អ្នកបន្តវេនគ្រួសារហ៊ុនរងការរិះគន់ថាបន្តសម្លាប់មនុស្សដើម្បីការពារអំណាច

ករណីឃាតកម្មថ្មីទៀតលើ​​តំណាងរាស្រ្តអតីតបក្សសង្រ្គោះជាតិ លោក លិម គិមយ៉ា ជំរុញ​ឱ្យ​មាន​ការ​លើក​ឡើង​ថា គ្រួសារ​ហ៊ុន កំពុង​បន្ត​មរតក​សម្លាប់​មនុស្ស ដើម្បី​ពង្រឹង​អំណាច​បែបគ្រួសារនិយម ដែល​ជា​ការ​បារម្ភដល់ចលាចលសង្គម​ ទាញទម្លាក់មេដឹកនាំផ្តាច់ការពីអំណាច ​ដើម្បី​ប្តូរយកយុត្តិធម៌។

ការលើកឡើងបែបនេះ ក្រោយ​មាន​ព្រឹត្តិការណ៍​បាញ់​សម្លាប់​តំណាង​រាស្រ្តអតីត​គណបក្ស​សង្រ្គោះ​ជាតិ​នៅ​ក្បែរ​ទីតាំងវត្ត Bowonniwet Vihara នៃទីក្រុងបាងក ប្រទេស​ថៃ កាលពីថ្ងៃ៧ ខែ​មករា ឆ្នាំ​២០២៥។

ប្រ​ធានក្រុមឃ្លាំមើល​កម្ពុជា លោក ម៉ែន ណាត និយាយ​ប្រាប់វីអូឌី​នៅថ្ងៃទី​៩ ខែមករា​នេះ​ថា មេដឹក​នាំ​គ្រួសារ​ហ៊ុន​ គ្មានចេះ​ដឹក​នាំ​អ្វីក្រៅពី​គំរាម ចាប់​ចង ធ្វើបាបគេ ឬសម្លាប់មនុស្ស ដើម្បីការពារអំណាចទេ។

លោកបន្តថា ការបន្ត​សម្លាប់​មនុស្ស​នេះ ឆ្លុះ​បញ្ចាំង​ថា​គ្រួសារ​ហ៊ុន​កំពុង​ដឹក​នាំ​ប្រទេស​បែប​របប​ផ្តាច់​ការ​ឃោ​ឃៅ មិន​ខ្វល់​ពី​សិទ្ធិ​មនុស្ស​ ប្រជាធិបតេយ្យ ឬទុក្ខ​លំបាក​រាស្រ្ត គឺ​ខ្វល់​តែពី​អំណាចផ្តាច់ការខ្លួន។

ម្យ៉ាងវិញទៀត លោកថា នេះ​ជា​ការ​សម្ញែង​អំណាច​ផ្តាច់​ការ​ផង​ដែរ​របស់​គ្រួសារ​ហ៊ុន ដើម្បី​សម្លុត គំរាម និង​បន្លាច​ពលរដ្ឋ និង​អ្នកនយោបាយ​បក្សជំទាស់ កុំហ៊ាន​ឱ្យ​ងើប​រើប្រឆាំង​ឬតវ៉ា​នឹង​របប​ផ្តាច់ការខ្លួន។

លោកថា៖ «កាលណា​រដ្ឋាភិបាល​ មេដឹកនាំ​រដ្ឋាភិបាល​ពាក់​ព័ន្ធ​នឹង​បទ​ឧក្រិដ្ឋ​ហើយ​គឺ​ដឹក​នាំ​ប្រទេស​បែប​ជន​អន្ត​ពាល​ហ្នឹង​ឯង បែប​បងធំ​​ហ្នឹង​គ្មាន​យក​ច្បាប់​ទម្លាប់​ទៅ​ដឹក​នាំ​ទេ​ពួក​អស់​នេះ ធ្វើ​ម៉េច​ការ​ពារ​ទ្រព្យ​សម្បត្តិ​ផ្ទាល់ខ្លួន​ការ​ពារ​អំណាច​របស់​ខ្លួន​ហ្នឹង​ ហើយ​យក​អំណាច​ទៅ​គាប​សង្កត់​ប្រជាពលរដ្ឋ​ធម្មតា ហើយ​យក​អំណាច ទៅកាប់​សម្លាប់​ប្រជា​ពលរដ្ឋ និង​និស្សិត​បញ្ញវន្ត​ទាំង​ឡាយ​ណា​ដែល​ហ៊ាន​ទិតៀន​របប​ដឹក​នាំរបស់​ខ្លួន អត់​មាន​គេច​ផុត​ពី​ការ​សម្លាប់​មនុស្ស​ទេ»។

