ប្រទេសបារាំង និយាយថា ខ្លួននឹងតាមដានយ៉ាងដិតដល់នូវការស៊ើបអង្កេតដែលបញ្ជាដោយអាជ្ញាធរថៃ ដើម្បីបង្កើនការរកការពិតពេញលេញជុំវិញឃាតកម្មលើ លោក លិម គិមយ៉ា តំណាងរាស្រ្តគណបក្សសង្រ្គោះជាតិ ខណៈការបាញ់សម្លាប់នេះ រងមន្ទិលថា ជារឿងនយោបាយបញ្ជាពីកម្ពុជា។
តាមរយៈសេចក្តីថ្លែងការណ៍របស់ខ្លួន នៅថ្ងៃទី៩ ខែមករា ក្រៅពីសម្តែងមរណទុក្ខចំពោះសាច់ញាតិរបស់សពហើយ បារាំងក៏បានប្រកាសថ្កោលទោសចំពោះឃាតកម្មលើលោក លិម គិមយ៉ា ជាពលរដ្ឋបារាំងផងដែរ។
រដ្ឋាភិបាលបារាំង អះអាងថា ខ្លួនបានផ្តល់ការគាំពារផ្នែកកុងស៊ុលដល់ក្រុមគ្រួសារសព ហើយក៏កំពុងតាមដានដោយយកចិត្តទុកដាក់ចំពោះការស៊ើបអង្កេតរបស់រដ្ឋអំណាចថៃជុំវិញឃាតកម្មនេះផងដែរ។
ការប្រកាសជំហររបស់បារាំងនៅពេលនេះ ធ្វើឡើង២ថ្ងៃក្រោយការបាញ់សម្លាប់ លោក លិម គិមយ៉ា តំណាងរាស្រ្តគណបក្សសង្រ្គោះជាតិ ដែលខ្មាន់កំាំភ្លើងត្រូវបានអាជ្ញាធរថៃរកឃើញថា ឈ្មោះ អ៊ែក ការ៉ាត់ ផែណយ និងជនសង្ស័យទី២ ជាជនជាតិខ្មែរឈ្មោះ ពេជ្រ គិមស្រ៊ិន។
លោក ពេជ្រ គិមស្រ៊ិន គឺជាអនុប្រធានគណៈកម្មការផ្សារកណ្តាល នៅរាជធានីភ្នំពេញ ដែលគេស្គាល់ថាស្ថិតក្រោមការគ្រប់គ្រងរបស់លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ។
តាមរយៈតម្រុយនៃកាមេរ៉ាសុវត្ថិភាព ដែលកាសែតក្នុងស្រុកថៃផ្សព្វផ្សាយជាបន្តបន្ទាប់ បង្ហាញថា ឈ្មោះ ពេជ្រ គិមស្រ៊ិន បានធ្វើដំណើររួមគ្នាជាមួយជនរងគ្រោះ ក្នុងរថយន្តពីខេត្តសៀមរាប រហូតមកដល់កន្លែងកើតហេតុ ហើយក៏ត្រឡប់ទៅកម្ពុជាវិញ ដោយប្រញាប់ប្រញាលតាមជើងយន្តហោះ នៅម៉ោង៩យប់ នាថ្ងៃកើតហេតុ។
យ៉ាងណាក្តី មន្រ្តីជាន់ខ្ពស់នៅក្រសួងមហាផ្ទៃ សុំមិនបញ្ជេញឈ្មោះ និងសំឡេង បានផ្តល់បទសម្ពាសន៍ឱ្យVODនៅថ្ងៃទី១០ ខែមករា ថា ភាគីកំពុងថៃបង្កការលំបាកដល់កម្ពុជា ក្រោយបង្ហាញអត្តសញ្ញាណជនសង្ស័យដោយចំហរបែបនេះ។ លោកថា ភាពលំបាកនោះ គឺនៅត្រង់ថា នៅពេលដែលជនសង្ស័យបានដឹងខ្លួន ពួកគេនឹងងាយរត់គេចខ្លួនពីការតាមរករបស់មន្រ្តីជំនាញកម្ពុជា។
