វិភាគ៖ តើ​គ្រួសារ​ហ៊ុន​ត្រូវ​បង្ហាញ​ជំហរ​បែប​ណា​ជុំវិញ​ឃាតកម្មលើលោក លិម គិមយ៉ា?

ករណី​ខ្មាន់​កាំភ្លើង​បាញ់​សម្លាប់ តំណាងរាស្រ្តគណបក្ស​សង្រ្គោះ​ជាតិ លោក លិម គិមយ៉ា នៅលើ​ទឹកដី​ថៃ នាថ្ងៃទី​៧ ខែ​មករា កណ្តាល​ក្រុងបាង​កក​នោះ ត្រូវ​បាន​មតិ​ចម្រុះ​ជា​ច្រើន ដាក់​ការ​សង្ស័យ​លើ​គ្រួសារ​ហ៊ុន ថា​នៅ​ពីក្រោយ​អំពើ​ឃាតកម្ម​នេះ។

មុន​ការបាញ់​សម្លាប់ ៤ថ្ងៃ ពោល​គឺនៅថ្ងៃ​ទី៣ ខែមករា លោក លិម គិមយ៉ា តាម​រយៈ​ហ្វេស​ប៊ុក​ខ្លួន​ បាន​រិះគន់​ចំៗ​លើ​កូន​ប្រុស​លោក ហ៊ុន សែន គឺលោក ហ៊ុន ម៉ានី ជុំវិញ​ការ​រៀបចំ​ព្រឹត្តិការណ៍​សាទរ​កម្ពុជា រួមទាំង​ការៀប​ចំ​កន្លង​ទៅ​ មាន​ដូច​ជា អន្សម​វែង​ជាង​គេ ទូកង​វែង​ជាង​គេ ជា​ដើម គឺវា​គ្មាន​ប្រយោជន៍​អ្វី​សម្រាប់​ពលរដ្ឋ​ខ្មែរ​ទេ។

ផ្ទុយ​​ទៅវិញ​លោក​ថា អ្វីដែល​ពលរដ្ឋខ្មែរ​ចង់​បាន គឺ​រដ្ឋាភិបាល​គ្រាន់​តែ​គោរព​សិទ្ធិ​ប្រជា​ពលរដ្ឋ និង​ផ្តល់​យុត្តិធម៌ សម្រាប់​ពលរដ្ឋ គឺគ្រប់​គ្រាន់​ហើយ។

ជា​ការ​កត់សម្គាល់ លោក លិម គិមយ៉ា កាល​នៅ​មាន​ជីវិត តែង​តែ​រិះគន់​ចំៗ លើ​រដ្ឋាភិបាល​គ្រួសារ​ហ៊ុន​ថា បាន​ដឹក​នាំ​ប្រទេស​បែប​គ្រួសារ​និយម ធ្វើ​ឱ្យ​បន្ទាត់​នយោបាយ​នៅកម្ពុជា​ ងាក​ចេញ​ពី​គន្លង​ប្រជាធិបតេយ្យ រួមទាំង​បញ្ហា​បូរណៈភាព​ទឹក​ដី​ជា​ដើម។

អតីត​សមាជិក​សភា​ គណបក្ស​សង្រ្គោះ​ជាតិ ប្រចាំ​មណ្ឌល​កំពង់​ធំ លោក លិម គិមយ៉ា ត្រូវ​បាន​កាសែត​បាងកក​ប៉ុស្តិ៍​ថៃ​ចុះផ្សាយ​ថា ត្រូវ​ឃាតករ​បាញ់​សម្លាប់​ចំ​កណ្តាល​ទីក្រុង​បាងកក នៅ​ក្បែរ​វត្ត Bowonniwet Vihara វេលា​ម៉ោង​ប្រមាណ ៥៖៣០នាទីល្ងាច នៅថ្ងៃ​ទី​៧ ខែមករា ឆ្នាំ២០២៥។