លោក ម៉ែន ណាត យល់ថា បើគ្រួសារហ៊ុននៅបន្តដឹកនាំប្រទេសតា​ម​បែបផ្តាច់ការឃោឃៅ ជិះ​ជាន់ គាប​សង្កត់ និង​សម្លាប់​មនុស្ស​តាម​ទំនើង​ចិត្ត ថ្ងៃណា​មួយ​ពលរដ្ឋ​អស់​ការ​អត់​ធ្មត់​នឹង​ទាញ​ទម្លាក់​ពី​អំណាច។

លោក​សង្កត់​ធ្ងន់​ថា ជាប្រវត្តិសាស្រ្តពិភពលោក ទីណាមានអំពើជិះជាន់ កេង​ប្រវ័ញ្ញ ធ្វើបាប និង​កាប់​សម្លាប់​មនុស្ស ទីនោះ​នឹង​មាន​ការ​រើ​បម្រះ​ប្រឆាំង​នឹង​របប​ផ្តាច់​ការ​ទាំង​នោះ ជាក់ជាមិនខាន​ឡើយ។

លោកថា៖ «ការសម្លាប់មនុស្សរបស់លោក ហ៊ុន សែន ជា​ការ​ពិត​គឺ​គោល​បំណង​គឺ​ធ្វើ​យ៉ាង​ណាក៏​ដោយ​សម្លាប់​គេបំបិទ​មាត់​ដាក់​ទណ្ឌ​កម្ម​គេ​យ៉ាង​អយុត្តិធម៌​ បំណង​គឺ​ប្រើ​លេស​គាប​សង្កត់​បង្ក្រាប​មតិ​ប្រឆាំង​ក្នុង​បំណង​ការ​ពារ​រក្សាអំណាច​ក្រុម​គ្រួសារ​ខ្លួនតទៅ​ទៀត ហើយការពារអំណាច គ្រួសារ​ខ្លួន​នេះ​គឺ​ការ​ពារ​ដោយ​ឧក្រិដ្ឋ​ឬ​ប្រព្រឹត្ត​បទ​ឧក្រិដ្ឋ​ហើយ​បំផ្លិច​បំផ្លាញ​ទ្រព្យ​សម្បត្តិ​ជាតិ​ដើម្បី​ធ្វើ​មាន​ធ្វើ​បាន​ខ្លួន​ឯង​តែ​ប៉ុណ្ណឹង ប៉ុន្តែយើង​គិត​ថា​អំណាចហ្នឹងមិន​​យូរ​អង្វែងទេ​ បើ​គង់​តែ​ដល់​ថ្ងៃ​មួយ​ធ្លាក់​ទៅ​ដល់​វិនាស​កម្ម​ដល់​ខ្លួន ដែល​ប្រព្រឹត្តប​ទឧក្រិដ្ឋហ្នឹង​នឹង​វិនាស​ខ្លួន ហើយ​អ្នក​ណាជា​អ្នក​ដាក់ទណ្ឌកម្ម​ពីពលរដ្ឋខ្លួន​ឯង»។

តំណាងរាស្រ្តបក្សសង្គ្រោះជាតិ លោក​ សួន សូរីដា និយាយ​ថា មេដឹកនាំ​គ្រួសារ​ហ៊ុន​កំពុង​កាច់​ចង្អូត​នាវា​កម្ពុជា​ចេញ​ពី​របប​ប្រជាធិ​បតេយ្យ​ឆ្ពោះ​ទៅ​រក​រណ្តៅ​មរណៈ​នៃ​របប​ផ្តាច់​ការ​បែប​គ្រួសារ​និយម។

លោកបន្តថា ការដឹកនាំប្រទេសពោរពេញដោយអំពើឃាតកម្ម កេង​ប្រវ័ញ្ញ ជិះជាន់ ឆបោក ចាប់ជំរិត និង​រំលោភ​សិទ្ធិ​មនុស្សបែបនេះ មិនអាចដឹកនាំប្រទេសបាន​យូរទេ បើពលរដ្ឋអស់ការអត់ធ្មត់មែននោះ។

