្រូវ​​ធ្វើ​​យ៉ាង​ម៉េច ត្រូវ​​វែក​​មុខ​​ឱ្យ​​ឃើញ​​នូវ​​ឃាតករ ដើម្បី​​បង្កើន​​ការ​​ជឿ​ជាក់​​លើ​រាជ​​រដ្ឋាភិបាល និង​​បង្កើត​​ការ​​ជឿ​ទុក​​ចិត្ត ​លើ​​អាជ្ញាធរ​​ឱ្យ​​សាក​សម​ដែល​ត្រូវ​ការពារ​ប្រទេស​យើង​ ជា​ប្រទេស​ពោរពេញ​ដោយ​សន្តិភាព​នោះ»

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