បក្សជំទាស់​ជំរុញ​បារាំង​និង​ថៃ​ ​ចាប់​​ឃាតករ​ពិត​និងអ្នកបញ្ជា​​ដែល​រួម​ដៃ​ធ្វើ​ឃាត​លោក លិម គិម​យ៉ា

ចំ​ពេល​អាជ្ញាធរ​ថៃ​បង្ហាញ​មុខ​ជន​សង្ស័យ​ទី២​រួម​ដៃ​បាញ់​សម្លាប់​តំណាង​រាស្រ្ត​គណបក្ស​សង្រ្គោះ​ជាតិ លោក លិម គិម​យ៉ា គណបក្សសង្រ្គោះជាតិប្រចាំ​សហរដ្ឋ​អាមេរិក បាន​ទាម​ទារ​ឱ្យ​បារាំង និង​រដ្ឋាភិបាល​ថៃ​ចា​​ប់ខ្លួ​ន​ឃាតករពិត និងអ្នកបញ្ជា​មក​ផ្តន្ទា​ទោស ដើម្បី​បញ្ចប់​មន្ទិល​សង្ស័យ​ឱ្យ​បាន​ឆាប់។ 

រឿង​ក្តី​ឃាតកម្ម​កណ្តាល​ក្រុងបាង​កក​នេះ ក្រៅពី​បាន​កំណត់​មុខ​សញ្ញាឃាតករ ឈ្មោះ អ៊ែក កា​រ៉ាត់ ផែ​ណយ ជា​ជនជាតិថៃ​ហើយ​នោះ សមត្ថ​កិច្ច​ថៃ​ ក៏​បាន​រក​ឃើញ​ជន​សង្ស័យ​ជន​ជាតិ​ខ្មែរ​ម្នាក់​ទៀត មាន​ឈ្មោះ ពេជ្រ គិម​ស្រ៊ិន ជាអនុ​ប្រធាន​គណៈ​កម្ម​ការ​ផ្សារ​កណ្តាល ដែល​ជា​កូន​ចៅ​របស់ លោក ឃួង ស្រេង អភិបាល​រាជធានីភ្នំពេញ។

តាមរយៈ​កាមេរ៉ាសុវត្ថិ​ភាព​ផ្សព្វ​ផ្សាយ​ដោយ​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​ថៃ បង្ហាញ​ថា ជន​សង្ស័យ​រូប​នេះ​បាន​ជិះក្នុង​រថយន្ត​ក្រុង​ជាមួយ លោក លិម គិមយ៉ា នៅថ្ងៃទី​៧ ខែ​មករា ហើយ​ក្រោយ​ឃាតកម្ម​កើត​ឡើង លោក ពេជ្រ គិមស្រ៊ិន បាន​ជិះ​យន្ត​ហោះ​ត្រលប់​មក​កម្ពុជា​វិញ​នៅ​ម៉ោង​៩យប់​នៅ​ថ្ងៃ​ដដែល។

ចំ​ពេល​មាន​ភស្តុតាងចង្អុលបង្ហាញបែបនេះ គណបក្សសង្គ្រោះជា​តិ​ប្រចាំ​សហរដ្ឋ​អាមេរិក  តាម​រយៈ​សេចក្តី​ថ្លែងការណ៍​របស់​ខ្លួន បាន​ជំរុញ​ឱ្យ​ទូត​បារាំង​នៅទីក្រុង​បាង​កក និងរដ្ឋាភិបាល​ថៃ ពន្លឿន​ការ​ស៊ើប​អង្កេត​រឿង​ក្តី​នេះ ដើម្បីបញ្ចប់ការសង្ស័យឲ្យ​បាន​ឆាប់ តាម​រយៈការ​វែក​មុខ អ្នក​បញ្ជា និង​ហេតុផល​ពី​ក្រោយ​អំពើ​ឃាត​កម្ម​នេះ។

