ការ​​សម្លាប់ លោក លិម គិមយ៉ា ជំរុញឱ្យធ្លាយ​អាថ៌​កំបាំង​អ្នក​បញ្ជា​ឱ្យ​សម្លាប់​បាតុករ​ឆ្នាំ​១៩៩៧

ចំពេល​ឃាតកម្ម​ជាច្រើន បាន​ដៅ​មុខ​សញ្ញា​ទៅលើក្រុម​សំឡេង​ជំទាស់ រួម​ទាំង​​​ករណី​ធ្វើ​ឃាត​លើ​តំណា​ង​​រា​ស្ត្រ​គណបក្សសង្គ្រោះជាតិ លោក លិម គិមយ៉ា ថ្មីៗនេះលើ​ទឹកដី​ថៃ ជំរុញ​​ឱ្យមា​​​ន​កា​​រ​ទម្លាយ​អ្នក​បញ្ជា​ឱ្យ​​​គ​ប់​​គ្រាប់បែ​ក ​សម្លាប់​ក្រុម​បាតុករ​គាំទ្រ​លោក សម រង្ស៊ី តវ៉ា​មួយ នៅ​រាជ​ធានី​ភ្នំពេញ កាល​​ពី​ជិត​​៣០​​ឆ្នាំ​មុ​ន ដែលការ​តវ៉ា​ពេល​នោះ​ជំរុញ​ឱ្យរដ្ឋាភិបាលកែលម្អប្រព័ន្ធយុត្តិ​ធម៌។

ព្រឹត្តិការណ៍​គប់​គ្រាប់បែក​កាល​ពី​ឆ្នាំ​១៩៩៧ បណ្តាល​ឱ្យ​បាតុករ ១៦នាក់​ស្លាប់ ក្នុង​ថ្លុក​ឈាម នៅ​នឹង​កន្លែង​កើត​ហេតុ មុខរដ្ឋសភាចាស់ ក្នុងរាជ​ធា​នីភ្នំពេញ និង​មនុស្ស​ជាង​ ១០០នាក់​ផ្សេង​ទៀត​បាន​រង​របួស ក្នុង​នោះ​​មាន​ទាំ​​ង​​លោ​ក​ សម រង្ស៊ី ផង​ដែរ។

២៧ឆ្នាំ​កន្លង​ទៅ​នេះ ជនដៃដល់គប់គ្រាប់​បែក និង​អ្នក​ពាក់​ព័ន្ធ​នៅ​ពីក្រាយ​ព្រឹត្តិការណ៍​បោក​គ្រាប់​បែក​នេះ មិន​​​ត្រូ​​វបានប្រព័ន្ធយុត្តិធម៌កម្ពុជា​នាំ​មក​ផ្តន្ទា​ទោស ដើម្បី​ផ្តល់​​យុត្តិធម៌​ឱ្យ​ជន​រង​គ្រោះ​ដែ​​លបាន​ស្លា​ប់ និង​រង​រ​បួស​នៅ​​ឡើយ​ទេ ដែល​ធ្វើ​ក្រុម​គោល​ដៅ ត្រូវ​បាន​គេ​សម្លាប់​ជា​បន្ត​បន្ទាប់​ដែល​ភាគ​ច្រើន​កើត​​លើក្រុ​មអ្ន​ក​រិះ​គន់រដ្ឋាភិបាល។

តំណាងរាស្ត្រ​គណបក្សសង្គ្រោះជាតិ លោក អ៊ុំ សំអាន បាន​លើកឡើង​​​លើ​ហ្វេស​ប៊ុក​របស់​លោក​នៅ​ថ្ងៃ​ទី​១០ ខែមករា​នេះ អមដោយ​វីដេអូចំណាស់​មួយ ដែល​មាន​អ្នក​សួរដេញ​ដោល បុរស​មួយ​រូប​ឈ្មោះ​ថា ប្រេ​ស៊ីល ជុំវិញ​ការ​ទទួល​បញ្ជា​ឱ្យ​បោក​គ្រាប់​បែក​សម្លាប់​ក្រុម​បាតុករ និង​លោក សម រង្ស៊ី នៅ​អំឡុង​ឆ្នាំ​១៩៩៧ មុខ​​រដ្ឋសភា​ចាស់ ​ជិត​ព្រះ​បរម​រាជ​វាំង ក្នុង​ក្រុង​ភ្នំពេញ។

