ភាគី​ថៃបាន​កំណត់​មុខ​សញ្ញា​ច្បាស់​ហើយ​ ឃាតករ​ដែល​បាញ់​តំណាង​រាស្រ្ត​បក្ស​ប្រឆាំង

មន្រ្តី​នគរបាល​ជាន់ខ្ពស់​បាន​និយាយ​ថា តុលាការ​ព្រហ្មទណ្ឌ​​ថៃ​បាន​កំណត់​មុខ​សញ្ញា​ជន​ដៃ​ដល់ និង​ចេញ​ដី​​​កា​​តាម​ចា​ប់​ខ្លួ​ន​ហើយ​នៅ​ពេល​នេះ ក្រោយ​ឆ្លង​កាត់​ការ​ស៊ើប​អង្កេត​ ដោយ​ហ្មត់​ចត់​រួច​មក។

កាសែត​ក្នុង​ស្រុក​ថៃ បន្ត​ចេញ​ផ្សាយ​ករណី​ឃាតកម្ម​នេះ ព្រោង​ព្រាត​នៅ​ថ្ងៃពុធ​នេះ ដោយ​បង្ហាញ​​មុខ​​​ឃាតករ និង​ឈ្មោះ ក្រោយ​មាន​រូបភាព​បែក​ធ្លាយ។ ឃាតករ​ដែល​មាន​ឈ្មោះ​ថា ឯករ៉ាត់ ផាណូយ ហៅ ឯក កា​​​ឡា​ក់ គឺ​ជា​អតីត​ទាហាន​ជើងទឹក​របស់​ថៃ។

លោក​ឧត្តម​សេនីយ៍ សៃ​យ៉ាម ប៊ុន​សុំ (Siam Boonsom) ស្នងការ​នគរបាល​ក្រុង​បាងកក បាន​​ប្រា​ប់​កាសែ​​​តថៃ​ថា ឃាតករ​ដែល​បាញ់​សម្លាប់​អតីត​តំណាង​រាស្រ្ត​គណបក្ស​សង្រ្គោះ​ជាតិ កាល​ពីថ្ងៃ​ទី​៧ ខែ​មករា នឹង​​ត្រូវ​​​ចា​ប់​ខ្លួន​ក្នុង​ពេល​ឆាប់ៗ​នេះ ក្រោយ​សមត្ថ​កិច្ច​ជំនាញ បាន​កំណត់​មុខ​សញ្ញា​​ក្រោយ​ឆ្លង​កាត់​ការ​ស៊ើប​អង្កេ​​ត​​​ដោ​យ​ហ្មត់ចត់។

នេះ​បើ​តាម​ការ​ចេញ​ផ្សាយ ដោយ​កាសែត Reuter នៅ​ថ្ងៃទី​៨ ខែមករានេះ។ ប៉ុន្តែ​លោក​បដិសេធ​ក្នុង​ការ​ផ្តល់​​អ​ត្ត​​សញ្ញាណ​ជន​ដៃ​ដល់ ដោយ​អះអាង​ថា​ នាំ​ឱ្យ​ប៉ះពាល់​ដល់​កិច្ច​ការ​សម្ងាត់ និង​ការ​ស៊ើប​អង្កេត​មុន​ឈាន​​​ដល់​​ការ​ចាប់ខ្លួន​ជនល្មើស។ តែ​យ៉ាងណា មក​ដល់​ពេលនេះ​លោក​ឱ្យដឹង​ថា ឃាតករ​ត្រូវ​គេ​កំណត់​មុខសញ្ញា និ​ង​​​ស្គាល់​ភិនភាគ​ច្បាស់​ហើយ មុនពេល​តុលាការ​ចេញ​ដីកា​តាម​ចាប់​ខ្លួន​នេះ។

ក្រោយ​ការ​បាញ់ប្រហារ​ ទៅ​លើ​លោក លឹម គីមយ៉ា មួយថ្ងៃ​បន្ទាប់​ មាន​ការ​ចុះផ្សាយ នៅលើ​បណ្តាញ​​សង្គម​ថា ជនល្មើស​ គឺ​ជាជនជាតិ​ខ្មែរ ដែល​មាន​កម្ពស់​ជិត ១,៩ម៉ែត្រ ប៉ុន្តែ​យ៉ាងណា​មកដល់​ពេល​នេះ នៅមិន​ទាន់​​​មាន​កា​រ​បំភ្លឺ​បន្ថែម ពី​​សមត្ថកិច្ច​​ថៃ​ជុំវិញ​ករណី​នេះ​​នៅ​​​ឡើយ​ទេ។