លោក​បារម្ភ​ថា បើមេដឹក​នាំ​គ្រួសារ​ហ៊ុន មិន​បន្ទន់​ឥរិយាបទ​ដឹក​នាំ​វិល​ទៅ​គន្លង​ប្រជា​ធិបតេយ្យ​សេរី​ពហុ​បក្ស និង​គោរព​សិទ្ធិ​មនុស្ស​ទេ អ្នកបន្តរងគ្រោះគឺពលរដ្ឋខ្មែរ​រាប់លាននាក់​រស់នៅ​ទាំង​ភាព​ភ័យខ្លាច។

លោកថា៖ «ទី​ណាមានការជិះជាន់ទីនោះមានការតស៊ូរើបម្រះ ហើយកាលណាការគាបសង្កត់កាន់​តែ​ខ្លាំង​​​វា​នឹងទទួល​បាន​នូវការរើបម្រះខ្លាំងពីអ្នកដែលត្រូវបានគាបសង្កត់ អានឹងគឺអ៊ីចឹង ថ្ងៃក្រោយខ្ញុំគិតថា បើសិ​​នជាការដឹកនាំនៅតែប្រើប្រាស់នៅក្នុ​ងការគាបសង្កត់បំភិតបំភ័យ បន្លាយ កម្ទេច សម្លាប់ អាហ្នឹង​ចង់​មិន​ចង់​វា​ធ្វើ​ឲ្យ​អ្នក​ដែល​រង​គ្រោះ​ហ្នឹង​មាន​ការ​ឈឺចាប់​ហើយ​ឈាន​ទៅ​ដល់​ការ​ងើប​ឡើង​បះ​បោរ​ក្នុង​ការ​ប្រឆាំង​ទៅ​នឹង​ការដឹកនាំរបៀបហ្នឹង»។

ការលើកឡើងខាងលើនេះ ហាក់ស៊ីគ្នានឹងសារបែកធ្លាយរបស់​រដ្ឋមន្ត្រី​ក្រសួង​ការងារ លោក ហេង សួរ ​ជួល​​ក្រុម​​ជើង​កាង ដើម្បី​វាយ​ធ្វើ​បាប​ក្រុម​ជំទាស់នៅក្នុង​ប្រទេស និង​ធានា​ចិញ្ចឹម​ក្រុម​ជើង​កាង​ទាំង​នោះ។

លោកថា៖ «ពិនិត្យមើលនៅហ្នឹង​មាន​ស្គាល់បណ្តាល​ខាង​ណា ត្រូវ​ចាប់​ផ្តើម​ដូច​នៅកូរ៉េចឹង រក​ពួក​ជើង​កាង​មួយ​ចំនួន​មើល​មុខ​សញ្ញា​ណាដែ​ល​ចាំបាច់ យកជើងកាងទៅវៃវា​ទៅ ហើយ​ជើង​កាង​ហ្នឹង​ត្រឡប់​មក​វិញ​យើង​ចិញ្ចឹម ធ្វើម៉េចឱ្យអាមួយហ្នឹងវាប្រកាច់​ប្រកិន​ទៅ​នឹង​ចុះ ហើយ​បើ​អាជើង​កាង​ហ្នឹង​គេ​មិន​ដែល​ចាប់​ដាក់​គុក​នៅ​ស្រុក​គេ​ទេ ចាប់​តិច​គេប្រលែង​មកឱ្យជាប់​គុកស្រុកយើង​ ចាំដល់ស្រុកយើង យើង​ចិញ្ចឹម»។

មួយវិញទៀត សារបែកធ្លាប់របស់អតីត​នាយករដ្ឋមន្រ្តីកម្ពុជា បច្ចុប្បន្ន​ជា​ប្រធាន​គណបក្ស​កាន់​អំណាច​គឺ​លោក ហ៊ុន សែន បញ្ជា​ឱ្យ​ប្រមាញ់​ចាប់​សកម្មជ​ន​បក្សជំនាស់ស្ថិតក្នុងតម្លៃណាក៏ដោយ រស់ ឬ​ស្លាប់​ត្រូវ​ចាប់​ឱ្យ​បាន។