សម្រាប់​គណបក្សសង្រ្គោះជាតិ ព្រឹត្តិ​ការណ៍​បាញ់​ប្រហារ ជាឃាតកម្ម​នយោបាយ​គិត​ទុក​ជា​មុន​រៀប​ចំ​ដោយ​ឃាត​ករ និង​មាន​អ្នក​បញ្ជានៅពី​ក្រោយ​ខ្នង​យ៉ាង​ច្បាស់​លាស់ ដែល​មាន​ទម្រង់ «ឃោរ​ឃៅ​និង​យង់​ឃ្នង​បំផុត»។

បន្ថែម​លើសេ​ចក្តីថ្លែងការណ៍​នេះ តំណាងរាស្រ្តគណបក្សសង្រ្គោះជាតិ លោក ម៉ែន សុថាវរិន្ទ ប្រាប់ VOD ថា មានតែការស៊ើបអង្កេត​ដោយ​ឯករាជ្យ​ពីរដ្ឋាភិបាល​បារាំង និង​ថៃ​ទេ ទើប​អាច​ទម្លាយ​ការ​ពិត​បាន ព្រោះ​ថា ឃាតកម្ម​នេះ​អាច​មាន​ជាប់​ពាក់​ព័ន្ធ​នឹង​គ្រួសារ​ហ៊ុន។

លោក​ថា៖«ដូចរឿងលោក កែម ឡី ដូចរឿងគ្រប់ទាំង​អស់ ឃាតកម្ម​ទាំង​អស់​មិន​ដែល​រក​ឃើញ​សោះ មិន​ដែល​រក​ឃើញ​ទេ រាជ​រដ្ឋាភិបាល​ប្រកែក អត់ដែល​រក​ឃើញ​ទេ ប៉ុន្តែ បើ​សិន​ជា​ទង្វើ​កំប៉ិក​កំប៉ុក​គណបក្ស​ប្រឆាំង សង្គម​ស៊ីវិល រឿង​ស្អី​កំប៉ិក​បំប៉ុក រក​ឃើញ​ភ្លាម រឿងនយោបាយ រក​មិន​ដែល​ឃើញ​សោះ បើ​រដ្ឋាភិបាល ហ៊ុន ម៉ាណែត ធ្វើ​ឱ្យ​ល្អ​ដើម្បីឱ្យមាន​ជំនឿ ឱ្យ​ប្រជា​ពលរដ្ឋ​ខ្មែរ​មាន​ជំនឿ សង្គម​ស៊ីវិល​មាន​ជំនឿ និង​អន្តរជាតិមា​ន​ជំនឿ និង​គណបក្ស​ប្រឆាំង​មាន​ជំនឿ​ទាល់​តែ​រក​ឱ្យ​ឃើញ»

ប៉ុន្តែ អ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជា លោក ប៉ែន បូណា បាន​ចេញ​មក​ឆ្លើយ​តប​លើ​បណ្តាញ​សង្គម​របស់​ខ្លួន​ច្រាន​ចោល​ការចោទ​ប្រកាន់​នេះ។

លោក​ថា​៖ «វប្បធម៌លាបពណ៌មួល​បង្កាច់ ចោទប្រកាន់ដែល​គ្មាន​ភស្តុតាង​មក​លើ រាជ​រដ្ឋាភិបាល​នេះ វា​បាន​ក្លាយ​ទៅ​ជា អត្ត​សញ្ញាណ​របស់​ក្រុម​ប្រឆាំងជ្រុល​និយម អស់​រយៈ​ពេល​ជា​ច្រើន​ទស្ស​វត្ស​មក​ហើយ ទាំង​ក្រុម​អង្គការសិទ្ធិមនុស្សមួយចំនួន ទាំងក្នុងស្រុកនិង​បរទេស ហើយ​ទាំង​ប្រព័ន្ធ​ឃោសនា​របស់​គេមួយ​ចំនួនផង។ ពួក​គេ តែង​តែធ្វើ​សេចក្តី​ថ្លែងការណ៍​ចោទ​ប្រកាន់ ទម្លាក់​កំហុស​ដោយ​គ្មាន​ការ​ទទួល​ខុ​ស​ត្រូវ គ្មានវិជ្ជាជីវៈ គ្មានភស្តុតាង​អ្វី​ទាំង​អស់ តាម​តែ​របៀប​វា​រៈ​នយោបាយ ទុច្ចរិត»

