មន្រ្តីរដ្ឋាភិបាលកម្ពុជា ហាក់បានស្តីបន្ទោសភាគីថៃ ជុំវិញការបញ្ចេញមុខជនសង្ស័យទី២ ដែលបានរួមដៃបាញ់សម្លាប់តំណាងរាស្រ្តបក្សសង្គ្រោះជាតិ លោក លិម គិមយ៉ា លើទឹកដីថៃ ដោយថា ទង្វើរបស់ថៃ បានបង្កផលលំបាកដល់កម្ពុជា ក្នុងការតាមចាប់អ្នកពាក់ព័ន្ធ។
មន្រ្តីជាន់ខ្ពស់មួយរូបនៅក្រសួងមហាផ្ទៃ សុំមិនឱ្យបញ្ចេញឈ្មោះ និងសំឡេង ក្នុងបទសម្ភាសន៍នៅថ្ងៃទី១០ខែមករានេះ ជុំវិញសំណួរដែលសួរថា តើកម្ពុជានឹងចាប់ខ្លួនជនសង្ស័យទី២ឈ្មោះ ពេជ្រ គឹមស៊្រិន បញ្ជូនខ្លួនទៅឱ្យភាគីថៃ ដើម្បីកាត់ទោសតាមការស្នើសុំឬទេ?
ប្រភពនោះបាននិយាយក្នុងន័យដើមថា ភាគីថៃធ្វើនេះជ្រុលពេក បង្ហាញមុខជនសង្ស័យទី២ ធ្វើឲ្យសមត្ថកិច្ចកម្ពុជា ពិបាកក្នុងការស្វែងរកចាប់ខ្លួនអ្នកពាក់ព័ន្ធនោះមកផ្តន្ទាទោស។ ប្រភពនោះបន្តថា ភាគីថៃធ្វើអញ្ចឹង មិនត្រឹមត្រូវទេ ដែលបង្ហាញមុខជនសង្ស័យជាសាធារណៈអញ្ចឹង គេដឹងអស់ ធ្វើឱ្យសមត្ថកិច្ចកម្ពុជា ពិបាកក្នុងតាមប្រមាញ់ចាប់ក្រុមពួកល្មើសណាស់។
យ៉ាងណា មន្រ្តីរូបនោះបញ្ជាក់ប្រាប់វីអូឌីថា សមត្ថកិច្ចកម្ពុជា នឹងសហការជាមួយដៃគូរពាក់ព័ន្ធធ្វើការស៊ើបអង្កេតករណីឃាតកម្មនេះ យ៉ាងយកចិត្តទុកដាក់ និងវែកមុខជនសង្ស័យមកផ្តន្ទាទោសតាមច្បាប់។
លោកគូសបញ្ជាក់ក្នុងសម្តីដើមថា៖ «ថៃធ្វើចឹងជ្រុលពេកមែនតើក្មួយ ហួសចិត្ត មិនត្រឹមត្រូវ បង្ហាញមុខជនសង្ស័យឱ្យគេដឹងអស់ ធ្វើអញ្ចឹងបែកធ្លាយអស់ ចឹងធ្វើឱ្យកម្ពុជាយើងពិបាកស្វែងរកមុខអ្នកបង្កហេតុបាត់»។
ស្នងការនគរបាលក្រុងបាងកក (Bangkok) លោក ស្យាម ប៊ុនស៊ុម (Siam Bunsom) ធ្វើសន្និសីទកាសែត នៅថ្ងៃទី៩ ខែមករាថា តុលាការព្រហ្មទណ្ឌថៃ បានចេញដីកាតាមចាប់ខ្លួនជនសង្ស័យទី២ ដែលមានជាប់ពាក់ព័ន្ធនឹងការជួលខ្មាន់កាំភ្លើងថៃឱ្យបាញ់សម្លាប់តំណាងរាស្រ្តបក្សប្រឆាំងលើទឹកដីថៃ។
ប្រភពបន្តថា ឃាតករត្រូវបានគេជួលព្រោះជាធម្មតាខ្មាន់កាំភ្លើងមិនដឹងពីគោលដៅទេ ដូច្នេះហើយត្រូវតែមាននរណាម្នាក់បានចង្អុលបង្ហាញមុខសញ្ញា ដែលករណីនេះលោកមានការសង្ស័យថាអ្នកសមគំនិត។
ប្រភពបន្តទៀតថា ករណីនេះកំពុងបន្តការស៊ើបអង្កេត និងតាមចាប់ជនសង្ស័យដែលចេញដីកាចាប់ខ្លួន និងព្យាយាមប្រមូលភស្តុតាងបន្ថែមទៀតតាមដែលអាចធ្វើទៅបាន ដើម្បីបង្កើតភាពច្បាស់លាស់ក្នុងការកាត់ទោសជនសង្ស័យ និងអ្នកពាក់ព័ន្ធ។