កាសែត​នោះ  រាយការណ៍​ថា អ្នក​នយោបាយ​វ័យ ៧៣ឆ្នាំ សញ្ជាតិ​បារាំង​រូប​នេះ បាន​ស្លាប់​ភ្លាមៗ នៅ​កន្លែង​កើតហេតុ ក្រោយ​រង​ការបាញ់​ប្រហារ​ចំនួន ៣គ្រាប់ ក្នុង​ពេល​លោក​ចុះ​ពី​លើ​រថយន្ត​ក្រុង អម​ដោយ​ប្រពន្ធ​សញ្ជាតិ​បារាំង និង​ឱពុក​មា ជា​ជនជាតិ​ខ្មែរ​ម្នាក់​ទៀត​ផង ធ្វើ​ដំណើរ​ចេញ​ពី​ទី​ក្រុងសៀមរាប ប្រទេស​កម្ពុជា។

បញ្ហា​នេះ បង្កើត​ជា​សំនួរ​ថា៖ តើ​គ្រួសារ​ហ៊ុន​ ត្រូវ​បង្ហាញ​ជំហរ​បែបណា ដើម្បី​លាង​ជម្រះ​ការ​ចោទ​ថា នៅ​ពី​ក្រោយ​ឃាតកម្ម​តំណាង​រាស្ត្រ​បក្ស​ប្រឆាំង?

តំណាង​រាស្រ្ត​គណបក្ស​សង្រ្គោះជាតិ លោក​ ម៉ែន សុថាវរិន្រ្ទ មាន​មន្ទិល​ថា ឃាតកម្ម​នេះ​អាច មាន​ជាប់​​ពាក់​ព័ន្ធ​នឹង​គ្រួសារ​ហ៊ុន ខណៈ​មុន​ពេល​ស្លាប់ លោក លិម គិមយ៉ា បាន​រិះគន់​ចំៗ​ចំពោះ​លោក ហ៊ុន ម៉ានី ជុំវិញ​ការ​ឆេះ​រូប​ព្រះឆាយាល័ក្ខ ព្រះ​មហាក្សត្រ​ក្នុង​ព្រឹត្តិការណ៍សាទរ​កម្ពុជា និង​បញ្ហា​ជម្លោះ​កោះគុត ជាដើម។

លោក ម៉ែន សុថាវរិន្ទ សង្គត់​ធ្ងន់​ថា អំពើ​ឃាតកម្ម​នៅ​កម្ពុជា​កន្លង​ទៅ​ដូច​ជា ការ​បាញ់​សម្លាប់​លោក ឈុត វុឌ្ឍី លោក​បណ្ឌិត កែម ឡី តារ៉ា​ចមៀង ពិសិដ្ឋ ពិលិការ និង​មេដឹក​នាំ​សហជីព លោក ជា វិជ្ជា ជា​ដើម សុទ្ធតែ​ត្រូវ​បាន​រដ្ឋាភិបាល​ខ្មែរ​ កប់​ទុក​ចោស​សំណុំ​រឿង​នេះ​ដោយ​គ្មាន​ការ​ស៊ើប​អង្កេត​ ដោយ​តម្លា​ភាព​នោះទេ។

យ៉ាងណា​សម្រាប់​ករណី​ឃាតកម្ម​ឆ្លងដែន​លើ លោក លិម គិមយ៉ា វិញ លោក សុថាវរិន្ទ ថា​ដើម្បី​ជម្រះ​មន្ទិល​ថា គ្រួសារ​ហ៊ុន មិន​ជាប់​ពាក់ព័ន្ធ​មែន ទាល់​តែ​រដ្ឋាភិបាល​ខ្មែរ​ត្រូវ​មាន​ឆន្ទៈ​ស៊ើប​អង្កេត​ជា​មួយ​ស្ថាប័ន​អន្តរជាតិ​ផង​ដែរ ដើម្បី​បង្ហាញ​ពី​ភាព​ស្អាត​ស្អំ​របស់​ខ្លួន។