យ៉ាង​ណា ប្រធានអង្គការប្រជាធិបតេយ្យខ្មែរប្រចាំ​ប្រទេស​អូស្ត្រាលី លោក ស៊ឹង សែន​ករុណា និយាយ​ថាដើម្បី​ការពារ​ភាព​ស្អាតស្អំ​របស់​ខ្លួន​បានទាម​ទារ​ឲ្យ​​រដ្ឋាភិបាល​កម្ពុជា​មាន​ឆន្ទៈ​សហការណ៍​ជាមួយ​ភាគី​ថៃ និង​បារាំង ដើម្បីវែកមុខឧក្រិដ្ឋជន​ដែល​នៅ​ពីក្រោយ​រឿង​ក្តី​នេះ។

លោក​ថា៖ «ការ​ឆ្លើយដែល​ថា ខ្លួន​អត់ជាប់ពាក់ព័ន្ធហើយកើតហេតុ​នៅ​ថៃ! ធម្មតា​ថៃ គេ​ធ្វើ​ការ​ស៊ើប​អង្កេត គេស្រាវ​ជ្រាវ​ធ្វើរ​បាយ​ការណ៍​ហើយ ប៉ុន្តែ​រឿង​ដែល​ពាក់​ព័ន្ធ មក​កម្ពុជា អ៊ីចឹង​កម្ពុជា ខ្លួន​ឯង​ដែល​ត្រូវ​បាន​ប្រទេស​ថៃ គេ​ចោទ​ប្រកាន់​សួរ ហើយ​សហគមន៍​អន្តរ​ជាតិ​គេ​កំពុង​តែ​ឃ្លាំ​មើល​រឿង​ហ្នឹង​ដែរ»។  

តំណាងរាស្រ្តគណបក្សសង្រ្គោះជាតិ លោក លិម គិម​យ៉ា ជនជាតិខ្មែរ សញ្ជាតិបារាំង ត្រូវ​បាន​ខ្មាន់​កាំភ្លើង​បាញ់​សម្លាប់​នៅ​ម៉ោង ៥ និង​៤៥​នាទី​ល្ងាច នៅ​ថ្ងៃ​ទី​៧ ខែមករា ឆ្នាំ​២០២៥ ក្នុង​ខណ្ឌ​ព្រះ​នគរ ក្បែរ​វត្ត Bowonniwet Vihara ទីក្រុង​បាង​កក ប្រទេសថៃ។

មុនពេល​ស្លាប់ លោក លិម គិមយ៉ា បាន​រិះគន់​ចំៗ ចំពោះ​លោក ហ៊ុន ម៉ានី ជុំវិញ​ការ​ឆេះ​រូប​ព្រះ​ឆាយា​ល័ក្ខណ៍ព្រះ​មហាក្សត្រ​ក្នុង​ព្រឹត្តិ​ការណ៍​សាទរ​កម្ពុជា ជម្លោះ​កោះ​គុត និង​ការ​ដឹកនាំ​បែប​គ្រួសារ​និយម​របស់​បក្ស​កាន់​អំណាច ជាដើម។

១ថ្ងៃក្រោយ​​ការ​បាញ់​សម្លាប់​នេះ សមត្ថកិច្ចថៃបានកំណត់​អត្ត​សញ្ញាណ​ឃាតករ ដែល​មាន​ឈ្មោះ លោក អ៊ែក ការ៉ាត់ ផែណយ ជា​អតីត​ទាហ៊ាន​ជើង​ទឹក​ថៃ និង​ធ្លាប់​រង​ការ​ចោទ​ប្រកាន់​ថា​កាប់​អាវុធខុ​ស​ច្បាប់ និង​មាន​ប្រវត្តិ​ពាក់ព័ន្ធ​ការ​ប៉ង​សម្លាប់​មនុស្ស​ផង​ដែរ។

