នៅក្នុងសារបែកធ្លាយមួយកាលពីពេលថ្មីៗនេះ លោក ហ៊ុន សែន បានបញ្ជាទៅកាន់ថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជាតាមបណ្តាខេត្ត-រាជធានី ឱ្យយកចិត្តទុកដាក់វាយកម្ទេចកម្លាំងគណបក្សប្រឆាំងនៅមូលដ្ឋានកុំឱ្យនៅទើសមុខទើសមាត់តទៅទៀត។
លោក ហ៊ុន សែន ក៏បានណែនាំឱ្យមន្ត្រីបក្សប្រជាជននៅមូលដ្ឋាន ប្រើប្រាស់ និងថែរក្សាកម្លាំងបក្សប្រឆាំងដែលគេបានអូសទាញ និងចុះចូលបក្សប្រជាជនក្រោមរូបភាពយកលលកទាក់លលក។
យុទ្ធសាស្ត្ររបស់លោក ហ៊ុន សែន គឺយកបានមួយរក្សាមួយ ឱ្យក្លាយទៅជាសន្លឹកឆ្នោត១សន្លឹកតែបើប្រឆាំង ងើបមួយវ៉ៃមួយ។
លោក ហ៊ុន សែន បញ្ជាក់ទៀតថា យុទ្ធសាស្រ្តនេះ ចាប់អនុវត្តចាប់ពីពេលនេះតទៅដោយមិនរងចាំដល់កៀកការបោះឆ្នោតក្រុមប្រឹក្សាឃុំ សង្កាត់ក្នុងឆ្នាំ២០២៧នោះទេ។
សារនយោបាយដែលថាយក «លលក»និង«ឆ្កែ» ដែលអតីតកម្មាភិបាលខ្មែរក្រហមរូបនេះ បានលើកឡើង គឺសំដៅទៅរកមេដឹកនាំ និងសកម្មជនគណបក្សសង្គ្រោះជាតិ ដែលត្រូវបានលោកចោទប្រកាន់ថា ជាក្រុមបដិវត្តន៍ពណ៌ជ្រុលនិយមមានបំណងផ្តួលរំលំរដ្ឋាភិបាលរបស់លោក។
គណបក្សសង្គ្រោះជាតិ ដែលមានប្រជាពលរដ្ឋគាំទ្រស្ទើរកន្លះប្រទេស ត្រូវបានតុលាការកំពូលសម្រេចរំលាយចោល កាលពីចុងឆ្នាំ២០១៧ ទៅតាមការចង់បានរបស់ លោក ហ៊ុន សែន ពីបទមានបំណងធ្វើបដិវត្តន៍ពណ៌ផ្តួលរលំរដ្ឋាភិបាល ជាបទចោទដែលមជ្ឈដ្ឋានជាតិនិងអន្តរជាតិជាច្រើនមើលឃើញថា ជាការរៀបចំប្រឌិតរបស់ លោក ហ៊ុន សែន ដើម្បីផ្តួលគណបក្សសង្គ្រោះជាតិដែលជាគូប្រជែងនយោបាយយ៉ាងស្រួចស្រាវរបស់ខ្លួន ខណៈប្រជាប្រិយភាពរបស់គណបក្សប្រឆាំងមួយនេះកំពុងមានសន្ទុះហក់ឡើងជាលំដាប់។
អ្នកតាមដានស្ថានការណ៍នយោបាយ កត់សម្គាល់ថា បើទោះបីគណបក្សសង្គ្រោះជាតិដែលជាគូប្រជែងត្រូវបានរំលាយ ហើយមេបក្សនេះកំពុងជាប់ឃុំនៅក្នុងពន្ធនាគារហើយក្តី ក៏លោក ហ៊ុន សែន មិនត្រឹមតែមិនបន្ធូរដៃ ឬមានការយោគយល់ក្នុងនាមជាខ្មែរដូចគ្នាចំពោះសកម្មជនគណបក្សប្រឆាំងប៉ុណ្ណោះទេ ថែមទាំងបានប្រើគ្រប់មធ្យោបាយដើម្បីរំលាយហេដ្ឋារចនាសម្ព័ន្ធដឹកនាំរបស់គណបក្សសង្គ្រោះជាតិ ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ តាមរយៈការអំពាវនាវឱ្យចុះចូល ទិញទឹកចិត្ត ដោយមានផ្តល់ជាប្រាក់ ជាតំណែង ហើយបើមិនព្រមចុះចូលគឺត្រូវ«កម្ទេច»តាមរយៈការប្តឹងចោទប្រកាន់ពីបទល្មើសផ្សេងៗ និងប្រើឱ្យក្រុមបាតដៃទី៣តាមវ៉ៃធ្វើបាបបណ្តាលឱ្យរងរបួសធ្ងន់ធ្ងរហើយមានអ្នកខ្លះក្រោយមកបានស្លាប់ក៏មាន។
លោក ហ៊ុន សែន តែងតែស្រែកគំរាមនៅតាមវេទិកានានាថា «ទោះក្នុងតម្លៃណាក៏ដោយគឺត្រូវតែកម្ទេចបង្ក្រាបងើបមួយវ៉ៃមួយក្រុមបដិវត្តន៍ពណ៌ដើម្បីរក្សាសុខសន្តិភាពជូនប្រជាពលរដ្ឋ»។
ប៉ុន្តែអ្នកតាមដានស្ថានការណ៍នយោបាយលើកឡើងថា អ្វីដែល លោក ហ៊ុន សែន បានថ្លែង វាគ្រាន់តែជាលេសដើម្បីកម្ទេចគូប្រជែងនយោបាយរបស់ខ្លួនឱ្យវិនាសសាបសូន្យ ដើម្បីឱ្យខ្លួនបានកាន់អំណាចតពូជតទៅទៀតតែប៉ុណ្ណោះ ពីព្រោះគេរកមិនឃើញពីចំណុចសង្ស័យឬក៏ភស្តុតាងគួរឱ្យជឿទុកចិត្តណាមួយដែលថា គណបក្សសង្គ្រោះជាតិមានបំណងធ្វើបដិវត្តន៍ពណ៌ ដើម្បីផ្តួលរំលំរដ្ឋាភិបាលក្រៅពីការបោះឆ្នោត ដូចការលើកឡើងរបស់ លោក ហ៊ុន សែន នោះឡើយ។
ជាអតីតកម្មាភិបាលខ្មែរក្រហម លោក ហ៊ុន សែន ត្រូវគេមើលឃើញថា ជាមេដឹកនាំដែលពូកែខាងប្រើយុទ្ធសាស្ត្រល្បិចកិច្ចកល់ ទោះបីជាអំពើមិនថ្លៃថ្នូរបែបណា ក៏លោកអាចធ្វើបានដែរ ដូចជាការលួចថតការសន្ទនាតាមទូរសព្ទរបស់អ្នកនយោបាយដែលជាអំពើខុសច្បាប់ ជួលមនុស្សស្រីមកសម្តែងធ្វើជាស្រីកំណាន់របស់ លោក កឹម សុខា ដើម្បីបំបាក់មុខ លោក កឹម សុខា ជាដើម។
ដើម្បីបំបែកបំបាក់ធ្វើឱ្យគូប្រកួតនយោបាយចុះខ្សោយ ដើម្បីងាយស្រួលត្រួតត្រា ប៉ុន្តែដល់បំបែកលោក សម រង្ស៊ី ពីលោក កឹម សុខា មិនបាន «ទិញមិនលក់សម្លុតមិនខ្លាច» មិនត្រឹមតែប៉ុណ្ណោះគណបក្សសង្គ្រោះជាតិ មានសន្ទុះប្រជាពលរដ្ឋគាំទ្រកាន់តែខ្លាំងឡើងទៀតផងនោះ ទើបលោក ហ៊ុន សែន ភ័យហើយក៏ប្រឌិតរឿងចោទប្រកាន់លោក កឹម សុខា ដែលជាអ្នកនយោបាយអហិង្សានិយម ពីបទ ឃុបឃិតជាមួយបរទេស រៀបចំគម្រោងផ្តួលរំលំរដ្ឋាភិបាល ដោយប្រើតុលាការដែលជាឧបករណ៍នយោបាយរបស់លោករំលាយគណបក្សសង្គ្រោះជាតិ។