តំណាងរាស្រ្តបក្សសង្រ្គោះជាតិ លោក អ៊ុំ សំអាន និយាយថា កម្ពុជាត្រូវតាមចាប់ខ្លួនលោក ពេជ្រ គីមស្រ៊ិន ឱ្យទៅភាគីថៃដើម្បីសាកសួរចម្លើយជុំវិញករណីឃាតកម្មបាញ់សម្លាប់លោក លិម គិមយ៉ា នេះ។
លោកបន្តថា បើគ្រួសារហ៊ុនមិនព្រមចាប់ខ្លួនជនសង្ស័យដែលគេអះអាងថាជាអ្នកជួលឃាតករថៃឱ្យបាញ់សម្លាប់លោក លិម គិមយ៉ា ទេ បញ្ជាក់ថាមេដឹកនាំគ្រួសារជាអ្នកនៅពីក្រោយខ្នងឃាតកម្មនេះ។
លោកថា៖ «គ្មាននរណាក្រៅពីត្រកូលហ៊ុនទេ ជាពិសេសលោក ហ៊ុន សែន តែម្ដងដែលបញ្ជាលើលោកពេជ្រ គឹមស្រ៊ិន ព្រោះពេជ្រ គឹមស៊្រិន គឺជាកូនចៅរបស់ គាង ចក់ ហើយ គាង ចក់ ហ្នឹងគឺជាមនុស្សដៃឆៅរបស់ លោក ឃួង ស្រេង ហើយ ឃួង ស្រេង និង ហ៊ុន ម៉ាណែត ជាអ្នករៀបចំព្រឹត្តិការណ៍សាទរកម្ពុជា កម្មៀបចំព្រឹត្តិការណ៍សោកុនពៅហើយ គាង ចក់ ជាមនុស្សដែលទៅ សួរលោក ផន ផាន់ណា ទៅដឹងហើយគឺថាអ្នកណាដែលឮឈ្មោះ គាង ចក់ គេខ្លាចហើយនៅថៃនោះ ព្រោះ គាង ចក់ អ្នកធ្វើសកម្មភាពទាំងបញ្ចុះបញ្ចូលទាំងសម្លាប់ទាំងឲ្យចាប់បញ្ជូនមកស្រុកខ្មែរ»។
សម្រាប់លោក អ៊ុំ សំអាន អះអាងថា ឃាតកម្មបាញ់សម្លាប់លោក លិម គិមយ៉ា មានជាប់ពាក់ព័ន្ធនឹងមេដឹកនាំគ្រួសារហ៊ុន ដូច្នេះអាជ្ញាធរកម្ពុជាពិបាកក្នុងការស្វែងរកចាប់ខ្លួនជនសង្ស័យទី២នោះណាស់។
លោកបន្តថា គ្រួសារហ៊ុននឹងមិនបញ្ជូនជនសង្ស័យឈ្មោះ ពេជ្រ គីមស្រ៊ិន ភ្លាមៗទៅឱ្យថៃទេ ព្រោះខ្លាចជនសង្ស័យរូបនោះសារភាពថា ករណីបាញ់សម្លាប់លោក លិម គិមយ៉ា ជាប់ពាក់ព័ន្ធគ្រួសារហ៊ុន។
លោកថា៖ « ពេជ្រ គឹមស៊្រិន គាត់មិនអាចធ្វើរឿងហ្នឹងតែម្នាក់ឯងបានទេ បើសិនគ្មានអ្នកបញ្ជាពីក្រោយខ្នង សុទ្ធតែមានអ្នកបញ្ជាពីក្រោយខ្នងហើយ បានអាចធ្វើរឿងហ្នឹងបាន លោក ឃួង ស្រេង បញ្ជាទៅ ប៉ុន្តែអ្នកបញ្ជាលោកឃួង ស្រេង គឺត្រកូលហ៊ុន លោក ហ៊ុន សែន ហើយ»។
ប្រធានអង្គការប្រជាធិបតេយ្យប្រចាំនៅប្រទេសអូស្រ្តាលី លោក ស៊ឹង សែនករុណា មានប្រសាសន៍ថា បើមេដឹកនាំបក្សកាន់អំណាចមិនហ៊ានចាប់បញ្ជូន លោក ពេជ្រ គីមស្រ៊ិន ឱ្យទៅសមត្ថកិច្ចថៃសួរចម្លើយទេ ឆ្លុះបញ្ចាំងថាមេដឹកនាំកម្ពុជាជាប់ពាក់ព័ន្ធរឿងនេះដែរ។
លោកបន្តថា ដើម្បីបង្ហាញពីភាពស្អាតស្អំ និងទំនួលខុសត្រូវថាខ្លួនមិនជាប់ពាក់ព័ន្ធឬនៅពីក្រោយខ្នងឃាតកម្មនេះ មេដឹកនាំកម្ពុជាត្រូវចាប់បញ្ជូនខ្លួនជនសង្ស័យដែលភាគីថៃបានចេញដីការចាប់ខ្លួននោះ។