បើទោះ​បីជា​កាសែត​ក្នុងស្រុក​របស់​ថៃ បាន​ស្រង់​សំដី​ពី​ក្រុម​សមត្ថកិច្ច ដែល​ចុះ​ប្រតិបត្តិការ ក្នុង​រឿង​​ក្តី​​​នេះ ដោយ​ផ្អែកលើ​កាំមេរ៉ា​​សុវត្ថិភាព បង្ហាញ​ថា​ឃាតករ​បាន​ត្រៀម​ចាំ​ធ្វើ​សកម្មភាព ​មុន​រួច​ជា​ស្រេច។ ផ្អែ​ក​​តាម​តម្រុ​យ​នេះ រក​ឃើញថា ជនល្មើស​ជិះម៉ូតូ​ហុងដា វ៉េវ ១០០ សេសេ ពណ៌​ក្រហម ដែល​មាន​ស្លាក​លេខ ៨៤៥។ ហើយ​ជន​ដៃដល់​ស្លៀកខោ​ខាវប៊យ ជើង​វែង​ពណ៌​ខៀវ និងអាវ​ដៃ​ខ្លី​ពណ៌​ប្រផេះ ដោយ​មាន​កា​បូប​លា​ក់​កាំភ្លើង​ ស្ពាយ​ជាប់​នឹង​ខ្លួន។

សម្រាប់​លោក អំ សំអាត ដែល​ជា​នាយក​ទទួល​បន្ទុក​កិច្ចការ​ទូទៅ នៃ​អង្គការ ការពារ​សិទ្ធិ​មនុស្ស លីកាដូ យល់​ឃើញ​ថា មានតែ​ការ​ស៊ើប​អង្កេត ដោយ​ឯករាជ្យ​មួយ​គត់ ទើប​អាច​ធានាបាន​ថា​ នឹង​ជួយ​​ស្វែង​រក​យុត្តិធម៌​ ឱ្យ​​​ជន​រងគ្រោះ ដោយ​អំពើ​បាញ់​ប្រហារ​នេះ។ មិនតែ​ប៉ុណ្ណោះ អ្នក​ការពារ​សិទ្ធិមនុស្ស​រូបនេះ ក៏​អំពាវនា​វ ​​ឱ្យ​​​​ស្ថាប័ន​ជំនាញ​របស់​ភាគី​ថៃ ធ្វើការ​ដោយ​តម្លា​ភាព ក្នុង​សំណុំ​រឿង​ព្រហ្មទណ្ឌ​នេះ។

លោក អំ សំអាត បន្តថា៖ «អង្គការ​សង្គម​ស៊ីវិល​ ដែល​ធ្វើការ​ផ្នែក​សិទ្ធិមនុស្ស នៅតែ​ទទូច​សុំ​ឱ្យ​អាជ្ញាធរ​ថៃ​ធ្វើការ​ស៊ើប​អង្កេត ដោយ​តម្លាភាព​ដើម្បី​ស្វែង​រក​យុត្តិធម៌​ សម្រាប់​ជន​រង​គ្រោះ ក៏ដូច​ជា​ក្រុម​គ្រួសារ។ ហើយ​ទី២ ក៏​ដើម្បី​ចង់​ដឹង​អំពី​មូលហេតុ​ពិត​ប្រាកដ​ នៃ​ការបាញ់​សម្លាប់​ទៅ​លើ​លោក​ លឹម គីមយ៉ា»