លោកថា៖ «រដ្ឋាភិបាល​បារាំង និង​ខាង​រាជរដ្ឋាភិបាល​ថៃ នឹង​សហការ​គ្នា ព្រោះ​ខ្ញុំ​ជឿ​ជាក់​ថា ពួក​ហ្នឹង​អត់​ហ៊ាន​សម្លាប់​នៅ​ប្រទេស​ខ្មែរ​ទេ ចឹង​ត្រូវ​សម្លាប់​នៅ​ថៃ។ ប្រទេស​បារាំង​គេ​នឹង​អាច​រក​ឃើញ បើ​មក​ដល់​ស្រុក​បារាំង​វិញ​គាត់​នឹង​ប្តឹង​ហើយ  គាត់​ត្រូវ​យល់​សប្តិ​អី​មក​បារាំង។ ប៉ុន្តែ​ខ្ញុំជឿ​ជាក់​ថា​រដ្ឋាភិបាល​បារាំង និង​រដ្ឋាភិបាល​ថៃ​គេ​ត្រូវ​ស្រាវ​ជ្រាវ​រឿង​ហ្នឹង​ឱ្យមែន​ទែន»

មិន​ខុស​គ្នា​ទេ​សម្រាប់ ប្រធាន​​អង្គការ​​ប្រជា​ធិបតេយ្យ​​ខ្មែរ​ប្រចាំ​ប្រទេស​​អូស្ត្រាលី លោក ស៊ឹង សែនករុណា ករណី​បាញ់​សម្លាប់លោក លិម គិមយ៉ា មាន​ ដូច​គ្នា​ទៅនឹង​ការ​បាញ់​សម្លាប់​បណ្ឌិត កែម ឡី ព្រោះ​កើត​ឡើង​ក្រោយ​ពេល​រិះគន់​ ពី​សែ​ស្រឡាយ​គ្រួសារ​ហ៊ុន​ដូចគ្នា​ដែរ ដែល​ជា​មន្ទិល​ថា គ្រួសារ​ហ៊ុន​ជា​អ្នក​នៅ​ពីក្រោយ​ ការ​បាញ់​សម្លាប់​នេះ។

លោកថា៖ « បើសិន​ជា​មេដឹក​នាំ​កម្ពុជា​មិន​បញ្ជាក់​ជំហរ​ច្បាស់​លាស់​ ឬ​ក៏មាន​ភស្តុតាង​ណា​មួយ​ ដែល​បង្ហាញ​ឲ្យ​គេ​ជឿជាក់​បាន​ទេ​ ចង់​មិន​ចង់​ រឿង​ហ្នឹង​គេអាច​មាន​មន្ទិល​សង្ស័យ​ទៅ​លើ​មេដឹក​នាំ​ប្រទេស​កម្ពុជា​ហ្នឹង​ហើយ អ៊ីចឹង​គួរ​តែ​មាន​ការ​បញ្ជាក់​ទៅ​សាធារណៈជន​ឲ្យបាន​ច្បាស់​ថា​ ឃាតកម្ម​ហ្នឹង​ មិន​ជាប់​ពាក់​ព័ន្ធ​ទៅ​នឹង​គ្រួសារ​មេ​ដឹកនាំ​នោះ​ទេ។ ទាល់តែ​មាន​ភស្តុតាង​​គេ​អាចជឿ​ជាក់​បាន​ អាហ្នឹង​បាន​គេ​អាច​ថា​ដក​នៃ​ការ​មន្ទិល​សង្ស័យ​បាន»

បើ​តាម​សេចក្តី​រាយការណ៍ របស់​ទូរទស្សន៍​ប៉ុស្តលេខ៨ ថៃ ផ្សាយ​នៅថ្ងៃ​ទី៨ ខែមករា នេះ បញ្ជាក់​ថា ជន​សង្ស័យ​ដែល​បាញ់​សម្លាប់ លោក លិម គិមយ៉ា ត្រូវ​បាន​សមត្ថកិច្ច​ថៃ​កំណត់​អត្តសញ្ញាណ​បាន​ហើយ គឺ​មាន​ឈ្មោះ​ថា លោក អ៊ែក ការ៉ាត់ ផែណយ ជា​អតីត​ទាហ៊ាន​ជើង​ទឹក​ថៃ និង​ធ្លាប់​រង​ការ​ចោទ​ការ​កាន់​កាប់​អាវុធ​ខុស​ច្បាប់ និង​មាន​ប្រវត្តិ​ពាក់ព័ន្ធ​ការ​ប៉ង​សម្លាប់​មនុស្ស​ផង​ដែរ។