លោកថា៖ «ការសង្ស័យពីសាធារណជនក៏ដូចជាសារព័ត៌មានដ៏ល្បីល្បាញលើពិភពលោកនានា គេនឹងចោទប្រកាន់ថាការសម្លាប់ លោក លិម គិមយ៉ា ហ្នឹង គឺជាប់ពាក់ព័ន្ធទៅនឹងមេដឹកនាំប្រទេសកម្ពុជាហើយនឹងការធ្វើនេះ គឺជាការបញ្ជាដែលធ្វើឡើងជាប្រព័ន្ធដើម្បីរៀបចំផែនការសម្លាប់មនុស្ស សម្លាប់ លោកលិម គិមយ៉ា»។
សម្រាប់ លោក ករុណា មិនជឿថា គ្រាន់តែជនសង្ស័យម្នាក់ រដ្ឋាភិបាលដែលក្តោបអំណាចជិត ៤០ឆ្នាំតាមប្រមាញ់ចាប់មិនបានទេ ខណៈសកម្មជនសង្គមរិះគន់ខ្លួន ស្រែកតែមួយមាត់ ចាប់បាន២៤ម៉ោង។
លោកចោទជាសំណួរថា តើមេដឹកនាំកម្ពុជាមានអ្វីលាក់បាំងអ្វីនៅពីខាងក្រោយខ្នងឃាតកម្មនេះ ទើបមិនហ៊ានចាប់បញ្ជូនជនសង្ស័យដែលភាគីថៃបានចង្អុលមុខសញ្ញាថាជាប់ពាក់ព័ន្ធនឹងឃាតករថៃនោះ។
លោកថា៖ «បើសិនជាកម្ពុជាចង់បង្ហាញថាខ្លួនអត់បានជាប់ពាក់ព័ន្ធជនសង្ស័យទាល់តែធ្វើកិច្ចការងារសហការ និងស្វែងរកយុត្តិធម៌ទាំងអស់គ្នា ដើម្បីឲ្យភាគីទាំងឡាយហ្នឹងទទួលបានយុត្តិធម៌បើសិនជាមិនធ្វើកិច្ចការងារហ្នឹង គេនឹងបន្តរងការរិះគន់ និងបន្តរងការថ្កោលទោស និងមានវិធានការបន្តបន្ទាប់ ពីសហគមន៍អន្តរជាតិ។
កាលពីថ្ងៃទី៧ ខែមករា ឆ្នាំ២០២៥ តំណាងរាស្រ្តបក្សសង្រ្គោះជាតិ លោក លិម គិមយ៉ា នៅក្បែរទីតាំង Wat Bowonniwet Vihara នៃទីក្រុងបាងក ប្រទេសថៃ។ លោក លឹម គីមយ៉ា ដែលមានវ័យ ៧៣ឆ្នាំ បានស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ ក្រោយរងការបាញ់ប្រហារចំនួន៣គ្រាប់។ ប៉ូលីសថៃ ដែលចុះធ្វើកោសល្យវិច័យបាននិយាយថា ឃាតករស្លៀកខោជើងវែង និងពាក់ម៉ាស់ ហើយមានកាបូបស្ពាយនៅពីខាងមុខ ទំនងកាំភ្លើងលាក់ទុកនៅក្នុងនោះស្រាប់ មុនធ្វើសកម្មភាព។
យ៉ាងណា ក្រុមអ្នកតាមដានសង្គម ដែលមិនចំណុះរដ្ឋាភិបាល គណបក្សប្រឆាំង អង្គការសិទ្ធិមនុស្សអន្តរជាតិ រួមទាំងប្រទេសបារាំងផង បានថ្កោលទោសទង្វើដ៏ឃោរឃៅនេះ និងសម្តែងមរណទុក្ខ ចំពោះក្រុមគ្រួសារ និងសាច់ញាតិរបស់សព។
ប្រទេសបារាំង បានសង្កត់ធ្ងន់ថា ខ្លួនមានទំនាក់ទំនងជាមួយក្រុមគ្រួសាររបស់សព ក្នុងក្របខ័ណ្ឌ នៃការផ្តល់ការគាំពារផ្នែកកុងស៊ុល ហើយថា បារំាង នឹងតាមដានដោយយកចិត្តទុកដាក់ អំពីការស៊ើបអង្កេត ដែលធ្វើឡើងដោយអាជ្ញាធរថៃ ដើម្បីស្វែងរកការពិតចំពោះករណីឃាតកម្មលើ លោក លិម គិមយ៉ា នេះ៕