ក្រោយ​មាន​អំពើ​ឃាតកម្ម​កើត​ឡើង ចំពោះ​លោក លឹម គីមយ៉ា អតីត​តំណាង​រាស្រ្ត​មណ្ឌល​កំពង់ធំ កូតា​គណ​​បក្ស​​សង្រ្គោះ​​ជា​​តិ គេ​សង្កេត​ឃើញ​ថា​មាន​ប្រតិកម្ម​ជា​បន្ត​បន្ទាប់ ប្រឆាំង​ការ​បាញ់​សម្លាប់​នេះ។ មិន​ថា​តែ​​អ្នក​នយោបាយ​ក្នុង​គណបក្ស​តែ​មួយ សូម្បី​ពលរដ្ឋ​ថៃ​មួយ​ផ្នែក​ធំ ក៏​បង្ហាញ​អារម្មណ៍​ហួស​ចិត្ត និង​ក្តុកក្តួល​ ចំ​ពោះ​​អំពើ​ឃាតកម្ម​នេះ​ដូច​គ្នា​ដែរ។ ពួក​គេ​ម្នាក់ៗ បាន​បញ្ចេញ​ខម្មិន​ផ្សេងៗ នៅ​លើ​តំណ​ភ្ជាប់​នៃ​ព័ត៌មាន ដែ​ល​ចុះផ្សាយ​ដោយ​កាសែត​ក្នុង​ស្រុក​របស់​ខ្លួន ហើយ​ចាត់​ទុក​ករណី​នេះ​ថា​ជា​ទម្រង់​នៃ​អំពើ​មនុស្ស​​ឃា​ត​​​ដ៏​​ឃោ​រឃៅ។

ចំណែក គណបក្ស​កម្លាំង​ជាតិ ក៏​បាន​ចេញ​សារ​រំលែក​ទុក្ខ និង​ថ្កោល​ទោស ក្នុង​ពេល​ដែល​លោក ហ្វៀល រ៉ូបឺតសុន (Phil Ro​be​tson) នាយក​ទទួល​បន្ទុក នៃ​អង្គការ​ឃ្លាំមើល​សិទ្ធិ​មនុស្ស​អន្តរជាតិ Human Right Watch ប្រចាំ​តំ​បន់​​អាស៊ី ក៏បាន​បង្ហាញ​ភាព​រន្ធត់ និងថ្កោល​ទោស​ចំពោះ​ករណី អំពើ​បាញ់​ប្រហារ​នេះ​ដែរ។

លោក ស៊ឹង សែនករុណា ប្រធាន​អង្គការ​ប្រជាធិបតេយ្យ​ខ្មែរ ប្រចាំ​ប្រទេស អូស្ត្រាលី ចាត់​ទុក​ថា អំពើ​​ឃាតកម្ម​នេះ ទំនង​មាន​ទំនាក់​ទំនង​គ្នា នឹង​ការ​រិះគន់​របស់​លោក ប្រឆាំង​សកម្មភាព​នានា ក្នុង​រយៈ​ពេ​ល​​ប៉ុន្មា​ន​​មក​នេះ អំពី​ភាព​មិន​ប្រក្រតី នៃថ្ងៃ​ឆ្លង​ឆ្នាំ​ជាដើម។ លោក​បន្ត​ថា បើ​តាម​ការ​​សង្កេត អ្នក​នយោបាយ​រូប​នេះ មិន​​មាន​​ភាព​សកម្ម​អ្វី​ប៉ុន្មាន​ទេ ក្រោយ​គណបក្ស​ប្រឆាំង​ត្រូវ​រំលាយ ប៉ុន្តែ​​អាច​​ហេតុផល​​មួយ​​នេះ ជា​ដើម​​ចម ដែ​ល​​​នាំ​​​ទៅដល់​កើត​រឿងរ៉ាវ​នេះ​ឡើង។

លោកថា៖ «ក្នុង​ករណី​នេះ​ យើង​ឃើញ​ថា​លោក លឹម គីមយ៉ា ដូច​អត់​មាន​ធ្វើ​សកម្មភាព​នយោបាយ​អ្វី​ច្រើន​ទេ គ្រាន់តែ​ជា​ការ​សំដែង​មតិ របស់​លោក​នៅ​លើ​បណ្តាញ​សង្គម ហើយ​ចុង​ក្រោយ​ មុន​បួន​ថ្ងៃ នៃ​ការ​បាញ់​សម្លាប់​នេះ​ គឺ​លោក​លើក​ឡើង​ព័ត៌មាន​អំពី​ការ​ពាក់ព័ន្ធ ទៅ​នឹង​ការ​ឆេះ​នៅ​មុខ​ព្រះ​បរមរាជវាំង ហើយ​និង​ការ​ដែល​ធ្វើ​សកម្មភាព​ពាក់ព័ន្ធ នឹង​កម្មវិធី​នា​ឱកាស​បុណ្យ​ធំៗ​កន្លង​ទៅ ដែល​ដឹក​នាំ​ដោយ​លោក ម៉ា នី។ អញ្ចឹង​ចង់ ឬមិនចង់​ក្នុង​ករណី​នេះ គេ​មន្ទិល​សង្ស័យ​ថា​ជា​ករណី​ឃាតកម្ម​នយោបាយ អាច​ថា​ពាក់ព័ន្ធ​ទៅ​ការ​បំបិ​ទមាត់ »