ក្រៅពីស្តីបន្ទោសលើរបៀបធ្វើការរបស់ភាគីថៃហើយ មន្រ្តីរូបនេះថា ក្រុមស្ថាប័នពាក់ព័ន្ធក៏កំពុងស៊ើបអង្កេតរឿងនេះដែរ តែលោកមិនអាចផ្តល់ព័ត៌មានលម្អិតអ្វីផ្សេងបាននៅឡើយក្នុងដំណើរការនិតិវិធីបែបនេះ។
អនុប្រធានអង្គការពលរដ្ឋយើង លោក មាន ព្រហ្មនី ចាត់ទុកការថ្លែងរបស់មន្រ្តីកម្ពុជាបែបនេះ ឆ្លុះបញ្ចាំងច្បាស់ថាជាការគប់គិតគ្នាការពារឧក្រិដ្ឋជន ដែលមានភាពប្រទាក់ក្រឡាគ្នាជាមួយអ្នកមានអំណាចក្នុងជួររដ្ឋាភិបាលជុំវិញការបញ្ជាឱ្យបាញ់សម្លាប់អ្នកនយោបាយជំទាស់ឆ្លងដែន។
សម្រាប់អ្នកឃ្លាំមើលសង្គមរូបនេះ របៀបធ្វើការរបស់ក្រុមប៉ូលីសថៃ គឺតម្លាភាព និងឯករាជ្យ មិននៅក្រោមឥទ្ធិពលនយោបាយ ដួចនៅកម្ពុជាឡើយ។
លោកថា ៖ «បើយើងលាក់មានន័យថាយើងបើកដៃឲ្យគាត់រត់គេចខ្លួនវិញទេ តែបើយើងបង្ហាញមានន័យថា គាត់រត់ទៅណាអត់បានទេ ហើយប្រទេសនីមួយៗ ដូចជាប្រទេសនៅក្នុងតំបន់អាស៊ាន ថៃ និងកម្ពុជាហ្នឹង យើងធ្វើបត្យាប័ន។ ឧទាហរណ៍ថា ឥឡូវជនប្រព្រឹត្តហ្នឹងគាត់មកចង្អុលបង្ហាញសហចារីហ្នឹង គាត់រួមគំនិតហ្នឹង គាត់មកចង្អុលបង្ហាញអំពើឃាត កម្មគិតទុកជាមុន អ៊ីចឹងគាត់ទៅរត់ទៅណា! គាត់រត់ទៅ កម្ពុជាត្រូវចាប់មក ព្រោះប្រព្រឹត្តនៅថៃចាប់បញ្ជូនមកឲ្យថៃវិញអាហ្នឹងចឹង។ (ការបន្ទោសភាគីថៃ) អាហ្នឹងវាជារឿងអត់ត្រឹមត្រូវ អត់សមហេតុផលអត់មានអីអ៊ីចឹង មានន័យថាគាត់មានគំនិតមិនស្មោះត្រង់មានគំនិតមួយមិនចង់កម្ចាត់នូវអ្នកសមគំនិត»។
ដោយឡែក តំណាងរាស្រ្តបក្សសង្គ្រោះជាតិ លោក សួន សូរីដា យល់ថា ចំពេលដែលមានភស្តុតាងចង្អុលបង្ហាញថា ឃាតកម្មនេះមានការរៀបចំជាប្រព័ន្ធបែបនេះ ទាល់តែរដ្ឋាភិបាលកម្ពុជា ត្រូវបង្ហាញតម្លាភាពជុំវិញរឿងការស៊ើបអង្កេតដើម្បីរួចផុតពីការចោទប្រកាន់។
លោកថា៖ «ទោះបីជាលោក លិម គិមយ៉ា ជាអតីតអ្នកតំណាងរាស្ត្រគណបក្សប្រឆាំងក៏ដោយ ប៉ុន្តែគាត់ជាជនជាតិខ្មែរ។ ក្នុងនាមរដ្ឋាភិបាលកម្ពុជាដែលទទួលខុសត្រូវក្នុងរឿងហ្នឹងចាំបាច់ណាស់ត្រូវធ្វើការងារ ឱ្យមានតម្លាភាពក្នុងការបង្ហាញថាឃាតករនៅពីក្រោយខ្នងនោះជាអ្នកណា។ បើពុំនោះទេ ចង់មិនចង់ រូបភាពទាំងអស់ហ្នឹង រាជរដ្ឋាភិបាលកម្ពុជាអាចនឹងត្រូវបានមហាជនធ្វើការចោទប្រកាន់ ព្រោះកន្លងមកអ្នកនយោបាយខាងគណបក្សប្រឆាំងត្រូវបានចាប់ខ្លួន ត្រូវបានធ្វើទុក្ខបុកម្នេញដោយរដ្ឋាភិបាលកម្ពុជា »។