អ្នកតាមដានស្ថានការណ៍នយោបាយ លើកឡើងទៀតថា សូម្បីតែការប្រើកម្លាំងសង្គ្រប់ចូលទៅចាប់លោក កឹម សុខា នៅក្នុងលំនៅឋានរបស់លោកទាំងពាក់កណ្តាលអាធ្រាត្រ កាលពីថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៧ ទាំងដែលលោក កឹម សុខា នៅមានអភ័យឯកសិទ្ធិសភាក៏ជាអំពើខុសច្បាប់ផងដែរ។
នៅពេលនោះ លោក ហ៊ុន សែន បានថ្លែងការពារអំពើខុសច្បាប់របស់ខ្លួនថា ជាការចុះបង្ក្រាបបទល្មើសជាក់ស្តែង ប៉ុន្តែទាំង លោក កឹម សុខា និងមេធាវីរបស់លោកបានគូសបញ្ជាក់ថា នៅពេលដែលសមត្ថកិច្ចសម្រុកចូលទៅចាប់នោះ លោក និងក្រុមគ្រួសារកំពុងសម្រានលង់លក់ មិនបានប្រព្រឹត្តបទល្មើសជាក់ស្តែងអ្វីនោះទេ ហើយសមត្ថកិច្ចក៏មិនបានរកឃើញភស្តុតាងប្រព្រឹត្តបទល្មើសអ្វីនោះដែរ ក្រៅពីអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែររបស់លោក កឹម សុខា មួយសន្លឹកនិងកាតអេធីអឹមមួយសន្លឹកប៉ុណ្ណោះ។
ក្នុងជំនួបសំណេះសំណាលជាមួយក្រុមអ្នកផ្តាច់ខ្លួនពីគណបក្សប្រឆាំងទៅសុំរួមរស់ជាមួយគណបក្សប្រជាជនកម្ពុជា កាលពីពេលថ្មីៗនេះ លោក ហ៊ុន សែន បន្តដាក់គោលដៅ «ប្ដេជ្ញាកម្ចាត់ចោលក្រុមបដិវត្តន៍ពណ៌» ដែលលោកចោទថា «មានបំណងផ្ដួលរំលំរដ្ឋាភិបាល»។
បក្សកាន់អំណាចរបស់លោក បានហៅយុទ្ធនាការប្រមូលក្រុមអ្នកចុះចូលមកពីបក្សប្រឆាំងនេះថាជា«ចលនាកសាងអតីតថ្នាក់ដឹកនាំបក្សប្រឆាំង» និងលើកឡើងថា គិតត្រឹមចុងឆ្នាំ២០២៤ «ចលនាកសាង» នេះប្រមូលបានមនុស្សជិត ១ម៉ឺន៥ពាន់នាក់ ក្នុងនោះ ៧៧៤នាក់មកពីថ្នាក់ក្រុង-ស្រុក-ខណ្ឌ និង១២ ១៧៤នាក់ មកពីថ្នាក់ឃុំ-សង្កាត់។