ជ្រុង​មួយ​នៃ​អំពើ​ហិង្សា​ លើ​អ្នក​តស៊ូមតិ​នេះ ប្រធានគណបក្ស​ប្រជាជន​កម្ពុជា លោក ហ៊ុន សែន ក៏​ធ្លាប់​បាន​បញ្ជា​ឱ្យចាប់​ខ្លួន​សកម្មជន​សង្គម លោក ​ផន ផាន់ណា អំ​ឡុង​ពេល​ភៀស​ខ្លួន​នៅ​ប្រទេស​ថៃ ដោយ​ថា ទោះ​ស្លាប់ ឬរស់​ត្រូវ​តែ​ចាប់​ឱ្យ​បាន។

លោកថា៖ « (ឃ្លាំង) ហួត ត្រូវ​ទទួល​ខុស​ត្រូវ​ ទៅ​លើ​ការងារ​នេះ​ឲ្យ​ធ្វើការ​ជា​មួយ​នគរបាល​ថៃ​ ហើយ​ក្រុម​អាវ​ក្រហម​ក៏​ត្រូវ​តែ​ចូល​រួម ដែល​យើង​មាន​ការ​សហការ​ល្អ​ជា​មួយ ​យើង​ត្រូវ​ធ្វើ​សកម្មភាព​នេះ​ផងដែរ។ ហើយ​ដែល​ធ្វើ​សកម្មភាព​ដាច់​ដោយឡែក ពី​នគរបាល​ថៃ​ និង​កម្លាំង​យើង​ផ្ទាល់​ក៏​ត្រូវ​តាម​យក​មួយ​នេះ​ឲ្យ​បាន បើ​ទោះ​បី​ដោយ​តម្លៃ​ណា​ក៏ដោយ ក៏រស់ ឬស្លាប់​យើង​អត់​ដឹង​ ចេះ​តែ​ដឹង​ថា​មួយ​ហ្នឹង​ គឺ​មិន​អាច​ទៅ​ណា​មិន​ឲ្យ​ចេញ​ទៅ​ណា​បាន​ ដូច្នេះ​ត្រូវ​អនុវត្ត​វិធាន​ការ​នេះ ជា​បន្ទាន់​ដាច់ខាត​ មិន​ឱ្យអា ផន បញ្ញា នេះ​រួច​ខ្លួន​បាន​ទេ»

ជាង​នេះ​ទៀត​​​​លោក ហ៊ុន សែន តាម​រយៈ​សារ​សំឡេង​បែក​ធ្លាយ ក៏បាន​​​បញ្ជា​​​ឱ្យ​​​បោស​​សម្អាត​​ក្រុម​​​សំឡេង​​​ជំទាស់​ក្នុង​ស្រុក ដោយប្រើ​ពាក្យ​ថា «ងើបមួយវាយមួយ» ដើម្បី​​​បើក​​ផ្លូវ​​ឱ្យ​​លោក ហ៊ុន ម៉ាណែត ជាកូន​ឈ្នះ​​ឆ្នោត​​នៅ​ឆ្នាំ​២០២៧ និង​២០២៨ ដោយ​​​គ្មាន​​​គូរ​​​ប្រកួត​ប្រជែង។