លោកថា៖ «(ឃ្លាំង) ហួត ត្រូវ​ទទួល​ខុស​ត្រូវ​ទៅ​លើ​ការ​ងារ​នេះ​ឲ្យ​ធ្វើការ​ជាមួយ​នគរបាល​ថៃ​ហើយ​ក្រុម​អាវ​ក្រហម​ក៏​ត្រូវតែ​ចូល​រួម ដែល​យើង​មាន​ការ​សហការ​ល្អជាមួយ​យើង​ត្រូវ​ធ្វើ​សកម្មភាព​នេះ​ផង​ដែរ។ ហើយ​ដែល​ធ្វើសកម្មភាព​ដាច់​ដោយ​ឡែក​ពី​នគរបាល​ថៃ​ហ្នឹង ​កម្លាំង​យើង​ផ្ទាល់​ក៏​ត្រូវ​តាម​យក​មួយ​នេះ​ឲ្យ​បាន បើទោះបី​ដោយ​តម្លៃ​ណា​ក៏ដោយ​ក៏​រស់​ឬ​ស្លាប់​ យើង​អត់​ដឹង​ចេះ​តែ​ដឹង​ថា​មួយ​ហ្នឹង​ គឺ​មិន​អាច​ទៅ​ណា​មិន​ឲ្យ​ចេញ​ទៅ​ណាបាន ដូច្នេះត្រូវអនុវត្តវិធានការនេះជាបន្ទាន់​ដាច់​ខាត មិនឱ្យអា ផន បញ្ញា នេះ​រួច​ខ្លួន​បាន​ទេ»

ជុំវិញ​ឃាតកម្មថ្មីទៀត​លើ​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះជាតិ​ លោក លិម គិមយ៉ា ដែល​គេ​មើល​ឃើញ​ថា​​​ជាឃាតកម្មមានទម្រង់ឃោរឃៅនេះ អ្នកនាំ​ពាក្យ​រដ្ឋាភិបាល​ថ្មីរ​បស់​លោក ហ៊ុន ម៉ាណែត គឺ​លោក ប៉ែន បូណា បាន​បដិសេធ​ពីការមិនជាប់ពាក់​ព័ន្ធ​នឹងរដ្ឋាភិបាល។

លោក ប៉ែន បូណា បាន​​ប្រាប់​កាសែត​កម្ពុជា​ថ្មី ​របស់​​អ្នក​ស្រី ហ៊ុន ម៉ាណា កូនស្រី​​លោក ហ៊ុន សែន នាពេល​ថ្មីៗនេះ​ថា ករ​ណី​បាញ់​សម្លាប់​លោក លិម គិមយ៉ា ស្ថិត​ក្នុង​ដែន​សមត្ថ​កិច្ចថៃ ​​កុំ​ឱ្យ​ទម្លាក់​​កំហុស​ដាក់​​រដ្ឋាភិបាល​កម្ពុជា។

លោក​គូសបញ្ជាក់​ថា កម្ពុជា​​គ្មាន​​សមត្ថកិច្ច​ទទួលខុសត្រូវ​ចំពោះ​​បញ្ហា​ណា​ដែល​កើត​ឡើង​​នៅ​លើ​ដែន​អធិប​តេយ្យ​​នៃ​ប្រទេស​ដទៃ​ឡើយ។

លោកថា «ជា​អ្នក​នយោបាយ​ក្ដី ឬក៏​ជា​អ្នក​ធ្វើការ​ឱ្យ​អង្គការ​​សង្គម​ស៊ីវិល​ក្ដី គួរតែ​យល់​ឱ្យ​ច្បាស់​​អំពី​បញ្ហា​​នេះ ហើយ​បែងចែក កុំ​ចេះ​តែ​និយាយ»

មួយវិញទៀត អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន ធ្លាប់ច្រាន​ចោលដូចគ្នាថា​ ឃាតកម្ម​នេះ មិនជាប់ពាក់ព័ន្ធនឹងរដ្ឋាភិបាលនោះទេ។