លោក អ៊ុំ សំអាន និយាយក្នុងន័យដើមថា​ «អាប្រេ​ស៊ីល បាន​សារ​ភាព​ការ​គប់​គ្រាប់​បែក​ប៉ុន​ប៉ង​ធ្វើ​ឃាត​លោក សម រង្ស៊ី និង​ក្រុម​បាតុករ»។

លោក​ថា ប្រេស៊ីល មាន​ឈ្មោះ​ពិត គង់ សំរិទ្ធ ជា​អង្គរក្ស​របស់​លោក ហ៊ុន សែន បាន​បាត់​ខ្លួន​រហូត​មក​ដល់​ពេល​នេះ ដែល​គេ​សង្ស័យ​ថា ប្រេស៊ីល ត្រូវ​បាន​គេ​សម្លាប់ ឬ​ឲ្យ​​ក្រពើ​ស៊ី ដើម្បី​បំបាត់​ដាន ។

លោក អ៊ុំ សំអាន បានធ្វើការ​ប្រៀប​ធៀប​ថា ឈ្មោះ​ ពេជ្រ គឹម​ស្រ៊ិន ដែល​ជា​ជន​សង្ស័យ​ទី​២ រួម​ដៃ​សម្លាប់​លោក លិម គិមយ៉ា លើ​ទឹកដីថៃ​​នៅទីក្រុង​បាង​កក នាថ្ងៃទី៧ខែមករានោះ នឹង អាច​បាត់​ខ្លួន ឬ​គេ​ដាក់​ឱ្យ​ក្រពើស៊ី​ដូច​​ប្រេស៊ីល។

ក្នុងវីដេអូឃ្លិបនោះ ប្រេស៊ីល​ថា៖ អ្នកសួរ តើ​ក្នុង​ឆ្នាំ១៩៩៧ ប្អូនបាន​ទទួល​បញ្ជា​អ្វី​ខ្លះ? បាន​ទទួល​បញ្ជា​ដូច​ខ្ញុំ​និយាយ​អីចឹង​ថា បាន​ទទួល​បញ្ជា​នៅ​ថ្ងៃ​ទី​២ ខែ​មករា ឆ្នាំ១៩៩៧ គេ​បញ្ជា​ឱ្យ​ទៅ​សម្លាប់​លោក សម រង្ស៊ី ដូច​ខ្ញុំ​បាន​ជំរាប​ជូន​ម្តង​ហើយ។ ចាប់​ពី​ថ្ងៃ​ហ្នឹង​មក​គេមាន​បញ្ជា​អី​ឱ្យ​ប្អូន​ធ្វើទៀត​ទេ? អត់​ទេ គេ​លែង​​ទុក​ចិត្ត​ខ្ញុំ តែ​គេតា​ម​សម្លាប់​ខ្ញុំ។ អ្នកណាជាអ្នកបញ្ជាឱ្យទៅសម្លាប់​លោក សម រង្ស៊ី លោក ថោ វណ្ណុល ?