គេសង្កេត​ឃើញ​ថា ក្រោយ​រដ្ឋាភិបាល​ត្រកូល​ថាក់ស៊ីន​ដឹក​នាំ​រដ្ឋាភិបាល ជន​ភៀស​ខ្លួន​នយោបាយ និង​សកម្មជន​សង្គម​រស់​នៅ​ប្រទេស​ថៃ បាន​រង​ការ​​គំរាម​​កំហែង​កាន់​តែ​ខ្លាំង​ ជាក់​ស្តែង ​ប៉ូលីស​ថៃ ​បាន​​ចាប់​​ខ្លួន​​សកម្មជន​​បក្ស​​ប្រឆាំង​ចំនួន ៦នាក់ បញ្ជួន​ទៅ​ឃុំខ្លួន​នៅ​កម្ពុជា កាល​​ពី​ចុង​​ឆ្នាំ២០២៤ ក្រោយ​សម្តែង​មតិ​ពី​ជម្លោះ​កោះ​គុត។

បើ​ទោះ​បែប​ណា សម្រាប់​អ្នក​ប្រឹក្សា​យោបល់​ផ្នែក​អភិវឌ្ឍន៍​ផ្នត់​គំនិត និង​ការ​ស្រាវ​ជ្រាវ លោក សេក សុជាតិ យល់​ថា ឃាតកម្ម​លើ​អ្នក​នយោបាយ​ក្រៅ​រដ្ឋាភិបាល​ លើ​ទឹកដី​ថៃ​នេះ ជា​រឿង​មួយ​ដ៏រសើប​ និងស្ថានការណ៍​នយោបាយ​កម្ពុជា​ក្នុង​ពេល​ប្ចុច្បន្ន កាន់​តែ​ធ្វើឱ្យ​ទិដ្ឋភាព​នយោបាយ​កម្ពុជា​កាន់​តែ​ល្អក់​កករ មាន​ជម្លោះផ្ទៃ​ក្នុង​ជាតិ​កាន់​តែ​ធ្ងន់​ធ្ងរ។ តាម​រយៈ​រួបភាព​បាញ់​សម្លាប់​មន្រ្តី​ក្រៅ​រដ្ឋាភិបាល លោក សុជាតិ ជំរុញ​ឱ្យ​ប្រទេសថៃ​បើក​ការ​ស៊ើប​អង្កេត អំពើ​ឃាតកម្ម​នេះ​ ដោយ​តម្លា​ភាព មិនល​ម្អៀង​និន្នាការ​នយោបាយ​ ដើម្បី​ទម្លាយ​ការ​ពិត និង​បង្ហាញ​ថា​ខ្លួន​ជា​ប្រទេស​មាន​និរិដ្ឋ​រឹង​មាំ និង​កសាង​ទំនុក​ចិត្ត​ពីសហគមន៍​អន្តរជាតិ​ ពី​ការ​អនុវត្តច្បាប់​របស់​ខ្លួន។ លោកថា៖«យើង​ក៏​សង្ឃឹម​ថា​ថៃ​ឈរ​នៅ​លើ​គោលការណ៍​តម្លាភាព​ អព្យាក្រឹត​មួយ​ដើម្បី​បង្ហាញ​អំពី​នីតិរដ្ឋ​ នៅក្នុង​ប្រទេស​ថៃ ហើយ​វា​ក៏អាច​ថា​ជា​លទ្ធផល​មួយ​ដែល​ធ្វើ​ឲ្យ​សហគមន៍​អន្តរជាតិ​មើល​ឃើញ​ អំពី​ការ​អនុវត្ត​របស់​ខ្លួន​ មិន​លម្អៀង​ទៅ​កាន់​និន្នាការ​នយោបាយ ក្រៅ​ប្រទេស​ណា​មួយ​ ដែល​ពាក់ព័ន្ធ​ជាមួយ​នឹង​ឃាតកម្ម​ ដែល​កើត​មាន​នៅ​ក្នុង​ប្រទេស​របស់​ខ្លួន​ ហើយ​បើសិន​ជា​ថៃ​មិន​អាច​ដោះ​ស្រាយ​បញ្ហា​ហ្នឹង​បាន​ វា​ក៏​ជា​ហានិភ័យ​មួយ​ ដែល​ធ្វើ​ឲ្យ​សហគមន៍​អន្តរជាតិ​ លែង​មាន​ទំនុក​ចិត្ត​ចំពោះ​ប្រទេសថៃ»

ដោយ៖ លោក សែន សច្ចៈ

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