ជុំវិញ​សំណុំ​រឿង​ព្រហ្មទណ្ឌ​នេះ លោក គឹម សុខ អ្នក​វិភាគ​សង្គម បាន​លើក​ឡើង​នៅ​លើ​បណ្តា​​ញ​​ស​ង្គ​ម​​​របស់​​​លោក ដោយ​ចោទ​ប្រកាន់​ថា​អំពើ​ឃាតកម្ម​នេះ អាច​មាន​ជាប់​ទាក់​ទិន នឹង​សំដី​របស់​លោក ហ៊ុន សែន។ ​ប្រ​ភ​ពបន្តថា ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​មុន​នេះ អតីត​នាយក​រដ្ឋមន្រ្តី​រូប​នេះ បាន​ផ្ញើ​សារ​ជា​សំឡេង ដោ​យ​​លើក​​ឡើង​ថា លោក​មាន​បណ្តាញ​សម្ងាត់​ធំ នៅ​ប្រទេស​ថៃ ដែល​ធ្វើការ​ជិត​ស្និត​ជា​មួយ​កម្លាំង​ថៃ ដែល​​អាច​ក​ម្ចា​ត់​​​ក្រុម​អ្នក​ប្រជាធិបតេយ្យ​ខ្មែរ រស់​នៅ​លើ​ទឹកដី​ថៃ​ពេល​ណា​ក៏បាន។

បើ​តាម​លោក គឹម សុខ អំពើ​ឃាតកម្ម​នេះ មាន​ចំណុច​សង្ស័យ​ជា​ច្រើន ដែល​ត្រូវ​ស៊ើប​អង្កេត លើ​អ្នក​មាន​អំ​ណា​ច​ នៅ​ទី​ក្រុងភ្នំពេញ។ ដូច​គ្នា​នេះ​ដែរ អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​អន្តរជាតិ Human Rig​h​t Watch  ក៏​​បា​ន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន នៅ​ថ្ងៃ​​នោះ ភ្ជាប់​​ដោយ​ការ​ថ្កោល​ទោស និង​ចូលរួម​រំលែក​ទុក្ខ​។ ស្ថាប័ន​អន្តរ​ជាតិ​​មួ​យ​​នេះ ក៏បាន​កត់សំគាល់​ដែរ​ថា ការ​បាញ់​សម្លាប់​អតីត​អ្នក​តំណាង​រាស្រ្ត​វ័យ ៧៣ឆ្នាំ នៅ​ចំ​កណ្តាល​ទីក្រុង​​បាងកង​នេះ ចំ​ថ្ងៃ​ជា​មួយ​នឹង​ការ​ផ្ញើសារ​របស់​លោក ហ៊ុន សែន ដែល​ជំរុញ​ឱ្យ​រដ្ឋា​ភិបាល​ដឹក​នាំ​ដោ​យ​កូន​​ប្រុស​​របស់​ខ្លួន ធ្វើ​ច្បាប់​ប្រឆាំង​ភេរវកម្ម ដើម្បី​ទប់​ទល់ និង​កម្ចាត់​អ្នក​ដែល​មាន​សំឡេង​ផ្ទុយ​ពី​លោក។

សម្រាប់​លោក សុខ ឥសាន អ្នក​នាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា ថ្លែង​ការពារ​ថា បញ្ហា​នេះ​មិនជាប់​​ទាក់​ទង​​​អ្វី​សោះ​ឡើយ ជា​មួយ​កម្ពុជា។ អ្នក​នាំពាក្យ​រូប​នេះ ជំរុញ​ឱ្យ​ទៅ​សួរ​នាំ និង​ការ​បំភ្លឺ​ពី​ភាគី​ថៃ ព្រោះ​សំណុំ​រឿ​ង​​ព្រហ្មទណ្ឌ​នេះ មិន​មែន​កើត​ឡើង នៅ​លើ​ទឹក​ដី​កម្ពុជា​ឡើយ។