ទោះជាយ៉ាងណា អ្នកវិភាគ និងមន្ត្រីបក្សប្រឆាំង លើកឡើងថា ការចុះចូលនេះ គឺដោយសារតែមន្ត្រីបក្សប្រឆាំងទាំងនោះ ទទួលរងនូវការគំរាមកំហែង និងការធ្វើទុក្ខបុកម្នេញផ្នែកនយោបាយ ដូចជា ការចាប់ដាក់គុក និងការប្រើក្រុមបាតដៃទី៣វាយដំពួកគេ និងគំរាមចាប់សមាជិកក្រុមគ្រួសារពួកគេធ្វើជាចំណាប់ខ្មាំងជាថ្នូរនឹងការចុះចូលជាដើម។
លើសពីនេះក្រុមអ្នកតាមដានស្ថានការណ៍នយោបាយ លើកឡើងថា កាលពីនៅកាន់តំណែងជានាយករដ្ឋមន្ត្រី លោក ហ៊ុន សែន ហាក់មិនបានបំពេញតួនាទីជានាយករដ្ឋមន្ត្រីតំណាងឱ្យប្រជាជាតិខ្មែរទាំង ១៧លាននាក់ ឱ្យបានល្អ ឱ្យបានស្មើភាពគ្នានោះទេ ដោយលោកតែងតែធ្វើទុក្ខបុកម្នេញផ្សេងៗ ទៅលើសកម្មជន និងអ្នកគាំទ្រគណបក្សប្រឆាំង រហូតដល់ធ្វើឱ្យពួកគេអត់ទ្រាំមិនបាន ខ្លះក៏ព្រមចុះចូល ខ្លះក៏រត់ភៀសខ្លួនទៅក្រៅប្រទេស។
លើសពីនេះ លោក ហ៊ុន សែន ថែមទាំងបញ្ជាកងកម្លាំងរបស់លោកឱ្យទៅតាមចាប់ក្រុមអ្នកគាំទ្រគណបក្សប្រឆាំងពីក្រៅប្រទេសមកដាក់ពន្ធនាគារនៅកម្ពុជាទៀតផង។
បើតាមអ្នកតាមដានស្ថានការណ៍នយោបាយ ទង្វើរបស់ លោក ហ៊ុន សែន បានរំលោភបំពានទៅ លើច្បាប់រដ្ឋធម្មនុញ្ញត្រង់ជំពូក៣ អំពីសិទ្ធិនិងករណីកិច្ចរបស់ប្រជាពលរដ្ឋ ក្នុងនោះមាត្រា៣៤ថ្មីចែងថា ប្រជាពលដ្ឋខ្មែរទាំង២ភេទ មានសិទ្ធិបោះឆ្នោត និងអាចឈរឈ្មោះឱ្យគេបោះឆ្នោត។
ចំណែកមាត្រា៣៥ ចែងថា ប្រជាពលរដ្ឋទាំង២ភេទ មានសិទ្ធិចូលរួមយ៉ាងសកម្មក្នុងជីវភាពនយោបាយ សេដ្ឋកិច្ច សង្គម និងវប្បធម៌របស់ប្រទេសជាតិ។
អ្នកតាមដានស្ថានការណ៍នយោបាយ ព្រមានថា ប្រសិនបើ លោក ហ៊ុន សែន ប្រធានព្រឹទ្ធសភានិងជាប្រធានគណបក្សប្រជាជនកម្ពុជា និងលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត មិនព្រមធ្វើការកែប្រែរបៀបដឹកនាំប្រទេស ពីតាមបែបផ្តាច់ការ គ្រួសារនិយម បក្ខពួកនិយម ទៅដឹកនាំតាមបែបប្រជាធិបតេយ្យ សេរី ពិតប្រាកដដោយយកច្បាប់ជាធំទេ នោះគ្រួសារហ៊ុននឹងមានវាសនាមិនខុសពីមេដឹកនាំផ្តាច់ការនៅបង់ក្លាដែស និងនៅស៊េរី ដែលត្រូវបានប្រជាពលរដ្ឋងើបបះបោរទម្លាក់ពីអំណាចនោះឡើយ គ្រាន់តែត្រូវរងចាំពេលវេលាប៉ុណ្ណោះ៕