ឃាតកម្មកណ្តាលក្រុងបាងកកនេះ កើតឡើងក្រោយ លោក លិម គិមយ៉ា តាមរយៈហ្វេសប៊ុករបស់ខ្លួន បានរិះគន់លោក ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រីកម្ពុជា និងជាប្អូនប្រុសរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ដែលបានចំណាយលុយរៀបចំព្រឹត្តិការណ៍សាទរកម្ពុជា ដែលគ្មានប្រយោជន៍ដល់ប្រជាពលរដ្ឋខ្មែរ។ លោកសរសេរថា រដ្ឋាភិបាលគួរតែគោរពសិទ្ធិមនុស្សជំនួសវិញ។
គណបក្សសង្គ្រោះជាតិប្រចាំសហរដ្ឋអាមេរិក ក៏បានសេចក្តីថ្លែងការណ៍ជំរុញឱ្យបារាំង និងរដ្ឋាភិបាលថៃ ពន្លឿនការស៊ើបអង្កេតរឿងក្តីនេះ ដើម្បីបញ្ចប់ការសង្ស័យឲ្យបានឆាប់ តាមរយៈការវែកមុខអ្នកបញ្ជា និងហេតុផលនៅពីក្រោយអំពើឃាតកម្ម ដោយថាមានទម្រង់ «ឃោរឃៅនិងយង់ឃ្នងបំផុត»។
ដោយឡែក អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តជាតិ Human Rights Watch នៅថ្ងៃទី១០ ខែមករានេះ ជំរុញឱ្យអាជ្ញាធរថៃស៊ើបអង្កេតបន្ទាន់ និងហ្មត់ចត់លើការសម្លាប់អ្នកនយោបាយខ្មែរនៅទីក្រុងបាងកក លោក លិម គិមយ៉ា។
បើតាម Human Rights Watch ចាប់តាំង ពីតុលាការកំពូលដែលគ្រប់គ្រងដោយរដ្ឋាភិបាលរំលាយគណបក្សសង្រ្គោះជាតិនៅចុងឆ្នាំ២០១៧មក អាជ្ញាធរកម្ពុជាបានយាយីអតីតសមាជិកគណបក្សនេះ រួមទាំងសកម្មជន ដែលកំពុងនិរទេសក្នុងប្រទេសថៃផងដែរ។
លោកស្រី Elaine Pearson នាយកប្រចាំតំបន់អាស៊ីនៃអង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ បាននិយាយក្នុងសេចក្តីថ្លែងការណ៍នោះក្នុងន័យដើមថា «ការសម្លាប់យ៉ាងឃោរឃៅលើអ្នកនយោបាយប្រឆាំងកម្ពុជាដ៏លេចធ្លោម្នាក់នៅទីក្រុងបាងកក ធ្វើឱ្យមានការព្រួយបារម្ភយ៉ាងខ្លាំងពីការជាប់ពាក់ព័ន្ធរបស់រដ្ឋាភិបាលបរទេសក្នុងការសម្លាប់ដោយហេតុផលនយោបាយនៅលើដីថៃ។ អាជ្ញាធរថៃត្រូវស៊ើបអង្កេតឱ្យបានពេញលេញអំពីការសម្លាប់លោក លិម គិមយ៉ា និងធានាថាអ្នកទទួលខុសត្រូវទាំងអស់ត្រូវបាននាំមកកាត់ទោស»៕