លោកថា៖ «រាជ​រដ្ឋាភិបាល​កម្ពុជា​ដឹកនាំ និង​គ្រប់​គ្រង​តែ​ក្នុង​ព្រះរាជា​ណាចក្រ​កម្ពុជា​ទេ។ អញ្ចឹង​រឿង​នេះ ត្រូ​វ​ទៅ​សួរ​ប៉ូលីស​ថៃ​ណោះ ព្រោះ​បាតុភាព​វា​បាន​កើត​ឡើង​ នៅ​ក្នុង​ទី​ក្រុងបាងកក។ រឿងនេះ​មិន​ត្រូវ​សួរ​រដ្ឋាភិ​បាល​នៅ​ទីក្រុង​ភ្នំពេញទេ។ លោក​មិន​បាន​ដឹង​រឿង​ហ្នឹង​ទេ ព្រោះ​អានេះ​វា​ក្រៅ​វិសាលភាព នៃ​ការ​ដឹកនាំ និ​ង​​គ្រ​​ប់គ្រង​ដោយ​រាជ​រដ្ឋាភិបាល​កម្ពុជា »

បើទោះ​ជាបែប​ណា ព្រឹត្តិការណ៍​ដែលបាន​កើតឡើង​នេះ វាហាក់​ដូចគ្នា​ទៅនឹង​ការ​​បាញ់​សម្លាប់​លោក បណ្ឌិត កែម ឡី កាល​ពីខែកក្កដា ឆ្នាំ២០១៦ ដែរ។ មុន​ស្លាប់​អ្នក​វិភាគ​សង្គម​រូប​នេះ បាន​ធ្វើ​អ​ត្ថា​ធិប្បាយ ដោយ​វិភាគ​​ចំ​ៗ ​​ទៅ​​លើ​របាយការណ៍​របស់​អង្គការ ហ្គូបបល់ វីតនេស(Global Witness) ទាក់ទង​នឹង​​អា​ណា​​​ចក្រ​​ជំនួញ ក្នុង​​ក្រុម​គ្រួ​សារ​​ត្រកូ​ល​​ហ៊ុន។ ដោយ​ឡែក លោក លឹម គីមយ៉ា ឯណេះ​វិញ ក៏បាន​រិះគន់ លោក ហ៊ុន ម៉ានី ដែល​ជា​​កូន​ប្រុ​ស​រ​ប​​ស់​លោក ហ៊ុន សែន ដូច​គ្នា​ដែរ អំពី​រឿ​ង​​អា​​ស្រូវ​មួយ​ចំនួន របស់​រដ្ឋមន្រ្តី​មុខងារសាធារណៈ​រូប​នេះ ដូច​​ជា​​រៀបចំ​​សាទរ​កម្ពុ​ជា នៅ​ចុង​ឆ្នាំ​ នាំ​ឱ្យកើត​រឿង អន្សម​វែង​ជាង​​គេ​លើ​​ពិភ​ព​​លោក និង​មូលហេតុ​ដែល​​នាំ​ឱ្យ​ឆេះ​​រូប​​ព្រះ​​ឆា​យ៉ា​​លក្ខណ៍ ព្រះម​ហា​ក្សត្រ​ជា​​ដើ​ម។ មិន​បាន ៥ថ្ងៃ​ស្រួល​​បួល​​​ផង ក្រោយ​ការ​រិះគន់​នៅ​លើ​​បណ្តា​ញ​​សង្គម ដ៏​​​វែង​អន្លាយ​របស់​លោក ត្រូវ​ឃាតករ​បាញ់​សម្លាប់ កា​ល​​ពី​​រសៀ​ល​ថ្ងៃ​ទី៧ ខែមករា ចំថ្ងៃ​ដែ​ល​ប​ក្ស​កាន់​អំណា​​ច រៀបចំ​មីទ្ទិញ​របស់​ខ្លួន ដោយ​រំលឹក​ខួប​ជ័យ​ជំនះ​ នៃ​ថ្ងៃ៧ម​ករា ​ថែម​ទៅ​ទៀត៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