លោកថា៖ «ចឹងខ្ញុំនិយាយ​ឱ្យខ្លី​គឺ​ថា​គ្មាន​ពាក់​ព័ន្ធ​ជាមួយ​នឹង​រាជ​រដ្ឋាភិបាល​កម្ពុជា​ដែល​ដឹក​នាំ​ប្រទេស​កម្ពុជា​ទេ ហើយ​បាតុភាព​ដែល​កើត​ឡើងនៅក្នុងទីក្រុងបាងកក វា​ជា​ការ​ទទួល​ខុស​ត្រូវ​របស់​សមត្ថ​កិច្ច​ថៃ ហើយនិងរាជរដ្ឋាភិបាលថៃ អត់​មាន​ពាក់​ព័ន្ធ​អី​ជាមួយ​នឹង​រាជ​រដ្ឋាភិបាល​កម្ពុជា​របស់​គណបក្ស​ប្រជា​ជន​កម្ពុជា​ទេ»។

ដោយឡែក អ្នក​ជំនាញ​ច្បាប់ និង​អភិបាលកិច្ចបែបប្រជាធិបតេយ្យ លោក វន់ ចាន់ឡូត យល់​ថា ទាំង​នេះ​អាច​ជា​យុទ្ធ​សាស្រ្តជន​ផ្តាច់​ការ​ចូល​ចិត្ត​លេង​ល្បែង​ទុច្ចរិក ឃោឃៅ ដើម្បីបំបិទសំឡេងអ្នករិះគន់។

លោកបន្ត​ថា ការដឹកនាំបែបនឹងបង្កការឈឺចាប់​ដល់​ប្រជាពលរដ្ឋ និង​ភ្ញៀវ​ជាតិ​ និង​អន្តរជាតិ ​រស់​នៅ​ទាំង​ភាព​ភ័យ​ខ្លាច អសន្តិ​សុខ សុវត្ថិភាពជាដើម ដូច្នេះមេដឹកនាំគួរគិត​គូរ ពិចារណា​ឡើងវិញនូវបញ្ហានេះ។

លោក​ថា៖ «ករណី​បទឧក្រិដ្ឋធំៗ​បែបនេះ វានៅ​តែ​បន្ត​កើត​មាន​រួមមាន​ការ​សម្លាប់​ហើយ​នឹង​ការ​ប្រើ​ប្រាស់​ហិង្សា​អ្នក​ដែល​ទទួល​ខុសត្រូវខ្ពស់បំផុត​នោះ គឺរដ្ឋាភិបាល​នៃគណបក្សប្រជាជនកម្ពុជា ការ​ដែល​ទទួល​ខុសត្រូវនោះ វាអាច​ពាក់​ព័ន្ធ​ទៅ​នឹង​បទ​ល្មើស​ធំៗ​របស់​អន្តរ​ជាតិ​ រួម​មាន​បទ​ឧក្រិដ្ឋ​កម្ម​ប្រឆាំង​មនុស្ស​ជាតិ​ជាដើម​ហ្នឹង ដូច​ដែល​មេដឹកនាំ​ផ្ដាច់​ការ​មួយ​ចំនួន​លើ​ពិភព​លោក បាន​ភ្លក្ស​រសជាតិ​នៅ​ពេល​ដែល​ខ្លួន​អស់​អំណាច»។

ជិត១០ឆ្នាំមុន ពោល​គឺ​ក្នុង​ឆ្នាំ២០១៧ លោក ហ៊ុន សែន បានប្រើដៃតុលាការ​កំពូល រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ រំលោភ​ឆន្ទះ​រាស្ត្រជាង​ពាក់​កណ្តាល​នគរ សម្លាប់ជីវិតនយោបាយ ក្រុម​អ្នក​មាន​និន្នាការ​ប្រជា​ធិប​តេយ្យ​រាប់​រយ​នាក់ ក្នុងនោះមានទាំងលោក សម រង្ស៊ី និង​លោក កឹម សុខា ផងដែរ ។

អំណាច​សាលដីកា​តុលាការកំពូល​នេះ បានបិទផ្លូវ​មន្រ្តី​គណបក្ស​ជំទាស់ ១១៨រូប ចាប់​ពី​គណៈ​កម្មាធិ​ការ​នាយក​ឡើង​ទៅ មិន​ឱ្យ​ធ្វើ​នយោបាយ​រយៈពេល ៥ឆ្នាំ។

ជាមួយគ្នានេះ មេដឹកនាំ​បក្ស​សង្រ្គោះ​ជាតិ លោក កឹម សុខា ត្រូវឃុំខ្លួន ក្រោម​ការ​ចោទ​ថា​គប់​គិត​ជាមួយ​ប​រទេ​​សផ្តួល​រំលំ​រដ្ឋាភិបាល រីឯ​លោក សម រង្សី ត្រូវនិរទេសខ្លួន​នៅ​ក្រៅ​ប្រទេស​រហូត​បច្ចុប្បន្ន ដែល​ការ​ចោ​​ទ​ទាំ​ង​នោះ ត្រូវបាន​សហរដ្ឋអាមេរិក​ចាត់ទុក​ថា​ជា​បទ​ចោទ​បែប​ប្រឌិត មាន​ចរិត​នយោ​បាយ ដែល​ឆ្លុះ​បញ្ចាំ​​ង​​ពីការបរាជ័យ​របស់​ប្រព័ន្ធ​យុត្តិធម៌ ។

ក្រោមការដឹកនាំ​បំពានអំណាច​របស់​គ្រួសារ​ហ៊ុន​នេះ ក៏បាន​លេច​ឡើង​ផង​ដែរ​ពី​ការ​សម្លាប់​មនុស្ស​ក្រៅ​ប្រ​ព័ន្ធ​​ច្បាប់ ដោយ​​ផ្តោត​លើ​សកម្មជន​សង្គម​ល្បីៗ​ដែល​ហ៊ាន​និយាយ​រិះគន់បញ្ហាព្រំដែន អំពើពុករលួយ និ​ង​​ការរីករាលដាលនៃអំពើអយុត្តិធម៌សង្គមជាដើម។

ជាក់ស្តែងកាល​ពី​ថ្ងៃ​ទី​១០ ខែ​កក្កដា ឆ្នាំ​២០១៦ អ្នកវិភាគ​​នយោបាយ​លោក​ប​ណ្ឌិត កែម ឡី ​​ត្រូវ​​បាន​ខ្មាន់​​កាំភ្លើង​​បាញ់​​​សម្លាប់ ក្រោយពីលោកធ្វើការវិភាគលើរបាយការណ៍​ស៊ើបអង្កេត​របស់​អន្តរ​ជាតិ​មួយ ដែល​ដា​​ក់ចំ​ណង​ជើង​ថា អាណាចក្រជំនួញត្រកូលហ៊ុន ដែល​ការ​ស៊ើប​អង្កេត​នោះ បាន​រកឃើញ​ថា គ្រួសារ​ហ៊ុន បាន​ក្តោមក្តាប់មុខជំនាញធំៗ​ស្ទើរ​ទាំង​អ​ស់នៅកម្ពុជា គំរាម​កំហែង​ដល់​វិស័យ​វិនិយោគ និង​ជំរុញ​ឱ្យ​មាន​ការរំលោ​ភដីធ្លីជាដើម និងបំផ្លាញធនធានធម្មជាតិមានរ៉ៃ និងព្រៃឈើជាដើម ។

កាលពីថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១២ ​ប្រធាន​​អង្គការការពារ​ធនធាន​ធម្មជាតិ និង​ជា​សកម្ម​ជន​ព្រៃឈើ​ដ៏​ឆ្នើម លោក ឈុត វុទ្ធី ក៏ត្រូវបានខ្មាន់​កាំភ្លើង​បាញ់​សម្លាប់​ផង​ដែរ ខណៈ​លោក​ចុះ​ធ្វើ​ការ​ស៊ើប​អង្កេត​ផ្ទាល់​ជុំវិ​ញ​​​ករណី​ការ​កាប់​បំផ្លាញ​ព្រៃឈើនៅខេត្ត​កោះកុង ក្នុង​ប្រទេស​កម្ពុជា ដែល​គេ​ស្គាល់​ថា​ទីតាំង​នោះ​ជាប់​ពាក់​​ព័ន្ធនឹង​គ្រួសារហ៊ុន។

បន្ថែមពីនេះ បើតាមរបាយការណ៍អង្គការលីកាដូ កាល​ពីថ្ងៃទី​១១ ខែធ្នូ បាន​បង្ហាញ​ទិន្ន័យ​កត់​ត្រា​ត្រួសៗ​រក​ឃើញ​ថា ឆ្នាំ២០២៤ អាណត្តិ​លោក ហ៊ុន ម៉ាណែត នេះ​មានការណីចាប់ខ្លួន​សកម្មជន​សង្គម​យ៉ាង​គំហុក យ៉ា​​ងតិច​១០២នាក់ ពាក់ព័ន្ធនឹងការរិះគន់​គោលនយោបាយរដ្ឋាភិបាល៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