ការស៊ើបអង្កេតមួយរបស់អ្នកសារព័ត៌មាន វីអូឌី រកឃើញថា កាស៊ីណូមួយចំនួនកំពុងបន្តប្រតិបត្តិការល្បែងអនឡាញខុសច្បាប់ ចេញពីទីតាំងក្នុងប្រទេសកម្ពុជា បើទោះបីរដ្ឋាភិបាលបានបញ្ជាឲ្យបិទល្បែងអនឡាញក៏ដោយ។
កាស៊ីណូក្នុងខេត្តព្រះសីហនុ ដែលមានបណ្តាញនឹងលោក ហ៊ុន តូ និងកាស៊ីណូរបស់លោកឧកញ៉ា កុក អាន សមាជិកព្រឹទ្ធសភារបស់គណបក្សប្រជាជនកម្ពុជា នៅបន្តបើកកាស៊ីណូអនឡាញ ខុសច្បាប់ចេញពីទីតាំងក្នុងប្រទេសកម្ពុជា។
កាលពីពេលថ្មីៗនេះ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស សុខា បានបញ្ជាឲ្យបញ្ឈប់សកម្មភាពផ្សព្វផ្សាយល្បែងស៊ីសងខុសច្បាប់ ហាមប្រាមមិនឱ្យមានការផ្សព្វផ្សាយខ្លឹមសារ ពាក់ព័ន្ធនឹងល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ រួមទាំងតាមរយៈអនឡាញផងដែរ។ ក្រសួងបានបញ្ជាឲ្យបញ្ឈប់ជាបន្ទាន់ នូវរាល់ការបង្កើតគេហទំព័រ គណនី ឬទំព័រក្នុងបណ្តាញទំនាក់ទំនងសង្គម ដែលមានរូបភាព និងខ្លឹមសារពាក់ព័ន្ធល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ ទោះល្បែងស៊ីសងលេង ដោយផ្ទាល់ ឬតាមប្រព័ន្ធអនឡាញក្តី។
បើទោះមានការព្រមានបែបនេះក្តី កាស៊ីណូ WM ស្ថិតនៅក្បែររង្វង់មូលតោពីរ ក្នុងក្រុងព្រះសីហនុ បានប្រតិបត្តិការល្បែងអនឡាញខុសច្បាប់ច្រើនឆ្នាំមកហើយ ដោយលួចលាក់ បំពានបម្រាមដែលរដ្ឋាភិបាលកម្ពុជាមិនអនុញ្ញាតឲ្យមានល្បែងអនឡាញក្នុងប្រទេស តាំងពីឆ្នាំ២០២០។ ល្បែងអនឡាញនេះប្រតិបត្តិការដោយសម្ងាត់ ចេញពីអគារចំណាស់នេះ ដែលខាងក្នុងត្រូវបានរៀបចំយ៉ាងស្អាត ដើម្បីថតស្រ្តីខ្មែររាប់សិបនាក់ធ្វើការ។
កាស៊ីណូ WM នេះត្រូវបានគ្រប់គ្រងដោយក្រុមហ៊ុន Lixin ដែលមានបណ្តាញនឹងឧកញ៉ា ហ៊ុន តូ ក្មួយប្រុសរបស់លោក ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាបងប្អូនជីដូនមួយ របស់លោកនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត។
ស្រ្តីខ្មែរមួយចំនួនដែលធ្វើការនៅកាស៊ីណូ WM នេះ ក៏តម្រូវឲ្យស្លៀកពាក់ស៊ិចស៊ី ដើម្បីទាក់ទាញអ្នកលេងផងដែរ។ អ្នកលេងល្បែងអនឡាញអាចចូលទៅលេងកាស៊ីណូ WM បានដោយងាយស្រួល តាមរយៈបណ្តាញភ្ជាប់ wm555.net តាម APP WM និងតាមរយៈក្រុមផ្សព្វផ្សាយល្បែងក្នុងប្រទេសយ៉ាងទូលំទូលាយ។
ចំណែកកាស៊ីណូក្រោន (Crown) ដែលគ្រប់គ្រងដោយលោក កុក អាន និងមានទីតាំងនៅក្នុងក្រុងបាវិត ខេត្តស្វាយរៀង ក៏នៅបន្តល្បែងអនឡាញខុសច្បាប់ដូចគ្នា។ អ្នកភ្នាល់ល្បែងអាចចូលទៅលេងបានតាមរយៈតំណភ្ជាប់ និង App ឈ្មោះ DreamGame។
វីអូឌី មិនទាន់អាចសុំការអត្ថាធិប្បាយពីលោក ទូច សុឃៈ អ្នកនាំពាក្យក្រសួងមហាផ្ទៃបាននៅឡើយ។ ចំណែក លោក ហ៊ុន តូ និងលោក កុក អាន ក៏មិនទាន់អាចសុំការឆ្លើយតបបានដែរ។
លោក អំ សំអាត នាយកកិច្ចការទូទៅនៃអង្គការ លីកាដូ ថ្លែងថាការបើកល្បែងអនឡាញក្នុងប្រទេសកម្ពុជាជារឿងខុសច្បាប់។ ដូច្នេះលោកជំរុញឲ្យអាជ្ញាធរបង្រ្កាបសកម្មភាពទាំងនោះឲ្យមានប្រសិទ្ធភាព ដើម្បីបញ្ចៀសការចោទប្រកាន់់ថាមានការប្រព្រឹត្តអំពើពុករលួយ និងពាក់ព័ន្ធនឹងសាច់ញាតិ របស់អ្នកមានអំណាច។
លោកថ្លែងថា៖«អាជ្ញាធរ និងរដ្ឋាភិបាលត្រូវតែមានឆន្ទៈខ្ពស់ ហើយនិងការប្តេជ្ញាចិត្តបង្រ្កាបឲ្យមានប្រសិទ្ធភាព។ បើសិនជាអ្នកដែលពាក់ព័ន្ធហ្នឹងវាជាសាច់ ចាត់ទុកជាសាច់ស្អុយ ហើយចៀរគ្រវាត់ចោល អាហ្នឹងវាអាចនឹងមានប្រសិទ្ធភាពទៅបាន»។ គួរបញ្ជាក់ថានៅតាមបណ្តាញសង្គមហ្វេសប៊ុក មានការផ្សព្វផ្សាយអំពីការភ្នាល់ល្បែងកីឡា និងកាស៊ីណូអនឡាញជាច្រើន ក្នុងនោះមានកាស៊ីណូ WM ផងដែរ ដើម្បីអាចទាក់ទាញអ្នកលេងជាជនជាតិខ្មែរ។ ក្រុមហ៊ុនផ្សព្វផ្សាយល្បែង មានភ្នាក់ងាររបស់ពួកគេក្នុងការផ្ញើតំណភ្ជាប់ (Links) តាមតេឡេក្រាម ឬFacebook Messenger ដើម្បីអាចបង្កើតគណនីភ្នាល់បាន។ ភ្នាក់ងារទាំងនោះក៏ជួយសម្រួលក្នុងការដាក់ប្រាក់ និងដកប្រាក់ តាមធនាគារបាន ក្នុងនោះមានធនាគារ ABA អេស៊ីលីដា និងវីងជាដើម។ ប្រជាជនខ្មែរក៏ជាក្រុមមួយ ដែលក្រុមហ៊ុនកាស៊ីណូអនឡាញព្យាយាមទាក់ទាញឲ្យលេង។ ប៉ុន្តែច្បាប់កម្ពុជាមិនអនុញ្ញាតឲ្យប្រជាជនខ្មែរលេងល្បែងឡើយ៕