អតីត​មេដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី បាន​បង្ហោះ​សារ​ដែរ​ថា  តុលាការ​ថៃ​បាន​ចេញ​ដីកា​ចាប់​ខ្លួន ឈ្មោះ ពេជ្រ គឹមស្រ៊ិន ហើយ។ លោកថា លោក ហ៊ុន សែន បាន​បញ្ជូន​ឈ្មោះ ពេជ្រ គឹមស្រ៊ិន ឱ្យ​ទៅ​ប្រទេស​​ថៃ ដើម្បី​​សម្រប​សម្រួល​ជាមួយ​ជន​ដៃ​ដល់ដែល​​​សម្លាប់ ​លោក លិម គិមយ៉ា។

យ៉ាង​ណា អ្នកនាំពាក្យរដ្ឋាភិបាល​កម្ពុជា លោក ប៉ែន បូណា ធ្លាប់​ច្រាន​ចោល​ការ​ចោទ​ប្រកាន់​នេះ ដោយ​លោក​ថា​ជា​ការ​ចោទ​ប្រកាន់​គ្មាន​មូល​ដ្ឋាន របស់​ក្រុម​ប្រឆាំង​ជ្រុល​និយម ដែល​ថា រដ្ឋាភិបាល​កម្ពុជា មាន​ការ​ពាក់​ព័ន្ធ​នឹង​ករណី​ឃាតកម្ម​លើ លោក លិម គិមយ៉ា។

ការដឹកនាំរបស់លោក ហ៊ុន សែន ច្រើនទសវត្សរ៍​ទៅ​នេះ បញ្ញ​វន្ត ជា​ច្រើន មាន​ទាំង​អ្នក​នយោបាយ អ្នក​កាសែត សកម្មជន​សិទ្ធិមនុស្ស ស​​ហជីព ត្រូវបានគេបាញ់សម្លាប់ រីឯ​ឃាតករ​ពិត មិន​ត្រូវ​បាន​នាំ​មក​ផ្តន្ទា​ទោស​ទេ​ ដូច​ករ​ណីឃាតកម្មលើ លោក​បណ្ឌិត កែម ឡី លោក ជា វិជ្ជា និង​សកម្មជនព្រៃឈើ លោក ឈុត វុទ្ធី និ​ង​ថ្មីៗនេះ​លើ លោក លិម គិមយ៉ា ជាដើម។

លោក លិម គិមយ៉ា ក្រៅពី​ជាប់​ឆ្នោត​ជា​តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ លោក ក៏​មាន​សញ្ជាតិ​បារាំង។ ក្នុង​ជីវិត​នយោបាយ​នៅក្នុង​បក្សប្រឆាំង លោក គិមយ៉ា តែង​តែ​រិះ​គន់ មេដឹកនាំ​បក្ស​កាន់​អំណាច ជុំវិញ​បញ្ហា​អយុត្តិធម៌​សង្គម បក្ខ​ពួក​និយម និង​អំពើ​ពុក​រលួយ​ជាដើម។

ជុំវិញឃាតកម្មដ៏ឃោរឃៅនេះ ប្រទេសបារាំង តាមរយៈស្ថានទូតរបស់​ខ្លួន​ប្រចាំ​កម្ពុជា បាន​ថ្កោល​ទោស និង​សម្តែង​មរណ​ទុក្ខ ចំពោះ​ក្រុម​គ្រួសារ និង​សាច់​ញាតិ​របស់​សព។

ប្រទេសបារាំង បានសង្កត់ធ្ងន់ថា ខ្លួនមាន​ទំនាក់​ទំនង​ជាមួយ​ក្រុម​គ្រួសារ​របស់សព ក្នុង​ក្រប​ខ័ណ្ឌ​នៃ​ការ​ផ្ត​​ល់ការ​គាំ​ពារ​​ផ្នែក​កុង​ស៊ុល ហើយ​ថា បារំាង នឹងតាមដាន​ដោយ​យក​ចិត្ត​ទុក​ដាក់ អំពី​ការ​ស៊ើប​អង្កេត ដែ​ល​ធ្វើឡើង​ដោយ​​អាជ្ញាធរ​ថៃ ដើម្បី​ស្វែង​រក​ការ​ពិត​ចំពោះ​ករណី​ឃាត​កម្ម​លើ​លោក លិម គិមយ៉ា នេះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