ដោយឡែក អគ្គស្នងការនគរបាល​ជាតិ​កម្ពុជា បាន​បញ្ជាក់​ក្នុង​លិខិត​ចុះ​ថ្ងៃទី៨ ខែមករា ថា ក្រោយ​ធ្វើ​សកម្មភាព​ជន​សង្ស័យ​បាន​រត់​គេច​ខ្លួន​ពី​ទីក្រុង​បាង​កក ធ្វើ​ដំណើរ​ឆ្ពោះ​មក​កាន់​ខេត្ត​ជាប់​ព្រំដែន​ប្រទេស​កម្ពុជា ហើយ​នគរបាល​កម្ពុជា​ចាប់​ជន​សង្ស័យ​នៅ​ថ្ងៃ​ទី​៨ ខែ​មករា នឹង​ត្រៀម​បញ្ជូន​ទៅ​ប្រទេស​ថៃ តាម​ការ​ស្នើ​សុំ ក្រោយកម្ពុជា​បញ្ចប់​នីតិវិធី​លើ​ជន​សង្ស័យ។

ជ្រុង​មួយ​នៃ​អំពើ​ហិង្សា​ឆ្លង​ដែន​នេះ ប្រធានគណបក្សប្រជាជនកម្ពុជា លោក ហ៊ុន សែន ធ្លាប់​បាន​បញ្ជា​ឱ្យចាប់​ខ្លួន​សកម្មជន​សង្គម លោក ផន ផាន់ណា អំឡុង​ពេល​ភៀស​ខ្លួន​នៅ​ប្រទេស​ថៃ ដោយ​លោក ហ៊ុន សែន ថា ទោះបីស្លាប់ ឬរស់ត្រូវតែ​ចាប់​ឱ្យ​បាន។

ជាង​នេះទៀត តាមរយៈសារជា​​សំឡេង​បែក​ធ្លាយ លោក ហ៊ុន សែន បាន​បញ្ជា​ឱ្យ​បោស​សម្អាត​ក្រុម​សំឡេង​ជំទាស់​ក្នុង​ស្រុក​ដោយ​ប្រើ​ពាក្យ​ថា «ងើប​មួយ​វាយ​មួយ» ដើម្បី​បើក​ផ្លូវ​ឱ្យ​លោក ហ៊ុន ម៉ាណែត ជាកូន​ឈ្នះឆ្នោត​នៅ​ឆ្នាំ​២០២៧ និង​២០២៨ ដោយ​គ្មាន​គូរ​ប្រកួត​ប្រជែង។

ច្រើនឆ្នាំទៅនេះ គេសង្កេតឃើញថា អំពើ​ហិង្សា​លើ​អ្នក​តស៊ូ​មតិ និង​ឃាតកម្ម​ដែល​កើត​មាន​នៅ​លើ​ទឹក​ដី​កម្ពុជា ដូច​ជា ការ​បាញ់​សម្លាប់​លោក ឈុត វុទ្ធី លោក​បណ្ឌិត កែម ឡី និង​លោក ជា វិជ្ជា ជាដើម ត្រូវ​បាន​រដ្ឋាភិបាល​កប់​ចោស ដែល​ជា​មន្ទិល​ថា​មេដឹកនាំ​បក្សកាន់​អំណាច​ លោក ហ៊ុន​ សែន គឺ​ជាអ្នក​បញ្ជា​ដោយ​ផ្ទាល់​ធ្វើឱ្យឧក្រិដ្ឋជន​អាច​បន្ត​រស់​នៅ​ក្រៅ​សំណាញ់​បែប​នេះ៕

ដោយ​លោក សែន សច្ចៈ

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